វិធីសាស្រ្តវិភាគការងារ

ទោះបីជាមានវិធីសាស្រ្តជាច្រើនក្នុងការប្រមូលព័ត៌មានការវិភាគការងារ ប៉ុន្តែការជ្រើសរើសវិធីសាស្រ្តមួយ ឬការរួមបញ្ចូលគ្នានៃវិធីសាស្រ្តច្រើនជាងមួយ អាស្រ័យលើភាពចាំពាច់ និងតម្រូវការរបស់អង្គភាព និងគោលបំណងនៃដំណើរការវិភាគការងារ។ ជាធម្មតា វិធីសាស្រ្តទាំងអស់ ផ្តោតលើការប្រមូលព័ត៌មានដែលទាក់ទងនឹងការងារជាមូលដ្ឋាន ប៉ុន្តែនៅពេលប្រើបញ្ចូលគ្នាអាចនាំមកនូវព័ត៌មានដែលត្រូវបានលាក់បាំង ឬមើលរំលង ហើយបង្ហាញថាជាឧបករណ៍ដ៏ល្អសម្រាប់បង្កើតភាពស័ក្តិសមសម្រាប់បេក្ខជនការងារ។

ការជ្រើសរើសវិធីសាស្រ្តវិភាគការងារដែលសមស្រប អាស្រ័យលើរចនាសម្ព័ន្ធរបស់អង្គភាព កម្រិតឋានានុក្រម លក្ខណៈនៃការងារ និងទំនួលខុសត្រូវ និងភារកិច្ចដែលពាក់ព័ន្ធនឹងវា។ ដូច្នេះ មុននឹងអនុវត្តវិធីសាស្រ្តណាមួយ គុណសម្បត្តិ និងគុណវិបត្តិទាំងអស់គួរតែត្រូវបានវិភាគ ពីព្រោះទិន្នន័យដែលប្រមូលបានតាមរយៈដំណើរការនេះបម្រើការបានយ៉ាងច្រើន និងជួយឱ្យអង្គភាពទប់ទល់នឹងនិន្នាការទីផ្សារបច្ចុប្បន្ន ការផ្លាស់ប្តូររបស់ស្ថាប័ន អត្រាកាត់បន្ថយប្រសិទ្ឋភាព​ ឬភាពខ្លាំងខ្ពស់ និងបញ្ហាប្រចាំថ្ងៃជាច្រើនទៀត។

តោះយើងសាកពិភាក្សាអំពីវិធីសាស្រ្តវិភាគការងារមួយចំនួនដែលជាទូទៅត្រូវបានប្រើប្រាស់ដោយអង្គភាពដើម្បីស៊ើបអង្កេតតម្រូវការនៃការងារជាក់លាក់មួយ។

វិធីសាស្រ្តវិភាគការងារ

Job Analysis Methods

វិធីសាស្រ្តទូទៅនៃការវិភាគការងារ

វិធីសាស្រ្តសង្កេត (Observation Method)៖ អ្នកវិភាគការងារសង្កេតមើលនិយោជិត ហើយកត់ត្រារាល់កិច្ចការដែលបានអនុវត្ត និងមិនបានអនុវត្តរបស់ខ្លួន បំពេញ និងមិនបានបំពេញនូវទំនួលខុសត្រូវ និងភារកិច្ច វិធីសាស្រ្ត មធ្យោបាយ និងជំនាញដែលគាត់ប្រើដើម្បីបំពេញភារកិច្ចផ្សេងៗរបស់គាត់ និងសមត្ថភាពផ្លូវចិត្ត ឬអារម្មណ៍របស់គាត់ក្នុងការដោះស្រាយបញ្ហាប្រឈម និងហានិភ័យ។ ទោះជាយ៉ាងណាក៏ដោយ វាហាក់ដូចជាវិធីសាស្រ្តដ៏ងាយស្រួលបំផុតមួយក្នុងការវិភាគការងារជាក់លាក់មួយ ប៉ុន្តែការពិតគឺថាវាជាវិធីដ៏លំបាកបំផុត។ ហេតុអ្វី? តោះទៅស្វែងយល់ទាំងគ្នា។

នោះគឺ​ដោយសារ​តែ​មនុស្ស​ម្នាក់ៗ​មាន​របៀប​សង្កេត​របស់​ខ្លួន។ មនុស្សផ្សេងគ្នាគិតខុសគ្នា និងបកស្រាយការរកឃើញតាមរបៀបផ្សេងៗគ្នា។ ដូច្នេះ ដំណើរការ អាចពាក់ព័ន្ធនឹងភាពលម្អៀងផ្ទាល់ខ្លួន ឬការចូលចិត្ត និងមិនចូលចិត្ត ហើយប្រហែលជាមិនបង្កើតលទ្ធផលពិតប្រាកដ។ កំហុសនេះ អាចចៀសវាងបានដោយការបណ្តុះបណ្តាលត្រឹមត្រូវរបស់អ្នកវិភាគការងារ ឬអ្នកណាដែលនឹងដឹកនាំដំណើរការវិភាគការងារ។

