៦ចំណុច បែបលក្ខណៈវិទ្យាសាស្ដ្រ ដែលអាចជួយបង្កើនភាពក្លាហានឲ្យអ្នកបាន
យោងតាមការអង្កេតតាមល្ខណៈវិទ្យាសាស្ដ្របានឲ្យដឹងថា បុគ្គលដែលអាចគ្រប់គ្រង គំនិត អារម្មណ៍ និងអាកប្បកិរិយារបស់ខ្លួនបាន គឺជាបុគ្គលក្លាហាន។ ដូច្នេះ អ្នកត្រូវតែជាមនុស្សដែលអាចគ្រប់គ្រងរាល់គំនិត អារម្មណ៍ និងអាកប្បកិរិយារបស់អ្នកបាន ដើម្បីក្លាយជាបុគ្គលក្លាហាន។ ភាពជោគជ័យនឹងកើតមានចំពោះអ្នកជាក់ជាមិនខាន បន្ទាប់ពីអ្នកអាចធ្វើរឿងទាំងនេះបាន។
ខាងក្រោមជាបច្ចេកទេសវិទ្យាសាស្ដ្រដែលអាចជួយអ្នកឲ្យបង្កើនភាពក្លាហានបាន៖
១. ស្គាល់ខ្លួនឯងឱ្យច្បាស់
ការស្គាល់ខ្លួនឯង គឺសំខាន់បំផុត វាអាចធ្វើឱ្យអ្នកស្គាល់ពីចំណុចខ្លាំង និងចំណុច ខ្សោយរបស់ខ្លួន។ លើសពីនេះទៅទៀត ការស្វែងយល់ពីខ្លួនឯង គឺអាចឱ្យអ្នកដឹងពីធាតុពិតនៃគំនិត និងអារម្មណ៍របស់អ្នក ដូច្នេះអ្នកអាចគ្រប់គ្រងរាល់សកម្មភាព និងអាកប្បកិរិយាដែលអ្នកសម្ដែងចេញ ព្រមទាំងអាចដុសខាត់រាល់ចំណុចដែលអ្នកខ្វះខាតបាន។ ចូរអ្នកធ្វើការកត់សម្គាល់ខ្លួនឯងជាប្រចាំ តាមរយៈការធ្វើកំណត់ហេតុប្រចាំថ្ងៃ ដើម្បីឲ្យអ្នកអាចស្គាល់ខ្លួនឯងបាន។
២. រស់នៅតាមជីវិតដែលខ្លួនចង់បាន
អ្នកគួរតែជឿជាក់លើខ្លួនឯង ហើយត្រូវចេះស្គាល់ថាអ្វីដែលល្អបំផុតសម្រាប់ខ្លួនអ្នក។ ជាទូទៅ អ្នកអាចស្ដាប់ការឱ្យយោបល់ ឬដំបូន្មានពីអ្នកដ៏ទៃបាន តែត្រូវចេះពិចារណាថ្លឹងថ្លែងពីគំនិតទាំងនោះ ហើយធ្វើការសម្រេចចិត្តមួយដែលអ្នកពេញចិត្តនិងចង់បាន មិនមែនការសម្រេចចិត្តដែលបម្រើ ឬផ្គាប់ផ្គន់ឱ្យបុគ្គលណាម្នាក់ឡើយ។
៣. មានចិត្តប្ដេជ្ញាធ្វើជាមនុស្សរឹងមាំ
មនុស្សរឹងមាំភាគច្រើនតែងតែព្យាយាមធ្វើអ្វីៗដែលជម្រុញខ្លួនគេឱ្យក្លាយជាមនុស្សរឹងមាំ និងកាន់តែរឹងមាំខ្លាំងឡើងៗ។ ពួកគេតែងតែព្យាយាមស្រាវជ្រាវរកវិធីសាស្ដ្រផ្សេងៗដែលអាចជួយបង្កើនភាពរឹងមាំដល់ពួកគេបាន ដូចជា សម្លៀកបំពាក់ ឬសម្ភារ:ដែលមានអក្សរជម្រុញលើកទឹកចិត្ត ពង្រឹងស្មារតី… ជាដើម។
៤. រៀនចេះទទួលស្គាល់ការពិត
មនុស្សដែលរឹងមាំ គឺជាមនុស្សដែលហ៊ានទទួលស្គាល់ការពិត និងហ៊ានបង្ហាញប្រាប់អ្នកដ៏ទៃពីអ្វីដែលខ្លួនឯងមាន ត្រូវការ និងអ្វីដែលខ្លួនឯងប្រាថ្នា និងចង់បាន។ ទោះបីជាការបង្ហាញប្រាប់ពីការពិតទៅដល់អ្នកដ៏ទៃនោះអាចនឹងធ្វើឱ្យអ្នកបាត់បង់មិត្តភក្រ្តមួយចំនួន តែយ៉ាងហោចណាស់អ្នកនឹងទទួលបាននូវមិត្តភក្រ្ត និងបុគ្គលមួយចំនួនដែលរាប់អានអ្នកពិត និងកោតសរសើរចំពោះភាពស្មោះត្រង់របស់អ្នក។
៥. ស្វែងយល់ពីអារម្មណ៍ខ្លួនឯង
អារម្មណ៍របស់អ្នកតែងតែស្ដែងចេញតាមរយៈអាកប្បកិរិយារបស់អ្នក ហើយពេលខ្លះអាកប្បកិរិយាទាំងនោះត្រូវបានបង្ហាញចេញមកដោយអ្នកមិនបានដឹងខ្លួនឡើយ។ ហេតុនេះ អ្នកគួរស្វែងយល់ពីអារម្មណ៍របស់អ្នកនៅពេលត្រូវបានប៉ះទង្គិចអារម្មណ៍ដោយសារអ្វីមួយ ថាតើអារម្មណ៍របស់អ្នកទទួលរងឥទ្ធិពលខ្លាំង ឬខ្សោយប៉ុណ្ណាពីឥរិយាបថរបស់អ្នកដ៏ទៃ ហើយព្យាយាមគ្រប់គ្រងអារម្មណ៍របស់អ្នកឱ្យបានច្រើនបំផុត។
៦. យល់ចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង និងបារម្ភពីខ្លួនឯង
អ្នកគួរដឹងថាប្រសិនបើអ្នកចង់យកចិត្តទុកដាក់ចំពោះអ្នកដ៏ទៃឱ្យបានល្អ អ្នកគួរចាប់ផ្ដើមគិតអំពីការយកចិត្តទុកដាក់ចំពោះខ្លួនឯងជាមុនសិន ព្រោះថាប្រសិនបើអ្នកអាចយល់ពីខ្លួនឯង ស្រលាញ់ខ្លួនឯង នោះអ្នកនឹងធ្វើរឿងទាំងនេះជាមួយអ្នកដ៏ទៃកាន់តែប្រសើរជាងនេះទៀត។ ការបង្រៀនខ្លួនឯងឱ្យធ្វើបែបនេះ គឺមានន័យថាអ្នកជាមនុស្សដែលរឹងមាំម្នាក់ហើយ។
ចំណុចចាប់ផ្ដើមដ៏ល្អបំផុត ប្រសិនបើអ្នកចង់ក្លាយជាមនុស្សដែលរឹងមាំម្នាក់ គឺខ្លួនរបស់អ្នកផ្ទាល់។