វិធីសាស្រ្តចំនួន ១០ ដើម្បីយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន

ជាការពិតណាស់ មិនថានៅកម្ពុជា ឬនៅបរទេសនោះទេ បុគ្គលិក គឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្ស និងបុគ្គលិកឆ្នើម នោះប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់។

ក្រុមហ៊ុនថែរក្សាបុគ្គលិក ប្រៀបបានដូចឪពុកម្តាយចិញ្ចឹមកូនអញ្ចឹងដែរ ផ្តើមដំបូងពីការផ្តល់កំណើត រហូតដល់ពេលកូនៗមានគ្រួសារ និងជោគជ័យក្នុងជិវិត។ ចំពោះក្រុមហ៊ុនក៏ដូចគ្នាដែរ រាប់ចាប់តាំងពីការជ្រើសរើសចូលដំបូង បណ្តុះបណ្តាលបន្ថែម ថែរក្សាឱ្យបានល្អ និងធ្វើឱ្យបុគ្គលិកជោគជ័យជាមួយក្រុមហ៊ុន។ 

តែធ្វើយ៉ាងណាទៅ ទើបអាចយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន? ខាងក្រោមនេះ ជាអ្វីដែលអ្នកគួរដឹង៖

១. ធ្វើខ្លូនឲ្យមានភាពងាយស្រួលក្នុងការចូលចិត្ត

ការពិតណាស់មាននយោជិកមួយចំនួនដែលតែងប្រកាន់ឋានៈរបស់ខ្លួន ហើយមិនបន្ទាបខ្លូនឬឲ្យអ្នកដទៃងាយចូលជិតឡើយ ពួកគេរមែងធ្វើឲបុគ្គលិកមានភាពភយ័ខ្លាចចំពោះវត្តមានរបស់ខ្លូនជាជាងការគោរព។ អាស្រ័យហេតុនេះហើយ អ្នកគួរតែធ្វើខ្លួនឲមានភាពងាយស្រួលដល់អ្នកដទៃក្នុងការចូលជិតដើម្បីពិភាក្សា ឬសុំយោបល់។

២. ផ្ដល់ឯករាជ្យភាពដល់ពួកគេ

បើសិនជាបុគ្គលិករបស់អ្នកទទួលបានការហ្វឹកហ្វឺន និងបណ្ដុះបណ្ដាលការងាររួចរាល់ហើយ វាល្មមសមគួរដល់ពេលដែលពួកគេដុះស្លាបហើយ។ ផ្ដល់ឯករាជ្យភាពដល់ពួកគេក្នុងការទទួលខុសត្រូវនិងសម្រេចចិត្តក្នុងការងារនោះ ចូរព្យាយាមកុំតាមដានត្រូវពិនិត្យស្អិតរមួតជាមួយអ្វីដែលពួកគេធ្វើពេកអី ព្រោះវាអាចជាសម្ពាធនិងជាកត្តាមួយដែលឈានដល់ការលាលែងការងារ។

៣. បង្ហាញការលើកទឹកចិត្ត

យុទ្ធសាស្ត្រក្នុងការយកឈ្នះចិត្តមនុស្សគឺ បង្ហាញទឹកចិត្តចំពោះពួកគេ។ ពួកគេគឺជាមនុស្សដែលមានសាច់ឈាម និងបេះដូង ដូចនេះពេលដែលការយកចិត្តទុកដាក់របស់ពួកគេមានការថយចុះ ឬ ពួកគេបង្កកំហុសណាមួយ អ្នកគួរតែបង្ហាញការណែនាំអំពីកំហុសនិងលើកទឹកចិត្តពួកគេ។ ចូរបង្ហាញការយកចិត្តទុកដាក់ គោរពនិងខ្វល់ខ្វាយចំពោះពួកគេឲ្យបានច្រើន ដើម្បីបង្កើនចំណងមិត្តភាព។

៤. សម្ដែងការគោរពចំពោះពួកគេ

មិនថាអ្នកស្ថិតក្នុងឋានៈអ្វីក៏ដោយ បើអ្នកចង់បានការគោរពពីអ្នកដ៏ទៃ អ្នកក៏ត្រូវចេះគោរពគេដូចគ្នា។ ដូចគ្នាចំពោះបុគ្គលិក ពួកគេរមែងមានជំនាញខុសៗគ្នា ហេតុនេះហើយក្នុងនាមជាអ្នកដឹកនាំ អ្នកត្រូវចេះគោរពនិងស្ដាប់នូវរាល់ការសម្រេចចិត្តឬមតិយោបល់ណាមួយដែលជាប្រយោជន៍ដល់ក្រុមហ៊ុន។

