តើអ្វីទៅជាកំណែប្រែថ្មីនៃទ្រឹស្តី ប៊្លូម (Revised Version of Bloom’s Taxonomy)?

អ្នកមិនអាចមើលរំលង ទ្រឹស្ដី ប៊្លូម (Bloom) បានទេ ប្រសិនបើអ្នកចង់ក្លាយជាអ្នកសិក្សាម្នាក់ ឬគ្រូបង្រៀនម្នាក់ ក៏ដូចជាអ្នកវិភាគម្នាក់ដែលមានការគិតស៊ីជម្រៅ…។ល។

ហេតុអ្វី? 

លោក Lorin Anderson និង David Krathwohl ដែលជាចិត្តវិទូអប់រំ បានធ្វើការសិក្សា និងអភិវឌ្ឃបន្តពីលោកសាស្ត្រាចារ្យ Benjamin Samuel Bloom ទៅលើទ្រឹស្ដី ប៊្លូម (Bloom)។ វាពិតជាមានប្រយោជន៍ខ្លាំងណាស់សម្រាប់អ្នកសិក្សា គ្រូបង្រៀន ក៏ដូចជាអ្នកវិភាគទាំងឡាយ ហើយវាមិនត្រឹមតែជះឥទ្ធិពលតែនៅក្នុងវិស័យអប់រំប៉ុណ្ណោះទេ តែក៏ដូចជាវិស័យដទៃទៀតផងដែរ។ ទ្រឹស្ដីនេះ បានបែងចែកការគិតរបស់មនុស្សជា ៦កម្រិត ដោយថ្នាក់ទាបមាន ៣កម្រិត ហើយថ្នាក់ខ្ពស់ក៏មាន ៣កម្រិត ដូចគ្នា។

តើការ គិត គឺជាអ្វី?​ ហើយមនុស្សជោគជ័យមានទម្លាប់នៃការគិតស៊ីជម្រៅដូចម្តេចខ្លះ?

១. កម្រិតចងចាំ (Remember)

វាជាកម្រិតមូលដ្ឋាននៃការគិត ដោយយើងគ្រាន់តែនិយាយតាមគេ ឬសូត្រឡើងវិញនូវទ្រឹស្ដីណាមួយ។ សិស្សថ្នាក់មតេយ្យ និងបឋមសិក្សា (ថ្នាក់ទាប) ត្រូវបានបង្រៀនឱ្យចងចាំ ព្រោះវ័យរបស់ពួកគេពុំទាន់អាចចាប់យកពុទ្ធិអ្វីលើសពីនេះបាននៅឡើយ។ តែបើនិយាយពីមនុស្សធំពេញវ័យវិញ ត្រឹមតែចងចាំ និងថាតាម ឬសូត្រឡើងវិញនូវទ្រឹស្ដីរបស់គេ នេះពុំទាន់ហៅថាពូកែប្រើប្រាស់ខួរក្បាល ឬការគិតបាននៅឡើយទេ។ សំណួរដែលគេច្រើនប្រើក្នុងកម្រិតនេះ គឺ តើជាអ្វី (What) ? តើពេលណា (When) ? តើនៅឯណា (Where) ?…។ល។

តើអ្នកដឹងទេ! ថាតើដំណើរការនៃការចងចាំរបស់មនុស្សប្រព្រឹត្តិទៅយ៉ាងដូចម្តេច?

២. កម្រិតយល់ (Understand)

ក្នុងកម្រិតនេះ យើងចាប់ផ្ដើមចេះស្វែងរក ជ្រើសរើស ពន្យល់ ឬបកស្រាយគោលការណ៍ ឬទ្រឹស្ដីណាមួយដោយត្រឹមត្រូវ។ ថ្នាក់បឋមសិក្សា វិទ្យាល័យ និងសាកលវិទ្យាល័យ (បរិញ្ញាប័ត្រ) ប្រើកម្រិតយល់ (Understand) នេះច្រើនជាងគេ។ សំណួរដែលគេតែងនិយមប្រើអាចជា ការឱ្យពន្យល់ (Explain) ឬពណ៌នា (Describe) ទៅលើគំនិតណាមួយ។ ឧទាហរណ៍ជាក់ស្ដែងដូចជា ការតែងសេចក្ដីបែបពន្យល់ ក្នុងមុខវិជ្ជាអក្សរសាស្ត្រជាដើម ហើយមួយទៀតក្នុងថ្នាក់បរិញ្ញាប័ត្រយើងឃើញនិស្សិតឡើង ធ្វើបទបង្ហាញ (Presentation)

