វិធីសាស្រ្ត ៤យ៉ាង ដើម្បីបង្កើតបរិយាកាសសុវត្ថិភាពផ្លូវចិត្តសម្រាប់បុគ្គលិកល្អ

អ្នកដឹកនាំពិតប្រាកដ សាងនូវទំនុកចិត្ត និងថាមពលតាមរយៈគោលដៅដ៏មោះមុតរបស់ពួកគេដើម្បីឆ្ពោះទៅរកភាពជោគជ័យ។ ហើយក្នុងនាមជាអ្នកដឹកនាំអស្ចារ្យម្នាក់ អ្នកត្រូវមានសមត្ថភាពបំផុសឡើងនូវការព្រមព្រៀងដែលល្អប្រសើរ ព្រមទាំងប្រសិទ្ធភាពការងារដែលរីកចម្រើនពីមនុស្សជុំវិញខ្លួនអ្នកផងដែរ។

តាម​រយៈ​ការ​ស្ទង់មតិ​របស់ Better Business Bureau (BBB) បុគ្គលិក​ដែល​ធ្វើការ​ច្រើន​ចង់​ឲ្យ​ក្រុមហ៊ុន​អនុវត្ត​ការ​វាយតម្លៃ​បុគ្គលិក​ជា​ប្រចាំ (Evaluations) ចំណែក​បុគ្គលិក​លំៗ មិន​ចង់​បាន​ទេ​ ហើយ​ច្រាន​ចោល​ការ​វាយតម្លៃ ​ឬ​រក​លេសផ្សេងៗទៀត។

ជាទូទៅ ទាំង​បុគ្គលិក​ល្អ​ និង​បុគ្គលិក​ខូច តែងតែ​ចង់​មាន​អារម្មណ៍​ថា ខ្លួន​ជា​​អាទិភាព​នៅ​ក្នុង​ក្រុមហ៊ុន​នេះ ឬជាមនុស្ស​សំខាន់ ហើយ​លទ្ធផល​ក្នុង​ការ​ស្ទង់មតិ​និយាយភាគច្រើនថា​ ពួកគេ​ “ចង់បាន​កន្លែងធ្វើការដែលមានសុវត្ថិភាព” មិនភ័យបារម្ភដោយពាក្យចចាមអារាមផ្សេងៗ។

តើយើងអាចបង្កើតកន្លែងធ្វើការមួយដែលមានបុគ្គលិកមានអារម្មណ៍ថា មានសុវត្ថិភាពផ្លូវចិត្តបានយ៉ាងដូចម្តេច? ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកអាចសាកល្បងបាន៖ 

១. ធ្វើ​តែចំពោះបុគ្គលិកល្អ

ពិត​ណាស់ យើងត្រូវ​ចេះកំណត់នូវឧបករណ៍សម្រាប់ភាពជោគជ័យ។ ក្នុងនាមជាអ្នកគ្រប់គ្រង​ យើង​មិនមាន​ពេល​ជាមួយ​បុគ្គលិកច្រើន​ទេ ដូច្នេះត្រូវប្រាកដថា មាន​តែ​និយោជិតល្អប៉ុណ្ណោះ​ ដែលមានឱកាស​បាននៅ​ក្នុងទីតាំងសុវត្ថិភាពនេះ។ ចូរផ្តល់​ឲ្យ​ពួកគេ​នូវ​ទំនុកចិត្ត​បន្ថែម​ទៀត ​លើ​អ្វី​ដែល​ពួកគេ​កំពុងធ្វើ តែមិនប្រាកដថា ត្រូវទ្រាំជាមួយបុគ្គលិកអ៊ែលៗលំៗនោះទេ។ អារម្មណ៍​គ្មានសុវត្តិភាព​ អាចនឹងត្រូវបញ្ឈប់ខណៈ​ពេលដែលបុគ្គលិកមិនល្អ​លែងនៅ​ រីឯបុគ្គលិក​ល្អត្រូវ​បានរ៉ាប់រង​ឲ្យ​តម្លៃ ឬទទួលរង្វាន់សក្តិសម​។ សូមព្យាយាមដោះស្រាយបញ្ហាបែងចែកបុគ្គលិកល្អ និង​មិន​ល្អចេញ​ឲ្យ​ខាងតែបាន ដូចរើស​ចម្រាញ់​គ្រាប់​សណ្តែកដែរ​។ ទោះ​ខ្ចិលយ៉ាងណា​ យើង​ត្រូវ​តែធ្វើ ព្រោះ​គ្រាប់​ស្អុយ​តិចតួច បានបណ្តាលឱ្យ​បបរបង្អែមទាំង​ឆ្នាំង​ហូប​មិនកើត។

២. ភ្ជាប់​ទំនាក់ទំនង​រវាង​និយោជិក​និង​បុគ្គលិក

អ្នកគ្រប់គ្រង ចាំបាច់ត្រូវដឹងពីរបៀបបង្កើនការចូលរួមរបស់និយោជិតក្នុងការងារ​ ពិសេស​ដោះស្រាយ​បញ្ហា​នានាក្នុងបរិយាកាសការងារ កុំ​ឲ្យ​ធ្លាក់ដៃ​ ព្រោះថាបុគ្គលិក​ល្អ​ចាកចេញ បុគ្គលិក​អែបអប​នៅច្រើន អាស្រ័យ​លើគំនិត​របស់អ្នកគ្រប់គ្រងផ្ទាល់។

