រៀនបង្កើតទម្លាប់ល្អ បោះចោលទម្លាប់អាក្រក់
( កិ. ) ធ្វើឲ្យធ្លាប់, ឲ្យថ្នឹក : ទម្លាប់ខ្លួន, ទម្លាប់ចិត្ត, ទម្លាប់ដៃ, ទម្លាប់មាត់ ។ល។
( ន. ) ការដែលធ្លាប់, លំអានដែលធ្លាប់តែមានមក : ទម្លាប់ចាស់បុរាណ; ធ្វើតាមទម្លាប់ពីមុនមក; មានទម្លាប់ពីនាយមក ។ល។
បុគ្គលជោគជ័យមួយចំនួនចំណាយពេលវេលាច្រើន ដើម្បីរៀនសូត្រពីបទពិសោធន៍បរាជ័យរបស់ខ្លួន តែខ្លះទៀតរៀនពីភាពជោគជ័យរបស់អ្នកដទៃ តែសម្រេចទៅដល់គោលដៅតែមួយ។ ភាពជោគជ័យ គឺមិនមែនកើតឡើងដោយចៃដន្យទេ តែជាការខិតខំប្រឹងប្រែងរបស់មនុស្សម្នាក់ៗ។
ទម្លាប់មួយចំនួនអាចឲ្យអ្នកសម្រេចគោលដៅជីវិតអ្នកបានដូចជា៖
១. សិក្សា
ទម្លាប់ដំបូងដែលសំខាន់បំផុតក្នុងការប្តូរជីវិត គឺការរៀនសូត្រជាប់ជានិច្ច និងគ្មានថ្ងៃបញ្ចប់ ។ ការរៀនសូត្រអាចកើតឡើងបានគ្របរូបភាពទាំងអស់ ។ អ្នកទទួលបានជោគជ័យ គឺពួកគេមានពេលវេលាសិក្សាយ៉ាងតិច ក៏១ម៉ោងដែរក្នុង១ថ្ងៃ មិនថាការអានសៀវភៅ និងមើលវីដេអូជាដើម ។ អ្នកអាចចាប់ផ្តើមដោយងាយៗដោយការអានសៀវភៅខ្លះៗដែលចាប់អារម្មណ៍នៅពេលនេះ ។
២. កំណត់គោលដៅ
ជារៀងរាល់ថ្ងៃ អ្នកគួរតែធ្វើកិច្ចការតាមគោលដៅដែលបានកំណត់ទុក ។ អ្នកទទួលបានជោគជ័យ គឺត្រូវតែមានគោលដៅ ក្រៅពីនោះ ក៏ត្រូវកំណត់ពីភារកិច្ច និងសន្សំភាពជោគជ័យតាំងពីតូចតាចឡើងទៅជារៀងរាល់ថ្ងៃ បន្ទាប់មកជាសប្តាហ៍ ជាខែ ជាឆ្នាំ រហូតដល់ក្លាយជាទម្លាប់ជាប់ខ្លួន វានឹងធ្វើឱ្យអ្នកស្គាល់នូវការធ្វើផែនការ ការគិតរឿងធំៗ និងហ៊ានប្រឈមមុខនឹងបញ្ហាក្នុងជីវិត ។
៣. ធ្វើផែនការ
ការធ្វើផែនការនេះ ព្រោះចង់ធ្វើឱ្យគ្រប់គោលដៅដែលកំណត់ទុកបានជោគជ័យ ចាំបាច់ត្រូវមានផែនការដើម្បីនាំផ្លូវទៅសម្រេចរឿងដែលតាំងចិត្តធ្វើ ហើយវាអាចជួយឱ្យជីវិតអ្នកមានទិសដៅច្បាស់លាស់ ដូច្នេះ គួរព្យាយាមបង្កើតទម្លាប់ជាមួយផែនការនេះ ។
៤. បង្កើតឱកាស
