ស្វែងយល់អំពីទ្រឹស្តីនៃការសិក្សា ឬ Learning Theory

ទ្រឹស្តីនៃការសិក្សា ឬ Learning Theory មានភាពផ្ទុយពីទ្រឹស្តី  Psychodynamic​ ដែលសិក្សាពីចិត្ត​​ (នៅខាងក្នុង និង​មើលមិនឃើញ) ចំណែកឯទ្រឹស្តីនៃការសិក្សាផ្តោតទៅលើការសិក្សាដែលមានឥទ្ធិពលទៅលើអាកប្បកិរិយារបស់មនុស្ស។ នៅក្នុងទស្សនៈនេះបង្ហាញពីតួនាទីរបស់បទពិសោធន៍ ទោះបីជាអាកប្បកិរិយារបស់មនុស្សត្រូវបានឲ្យរង្វាន់ ឬត្រូវបានគេដាក់ទណ្ឌកម្ម។ ទស្សនៈក៏បង្ហាញពីការសិក្សាអាកប្បកិរិយាតាមរយៈការមើលឃើញមនុស្សនៅជុំវិញខ្លួន។ មាន​ទ្រឹស្តីពីរដែលមានឥទ្ធិពលមកលើទស្សនៈនេះគឺ អាកប្បកិរិយានិយម (Behaviourism) និង ទ្រឹស្តីនៃការសិក្សាពីសង្គម (Social Learning Theory)។

អាកប្បកិរិយានិយម

ស្របពេលជាមួយនឹងការកើនឡើងនៃការចាប់អារម្មណ៍ខ្ពស់នៃទ្រឹស្តី Psychodynamic នៅសតវត្សទី២០លោក John Watson (១៨៧៨-១៩៥៨) ជាអ្នកចិត្តវិទូទីមួយដែលមិនយល់ស្របទស្សនៈរបស់ទស្សនវិទូអង់គ្លេស លោក John Locke ដែលថាក្មេងជាក្រដាសស ដែលបទពិសោធន៍ជាអ្នកសរសេរ (Infant’s mind is a black slate on which experience writes)។ លោក Watson សន្មតថាអ្វីៗគឺអាចរៀនពីមនុស្សទូទៅបាន (Anything could be learned by almost anyone)។

លោក Watson បានធ្វើការស្រាវជ្រាវបានតិចតួចទៅលើទ្រឹស្តីរបស់គាត់។ លោក B. F. Skinner (១៩០៤-១៩៩០) បានសិក្សាពី Operant Conditioning សំដៅទៅលើអាកប្បកិរិយាដែលប្រព្រឹត្តិដដែលៗនៅពេលអនាគត។ Skinner បានបង្ហាញពីរចំណុចដែលមានឥទ្ធិពលទៅលើអាកប្បកិរិយា។ ចំនុចទី១គឺ ការឲ្យរង្វាន់ ឬលើកទឹកចិត្ត (Reinforcement) និងចំនុចមួយទៀតគឺ ការដាក់ទណ្ឌកម្ម (Punishment)។

ការលើកទឹកចិត្ត ឬការឲ្យរង្វាន់ មានសារៈប្រយោជន៍មួយដែលពង្រឹងអាកប្បកិរិយា។ នៅក្នុងការឲ្យរង្វាន់នេះ មានការឲ្យរង្វាន់វិជ្ជមាន និងការឲ្យរង្វាន់អវិជ្ជមាន។ ការឲ្យរង្វាន់វិជ្ជមាន (Positive Reinforcement) សំដៅទៅលើការឲ្យនូវអ្វីដែលពេលចិត្ត ឧទាហរណ៍ ឪពុកម្តាយចង់ឲ្យកូនធ្វើលំហាត់ ពួកគាត់ឲ្យរង្វាន់ដល់កូនរបស់គាត់ ដូចជាពាក្យសរសើរ ទិញនំ ជាដើម។ ចំណែកឯ ការឲ្យរង្វាន់អវិជ្ជមាន (Negative Reinforcement) គឺជាការដកចេញអ្វីដែលមិនពេញចិត្ត ឧទាហរណ៍ ឪពុកម្តាយដដែលដែលចង់ឲ្យកូនធ្វើលំហាត់ ពួកគាត់អាចនិយាយថា បើកូនធ្វើលំហាត់ កូនឯងមិនបាច់លាងចាន ឬបោកខោអាវទេ។

ការដាក់ទណ្ឌកម្ម ធ្វើអោយអាកប្បកិរិយារបស់មនុស្សធ្លាក់ចុះ មានន័យថាការឲ្យនូវអ្វីដែលមិនពេញចិត្ត ឧទាហរណ៍ ឪពុកម្តាយដដែល ដោយកូនរបស់ពួកគាត់មិនព្រមធ្វើ ពួកគាត់មិនបានធ្វើការលើកទឹកចិត្តនោះទេ តែផ្ទុយទៅវិញបែរជាដាក់ពិន័យទៅវិញ។ ការដាក់ពិន័យអាចជា ស្តីបន្តោស មិនឲ្យមើលទូរទស្សន៍ ឬការវាយជាដើម។ ដូច្នេះកូននឹងមិនបន្តអាកប្បកិរិយាល្អនោះទេ។

*ចំណាំ៖ 

  • បើឪពុកម្តាយធ្វើការលើកទឹកចិត្ត (Reinforcement) នោះកូនរីករាយនឹងការធ្វើលំហាត់ ហើយមានទំនោរក្នុងការធ្វើលំហាត់ដោយខ្លួនឯង
  • បើឪពុកម្តាយដាក់ទណ្ឌកម្ម (Punishment) នោះកូនមិនរីករាយក្នុងការធ្វើលំហាត់ទេ ហើយធ្វើលំហាត់ដោយបង្ខំ

