ជំហានទាំង ៤ ដើម្បីបង្កើតវប្បធម៌ឈ្នះៗនៅក្នុងស្ថាប័ន
វប្បធម៌ បានកំណត់នូវមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ប៉ុន្តែតើអ្វីជាវប្បធម៌ឈ្នះៗ? ពាក្យថា វប្បធម៌ គឺសំដៅទៅលើជំនឿ គំនិត គុណតម្លៃ ច្បាប់វិន័យ និងក្រមសីលធម៌នៅក្នុងអង្គភាព ឬស្ថាប័នណាមួយ ហើយវប្បធម៌នេះដែរ បានបង្ហាញពីរបៀបដែលមនុស្សគិត អារម្មណ៍ដែលមនុស្សមាន និងសកម្មភាពដែលមនុស្សធ្វើជាក់ស្ដែង។
ក្រុមហ៊ុនមួយដែលមានការកំណត់នូវវប្បធម៌មួយជាក់លាក់ ច្បាស់លាស់ និងម៉ឺងមាត់ នោះសមិទ្ធផលដែលពួកគេនឹងទទួលបានក៏ល្អប្រសើរទៅតាមគោលការណ៍ទាំងអស់នេះដែរ។ ប្រសិនជាអង្គភាពមានវិន័យតឹងរឹង គោរពពេលវេលាជាមួយនឹងបុគ្គលិក នោះអាកប្បកិរិយានៃការមកបំពេញការងារក៏ទៀងទាត់ដែរ ហើយបើសិនជាវប្បធម៌ក្នុងក្រុមហ៊ុនបានកំណត់ពីសីលធម៌ គុណធម៌ គុណតម្លៃ និងមានគោលដៅជាក់លាក់ នោះប្រសិទ្ធភាពការងាររបស់បុគ្គលិករបស់អ្នកក៏កើនឡើងដែរ។
វប្បធម៌ដែលឈ្នះ គឺជាវប្បធម៌ដែលបានកំណត់នូវឥរិយាបទត្រឹមត្រូវ វិជ្ជមាន និងមានការរំពឹងទុកខ្ពស់ ដើម្បីទទួលបាននូវភាពជោគជ័យ។ ដូចនេះ ទើបការកំណត់វប្បធម៌នៅក្នុងក្រុមហ៊ុន ពិតជាមានសារៈសំខាន់ ព្រោះវាជួយបង្កើននូវភាពខ្លាំង និងការលូតលាស់របស់ក្រុមហ៊ុន។ ខាងក្រោមនេះ គឺជាជំហានទាំង ៤ ដែលខ្ញុំធ្លាប់ប្រើក្នុងនាមជាសហគ្រិន ដើម្បីដោះស្រាយនឹងបញ្ហាប្រឈមទូទៅទាំងនេះ៖
១. បង្កើតនូវចក្ខុវិស័យ ហើយចែករំលែកវា
អ្នកត្រូវតែបង្ហាញនូវចក្ខុវិស័យរបស់អ្នក ហើយចែករំលែកទៅកាន់កូនក្រុមរបស់អ្នក ដើម្បីឲ្យពួកគេយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន។ អ្នកត្រូវប្រាកដថា ការបង្ហាញនូវចក្ខុវិស័យរបស់អ្នក ត្រូវបញ្ចូលទាំងក្ដីសង្ឃឹម ក្ដីស្រមៃ និងការលើកទឹកចិត្តទៅដល់ពួកគេជាដើម។ លោក Elon Musk បានបង្ហាញពីចក្ខុវិស័យដ៏រស់រវើកនៅឯ SpaceX : បង្កើតយានអាវកាសមួយដែលអាចនាំមនុស្សទូទៅទៅកាន់ភពព្រះអង្គារ។ ជាលទ្ធិផលអ្នករាល់គ្នាដែលធ្វើការនៅក្នុងក្រុមហ៊ុន SpaceX ដឹងថាបេសកកម្មនោះជាអ្វីហើយយល់ពីតួនាទីរបស់ពួកគេបានយ៉ាងច្បាស់លាស់ក្នុងការសម្រេចវា។ វាគឺជាប្រភេទចក្ខុវិស័យមួយដែលជួយធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យ។
២. ដឹងពីមូលហេតុដែលនៅពីក្រោយអាជីវកម្មរបស់អ្នក