ក្នុងសម័យនេះ វាងាយស្រួលក្នុងការស្វែងរកចំណេះដឹងថ្មីៗ ឬអ្នកទទួលបានជោគជ័យអាចទាក់ទងគ្នាបាន ហើយការទាក់ទងនោះជាការត្រឹមត្រូវ និងមានប្រសិទ្ធភាព ។ នៅទីបំផុត វាអាចប្តូរជីវិត និងបង្កើតទម្លាប់ដល់អ្នកឱ្យខិតទៅជិតចំណុចជោគជ័យ ។ អ្នកនឹងមានទម្លាប់បង្កើតច្រើនជាងប្រើប្រាស់ គឺហ៊ានធ្វើ ហ៊ានគិត ហ៊ានបង្កើតឱកាសច្រើនជាងការរង់ចាំឱកាស ។
៥. សន្សំទុកនូវគំនិត
មនុស្សគ្រប់រូបត្រូវការពេលវេលាដើម្បីបង្កើតគំនិត ។ អ្នកទទួលបានជោគជ័យតែងធ្វើរហូតក្លាយទៅជាទម្លាប់ដោយមិនដឹងខ្លួន គឺការកត់ត្រា ការសន្សំនូវទុកទិន្នន័យផ្សេងៗ ឬអ្វីដែលចាប់អារម្មណ៍ មិនថាជារឿងរ៉ាវ គំនិត រឿងអស់សំណើច មេរៀន ពាក្យសម្តី ភាពជោគជ័យ និងបរាជ័យ ។ល។ អ្នកអាចដកស្រង់ពីសៀវភៅ ឬមនុស្ស ឬកន្លែងផ្សេងៗដែលធ្លាប់បានទៅ បន្ទាប់មកនៅពេលវាមានច្រើនគ្រប់គ្រាន់ និងដល់ពេលសមស្របហើយ ការសន្សំនោះនឹងអាចបណ្តុះគំនិតឡើងចេញពីក្នុងខ្លួនតែម្តង ។
៦. ហាត់ប្រាណ
ប្រសិនបើអ្នកចង់ទទួលបានជោគជ័យក្នុងជីវិត អ្នកត្រូវត្រៀមខ្លួនជានិច្ចតាមអ្វីដែលបានគិតគ្រប់ពេលវេលា ពេលខ្លះគំនិតទាំងនោះអាចនឹងឱ្យរាងកាយរបស់អ្នកធ្វើរឿងដែលលើសពីការរំពឹងទុកក៏មាន មានន័យថា អ្នកត្រូវមានរូបកាយដែលគាំទ្រដល់គំនិតជានិច្ច ហើយវិធីល្អបំផុតក្នុងការត្រៀមខ្លួន គឺការហាត់ប្រាណ ។ អ្នកនឹងឃើញថា អ្នកជោគជ័យ គឺចូលចិត្តហាត់ប្រាណ ព្រោះអាចជួយបំបាត់ភាពតានតឹង បង្កើតគំនិតល្អៗ និងមានសុខភាពល្អផងដែរ ។
៧-. សម្រាក
មនុស្សម្នាក់ៗត្រូវការសម្រាកដើម្បីឱ្យមានកម្លាំងធ្វើការងារបន្ត ព្រោះនៅពេលហត់នឿយ ហើយនៅតែធ្វើការងារបន្តទៀត អ្នកនឹងមានអារម្មណ៍ស្ត្រេស ឬបាត់បង់ការផ្តោតអារម្មណ៍ ហើយលទ្ធផលការងារចេញមកក៏មិនល្អដែរ ។ អ្នកដែលមិនរៀនសូត្រពីការសម្រាកនោះ អាចនឹងបញ្ចប់ដោយការខាតបង់ពេលវេលាដ៏មានតម្លៃ និងប្រសិទ្ធភាពការងារ។ ដូច្នេះ ការបង្កើតទម្លាប់ដើម្បីទទួលបានជោគជ័យ អាចកំណត់ពេលវេលាជាសប្តាហ៍ ឬជាខែ ដើម្បីឱ្យពេលវេលា និងរាងកាយស្រស់ថ្លាឡើងដូចជា ការដើរកម្សាន្ត ការធ្វើម្ហូបជាមួយគ្រួសារជាដើម ។