ស្តាប់​មើល​ទៅ​ហាក់ដូចជា​សាមញ្ញ​ តែ​ការចំណាយពេលជាមួយនិយោជិត និងស្គាល់ពួកគេ ​គឺជា​មធ្យោបាយ​ងាយស្រួល​ និង​មានប្រសិទ្ធភាពក្នុងការលើកកម្ពស់​ស្មារតី​ការងារ​ និង​ការ​ចូល​រួម​គំនិត​ ឆ្ពោះ​ទៅ​រក​ជោគជ័យ​ ដូច​គ្រួសារ​ជិះ​លើ​ទូក​តែមួយ។

៣. ស្គាល់​មនុស្ស​ឆ្នើមៗ​របស់​យើង

ការ​រៀនសូត្រពីគ្រួសារ ប្រវត្តិ និងគោលដៅផ្ទាល់ខ្លួនរបស់ពួកគេ អាចជួយ​​​ឲ្យអ្នកគ្រប់គ្រងអាច​មានល្បិច ដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយពួកគេ។ រកពេលថ្ងៃណាមួយ ​ដើម្បីនិយាយ​សួស្តី ហើយ​ឆាតសួរពួកគេថា តើគ្រួសាររបស់​ពួកគេកំពុងធ្វើការងាររលូន​មុខរបរបើក​ថ្ងៃមុនយ៉ាងណាហើយ សុខភាព​ម៉េច​ហើយ ។ល។ ការ​អនុវត្ត​រហ័ស និងត្រង់ៗ អាចធ្វើ​ឲ្យ​បុគ្គលិក​ឆ្នើម​មាន​អារម្មណ៍​ ដូចជាវត្តមាន​របស់​ពួកគេ ត្រូវបានមេដឹកនាំស្គាល់ ហើយ​យកចិត្តទុកដាក់​ខ្លាំង​ជាពិសេស។ ការ​ស្រាវជ្រាវបង្ហាញថា និយោជិតដែលមានអារម្មណ៍ថា ខ្លួន​ត្រូវ​បាន​​ឲ្យ​​តម្លៃខ្ពស់ មានទំនោរចូលរួមកាន់តែច្រើនឡើងៗនៅ​ក្នុង​ការងារ​ និង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​ មិន​ស្ដាយ​កម្លាំង​ទេ ពោល​ឲ្យ​ខ្លី​ គឺ​គេ​បំភ្លេច​ចោល​តែ​ម្តងការធ្វើ CV​ រកការងារ​ថ្មី ព្រោះ​គេ​​លែងគិតថាចង់ចាកចេញពីទី “ដ៏មាន​សុវត្តិភាពមួយនេះ!”។

៤. បណ្ដុះបណ្ដាល​បន្ថែម

សុភាសិតមួយឃ្លាបានពោលថា “កុំ​ពត់​ស្រឡៅ​ កុំ​ប្រដៅមនុស្ស​កំហូច” បាន​ន័យថា ការ​ផ្តល់​ឲ្យ​បុគ្គលិក​របស់អ្នកនូវមូលដ្ឋានគ្រឹះរឹងមាំ សម្រាប់​ភាព​ជា​ម្ចាស់​ខ្លួនឯង​លើ​កិច្ចការ មិនមែន​អនុវត្តិ​ជា​ទូទៅទេ ព្រោះ​ការ​បណ្តុះបណ្តាល​នៅកន្លែងធ្វើការ​ គឺថ្លៃណាស់ តម្លៃ​ដែល​ខាតបង់ គឺពេលវេលា​ និង​ការវិនិយោគចិត្ត​ថ្លើមរបស់យើង ដូច្នេះ​ចូរ​ចម្រាញ់​យក​តែអ្នកដែលមាន​ឆន្ទៈ​រីកចម្រើន ​និង​ឧស្សាហ៍​ព្យាយាម។ ទំហំ​នៃ​ការ​បង្កើន​កម្រិត​ចូលរួមរបស់ពួកគេ ជា​ឱកាស​នៃ​ការ​ចាត់ថ្នាក់​ពួកគេ​ថា ជា​ឆ្អឹង​ខ្នង​របស់​សហគ្រាស ហើយអ្នកដែលជាឆ្អឹងខ្នងនឹង​ត្រូវបានថ្នាក់ថ្នមឲ្យ​​តម្លៃ ឲ្យ​សម្រេចចិត្ត ឲ្យ​សាកល្បង​ ព្រោះ​ភាពជោគជ័យ ឬបរាជ័យ​នឹង​ពឹង​ផ្អែក​លើពួកគេ។ សូមអនុញ្ញាត​ឲ្យ​ពួកគេ​ដឹងពីអ្វីដែលដំណើរការ​ និងអ្វី​ដែល​ខ្សោយ​ និង​អនុញ្ញាត​ព្រមទាំង​គាំទ្រ​​ឲ្យ​ពួកគេ​បាន​ផ្លាស់ប្ដូរ​ដើម្បី​រីកចម្រើន។

សម្រួល៖ Better Business Bureau 


 អត្ថបទទាក់ទង

គន្លឹះសំខាន់ៗចំនួន ៥ ដែលអ្នកគ្រប់គ្រង អាចទទួលបានមតិយោបល់ពីនិយោជិត

 

Leave a Reply

Your email address will not be published.