មូលហេតុចំនួន ៦ ​ដែលធ្វើឲ្យ​បុគ្គ​លិ​កល្អ​ៗលាឈប់​ពី​ការងារ​

ទីណាមានសម្ពាធខ្លាំង ទីនោះនឹងមានតែបុគ្គលិកធ្វើការដើម្បីតែលុយ និងស្វែងរកឱកាសដើម្បីចាកចេញ។ ម៉្យាងវិញទៀត បើ​គ្រាន់តែ​មនុស្សម្នាក់​ពេញចិត្ត​នឹង​ការងារ​របស់​គេ​ មិនមែន​មានន័យថា​គេ​មិន​សម្លឹង​រកមើល​ឱកាស​ថ្មី​ៗទៀត​ទេ​។ ហេតុដូច្នេះ​ហើយ​ ថ្នាក់ដឹកនាំ​ ចាំបាច់​ត្រូវ​ដឹង​តម្រូវការ​របស់​បុគ្គលិក​ និង​បន្ត​លើកទឹកចិត្ត​ ព្រមទាំង​ផ្តល់​ការងារ​ដែល​មានខ្លឹមសារ​ឱ្យ​ពួកគេ​ធ្វើ​។

ជាមធ្យម ​មាន​បុគ្គលិក​ជាង ២០​% ចង់​ចាកចេញ​ពី​ការងារ​បច្ចុប្បន្ន​របស់​គេ​ ហើយ​លោកអ្នក​ដឹង​ថា​ការ​ជួយ ​និង​បណ្តុះបណ្តាល​បុគ្គលិក​ថ្មី​ត្រូវ​ចំណាយពេល​ និង​លុយកាក់​អស់​ច្រើនយ៉ាង​ណា​។ ដូច្នេះហើយ​ លោកអ្នក​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ហេតុផល​ដែល​បុគ្គល​លាឈប់​ពី​ការងារ​ និង​រក​មធ្យោបាយ​ប្រែក្លាយ​បុគ្គលិក​ទាំងអស់​ឱ្យទៅ​ជា​ក្រុមការងារ​ខ្លាំងពូកែ​ និង​នៅតែ​រីករាយ​បន្ត​ធ្វើការ​យូរអង្វែង​ទៅមុខ​ទៀត​៖

១. មិន​ទទួលយក​គំនិត​យោបល់​របស់​បុគ្គលិក​

សូម​ជួយ​បុគ្គលិក​ឱ្យ​មាន​អារម្មណ៍​ថា​ខ្លួន​គេ​ដូចជា​ផ្នែក​សំខាន់​មួយ​នៃ​ក្រុមហ៊ុន​របស់​លោកអ្នក​ តាមរយៈ​ការ​ផ្តល់​តម្លៃ​ចំពោះ​គំនិត​យោបល់​ និង​សមត្ថភាព​ពិតប្រាកដ​របស់​គេ​។ បើ​មិន​ដូច្នេះ​ទេ​ បុគ្គលិក​លោកអ្នក​អាច​នឹង​មាន​អារម្មណ៍​បាក់ទឹកចិត្ត​និង​យល់ថា​គំនិត​ច្នៃប្រតិដ្ឋ​របស់​គេ​គ្មាន​តម្លៃ​អ្វី​សោះ​។ សូមរៀបចំ​ការ​ជួប​ប្រជុំ​ប្រចាំ​សប្តាហ៍​ ឬកន្លះ​ខែ​ម្តង​ និង​បញ្ចូល​គំនិត​យោបល់​ទាំងអស់​របស់​បុគ្គលិក​ទៅ​ក្នុង​ដំណើរការ​សម្រេចចិត្ត​។