ការស្រាវជ្រាវរបស់ Skinner អាចប្រើប្រាស់បានជាមួយនឹងសត្វ តែចំពោះមនុស្សវិញ ត្រូវការការពង្រីក និងបន្ថែមទៅលើគោលការណ៍ទៀត (Baer & Wolf, 1968)។ ហើយទ្រឹស្តីមួយនេះមានឥទ្ធិពលខ្លាំងបំផុតទៅលើកុមារ មនុស្សវ័យជំទង់ និងមនុស្សពេញវ័យ។

ទ្រឹស្តីនៃការសិក្សានៅក្នុងសង្គម (Social Learning Theory)

អ្នកស្រាវជ្រាវជាច្រើនបានរកឃើញថា ពេលខ្លះមនុស្សរៀនបានជាច្រើនរបៀប មិនមែនត្រឹមតែការឲ្យរង្វាន់ ឬដាក់ទណ្ឌកម្មនោះទេ។ ការធ្វើតម្រាប់តាម (Imitation) ឬ រៀនតាមរយៈការសង្កេត (Observational Learning) គឺជាការធ្វើតាមមនុស្សដែលនៅជុំវិញខ្លួនយើង។ ការធ្វើត្រាប់តាមនេះអ្នកទាំងអស់គ្នាអាចនិយាយបានថា “monkey-see, monkey-do”។

ការស្រាវជ្រាវនៅថ្មីៗនេះបានរកឃើញថា ទស្សនៈខាងលើនេះ គឺមិនត្រឹមត្រូវទាំងស្រុងនោះទេ។ មនុស្សមិនមែនធ្វើត្រាប់តាមគេរហូតនោះទេ លុះត្រាតែអាកប្បកិរិយារបស់មនុស្សនោះបង្ហាញពីភាពល្បីល្បាញ ឆ្លាត ឬមានទេពកោសល្យ។ ឧទាហរណ៍ ការធ្វើតម្រាប់តាម (អាកប្បកិរិយា)​ របស់តារាកំប្លែងនាយកុយ នាយក្រឹម នាយពាក់មី ឬនាយគ្រឿន ជាដើម ដែលយុវវ័យមួយចំនួនអាចចម្លងនូវពាក្យសំដីរបស់តារាកំប្លែងនេះបានទាំងស្រុង។ ហើយមនុស្សក៏មានទំនោររៀនតាមមនុស្សដែលមានអាកប្បកិរិយាត្រូវបានគេឲ្យរង្វាន់ ជាជាងអាកប្បកិរិយាណាដែលទទួលបានទណ្ឌកម្ម។ ឧទាហរណ៍ បើការលួច ឬប្លន់របស់ចោរបានសម្រេច មានន័យថាពួកគេទទួលរង្វាន់ មនុស្សក៏មានទំនោរចង់ប្លន់ដែរ តែបើការប្លន់នេះត្រូវបានជាដាក់ទណ្ឌកម្ម ដូចជាវាយដំជាដើម នោះមនុស្សក៏មិនមានទំនោរក្នុងការប្លន់ដែរ។

Albert Bandura (១៩១៨-) ទ្រឹស្តីរបស់គាត់គឺ ទ្រឹស្តីពុទ្ធិសង្គម (Social Cognitive Theory) មានភាពស្មុគស្មាញជាងទស្សនៈនៃការឲ្យរង្វាន់ ដាក់ទណ្ឌកម្ម និងការធ្វើតម្រាប់តាម។ ទ្រឹស្តីពុទ្ធិ (Cognitive) របស់​ Bandura គាត់ជឿថាមនុស្សព្យាយាមក្នុងការស្គាល់ពិភពលោករបស់ពួកគេ ហើយទ្រឹស្តីសង្គម (Social) ដែលទាក់ទងទៅនឹងការឲ្យរង្វាន់ និងការដាក់ទណ្ឌកម្ម អ្វីដែលអ្នកដទៃធ្វើ គឺជាប្រភពពត៌មានដ៏សំខាន់អំពីពិភពលោក។

Bandura​ ក៏បានប្រឆាំងទៅនឹងទស្សនៈថា បទពិសោធន៍ធ្វើឲ្យមនុស្សមានជំនឿអំពីសមត្ថភាព និងទេពកោសល្យរបស់ពួកគេ។ មនុស្សដែលជឿអំពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ជួយឲ្យពួកគេធ្វើការកំណត់ថាតើពួកគេអាចធ្វើតាមគេបានដែរឬទេ (អាកប្បកិរិយា)។ ឧទាហរណ៍​ បុគ្គលម្នាក់ដែលមើលខ្លួនឯងថាគ្មានទេពកោសល្យខាងកីឡាបាល់ទាត់ ដូច្នេះគេក៏មិនធ្វើតាម C. Ronado ឬ Messi ដែលជាកីឡាបាល់ទាត់ដ៏ល្បី និងមានទេពកោសល្យបានដែរ។

ប្រភពឯកសារ

Baer, D. M., & Wolf, M. M. (1968). The Reinforcement contingency in preschool and remedial education. In R. D. Hess & R. M. Baer (Eds.), Early education. Chicago: Aldine.

Robert V. Kail & John C. Cavanaugh. (2004 (3rd edition)). Human Development: A Life-Span View. Nelson: Thomson Wadsworth.


អត្ថបទទាក់ទង

តើអ្នកដឹងទេ! តើគេបែងចែកបាតុភូតចិត្តជាប៉ុន្មានប្រភេទ?

 

Leave a Reply

Your email address will not be published. Required fields are marked *