ប្រសិនបើចក្ខុវិស័យរបស់អ្នកគឺជាអ្វី នោះជំនឿរបស់អ្នកគឺជាមូលហេតុ។ ប្រព័ន្ធជំនឿរបស់អ្នកត្រូវតែជាផ្នែកមួយនៃការប្រាប់ពីចក្ខុវិស័យរបស់អ្នក។ កូនក្រុមរបស់អ្នកត្រូវតែយល់ដឹងពីមូលហេតុរបស់អ្នក ថាហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក។ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Salesforce លោក Marc Benioff បានកំណត់ចក្ខុវិស័យរបស់គាត់ចំពោះក្រុមហ៊ុនហើយបាននិយាយអំពីគំរូបច្ចេកវិទ្យាថ្មី (Cloud) និងគំរូអាជីវកម្មថ្មី (Subscription service) ដែលហៅថា 1-1-1 ទៅកាន់កូនក្រុមដើម្បីឲ្យគេបានយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនឲ្យបានកាន់តែច្បាស់លាស់ ហើយខិតខំបំពេញការងារឲ្យបានល្អ។
៣. ប្រាប់ពីការរំពឹងទុក
ដើម្បីធ្វើឲ្យដំណើរការការងារដែលអ្នកផ្ដល់ទៅឲ្យកូនក្រុមរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែពន្យល់ពួកគេឲ្យយល់ពីអ្វីដែលអ្នកនឹងធ្វើ ហើយបង្ហាញពីភាពច្បាស់លាស់នូវអ្វីដែលអ្នករំពឹងទុកថានឹងទទួលបាន។ បន្ទាប់មក ចូលរួមជាមួយពួកគេក្នុងការកំណត់នូវអ្វីដែលពួកគេនឹងធ្វើ ហើយនឹងត្រូវធ្វើវាឡើងនៅពេលណា។ ភាពច្បាស់លាស់នេះ គឺចាំបាច់សម្រាប់ភាពជោគជ័យរបស់ពួកគេ និងក្រុមហ៊ុនទាំងមូល។ ឧទាហរណ៍ដូចជាបុគ្គលិកគ្រប់រូបនៅ Amazon ត្រូវយល់ដឹងអំពីការរំពឹងទុករបស់ Jeff Bezos ទៅលើពួកគេ។ ជាក់ស្ដែងនៅឆ្នាំ ១៩៩៧ គាត់បានសរសេរជាលាយលក្ខណ៍អក្សរទៅម្ចាស់ភាគហ៊ុន Amazon ថា “នៅពេលដែលខ្ញុំសម្ភាសមនុស្ស ខ្ញុំប្រាប់ពួកគេថា អ្នកអាចធ្វើការបានយូរ មានការព្យាយាម ឬក៏ឆ្លាត ប៉ុន្តែអ្នកមិនអាចជ្រើសរើសពីរនៅក្នុងចំណោមបីបានទេ។” ខ្ញុំចង់និយាយថា ការរំពឹងរបស់ Jeff Bezos គឺច្បាស់លាស់ ហើយមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនត្រូវបានគេស្គាល់ចំពោះក្រមសីលធម៌ការងារ។
៤. ធ្វើឲ្យមនុស្សគ្រប់គ្នាមានទំនួលខុសត្រូវខ្ពស់
ជាមួយនឹងការកំណត់នូវការរំពឹងទុក គឺជាពេលដែលត្រូវណែនាំកូនក្រុមទាំងអស់ឲ្យមានទំនួលខុសត្រូវជាមួយនឹងការងារ។ អ្នកត្រូវជួយក្រុមរបស់អ្នក រៀនពីរបៀបរក្សាពិន្ទុសម្រាប់ខ្លួនឯង អភិវឌ្ឍសមត្ថភាពខ្លួនឯង និងលើកកម្ពស់ខ្លួនឯងឲ្យកាន់តែមានតម្លៃ និងមានការទទួលខុសត្រូវខ្ពស់។ ទាំងនេះ វាគឺជាវប្បធម៌ឈ្នះមួយ ដែលអ្នកអាចពង្រឹងនូវឥរិយាបទខ្លួនឯង និងជួយឲ្យដំណើរការអាជីវកម្មកាន់តែទៅមុខយ៉ាងរលូន។ អ្នកត្រូវដឹងថា មនុស្សដែលអ្នករាល់គ្នាឲ្យតម្លៃ និងផ្ដល់នូវការគោរពកោតសរសើរ គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មានភាពម៉ឹងម៉ាត់ និងហ្មត់ចត់ជាមួយនឹងការងារ។
សម្រួលពី៖ James Kerr, 4 Steps to Create a Winning Culture (and Company) from Scratch, Inc.
អត្ថបទទាក់ទង