រឿងខ្លី៖ សត្វរើសគ្នាធ្វើស្តេច
ក្នុងកប្បទណ្ឌខាំងកំបាំងបាត់ ស្ងាត់កន្លងរំលងយូរលង់ណាស់មកហើយមនុស្សទាំងអស់នៅលើផែនដី ក្នុងពិភពលោកនេះ ពុំទាន់មាននរណាមួយជាធំ សម្រាប់ត្រួតត្រាគ្នានៅឡើយ។ លុះចំណេរកាលមកខាងក្រោយ ទើបគេជំនុំគ្នាលើកមនុស្សម្នាក់ជាក្សត្រដាក់នាមថា ព្រះសម្មតិរាជ ឲ្យសោយរាជសម្បត្តិនិងគ្រប់គ្រងអាណាប្រជានុរាស្ត្រតទៅ ។ ពពួកសត្វទាំងឡាយ គឺសត្វម្រឹគ បក្សី និងមច្ឆាជាតិ កាលបើបានឃើញមនុស្សមានស្ដេចមួយអង្គ សម្រាប់ត្រួតត្រាប្រជាពលរដ្ឋទូទៅដូច្នោះក៏នាំគ្នាផ្អើលឆោឡោជ្រួលច្របល់ ប្រកូកប្រកាសឲ្យពិភពលោក គឺមនុស្ស និងសត្វទាំងអស់ដឹងថា ពពួកខ្លួននេះ ពុំទាន់មានស្ដេចសម្រាប់ត្រួតត្រានៅឡើយទេ ដើម្បីឲ្យពិភពលោកជួយគិតគូរអំពីពួកខ្លួននេះផង។ មិនយូរប៉ុន្មានមនុស្សទាំងអស់ ក៏នាំគ្នាជួយគិតគូររើសរកស្ដេចឲ្យពពួកសត្វទាំងនោះ។ គេបានតាំងសត្វ រាជសីហ៍ ដែលជាសត្វខ្លាំងពូកែមានឥទ្ធិឫទ្ធិអង់អាច មានប្រាជ្ញាឈ្លាសវៃ និងចរិយាស្រគត់ស្រគំជាងគេ ឲ្យធ្វើជាស្ដេចនៃសត្វម្រឹគ។ ពពួកសត្វម្រឹគទាំងឡាយ ពេញចិត្តនឹងស្ដេចរបស់ខ្លួននេះ ដោយឥតមានប្រកែកអ្វីឡើយ។ ពពួកសត្វត្រី គេបានតាំងអនន្ទមច្ឆា ដែលជាត្រីធំជាងគេ ឲ្យធ្វើជាស្ដេចនៃមច្ឆាជាតិទាំងអស់ ពពួកសត្វមច្ឆាក៏ទទួលយកដោយពេញចិត្តយ៉ាងក្រៃលែង។
ឯពពួកបក្សី លុះបានមកជំនុំរើសរកសត្វដែលនឹងឲ្យធ្វើជាស្ដេចនៃបក្សីទាំងពួង ស្រាប់តែមានបេក្ខជនពីររូបឈរឈ្មោះឲ្យគេតាំង គឺសត្វក្អែក ១ និង សត្វមៀម ១។ សត្វទាំងពីរនេះ សុទ្ធតែមានសត្វជាបរិពារយ៉ាងច្រើនរៀងៗខ្លួន។ សត្វទាំងពីរនេះ មានគំនិតចង់ធ្វើជាស្ដេចគ្រប់ៗគ្នា ម្ល៉ោះហើយក៏ចែកជាពួកបក្សដើរឃោសនាប្រកួតប្រជែង អួតតែបក្សពួករបស់ខ្លួនរៀងៗខ្លួន មិនតែប៉ុណ្ណោះ ថែមទាំងដើរឃោសនា បន្តុះបង្អាប់គ្នាទៅវិញទៅមកផង។ ខាងក្អែកថា “នរណានឹងឲ្យអាសត្វមៀមធ្វើជាស្ដេចកើត! បើភ្នែកវាធំម្ល៉េះ។ តែកាលណាវាបានធ្វើជាស្ដេច លើបក្សីផងទាំងពួង វានឹងបំផ្លិចបំផ្លាញអស់បក្សីផងនានា បើអ្នកទាំងអស់គ្នាមិនជឿខ្ញុំ ត្រូវអ្នកមើលតែភ្នែកវា យើងគង់យល់បាន ថាវាជាសត្វកាចយង់ឃ្នងពិតប្រាកដមែន។”
ឯពពួកសត្វមៀមក៏ឃោសនាបង្អាប់ទៅសត្វក្អែកវិញថា “យើ! អាសត្វក្អែក ខ្មៅទាំងឆ្អឹង! អាឯងនេះជាសត្វខ្មៅ មិនមែនខ្មៅតែរោមស្លាបនឹងសាច់ប៉ុណ្ណោះទេ ខ្មៅរហូតដល់ទៅចិត្តគំនិតទៀត បើនរណាសុខចិត្តតាំងអាសត្វក្អែកឲ្យធ្វើជាស្ដេច ក្អែកវានឹងជិះជាន់សង្កត់សង្កិនលើសត្វនានាជាមិនខាន ព្រោះអានេះចិត្តខ្មៅណាស់ វាជាសត្វធ្លាប់រកស៊ី ពុំតាមសម្មាអាជីវោទេ វារកស៊ីតែលួចឆក់ របស់គេជាអាហារ បើវាបានធ្វើស្ដេច វានឹងលួចឆក់ ហើយវាទៅសង្កត់កគេយកស៊ីទាំងភ្នែកស្រស់តែម្ដង អ្នកទាំងអស់គ្នាមិនបាច់គិតឲ្យវែងឆ្ងាយទេ មើលតែរបរវារកស៊ីសព្វថ្ងៃ និងចរិយាក្រឡេមក្រឡឺម ហើយនឹងសម្បុរស្បែកវាក៏គង់ដឹងហើយ។”
បេក្ខជនក្អែកនិងមៀម ឃោសនាប្រឆាំងគ្នាយ៉ាងនេះ រហូតទល់តែបែកជាបក្សពួកយ៉ាងធំ កើតជាឈ្លោះប្រកែកគ្នាយ៉ាងខ្លាំង ទើបពពួកសត្វទាំងអស់ដែលមិនចូលដៃ-ជើងខាងបក្សពួកណា ក៏ជំនុំគ្នាតាំងសត្វហង្សឲ្យធ្វើជាស្ដេចនៃសត្វបក្សីទាំងអស់រហូតមក។ ព្រោះហេតុនេះបានជាក្អែក និងមៀមចេះតែស្អប់គ្នាដរាបមកដល់សព្វថ្ងៃនេះ ជាប់ជាទម្លាប់មួយ ដែលចែកសត្វជាពួករកស៊ីពេលយប់ ពួករកស៊ីពេលថ្ងៃ ហើយទាំងពីរពួកនេះ ឃើញគ្នាមិនបានទេ។
អត្ថបទទាក់ទង