មូលហេតុសំខាន់ៗចំនួន ៥ ដែលធ្វើឲ្យនិយោជិតចាកចេញទៅធ្វើការនៅកន្លែងផ្សេង
បុគ្គលិកគ្រប់រូប មិនមែនចង់ឈប់ធ្វើការពីស្ថាប័នដែលមានច្បាប់ទម្លាប់ល្អ និងកេរ្តិ៍ឈ្មោះល្បីល្បាញនោះទេ។ ហើយពួកគេក៏មិនចង់ដើរចេញពីកន្លែងការងារមួយទៅរកកន្លែងមួយទៀត ដោយគ្មានមូលហេតុនោះដែរ។ ទាំងប្រធាន ទាំងបុគ្គលិក គួរតែស្វែងយល់ពីរឿងនេះឲ្យបានច្បាស់ ថាតើវាបណ្តាលមកពីមូលហេតុអ្វី?
១. ប្រយោជន៍ផ្ទាល់ខ្លួន
បុគ្គលិកភាគច្រើនតែងតែគិតពីប្រយោជន៍ផ្ទាស់ខ្លួន ជាជាងប្រយោជន៍របស់ស្ថាប័ន។ ប្រសិនបើជា ពួកគេឃើញការងារនៅកន្លែងផ្សេងមានប្រយោជន៍ច្រើនជាង នោះពួកគេនឹងលាឈប់ពីការងារនៅកន្លែងចាស់ទៅរកកន្លែងថ្មីយ៉ាងប្រាកដ។
២. បញ្ហាប្រាក់ខែ
បុគ្គលិកដែលមានចំណេះដឹង និងបទពិសោធន៍ល្អសមគួរហើយនោះ ហើយនៅតែមិនទទួលបានប្រាក់ខែតាមបទពិសោធន៍ និងចំណេះដឹងទៀតនោះ នោះប្រាកដជាមិនអាចទម្រាំនៅធ្វើការដើម្បីតែស្ថាប័នមួយមុខបានទៀតឡើយ។
៣. ជម្លោះផ្ទៃក្នុង
បុគ្គលិកធ្វើការជាមួយគ្នាពិតជាមិនចង់មានបញ្ហាជាមួយគ្នានោះទេ។ ប៉ុន្តែអ្វីដែលមិនអាចជៀសផុតនោះ គឺការច្រណែនប្រចណ្ឌគ្នា និយាយដើមគ្នា ទម្លាក់កំហុសដាក់គ្នាទៅវិញទៅមកជាដើម។
៤. ការលើកទឹកចិត្ត
ប្រសិនណាបើគ្មានការលើកទឹកចិត្តពីប្រធាន និងសហការីរួមក្រុមទេនោះ នោះប្រាកដជាគ្មានកម្លាំងចិត្តចង់បន្តការងារក្នុងស្ថាប័ននោះទៀតទេ បើទោះជាកន្លែងការងារមានច្បាប់ទម្លាប់ល្អ និងកេរ្តិ៍ឈ្មោះល្បីក៏ដោយ។
៥. រងសម្ពាធពីប្រធាន
ធ្វើការដោយគ្មានសេរីភាព អ្វីៗត្រូវតែធ្វើតាមការសម្រេចចិត្តរបស់ប្រធានគ្រប់ជំហ៊ាន ហើយប្រធានដាក់ការងារពីមួយថ្ងៃទៅមួយថ្ងៃកាន់តែច្រើនទៀតនោះ នោះបុគ្គលិកម្នាក់ៗពិតជាមិនអាចទម្រាំនៅនឹងកន្លែងទៀតបានឡើយ ច្បាស់ជារត់ទៅរកស្ថាប័នថ្មីជាពុំខាន។
អត្ថបទទាក់ទង
៧ ចំណុចសំខាន់ៗដែលបុគ្គលិកមិនដឹងអំពីការគិត និងសកម្មភាពរបស់អ្នកដឹកនាំ