ហេតុអ្វីបានជាបុគ្គលិកផ្នែកធនធានមនុស្សគួរតែនិយាយពាក្យល្អៗជាមួយបុគ្គលិក?
ស្ទីវចប ធ្លាប់បាននិយាយថា រឿងសំខាន់ មិនមែនទាល់តែរឿងនោះអាចផ្លាស់ប្តូរពិភពលោកនោះទេ។ រឿងសំខាន់ មានច្រើនណាស់ ដូចជា ការទទួលស្គាល់កំហុសខ្លួនឯង ការថែរក្សាមុខមាត់ប្រទេស ការចេះទប់មាត់ពេលក្អក ឬសូម្បីតែការនិយាយល្អជាមួយបុគ្គលិកខ្លួនឯង។
នៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកពីមូលហេតុដែលអ្នកធ្វើការក្នុងផ្នែកធនធានមនុស្ស គួរតែនិយាយពាក្យល្អៗជាមួយបុគ្គលិកដទៃ។
អ្នកដែលធ្វើការក្នុងផ្នែកធនធានមនុស្ស ប្រហែលជាភ្លេចខ្លួនថា បុគ្គលិកដទៃមើលមកខ្លួនយ៉ាងម៉េចហើយ។ មិនថាឋានៈរបស់អ្នកតូចប៉ុណ្ណាទេ ឲ្យតែនៅក្នុងផ្នែកធនធានមនុស្ស សុទ្ធតែធ្វើឲ្យបុគ្គលិកផ្នែកផ្សេង មានការខ្លាចរអា។
ផ្នែកធនធានមនុស្ស មានសិទ្ធិច្រើនណាស់ រួមទាំងសិទ្ធិដេញចោលផងដែរ។ តើអ្នកណាដែលមិនខ្លាចគេដេញចោល?
មូលហេតុទី១ គឺ ធ្វើជាគម្រូសម្រាប់បុគ្គលិកទាំងអស់
បើបុគ្គលិកផ្នែកធនធានមនុស្ស មានសម្តីមិនល្អ ឬចូលចិត្តប្រើពាក្យឌឺដង បុគ្គលិកផ្សេងទៀត នឹងរៀនតាម ហើយធ្វើឲ្យស្ថាប័នទាំងមូលមានទម្លាប់និយាយស្តីមិនគួរឲ្យស្តាប់។ ការលេងសើច ដោយមានការគោរព ជាជម្រើសល្អមួយ។ ការប្រើពាក្យសរសើរ ក៏ជាជម្រើសល្អមួយទៀតដែរ។
មូលហេតុទី២ គឺ ដើរតួជាអ្នកអង្អែលខ្នង
បុគ្គលិកធម្មតា តែងតែបង្កើតកំហុសនៅពេលធ្វើការ ហើយពេលខ្លះក៏ត្រូវមាត់ពីប្រធានក្រុម ឬថ្នាក់លើ។ ផ្នែកធនធានមនុស្ស ត្រូវគិតថា បើសិនជាមនុស្សម្នាក់ កំពុងត្រូវគេស្តីបន្ទោសរួចហើយ តើពួកគេចង់បានអ្វី? ច្បាស់ណាស់ គឺអ្នកលួងលោម។
ការនិយាយល្អពីផ្នែកធនធានមនុស្ស នឹងជួយឲ្យបុគ្គលិកដែលត្រូវមាត់នោះ មានចិត្តធ្វើការឡើងវិញ ឬមើលឃើញផ្លូវល្អនៅក្នុងស្ថាប័ន។ បើសិនជាងាកទៅណា ក៏ត្រូវគេថាឲ្យ បុគ្គលិកពូកែទ្រាំយ៉ាងណា ក៏មិនអាចធ្វើការបានដែរ។
មូលហេតុទី៣ គឺ ផ្តល់តម្លៃដល់បុគ្គលិក
ផ្នែកធនធានមនុស្ស ដឹងច្បាស់ពីដំណាក់កាលស្មុគ្រស្មាញក្នុងការរើសបុគ្គលិកថ្មី ហេតុនេះការរក្សាបុគ្គលិកចាស់ ក៏ត្រូវតែជាគោលដៅចំបងដែរ។ បុគ្គលិក មិនធ្វើការនៅកន្លែងណាដែលគេមិនឲ្យតម្លៃខ្លួននោះទេ។
ការយកចិត្តទុកដាក់ ជារឿងល្អ ប៉ុន្តែការនិយាយស្តី ជាអ្វីដែលបុគ្គលិកឆាប់មើលឃើញ។ បើសិនជាផ្នែកធនធានមនុស្សប្រើពាក្យអសុរោះ ឬមិនចង់និយាយជាមួយបុគ្គលិក ពួកគាត់ច្បាស់ជាត្រូវចំណាយពេលរកបុគ្គលិកថ្មីរហូតមិនខាន។
កុំភ្លេចថា ពេលបុគ្គលិកឈប់ធ្វើការ ពួកគេនឹងដើរនិយាយពីរឿងអាក្រក់របស់ស្ថាប័ន។ វាអាចនឹងធ្វើឲ្យអ្នកដទៃមិនហ៊ានមកធ្វើការតទៀត។
គ្រាន់តែនិយាយល្អជាមួយបុគ្គលិក មិនមែនជារឿងពិបាកណាស់ណាទេ។ ជាពិសេស សម្រាប់អ្នកដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ក្នុងផ្នែកធនធានមនុស្ស។ ភាសាដែលអ្នកប្រើ ឆ្លុះបញ្ចាំងពីខ្លួនអ្នក ហេតុនេះ បើមិនចាំបាច់ គួរតែជៀសវាងប្រើភាសាដែលបំផ្លាញកិត្តិយសខ្លួនឯង។