វិធីសាស្រ្តពិសេសនេះ រួមមានបច្ចេកទេសចំនួនបី៖ ការសង្កេតដោយផ្ទាល់ ការវិភាគវិធីសាស្រ្តការងារ និងបច្ចេកទេសឧប្បត្តិហេតុសំខាន់។ វិធីសាស្រ្តទីមួយ រួមមានការសង្កេតដោយផ្ទាល់ និងការកត់ត្រាអាកប្បកិរិយារបស់និយោជិតក្នុងស្ថានភាពផ្សេងៗគ្នា។ ទីពីរ ពាក់ព័ន្ធនឹងការសិក្សាអំពីពេលវេលា និងចលនា ហើយត្រូវបានប្រើប្រាស់ជាពិសេសសម្រាប់កម្មកររោងចក្រ ឬសហគ្រាស។ ទីបី គឺអំពីការកំណត់អត្តសញ្ញាណឥរិយាបទការងារដែលនាំឱ្យមានលទ្ធផលការងារ។

វិធីសាស្រ្តសម្ភាសន៍ (Interview Method)៖ នៅក្នុងវិធីសាស្រ្តនេះ និយោជិតត្រូវបានសម្ភាសដើម្បីឱ្យគាត់បង្ហាញនូវស្ទីលការងារផ្ទាល់ខ្លួន បញ្ហាប្រឈមរបស់ពួកគេ ការប្រើប្រាស់ជំនាញ និងបច្ចេកទេសពិសេសនៅពេលបំពេញការងាររបស់ពួកគេ និងភាពអសន្តិសុខ និងការភ័យខ្លាចអំពីអាជីពរបស់ពួកគេ។

វិធីសាស្រ្តនេះ ជួយឱ្យអ្នកសម្ភាសន៍ដឹងពីអ្វីដែលនិយោជិតគិតយ៉ាងពិតប្រាកដអំពីការងារ និងទំនួលខុសត្រូវរបស់ខ្លួនដែលពាក់ព័ន្ធនឹងវា។ វាពាក់ព័ន្ធនឹងការវិភាគការងារដោយបុគ្គលិកខ្លួនឯង។ ដើម្បីបង្កើតមតិកែលម្អដោយស្មោះត្រង់ និងពិត ឬប្រមូលទិន្នន័យពិតប្រាកដ សំណួរដែលត្រូវបានសួរក្នុងអំឡុងពេលសម្ភាសន៍ គួរតែត្រូវបានសម្រេចចិត្តដោយប្រុងប្រយ័ត្ន។ ហើយដើម្បីចៀសវាងកំហុស វាតែងតែជាការល្អក្នុងការសម្ភាសបុគ្គលច្រើនជាងម្នាក់ដើម្បីទទួលបានការឆ្លើយតប។ បន្ទាប់មក វាអាចត្រូវបានធ្វើជាទូទៅ និងប្រើប្រាស់សម្រាប់ក្រុមទាំងមូល។

វិធីសាស្រ្តនៃកម្រងសំណួរ (Questionaire Method)៖ វិធីសាស្ត្រវិភាគការងារដែលគេប្រើជាទូទៅ គឺការទទួលបានកម្រងសំណួរដែលបំពេញពីបុគ្គលិក ថ្នាក់លើ និងអ្នកគ្រប់គ្រងរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រនេះ ក៏ទទួលរងពីភាពលម្អៀងផ្ទាល់ខ្លួនផងដែរ។ ការយកចិត្តទុកដាក់ខ្ពស់ គួរតែត្រូវបានធ្វើឡើង ខណៈពេលដែលដាក់សំណួរសម្រាប់បុគ្គលិកនៅកម្រិតថ្នាក់ផ្សេងៗ។

ដើម្បីទទួលបានព័ត៌មានពិតទាក់ទងនឹងការងារ អ្នកគ្រប់គ្រង គួរតែប្រាស្រ័យទាក់ទងវាជាមួយបុគ្គលិកប្រកបដោយប្រសិទ្ធភាពថា ទិន្នន័យដែលប្រមូលបាន នឹងត្រូវប្រើប្រាស់សម្រាប់ប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ។ វាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាឱ្យពួកគេថា វានឹងមិនត្រូវបានប្រើប្រាស់ប្រឆាំងនឹងពួកគេទេតាមវិធីណាក៏ដោយ។ បើ​ធ្វើ​មិន​បាន​ត្រឹម​ត្រូវ​ទេ វា​នឹង​ខាត​ពេល​វេលា ថវិកា និង​ធនធាន​មនុស្ស។

ទាំងនេះ គឺជាវិធីសាស្រ្តសាមញ្ញបំផុតមួយចំនួននៃការវិភាគការងារ។ ទោះយ៉ាងណាក៏ដោយ មានវិធីសាស្រ្តឯកទេសមួយចំនួនទៀត រួមមាន បញ្ជីសារពើភណ្ឌកិច្ចការ វិធីសាស្ត្រធាតុការងារ ការកំណត់ទម្រង់សមត្ថភាព សន្និសីទបច្ចេកទេស ប្រព័ន្ធវិភាគលក្ខណៈកម្រិត និងការរួមបញ្ចូលគ្នានៃវិធីសាស្រ្តទាំងនេះ។ ខណៈពេលដែលជ្រើសរើសវិធីសាស្រ្តមួយ អ្នកគ្រប់គ្រងធនធានមនុស្ស ត្រូវគិតគូរពីពេលវេលា ថ្លៃចំណាយ និងការខិតខំប្រឹងប្រែងរបស់មនុស្សដែលរួមបញ្ចូលក្នុងការដឹកនាំដំណើរការនេះ។

សម្រួលពី៖ Management Study Guide


អត្ថបទទាក់ទង

តើអ្វីខ្លះដែលត្រូវប្រមូលក្នុងកំឡុងពេលវិភាគការងារ?

Leave a Reply

Your email address will not be published. Required fields are marked *