សញ្ញា ១០ យ៉ាងដែលបង្ហាញពីបរិកាសការងារតុកសិចនៅកន្លែងធ្វើការ

ប្រសិនបើអ្នកកំពុងធ្វើការជាលើកដំបូង អ្នកអាចគិតថាអ្វីៗដែលនៅជុំវិញអ្នកគឺជារឿងធម្មតា។ ទោះជាយ៉ាងណាក៏ដោយ បរិយាកាសការងារមិនមែនមានលក្ខណៈធម្មតាទាំងអស់នោះទេ។ បរិយាកាសខ្លះពុល ហើយអាចជះឥទ្ធិពលដល់រាងកាយ និងផ្លូវចិត្ដរបស់អ្នក។ ខាងក្រោមនេះ គឺជាសញ្ញានៃបរិយាកាសការងារពុលនៅកន្លែងធ្វើការ៖

១. ​ចៅហ្វាយរបស់អ្នកមិនគោរពពេលវេលារបស់អ្នក

តើអ្នកធ្លាប់មទទួលសារ ឬទូរស័ព្ទក្រៅម៉ោងធ្វើការ ឬពេលអ្នកឈប់សម្រាកដែលឬទេ​ (ភាគច្រើនដោយមិនទទួលបានប្រាក់ខែបន្ថែម)? ចៅហ្វាយប្រភេទនេះភាគច្រើនមិនមានអារម្មណ៍ថាខ្លួនមានកំហុសចំពោះការលុកលុយជីវិតឯកជនរបស់អ្នកទេ ពីព្រោះពួកគេគិតថាជីវិតរបស់អ្នកគឺត្រូវលះបង់សម្រាប់ក្រុមហ៊ុន។ ឧទាហរណ៍ មានដូចជាពេលដែលហៅអ្នកឱ្យរៀបចំការងារសារឡើងវិញពេលអ្នកនៅមន្ទីរពេទ្យ ឬហៅអ្នកឱ្យជួយពួកគេនៅម៉ោង ១០ យប់ រហូតដល់ម៉ោង ១២ ភ្លឺ។

២. កន្លែងការងាររបស់អ្នកមិនផ្តល់វិសាលភាពការងារច្បាស់លាស់

មូលហេតុគឺដោយសារតែចៅហ្វាយរបស់អ្នកក៏មិនដឹងច្បាស់ពីវិសាលភាពការងាររបស់អ្នកដែរ។ ដូច្នេះពួកគេអាចប្រើអ្នកបានយ៉ាងងាយស្រួលដោយមិនបាច់ជួបនឹងការជំទាស់ដោយមូលហេតុថា “តើវាជាការទទួលខុសត្រូវរបស់ខ្ញុំទេ?”

៣.​ ចៅហ្វាយរបស់អ្នកចូលចិត្តនិយាយដើមគេ

ប្រសិនបើចៅហ្វាយរបស់អ្នកនិយាយអាក្រក់ពីនិយោជិកផ្សេងទៀត ខណៈពេលដែលកំពុងសរសើរថាអ្នកជាបុគ្គលិកល្អ នោះគាត់កំពុងតែព្យាយាមនិយាយបញ្ចុះបញ្ចូលកេងប្រវ័ញ្ចអ្នក។ អ្នកណាមិនសប្បាយចិត្តពេលដែលមានគេសរសើរ? ពួកគេក៏ប្រហែលជានិយាយអាក្រក់អំពីអ្នកពីក្រោយខ្នង នៅពេលដែលពួកគេចង់កេងប្រវ័ញ្ចនិយោជិកផ្សេងទៀត។

៤.​ ចៅហ្វាយរបស់អ្នក គឺជាមនុស្សដែលធ្វើខ្លួនរវល់ (រវល់ក្លែងក្លាយ)

ប្រសិនបើចៅហ្វាយរបស់អ្នកចូលចិត្តរៀបចំការប្រជុំដែលគ្មានប្រយោជន៍ អ្នកគឺជាអ្នកដែលទទួលរងផលវិបាកវិញទេ។ ឧទាហរណ៍ មានការប្រជុំក្នុងពេលសម្រាកអាហារថ្ងៃត្រង់ ឬប្រជុំហួសម៉ោងធ្វើការ។

៥.​ បាវចនារបស់ចៅហ្វាយអ្នកគឺ​ “មនុស្សអាចជំនួសបាន”

ប្រសិនបើថៅកែនិយាយបែបនេះប្រាប់អ្នក នោះគាត់ប្រាកដជាគិតថាអ្នកមិនមែនជាមនុស្សម្នាក់ទេ តែជាវត្ថុមួយ។ គាត់នឹងព្យាយាមប្រើអ្នកឱ្យធ្វើកិច្ចការជាច្រើន តែឲ្យប្រាក់ខែតិច។ នៅពេលដែលផ្លូវចិត្ត និងរាងកាយរបស់អ្នកមិនអាចទ្រាំទ្របន្តទៅទៀតបាន គាត់នឹងរកមនុស្សផ្សេងទៀតមកជំនួសអ្នក ហាក់បីដូចអ្នកគ្រាន់តែជាវត្ថុមួយ។