៨. ដាស់តឿន ក្រើនរំឭកខ្លួនឯង
ចំណុចនេះអ្នកអាចដាស់តឿនខ្លួនឯងឲ្យបានច្រើនដង ។ ជាមធ្យមអ្នកជោគជ័យដាស់តឿនខ្លួនឯងយ៉ាងតិចណាស់ក៏១២.០០០ដងក្នុង១ថ្ងៃដែរ គិតជាមធ្យម ។
៩. ការងារសិប្បកម្ម
អាចសាកល្បងធ្វើការងារដោយដៃខ្លះៗ មនុស្សម្នាក់ៗមានទេពកោសល្យខុសៗគ្នា ប្រសិនបើអ្នកមិនសាកល្បងស្វែងរក និងប្រើវាទេ អ្នកនឹងបាត់បង់ទៅវិញ។ ចំណុចល្អនៃការងារធ្វើដោយដៃ គឺការហាត់ផ្ចង់អារម្មណ៍ ទើបអាចធ្វើការងារនោះបាន ។ វានឹងជួយអ្នកឱ្យស្គាល់នូវគោលដៅ ចេះអត់ធ្មត់ធ្វើរហូតដល់សម្រេច និងជម្នះនូវភាពធុញទ្រាន់ នេះហើយជាគោលការណ៍បង្កើតទម្លាប់ទទួលបានជោគជ័យ ។
១០. ទំនាក់ទំនង
អ្នកទទួលជោគជ័យបានរៀនសូត្រពីការរៀបចំទំនាក់ទំនងដែលត្រឹមត្រូវក្នុងជីវិត មានន័យថា អ្នកដែលជិតស្និទ្ធជាមួយគ្នា នឹងមានចិត្តគំនិត អារម្មណ៍ ឬអ្វីដែលស្រដៀងគ្នា ។ វាអាចកើតឡើងបានតាមធម្មជាតិ និងដោយការបង្កើតទម្លាប់ជាថ្មី ។ ចូរព្យាយាមនាំខ្លួនឯងចូលទៅកន្លែងដែលខ្លួនត្រូវការ ឬចង់ក្លាយជាអ្នកណាម្នាក់ ។ អ្នកអាចប្រើពេលវេលាក្នុងការរកអ្នកដែលស័ក្តិសមដើម្បីបង្កើតទំនាក់ទំនង និងចាប់ផ្តើមរៀនសូត្រពីវិធីគិត និងវិធីធ្វើរបស់គេ។
បុគ្គលជោគជ័យក៏បោះបង់ចោលទម្លាប់មិនល្អផងដែរ ដើម្បីអភិវឌ្ឍខ្លួនពួកគេដូចជា៖
១. ពួកគេមិនធ្វើការនៅកន្លែងស្រួលៗ ឬដដែលៗ (Comfort Zone)
ធ្វើការក្នុង Comfort Zone សំដៅការធ្វើការដដែលជាប្រចាំ ដោយគេគិតថាស្រួល។ ពួកគេគិតថា ការធ្វើការបែបនេះដូចជាសត្វកណ្ដុរក្នុងកង់រទេះអីចឹង គឺមិនអាចទទួលបានអ្វីថ្មី ប្លែក តែផ្ទុយទៅវិញពួកគេចូលចិត្តដើរចេញទៅក្រៅមើលស្ថានភាពជុំវិញខ្លួន។
២. ពួកគេមិនធ្វើកិច្ចការ ដោយមិនស្វែងយល់ជាមុន
ការស្វែងយល់ជាមុនជាកិច្ចការសំខាន់ ដើម្បីឲ្យដឹងថាការសម្រេចចិត្តរបស់ខ្លួននឹងមានប្រយោជន៍ដល់សង្គមកម្រិតណា។ ទោះបីជំនួញអាជីវកម្មរបស់ពួកគេកំពុងដើររលូនទៅមុខយ៉ាងណាក្ដី ក៏ពួកគេនៅបន្តស្វែងយល់ រៀនសូត្រ និងតាមដានស្ថានកាលបច្ចុប្បន្នដែរ។