២. មិន​បណ្តោយ​ឱ្យ​បុគ្គលិក​មាន​ទំនួល​ខុសត្រូវ​

បុគ្គលិក ​ត្រូវការ​ដឹង​ថា​លោកអ្នក​ទុកចិត្ត​គេ​ល្មម​គ្រប់គ្រាន់​ដើម្បី​ធ្វើការ​ដោយខ្លួនឯង​។ អ្នកគ្រប់គ្រង​ដែល​មិន​ទុកចិត្ត​លើ​សមត្ថភាព​របស់​បុគ្គលិក​ ពិតជា​មិន​អាច​ធ្វើ​ឱ្យ​បុគ្គលិក​ជឿជាក់​លើ​ខ្លួន​វិញ​បានទេ​។ អ្នកគ្រប់គ្រង​ខ្លាំងពូកែ​ លើកទឹកចិត្ត​បុគ្គលិក​ឱ្យ​ចេះ​ធ្វើការ​ដោយ​ឯករាជ្យ​ និង​ហ៊ាន​សម្រេចចិត្ត​ត្រឹមត្រូវ​ ព្រមទាំង​ចេះ​ទទួលខុសត្រូវ​បន្ថែម​។ បើ​អាច​ទៅរួច​ សូម​ផ្តល់​ឱកាស​ឱ្យ​បុគ្គលិក​បាន​ធ្វើការ​ពី​ផ្ទះ​មក​ម្តងម្កាល​ផង​។

៣. មិន​ទទួល​បានការ​គោរព​និង​ឱ្យ​តម្លៃ​

ទោះជា​មនុស្ស​ស្រឡាញ់​ការងារ​របស់​គេ​កម្រិត​ណាក៏ដោយ​ ក៏​គេ​នៅតែ​ចង់​លាឈប់​ដែរ​ បើ​គេ​មាន​អារម្មណ៍​ថា​មិន​ទទួល​បានការ​ឱ្យ​តម្លៃ​គ្រប់គ្រាន់​។ គេ​នឹង​មាន​អារម្មណ៍​ថា​មានតម្លៃ​កាន់តែ​ច្រើន​ បើ​លោកអ្នក​មើលឃើញ​ និង​ទទួលស្គាល់​ការ​ប្រឹងប្រែង​របស់​គេ​។ សូម្បីតែ​លោកអ្នក​មិន​មាន​ប្រាក់ខែ​ខ្ពស់​ ក៏​លោកអ្នក​នៅតែ​អាច​ផ្តល់​ជូន​ការ​ទទួលស្គាល់​តាមរយៈ​សកម្ម​ភាព​ផ្សេង​ៗដូចជា​ការ​ទទួលទាន​អាហារ​ជុំគ្នា​ និង​លេង​កីឡា​ជាមួយគ្នា​ជាដើម​។

៤. ខ្វះ​ការ​ឡើង​មុខតំណែង​សមស្រប​

បុគ្គលិក​ដែល​មាន​មហិច្ឆតា ​នឹង​បាត់បង់​កម្លាំងចិត្ត ​បើ​មានឱកាស​បន្តិចបន្តួច​ ឬគ្មាន​ឱកាស​សោះ​ដើម្បី​ឡើង​មុខតំណែង​។ គំនិត​នៃ​ការ​ធ្វើ​តែ​ការ​ងារ​ដដែល​ៗក្នុង​ពេល​យូរអង្វែង​ មិនមែន​ជា​រឿង​គួរ​ឱ្យ​ទាក់ទាញ​ទេ​ ជាពិសេស​សម្រាប់​មនុស្ស​ដែល​ពូកែ​ធ្វើការ​។ និយោជក​ខ្លះ​ ចង់បាន​សមាជិក​គ្រួសារ​ និង​មិត្តភក្តិ​ជិតស្និទ្ធ​មក​ធ្វើការ​ជាមួយ​ជាជាង​មនុស្ស​ដែល​មាន​សមត្ថភាព​ ឬសុខចិត្ត​ជ្រើសរើស​បុគ្គលិក​ដែល​មាន​ចរិត​ត្រូវគ្នា​នឹង​ខ្លួនឯង​ជាជាង​បេក្ខភាព​ដែល​មាន​សមត្ថភាព​ប៉ុន្តែ​មិន​ពូកែ​អែបអប​។ ក្បួន​ប្រើប្រាស់​បុគ្គលិក​បែបនេះ​ មិនបាន​បង្កើត​ឱកាស​សមស្រប​ទេ​។

