មនុស្សដែលមាន IQ, EQ និង LQ ឬ ភាពវៃឆ្លាតផ្នែកបញ្ញា ភាពវៃឆ្លាតផ្នែកអារម្មណ៏ និង ភាពវៃឆ្លាតផ្នែកបេះដូងខ្ពស់ គឺជាមនុស្សជោគជ័យ
នៅក្នុងចំណោម ភាពវៃឆ្លាតផ្នែកបញ្ញា ភាពវៃឆ្លាតផ្នែកអារម្មណ៏ និង ភាពវៃឆ្លាតផ្នែកបេះដូង (Intelligence Quotient ឬ IQ , Emotional Quotient ឬ EQ , និង Love Quotient ឬ LQ ) ត្រូវបុគ្គលទទួលបាននូវភាពជោគជ័យជាច្រើនយល់ថា EQ ឬ ភាពឆ្លាតវៃខាងផ្នែកផ្លូវអារម្មណ៍ គឺមានសារៈសំខាន់ជាង IQ និង LQ ទៅទៀត ព្រោះភាគច្រើនមនុស្សដែលអាចទទួលបាននូវភាពជោគជ័យធំៗលើពិភពលោក គឺជាមនុស្សដែលមាន EQ ខ្ពស់ដែលជាហេតុធ្វើឱ្យពួកគេស្គាល់ពីខ្លួនឯងច្បាស់ និងស្គាល់ពីអារម្មណ៍របស់មនុស្សនៅជុំវិញខ្លួនបានច្រើនបំផុត។
លោក ជេក ម៉ា (Jack Ma) បានធ្លាប់បានធ្វើការចែករំលែកអំពី 3Qs (IQ, EQ, LQ) ដែលសំដៅដល់ភាពឆ្លាតវៃដែលជួយទៅដល់ភាពជោគជ័យរបស់បុគ្គលម្នាក់ៗ។ លោកបានលើកឡើងថា មនុស្សដែលមាន IQ, EQ, និង LQ គឺជាមនុស្សមានភាពឆ្លាតវាងវៃ និងធ្វើអ្វីៗតែងតែទទួលជោគជ័យ។
១. តើ IQ (Intelligence Quotient) គឺជាអ្វី?
IQ (Intelligence Quotient) ៖ គឺជាពិន្ទុសរុបបានមកពីការធ្វើតេស្តស្តង់ដារជាច្រើនដែលត្រូវរចនាឡើង ដើម្បីវាយតម្លៃបញ្ញាមនុស្សដែលទទួលបានដោយការបែងចែកពិន្ទុទាក់ទងនឹងអាយុ និងផ្លូវអារម្មណ៍របស់មនុស្សម្នាក់ដែលទទួលបានតាមរយៈការធ្វើតេស្តផ្ដោតទៅលើសមត្ថភាពនៃការចងចាំ ការយកចិត្តទុកដាក់ និងល្បឿននៃការសម្រេចចិត្ត។ ជាទូទៅ មនុស្សដែលមាន IQ ខ្ពស់ភាគច្រើនជាមនុស្សដែលពូកែខាងវិទ្យាសាស្ត្រ ឬគណិតសាស្ត្រជាដើម ហើយអាជីពដែលពួកគេធ្វើភាគច្រើន គឺទាក់ទងនឹងបច្ចេកទេស ឬការងារទាក់ទងនឹងទិន្នន័យតួលេខជាដើម។
២. តើ EQ (Emotional Intelligence) គឺជាអ្វី?
EQ (Emotional Intelligence) ៖ គឺសំដៅដល់ភាពឆ្លាតវៃខាងផ្លូវអារម្មណ៍របស់មនុស្ស។ មនុស្សដែលមាន EQ ខ្ពស់ គឺជាមនុស្សដែលយល់ច្បាស់អំពីអារម្មណ៍របស់ខ្លួនឯង និងអារម្មណ៍របស់មនុស្សដទៃនៅជុំវិញខ្លួនគេ។ ភាគច្រើននៃមនុស្សដែលមាន EQ ខ្ពស់ គឺជាមេដឹកនាំដ៏ល្អ ដែលពួកគេអាចធ្វើការងារចុះសម្រុងជាមួយនឹងមនុស្សដែលអាចដឹងពីតម្រូវការ និងអារម្មណ៍មនុស្សនៅជុំវិញខ្លួន ដែលអាចធ្វើឱ្យមេដឹកនាំម្នាក់នោះអាចធ្វើការលើកទឹកចិត្តដល់បុគ្គលិករបស់ខ្លួនយ៉ាងមានប្រសិទ្ធភាពបំផុត។
EQ ផ្ដោតទៅលើចំណុច៥យ៉ាងគឺ៖
- ស្គាល់ពីអារម្មណ៍ខ្លួនឯង
- មានវិន័យខ្ពស់ និងគ្រប់គ្រងខ្លួនឯងបានល្អ
- ពូកែលើកទឹកចិត្តខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន
- យល់ចិត្តមនុស្សនៅជុំវិញខ្លួន និង
- ពូកែជំនាញទន់ (ទំនាក់ទំនង ដឹកនាំ ដោះស្រាយជម្លោះ សហការ…)។
៣. តើ LQ (Love Quotient) គឺជាអ្វី?
LQ (Love Quotient) ៖ គឺសំដៅដល់ភាពឆ្លាតវៃផ្នែកបេះដូង។ LQ គឺជាសមត្ថភាពរបស់មនុស្សដែលមានចិត្តល្អ និងអាណិតអាសូរចំពោះខ្លួនឯង និងអ្នកដទៃ។
មហាសេដ្ឋី Jack Ma ក៏បានបញ្ជាក់ថា ប្រសិនបើអ្នកចង់ធ្វើជាមនុស្សម្នាក់ដែលទទួលបានការគោរពពីអ្នកដទៃ គឺអ្នកត្រូវតែមាន LQ។ ខួរក្បាលរបស់មនុស្សអាចនឹងត្រូវជំនួសដោយម៉ាស៊ីន ប៉ុន្តែម៉ាស៊ីនមិនអាចជំនួសបេះដូងឬក្ដីស្រឡាញ់របស់អ្នកបានទេ។ ត្រង់ចំណុចនេះលោកចង់មានន័យបណ្ដុះឱ្យមនុស្សមានសេចក្ដីស្រឡាញ់ចំពោះខ្លួនឯងនិងចំពោះមនុស្សនៅជុំវិញខ្លួនឱ្យបានច្រើន។
អ្នកក៏អាចមើលបទបង្ហាញរបស់ ជេក ម៉ា អំពី IQ, EQ, និង LQ ជាភាសាអង់គ្លេសបានដូចខាងក្រោម៖
អត្ថបទទាក់ទង
សម្រង់សម្តី១០ របស់មហាសេដ្ឋី Jack Ma នេះនឹងជម្រុញអ្នកបន្តទៅមុខទៀតដើម្បីសម្រេចក្តីសុបិន