៥. សរសើរ និងទទួលស្គាល់អ្វីដែលពួកគេខំ

មិនថាអ្នកណា ក៏ដូចអ្នកណាដែរ នៅពេលដែលយើងខិតខំដាក់ចិត្តដាក់កាយក្នុងការបំពេញកាតព្វកិច្ចណាមួយ ស្រាប់តែគ្មាននរណាម្នាក់កោតសរសើរនិងទទួលស្គាល់អ្វីដែលអ្នកបានធ្វើ នោះអ្នកប្រាកដជាមានការអាក់អន់ស្រពន់ចិត្ត។ ដូចនេះ ជាអ្នកដឹកនាំអ្នកត្រូវចេះសរសើរ លើកទឹកចិត្តនិងជម្រុញបន្ថែមដើម្បីឲពួកគេមានឆន្ទៈក្នុងការធ្វើការ។

៦. ស្នើរសុំមតិយោបល់ពីពួកគេ

ទោះបីជាអ្នកជាប្រធានក្រុមហ៊ុនក៏ដោយ ក៏អ្នកមិនអាចសម្រេចការងារណាមួយដោយបុគ្គលតែឯកឯងបានឡើយ ជារួមអ្នកត្រូវការជំនួយពីកូនក្រុមដើម្បីសម្រេចការងារនោះ។ អាស្រយ័ហេតុនេះហើយ ស្នើរសុំមតិយោបល់ពីពួកគេអាចជួយបានច្រើន។

៧. ធ្វើតាមគំនិតទាំងនោះ

បើអ្នកសុំការចែករំលែកពីពួកគេហើយ នោះអ្នកត្រូវយកគំនិតទាំងនោះមកដាក់បញ្ចូលក្នុងគម្រោង ចូរព្យាយាមកុំសួរហើយ ស្ដាប់ចោល។ អ្នកត្រូវកត់ទុក និងយកមកពិនិត្យឡើងវិញ។ ធ្វើដូចនេះ អាចឲ្យបុគ្គលិករបស់អ្នកមានអារម្មណ៌ថា ពួកគេមិនត្រូវបានគេទុកចោល។

៨. ផ្ដល់ប្រាក់បៀវត្សន៍ដែលសាកសមនឹងការប្រឹងប្រែង

ក្រៅពីកត្តាលើកទឹកចិត្តនិងរង្វាន់ផ្សេងៗ ប្រាក់ខែនិងការផ្ដល់ឲ្យខាងក្រៅក៏ជាកត្ដាជម្រុញពួកគេឲ្យខិតខំផងដែរ។ ចូរកុំកេងប្រវញ្ច័ញើសឈាមនិងការខិតខំរបស់ពួកគេ ផ្ដល់ការតបស្នងណាមួយដែលសមស្របនឹងអ្វីដែលពួកគេបានធ្វើ។

៩. បើកចិត្តឲ្យទូលាយ

រៀនបើកចិត្តឲ្យទូលាយទទួលយកចំណុចទាំងល្អទាំងអាក្រក់របស់ខ្លូននិងកូនក្រុម។ កុំចង្អៀតចង្អល់ហើយគិតថាខ្លូនឯងត្រូវគ្រប់ចំណុច ទទួលយកអ្វីល្អៗពីអ្នកដទៃមកអភិវឌ្ឍន៍ក្រុមហ៊ុនរបស់ខ្លួន។

១០. បង្ហាញការយោគយល់

ប្រជាជនខ្មែរយើងមានភាពយោគយល់ច្រើនណាស់ មិនថាក្នុងលក្ខខណ្ឌណាក៏ដោយ។ ជាពិសេសក្នុងបរិបទការងារ ប្រសិនបើអ្នកមិនភាពយោគយល់ ចំពោះបុគ្គលិកក្នុងករណីខ្លះជាការល្អ។ នេះមិនមែនមាននយ័ថា ឲ្យយោគយល់គ្រប់រឿងចំពោះកំហុសរបស់ពួកគេនោះទេ គឺចង់ឲ្យអ្នកបង្ហាញភាពយោគយល់អាធ្យាស្រ័យក្នុងករណីបង្ហាញផ្ទាល់ខ្លូន ឬ កំហុសដោយអចេតនាណាមួយ។


អត្ថបទទាក់ទង

បុគ្គលិក ៦ ប្រភេទដែលអ្នកត្រូវថែរក្សាឱ្យបានល្អ

Leave a Reply

Your email address will not be published.