៥. គ្មាន​ការ​ទទួលស្គាល់​ឬរង្វាន់​លើកទឹកចិត្ត​

បុគ្គលិក​ ចង់​មាន​អារម្មណ៍​ថា​ ចៅហ្វាយនាយ​ដឹងគុណ​ចំពោះ​ការងារ​ដែលគេ​ប្រឹងប្រែង​ធ្វើ​។ កាយវិការ​នេះ​ អាច​បង្ហាញ​ក្នុង​របៀប​ផ្សេង​ៗ ដូចជា​ការ​និយាយ​ពាក្យ​អរគុណ​ដោយ​ស្មោះ​ឱ្យ​បាន​ញឹកញាប់​ និង​ការពិចារណា​រៀបចំ​បណ្ណ​សរសើរ​ និង​កម្មវិធី​បង្ហាញ​បុគ្គលិក​ឆ្នើម​។ បើ​លោកអ្នក​មាន​កញ្ចប់​ថវិកា​ច្រើន​ សូម​ពិចារណា​ផ្តល់​អាហារូបករណ៍​ ឬជួយ​បង់ថ្លៃ​សិក្សា​ជំនាញ​ដែល​បុគ្គលិក​ណា​ដែ​ចង់​រៀន​បន្ថែម​។ សូមបង្កើត​ឱកាស​រីកចម្រើន​ និង​មើល​ឱ្យ​ឃើញ​ការ​ប្រឹងប្រែង​របស់​បុគ្គលិក​។

៦. សីលធម៌​ការងារ​ទន់ខ្សោយ​

មធ្យោបាយ​មួយ​ដើម្បី​បង្កើន​សីលធម៌​ការងារ​ដល់​បុគ្គលិក​របស់​លោកអ្នក ​គឺ​ត្រូវ​ផ្តល់​ឱកាស​ឱ្យ​ពួកគេ​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​។ ការងារ​សង្គម​ មិនមែន​ចាំបាច់​ត្រូវ​ធ្វើ​នៅពេល​ចុង​សប្តាហ៍​ ឬពេលសម្រាក​ពី​ការងារ​ទេ​ ប៉ុន្តែ​លោកអ្នក​គួរតែ​ផ្តល់​ឱកាស​ឱ្យ​បុគ្គលិក​ធ្វើ​កិច្ចការ​សង្គម​នៅក្នុង​ម៉ោង​ការងារ​។ ជាង​នេះ​ទៅទៀត​ លោកអ្នក​គួរតែ​ដឹង​ថា​បុគ្គលិក​ដែល​មាន​សុខភាព​ល្អជា​បុគ្គលិក​ដែល​មាន​ភាព​រីករាយ​។ លោកអ្នក​ក៏អាច​ផ្តល់​ជូន​កម្មវិធី​ទាក់ទង​នឹង​សុខមាលភាព​ ការគ្រប់គ្រង​សម្ពាធ​អារម្មណ៍​ និង​ការហាត់ប្រាណ​ជាដើម​។

បុគ្គលិក​ដែល​ពេញចិត្ត​នឹង​ការងារ​ ហើយ​មើលឃើញ​អនាគត​ក្នុង​ការងារ​មិន​ចង់​សម្លឹង​មើល​កន្លែង​ផ្សេងទៀត​ទេ​។ ការបង្កើត​បរិស្ថាន​ប្រកួតប្រជែង​ដែល​មិន​មាន​សម្ពាធ​ នឹង​ជួយ​លោកអ្នក​រក្សា​បាន​បុគ្គ​លិ​កល្អ​ៗនៅ​ធ្វើការ​ជាមួយ​បាន​យូរអង្វែង​។

ប្រភព​៖ Entrepreneur​


អត្ថបទទាក់ទង

វិធីសាស្រ្តចំនួន ១០ ដើម្បីយកឈ្នះចិត្តបុគ្គលិក និងរក្សាពួកគេកុំឲដើរចេញពីក្រុមហ៊ុន

 

Leave a Reply

Your email address will not be published.