អាការៈទាំង ៣ របស់មនុស្សមានជំងឺនឿយណាយនឹងការងារ
ជំងឺនឿយណាយនឹងការងារ គឺជាស្ថានភាពនៃភាពអស់កម្លាំងខាងផ្លូវកាយ ផ្លូវចិត្ត និងផ្លូវអារម្មណ៍ដែលបណ្តាលមកពីភាពតានតឹងខ្លាំងពេក និងយូរ។ វាកើតឡើងនៅពេលដែលអ្នកមានអារម្មណ៍ធុញថប់ ហត់នឿយក្នុងអារម្មណ៍ និងមិនអាចបំពេញតាមតម្រូវការជាប់លាប់។ ជំងឺនឿយណាយនឹងការងារ កាត់បន្ថយផលិតភាព និងកាត់បន្ថយថាមពលរបស់អ្នក ធ្វើឱ្យអ្នកមានអារម្មណ៍ថាគ្មានជំនួយ អស់សង្ឃឹម មើលឃើញអ្វីៗសុទ្ធតែអាក្រក់ និងអាក់អន់ចិត្តកាន់តែខ្លាំងឡើងៗ។ នៅទីបំផុត អ្នកប្រហែលជាមានអារម្មណ៍ថាអ្នកគ្មានអ្វីត្រូវផ្តល់ឱ្យទៀតទេ។ ផលប៉ះពាល់អវិជ្ជមាននៃជំងឺនឿយណាយនឹងការងារ ចូលទៅក្នុងគ្រប់ផ្នែកនៃជីវិត – រួមមានទាំងផ្ទះ ការងារ និងជីវិតសង្គមរបស់អ្នក។ ជំងឺនឿយណាយនឹងការងារ ក៏អាចបណ្តាលឱ្យមានការផ្លាស់ប្តូររយៈពេលវែងចំពោះរាងកាយរបស់អ្នក ដែលធ្វើឲ្យអ្នកងាយរងគ្រោះទៅនឹងជំងឺនានា ដូចជាគ្រុន និងផ្តាសាយ។ ដោយសារតែមានផលវិបាកជាច្រើន ដូច្នេះវាជារឿងសំខាន់ក្នុងការដោះស្រាយជំងឺនឿយណាយនឹងការងារឲ្យបានឆាប់រហ័ស។
យោងតាមការស្ទង់មតិក្នុងឆ្នាំ២០២៤ ដោយសង្គមសម្រាប់ការគ្រប់គ្រងធនធានមនុស្ស (Society for Human Resource Management – SHRM) បានបង្ហាញថា មានបុគ្គលិក ៤៤% កើតអារម្មណ៍នៃជំងឺនឿយណាយនឹងការងារ (Burnout) នៅកន្លែងធ្វើការ និងចង់តែដាក់ពាក្យសុំឈប់។ ខាងក្រោមនេះ គឺជាអាការៈប្លែកៗទាំងបី ដែលបង្ហាញថាអ្នកកំពុងស្ថិតក្នុងស្ថានភាពនៃជំងឺនឿយណាយនឹងការងារ យោងតាមអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្ត លោកស្រី ម៉ូលលី បឺរ៉េតស៍ (Molly Burrets)៖
១. រោគសញ្ញាផ្នែករាងកាយ
អ្នកស្រី Burrets បាននិយាយថា៖ “ប្រតិកម្មរោគសញ្ញាទូទៅមួយចំនួនរបស់រាងកាយមានដូចជា អស់កម្លាំងជាប្រចាំ គេងមិនលក់ ឬគេងសុបិន្តមិនល្អច្រើន។” ក្នុងនោះរោគសញ្ញាបន្ថែមដែលអាចបង្ហាញថាអ្នកកំពុងមានជំងឺនឿយណាយនឹងការងារ រួមមាន ឈឺក្បាលញឹកញាប់ ឈឺសាច់ដុំ បញ្ហារំលាយអាហារ និងប្រព័ន្ធភាពស៊ាំចុះខ្សោយជាដើម។
២. រោគសញ្ញាផ្នែកអារម្មណ៍
ជំងឺនឿយណាយនឹងការងារ មានទំនោរជាសញ្ញាដែលត្រូវបានផ្សារភ្ជាប់ជាទូទៅជាមួយការឡើងចុះនៃអារម្មណ៍ខ្លាំង។ អាការៈទាំងនោះ អាចជាការឧស្សាហ៍ខឹងសម្បារ បាត់បង់ចំណង់លើរឿងដែលខ្លួនធ្លាប់រីករាយ ចិត្តដាច់ ឬអស់អារម្មណ៍ ឆាប់ប៉ះពាល់ផ្លូវចិត្ត មានអារម្មណ៍អវិជ្ជមានចំពោះការងារ ឬទំនួលខុសត្រូវជាដើម។ អ្នកស្រី បឺរ៉េតស៍ បានលើកឡើងថា៖ “ទាំងអស់នេះ គឺជាអ្វីដែលមនុស្សភាគច្រើនត្រូវបានកត់សម្គាល់ និងយល់ច្បាស់បំផុត ព្រោះវាបង្ហាញពីបញ្ហាជាក់ស្តែង។”
៣. រោគសញ្ញាផ្នែកអាកប្បកិរិយា
អ្នកស្រី បឺរ៉េតស៍ ក៏បានលើកឡើងផងដែរថា៖ “ដោយការសង្កេតមើលការផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នក វាបង្ហាញតាមរយៈរោគសញ្ញាមួយចំនួន ដូចជាការញ៉ាំច្រើនជ្រុល ផឹកគ្រឿងស្រវឹងច្រើន ឬការប្រើប្រាស់ថ្នាំលើកកម្រិត។” រោគសញ្ញាបន្ថែមទៀត មានដូចជាការពន្យារពេល ការដកខ្លួនចេញពីសង្គម មិនចង់សន្ទនាជាមួយអ្នកដទៃ កម្រិតផលិតភាពទាប ជាពិសេសនៅកន្លែងធ្វើការ។
ជាចុងក្រោយ អ្នកជំនាញសុខភាពផ្លូវចិត្ត ម៉ូលលី បឺរ៉េតស៍ បានសង្កត់ធ្ងន់ថា ប្រសិនបើអ្នកសម្គាល់ឃើញថា អ្នកកំពុងមានរោគសញ្ញាទាំងបីខាងលើ សូមពិនិត្យមើលសុខភាពផ្លូវចិត្តខ្លួនឯងឡើងវិញជាបន្ទាន់ ឬស្វែងរកជំនួយ ចៀសវាងធ្លាក់ក្នុងស្ថានភាពកាន់តែធ្ងន់ធ្ងរខ្លាំងទៅៗ។
អត្ថបទទាក់ទង
កំហុសចំនួន ៦ ដែលអាចធ្វើឲ្យអ្នកបាត់បង់ឱកាសល្អនៅកន្លែងការងារ