៦.​ចៅហ្វាយរបស់អ្នកកេងប្រវ័ញ្ចអ្នក

នេះជាផ្នត់គំនិតដ៏ធំមួយដែលadminនឹងពិភាក្សាលម្អិតនៅផុសក្រោយៗ។ ការកេងប្រវ័ញ្ចនេះមានរួមដូចជាការមិនបង់ប្រាក់ខែ ឬឱ្យប្រាក់ខែទាបខ្លាំង ដោយដោះសារថាអ្នកគ្រាន់មកធ្វើកម្មសិក្សាឬធ្វើការងារស្ម័គ្រចិត្ត។ វាក៏អាចជាស្ថានភាពមួយពេលដែលចៅហ្វាយរបស់អ្នកឱ្យអ្នកធ្វើការងាររបស់គាត់។

៧. ​ចៅហ្វាយរបស់អ្នកចូលចិត្តរើសយុវជនមកធ្វើការ

វាអាចមានន័យ២យ៉ាង៖

គាត់ចូលចិត្តភាពច្នៃប្រឌិតរបស់យុវជននានា ឬក៏គាត់ចង់រើសមនុស្សណាដែលងាយនឹងបោកប្រើ (ភាគច្រើនដោយឲ្យប្រាក់ខែតិចខ្លាំង ឬមិនឲ្យតែម្តង)។ ប្រសិនបើកន្លែងធ្វើការរបស់អ្នកឃើញមានយុវជនធ្វើការច្រើន អ្នកគួរតែព្យាយាមរកសញ្ញាផ្សេងទៀត ដើម្បីចៀសវាងកុំឲ្យរងគ្រោះការកេងប្រវ័ញ្ច។

៨.​ ចៅហ្វាយរបស់អ្នកទទួលយកេរ្តិ៍ឈ្មោះទាំងអស់

តើអ្នកធ្លាប់បំពេញការងារណាមួយដ៏ល្អឥតខ្ចោះ តែការសរសើរទៅជាបានទៅលើអ្នកផ្សេងទៀត (ភាគច្រើនជាចៅហ្វាយរបស់អ្នក) ដែរឬទេ? ឧទាហរណ៍ អ្នកធ្វើការងារបន្ថែមដើម្បីបញ្ចប់គំរោងរបស់អ្នក ប៉ុន្តែចៅហ្វាយរបស់អ្នកគិតថាគំរោងនេះត្រូវបានបញ្ចប់ ព្រោះតែពួកគេពូកែគ្រប់គ្រង តែតាមការពិតអ្នកគឺជាអ្នកដែលខិតខំធ្វើការក្រៅម៉ោង។

៩. ​អ្នកទទួលការស្តីបន្ទោស

ប្រសិនបើគម្រោងមិនដំណើរការទៅរលូនទេ ចៅហ្វាយរបស់អ្នកនឹងបន្ទោសអ្នកដោយនិយាយថាអ្នកមិនអាចធ្វើការងារបាន ហើយមិនដឹងពីកំហុសរបស់ខ្លួនដែលមិនបានគ្រប់គ្រងក្រុមការាងារឲ្យបានល្អក្នុនងនាមខ្លួនជាចៅហ្វាយ។

១០.​ ចៅហ្វាយរបស់អ្នកញ៉ែអ្នក

ពេលខ្លះ ពួកគេអាចប្រើលេស និងដោះសារដើម្បីទៅជិតអ្នក ហើយញ៉ែអ្នក ដោយហៅអ្នកថាជាបងប្អូនធម៌ ឬហៅជាសិស្សប្អូន ឬសិស្សច្បង (Mentee and Mentor)។ ពេលខ្លះញ៉ែអត់បាន ដើររករឿងគេ។ នេះគឺជាសញ្ញានៃការយាយីផ្លូវភេទ ហើយវាមិនគួរអត់ឱនឡើយ។

ប្រសិនបើកន្លែងធ្វើការរបស់អ្នកមានសញ្ញាខាងលើច្រើនជាង៦សញ្ញា វាគួរតែដល់ពេលដែលអ្នកស្វែងរកកន្លែងការងារផ្សេងទៀតហើយ។ កន្លែងធ្វើការដែលមានបរិយាកាសពុលនឹងព្យាយាមថា៖

១. ទាំងនេះជាលក្ខណៈប្រក្រតី និងធម្មតា។ កន្លែងធ្វើការណាក៏ដូចនេះដែរ។

២. បើអ្នកឈប់ទៅធ្វើការនៅកន្លែងផ្សេងតទៀត អ្នកនឹងចាប់ផ្តើមសារជាថ្មី ដូចនេះកុំល្ងង់ហើយឈប់ធ្វើការអី។


អត្ថបទទាក់ទង

របៀបបង្កើតបរិយាកាសការងារប្រកបដោយភាពរីករាយ

 

Leave a Reply

Your email address will not be published. Required fields are marked *