៣. ពួកគេមិនខ្លាច សុំដំបូន្មានពីអ្នកដទៃ
ការសុំយោបល់អ្នកដទៃមិនមែនជារឿងងាយស្រួលទេ ព្រោះគេអាចច្រណែន ឬគំនិតខុសគោលដៅរបស់យើងចង់បាន។
៤. ពួកគេមិនចង់ដឹង ព័ត៌មានមិនផ្ដល់ប្រយោជន៍
ដំណឹងមិនផ្ដល់អត្ថប្រយោជន៍ ពួកគេតែងតែធ្វើមិនដឹង ឬមិនឮ ព្រោះវាអាចធ្វើឲ្យខូចអារម្មណ៍ក្នុងការយកចិត្តទុកដាក់លើកិច្ចការធំ។
៥. ពួកគេមិនធ្វើកិច្ចការច្រើនប្រភេទ
មានកិច្ចការច្រើនក្នុងពេលតែមួយ គឺធ្វើឲ្យមនុស្សម្នាក់ៗ មិនអាចប្រឹងប្រែងបានល្អទាំងអស់នោះទេ បើធ្វេសប្រហែសបន្តិច វានឹងទាញទម្លាក់ប្រសិទ្ធភាពកិច្ចការទាំងអស់ឲ្យចុះថមថយបាន។
៦. ពួកគេមិនកុហក អ្នកដទៃ
ការកុហកអ្នកដទៃថ្ងៃនេះ ថ្ងៃខាងមុខពួកគេនឹងកុហកខ្លួនឯង កុហកការតាំងចិត្ត។
៧. ពួកគេមិនរួញរានឹងសុំមតិយោបល់
ការផ្ដល់មតិយោបល់ គឺជារឿងសំខាន់មួយសម្រាប់ជួយស្វែងរកភាពខ្វះចន្លោះរបស់ពួកគេ ដើម្បីកែតម្រូវឲ្យបានប្រសើរឡើងវិញ។ យើងខ្លួនឯងគិតថាល្អ តែអ្នកដទៃគិតថាធ្វើពុំត្រឹមត្រូវ ដូច្នេះក្រោយបានមតិយោបល់ អ្នកអាចថ្លឹងថ្លែងរកចំណុចរួមបាន។
៨. ពួកគេមិនដើរតាម តែពួកគេដឹកនាំរកអ្វីថ្មី
ក្នុងសង្គមបច្ចុប្បន្នមានមនុស្សពីរប្រភេទគឺជាអ្នកដឹកនាំ និងអ្នកចាំគាំទ្រ។ បុគ្គលដែលទទួលបានជោគជ័យ ជាអ្នកដឹកនាំ ព្រោះគេបានរកឃើញផ្លូវដើរថ្មី និងមុនគេ។
៩. ពួកគេមិនឲ្យស្រមោលអតីតកាល បំផ្លាញអនាគត
ទោះបីជាអតីតកាលធ្លាប់បរាជ័យ ជួបឧបសគ្គច្រើនរាប់ជំពូកយ៉ាងណាក្ដី ពួកគេតែងតែក្រឡេកទៅមើលអនាគតដ៏ប្រសើរជានិច្ច ដោយយកអតីតកាលជាមេរៀន។
១០. ពួកគេមិនដើរក្នុងចំណោម អ្នកគិតអវិជ្ជមានឡើយ
ការជ្រើសរើសមនុស្សដើរជាមួយ គឺជារឿងសំខាន់ ព្រោះពួកគេអាចជាទីប្រឹក្សា អ្នកណែនាំទៅរកផ្លូវប្រសើរដូចពួកគេ។ បើសេពមនុស្សបំផ្លាញ ពួកគេនឹងទាញទម្លាក់បន្តិចម្ដងៗឲ្យបរាជ័យតែម្ដង។