ស្វែងយល់អំពីទ្រឹស្តីនៃការសិក្សា ឬ Learning Theary

៣. កម្រិតអនុវត្ត (Apply)

ក្នុងកម្រិតនេះ យើងចេះប្រើប្រាស់ចំណេះដឹងទៅក្នុងស្ថានភាពជាក់ស្ដែង។ នៅថ្នាក់រៀនពិសោធន៍ (ដូចជាថ្នាក់វិទ្យាស្ត្រ ឬរូបវិទ្យាជាដើម) និងកន្លែងការងារ ប្រើកម្រិតអនុវត្តនេះច្រើនជាងគេ។ ការធ្វើតាម ការចេះដោះស្រាយបញ្ហា ការចេះរៀបចំទុកដាក់… សុទ្ធតែស្ថិតនៅក្នុងកម្រិតនេះ។ គេច្រើនប្រើសំណួរថា តើ…របៀបណា ឬដូចម្តេច (How)?

៧ជំហ៊ានក្នុងការដោះស្រាយបញ្ហាប្រកបដោយភាពឆ្លាតវៃ

៤. កម្រិតវិភាគ (Analyse)

វាជាជំហានរីកចម្រើននៃការគិត។ យើងចេះភ្ជាប់ទំនាក់ទំនងរវាងគំនិតជាច្រើន ពោលដោយខ្លី គឺចេះប្រៀបធៀប ចោទសួរ ពិភាក្សា ឬធ្វើការសាកល្បងជាដើម។ ឧទាហរណ៍ដូចជា ការតែងសេចក្ដីបែបពិភាក្សា និង ការតែងសេចក្ដីបែបប្រៀបធៀប ជាដើមក្នុងមុខវិជ្ជាអក្សរសាស្ត្រ។

តើអ្វីទៅជាការគិតវិភាគ?

៥. កម្រិតវាយតម្លៃ (Evaluate)

ក្នុងកម្រិតនេះ យើងចេះធ្វើការកាត់សេចក្ដី ឬសម្រេចចិត្តទៅលើរឿងណាមួយ។ យើងក៏នឹងចេះរិះគន់ ឬគាំទ្រទៅលើគំនិតអ្វីមួយបាន។ ជាក់ស្ដែងក្នុងសាកលវិទ្យាល័យ និស្សិតនាំគ្នាធ្វើការពិភាក្សាតទល់ ឬតស៊ូមតិ (Debate) យ៉ាងស្វិតស្វាញ ដើម្បីការពារនូវគោលគំនិតរបស់ខ្លួន។ សូក្រាត ទស្សនវិទូក្រិច (ជាគ្រូរបស់ផ្លាតុង ហើយផ្លាតុងជាគ្រូរបស់អារីស្តូត) គឺជាអ្នកប្រាជ្ញម្នាក់ដែលប្រើវិធីរិះគន់ច្រើនជាងគេ ដើម្បីកែលម្អអ្វីមួយ។

ក្បួនបង្រៀន ៤យ៉ាង របស់សូក្រាត ដើម្បីទទួលបានចំណេះដឹង

៦. កម្រិតបង្កើត (Create)

វាជាកម្រិតខ្ពស់ជាងគេ ដោយយើងចាប់ផ្ដើមចេះបង្កើតថ្មី ឬច្នៃប្រឌិតចេញជាស្នាដៃផ្សេងៗ។ ការរចនា ការចេះផ្គុំ ការសាងសង់ ការអភិវឌ្ឍ ការដឹកនាំ និងការតែងនិពន្ធជាដើម សុទ្ធតែស្ថិតក្នុងកម្រិតនេះ។ ដូច្នេះហើយទើបបានជាមនុស្សដែលពូកែបង្កើតអ្វីថ្មីៗ និងមានប្រយោជន៍ដល់មនុស្សជាតិ ត្រូវបានគេឱ្យងារជាបណ្ឌិតពិតៗ ឬអ្នកចេះដឹងកំពូលៗក្នុងសង្គម។

តើអ្វីទៅជាគំនិតច្នៃប្រឌិត?


អត្ថបទទាក់ទង

តើអ្វីទៅគឺជាភាពវៃឆ្លាតផ្នែកអារម្មណ៍ (Emotional Intelligent ឬ EQ)?

 

Leave a Reply

Your email address will not be published. Required fields are marked *