វិធីសាស្ត្រចំនួន ៥ ដែលអាចជួយគ្រប់គ្រងភាពខ្វះខាតបុគ្គលិក
បុគ្គលិក គឺជាកម្លាំងស្នូលនៅក្នុងក្រុមហ៊ុន។ ដើម្បីបង្កើនផលិតភាពនៅក្នុងស្ថាប័នមួយ គេពិតជាត្រូវការធនធានមនុស្សជាចាំបាច់ ហេតុនេះ ការខ្វះខាតបុគ្គលិក ក៏នាំឲ្យដំណើរការនៃប្រតិបត្តិការនៅក្នុងអាជីវកម្មមួយមានការរអាក់រអួលដែរ។ មិនត្រឹមតែប៉ុណ្ណោះ វានាំឲ្យអាជីវកម្មឈានទៅដល់ការខាតបង់ប្រាក់ចំណេញ អតិថិជនអស់ជំនឿចិត្ត ឬ ឈានដល់ការបិទទ្វារ ឬ ក្ស័យធនជាដើមក៏មាន។ នៅកំឡុងពេលដែលក្រុមហ៊ុនមិនទាន់អាចរកអ្នកដែលមានសមត្ថភាពគ្រប់គ្រាន់មកបំពេញដំណែងណាមួយបាន ផ្នែកគ្រប់គ្រងធនធានមនុស្ស ត្រូវរកដំណោះស្រាយដើម្បីចាត់ចែងបញ្ហាខ្វះខាតកម្លាំងពលកម្មទាំងនោះ។ គេសង្កេតឃើញថា មានវិធីជាច្រើនដែលគេអាចប្រើដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពដូចជា៖
១. កាត់បន្ថយការលាឈប់របស់បុគ្គលិក
នៅកំឡុងពេលខ្វះខាតបុគ្គលិកបែបនេះអ្នកត្រូវធ្វើយ៉ាងណាកុំឲ្យបុគ្គលិកចាកចេញព្រោះថាវានឹងបណ្តាលឲ្យដំណើរការរបស់ក្រុមហ៊ុនកាន់តែពិបាក។ បើពួកគេមានបំណងចង់ឈប់អ្នកគួរសាកសួរពីហេតុផលរបស់គេឲ្យបានច្បាស់លាស់និងដឹងពីតម្រូវការពិតប្រាកដរបស់គេដូចជាការអភិវឌ្ឍជំនាញ ប្រាក់ខែ ប្រាក់លើកទឹកចិត្តផ្សេងៗជាដើម។
២. ស្វែងរកបុគ្គលិក ឬ ក្រុមហ៊ុនពីខាងក្រៅ
វាគឺជាវិធីល្អមួយនៅពេលដែលអ្នកខ្វះខាតបុគ្គលិកឬអ្នកគិតថាផ្នែកដែលអ្នកខ្វះនោះគឺមិនសូវជាចាំបាច់ប៉ុន្មានទេ។ វាក៏ចាប់ផ្តើមមានការពេញនិយមជាបណ្តើរៗជាពិសេសសម្រាប់ក្រុមហ៊ុនធំៗព្រោះថាវាចំណាយអស់តិច។ អ្នកអាចរកក្រុមហ៊ុនផ្សេងដោយឲ្យគេចុះកុងត្រាធ្វើផ្នែកណាមួយមកឲ្យក្រុមហ៊ុនរបស់អ្នករហូតដល់កិច្ចការនោះចប់សព្វគ្រប់ឬដល់ពេលដែលអ្នកអាចរកបុគ្គលិកមកចូលក្នុងដំណែងនោះបានត្រឹមត្រូវហើយ។ ចំណែកបុគ្គលិកវិញបុគ្គលិកពេញសិទ្ធិយើងត្រូវការចំណាយច្រើនទៅលើប្រាក់ខែ ធានារ៉ាប់រង ថ្លៃត្រួតពិនិត្យសុខភាព ធ្មេញ និងប្រាក់សោធននិវត្តន៍ជាដើម។ ប៉ុន្តែបើអ្នករើសបុគ្គលិកពីខាងក្រៅអ្នកនឹងមិនសូវព្រួយបារម្ភពីបញ្ហាទាំងនោះទេព្រោះអ្នកអាចជួលគេក្នុងនាមជាបុគ្គលិកក្រៅក្របខ័ណ្ឌបាន។ មួយវិញទៀតអ្នកអាចជួលបុគ្គលិកពីក្រុមហ៊ុនផ្គត់ផ្គង់បុគ្គលិកដូចជា MPA ជាដើម។
៣. បង្កើនម៉ោងធ្វើការបុគ្គលិក
វាគឺជាវិធីការបង្គាប់បញ្ជាឲ្យបុគ្គលិក ប៉ុន្តែក្នុងនាមជាអ្នកគ្រប់គ្រង ឬ ម្ចាស់អាជីវកម្ម ក៏ត្រូវគោរពតាមច្បាប់ការងារដែរ។ ប្រសិនបើការងារមានច្រើន ប៉ុន្តែក្រុមហ៊ុនអ្នកនៅខ្វះមនុស្ស អ្នកអាចស្នើឲ្យពួកគេតម្លើងម៉ោងធ្វើការរបស់គេដោយមានការគណនាប្រាក់បន្ថែមម៉ោងក្រៅពីម៉ោងធ្វើការធម្មតាឲ្យបានត្រឹមត្រូវតាមច្បាប់។ ជាពិសេស មិនថាអ្នកជាម្ចាស់ក្រុមហ៊ុនក៏ដោយ ក៏អ្នកគ្មានសិទ្ធិនឹងគម្រាមកំហែងគេឲ្យធ្វើការឲ្យអ្នកដែរ អ្នកត្រូវរង់ចាំការស្ម័គ្រចិត្តពីគេជាមុនសិន។ អ្នកត្រូវចៀសវាងការប្រើប្រាស់អំណាចរំលោភបំពានលើសិទ្ធិរបស់បុគ្គលិកជាដាច់ខាត។
៤. អនុវត្តវិធីផ្សេងឲ្យបុគ្គលិកធ្វើការ
ដោយសារតែបច្ចេកវិទ្យាសព្វថ្ងៃមានការរីកចម្រើនជាលំដាប់ដែលវាជាជំនួយដល់ការធ្វើការរបស់មនុស្សបានច្រើនណាស់ដោយពួកគេអាចធ្វើការនៅទីណាក៏បាន។ ហេតុនេះ អ្នកគ្រប់គ្រង អាចស្នើឲ្យបុគ្គលិកយកការងារទៅធ្វើនៅផ្ទះ ឬ កន្លែងណាក៏បានក្រៅពីការិយាល័យរបស់គេបន្ថែមទៀត ដើម្បីឲ្យពួកគេអាចបញ្ចប់ការងារបានទាន់ពេលវេលា។ វាពិតជាមិនមានភាពពិបាកឡើយ ព្រោះអ្នកអាចប្រើកម្មវិធីតភ្ជាប់គ្នា ដើម្បីទំនាក់ទំនងធ្វើការបានច្រើនយ៉ាងអាស្រ័យលើប្រភេទការងារនីមួយៗ។ ម្យ៉ាងទៀត អ្នកអាចពិភាក្សាជាមួយបុគ្គលិកពីកិច្ចការណាខ្លះដែលគេអាចជួយបាន និងប្រាក់ឈ្នួលដែលសមស្របគេអាចទទួលយកបាន ព្រោះថាទោះបីជាពួកគេជាបុគ្គលិកមែន តែគេបានប្រើប្រាស់ពេលវាលាផ្ទាល់ខ្លួនមកធ្វើការ។
៥. យកអ្នកដែលចូលនិវត្តន៍ហើយត្រឡប់មកធ្វើការវិញ
មនុស្សដែលបានចូលនិវត្តន៍ហើយ មានន័យថា ពួកគាត់ជាមនុស្សចាស់ដែលមានបទពិសោធន៍ច្រើន និងជាវ័យដែលឈប់ប្រឡងប្រជែងដណ្តើមផលប្រយោជន៍ទៀតហើយ។ អ្នកអាចយកពួកគាត់មកធ្វើការវិញក្នុងនាមជាបុគ្គលិកកុងត្រាសម្រាប់មកជួយជាអ្នកប្រឹក្សាយោបល់លើការសម្រេចចិត្ត និងចែករំលែកបទពិសោធន៍ដែលគាត់មានដល់បុគ្គលិកឯទៀត ដោយផ្តល់ប្រាក់បៀវត្សរ៍តិចជាងមុន។
ជារួមមកវិញ បុគ្គលិក គឺជាកម្លាំងស្នូលនៅក្នុងក្រុមហ៊ុន ហើយផលិតភាពរបស់ពួកគេ គឺជាកត្តាដ៏សំខាន់របស់ក្រុមហ៊ុន ឬ អ្នកគ្រប់គ្រង ដែលមិនមែនគ្រាន់តែជាគោលបំណងសំខាន់របស់ក្រុមហ៊ុននោះទេ តែវាអាចផ្តល់នូវជីវភាពដ៏ល្អប្រសើរសម្រាប់បុគ្គលិកផងដែរ។ ដូចនេះ អាជីវកម្មនឹងមិនរលំឡើយ បើអ្នកមានភាពវ័យឆ្លាតដោះស្រាយបញ្ហា និងប្រើប្រាស់ធនធានឲ្យអស់ពីលទ្ធភាព។
អត្ថបទទាក់ទង