តើការ “គិត” គឺជាអ្វី? ហើយមនុស្សជោគជ័យមានទម្លាប់នៃការគិតស៊ីជម្រៅអ្វីខ្លះ?
យោងតាមវចនានុក្រមសម្តេចសង្ឃ ជួន ណាត “គិត” មានថ្នាក់ពាក្យជាកិរិយាស័ព្ទហើយមានន័យថា នឹក រឭក នឹកដល់ ត្រិះរិះ ពិចារណា។ ផលនៃការគិតគឺ “គំនិត” ។ ឧទាហរណ៍ “គិតហើយសឹមធ្វើ។ ពាក្យបីខាងដើមគឺ “នឹក រឭក នឹកដល់” ទាមទារឱ្យយើងប្រើប្រាស់ខួរក្បាលដើម្បីទាញយកព័ត៌មានចាស់ៗដែលយើងបានទទួលតាមរយៈបញ្ជាប្រសាទរបស់យើងម្នាក់ៗ។
ការត្រិះរិះពិចារណាស៊ីជម្រៅ អ្នកត្រូវតែប្រាកដថា អ្នកត្រូវគិតឲ្យបានច្បាស់លាស់ម្តងទៀតថាវានឹងអាចនាំអ្នកទៅរកការពិចារណាដ៏ត្រឹមត្រូវមួយ។ មនុស្សម្នាក់ៗត្រូវយកចិត្តទុកដាក់លើការត្រិះរិះពិចារណាស៊ីជម្រៅជៀសវាងអ្នកគិតខុស ឬពិចារណាខុសទៅលើចំណុចណាមួយ ហើយបន្ថែមពីនេះទៅទៀតការត្រិះរិះពិចារណា គឺជាផ្នែកមួយដែលអាចនាំឲ្យអ្នកគិតបានសមហេតុផលត្រឹមត្រូវ និងមានភាពច្បាស់លាស់ថែមទៀតផង។
ការត្រិះរិះពិចារណាស៊ីជម្រៅ បានក្លាយជាពាក្យដ៏មានប្រជាប្រិយភាពនៅក្នុងមជ្ឈដ្នានអប់រំ ហើយបានងាកទៅចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការបង្រៀនជំនាញពិចារណាខុសៗគ្នាពីការបង្រៀន តែព័ត៌មាន និងខ្លឹមសាររបស់មេរៀន។ ជាការពិតណាស់ អ្នកអាចបង្រៀនទាំងពីរបែប។ កាលពីអតីតកាលគ្រូបង្រៀនច្រើនតែផ្តោតសំខាន់ទៅលើខ្លឹមសាររបស់មេរៀន ដូចជា ប្រវត្តិវិទ្យា និងភូមិវិទ្យាជាដើម។ ទោះបីជាគ្រូបង្រៀនភាគច្រើនបានអះអាងថា ពួកគេបានបង្រៀនសិស្សឲ្យចេះពិចារណាក៏ដោយ ក៏គ្រូបង្រៀនភាគច្រើនអាចនិយាយធ្វើបែបបង្កប់ន័យក្នុងពេលបង្រៀន ទៅតាមខ្លឹមសារដែលជាមុខវិជ្ជាពិសេសរបស់ខ្លួនតែប៉ុណ្ណោះ។ យោងទៅតាមសិស្សភាគច្រើនពិតជាមិនអាចចាប់យកជំនាញពិចារណាបែបនេះបានទេ ដោយសារលទ្ធផលគ្រូបង្រៀនជាច្រើនបានងាកទៅចាប់អារម្មណ៍លើការបង្រៀនទាំងនេះដោយផ្ទាល់តែម្តង។ នេះជាគោលបំណងនៃសៀវភៅក្នុងការបង្រៀនជំនាញត្រិះរិះពិចារណាស៊ីជម្រៅ (ជូនកាលហៅថា ជំនាញត្រិះរិះពិចារណាស៊ីជម្រៅប្រកបដោយគំនិតច្នៃប្រឌិត) និងជំនាញទាំងអស់នេះ នឹងត្រូវបានគេលើកយកមកបង្រៀនតាមរបៀបមួយ ដែលមានគោលដៅជាក់លាក់ក្នុងការជួយសម្រួលដល់ការផ្ទេរទៅកាន់មុខវិជ្ជា និងបរិបទផ្សេងៗទៀត។ ឧទាហរណ៍ ប្រសិនបើអ្នករៀនអំពីរបៀបរៀបចំទឡ្ហីករណ៍ អាចជឿជាក់បានក្នុងប្រភពព័ត៌មានមួយ ឬក៏ធ្វើការសម្រេចចិត្តទៅតាមរយៈវិធីសាស្ត្រផ្ទាល់ដែលស្ថិតនៅក្នុងបរិបទមួយចំនួន។
វាជាសកម្មភាពខួរក្បាលដើម្បីទាញយករូបមន្ត ទ្រឹស្តី ឬ គោលការណ៍។ “គិត” ក្នុងកម្រិតនេះជាការគិតកម្រិតទាប (Lower Order Thinking Skills) នេះបើតាមគោលការណ៍របស់សាស្ត្រាចារ្យ ប៊្លូម (Bloom Taxonomy)។ ចំណែកឯពាក្យពីរបន្ទាប់ (ត្រិះរិះ ពិចារណា) តម្រូវឱ្យយើងប្រើប្រាស់ខួរក្បាលឱ្យហួសពីការចងចាំដើម្បីវិភាគ និងសំយោគក្នុងវត្ថុបំណងបង្កើតនូវចំណេះដឹងថ្មីដែលខួរក្បាលមិនធ្លាប់មានពីមុនមក។
លោកសាស្ត្រាចារ្យ ប៊្លូម បានហៅការគិតបែបនេះថាជាការគិតកម្រិតខ្ពស់ (Higher Order Thinking Skills)។ លោកបានចែកការគិតជា ៦ កម្រិតដែលបានរៀបតាមលំដាប់លំដោយជាកម្រិត ចាំ យល់ អនុវត្ត វិភាគ វាយតម្លៃ និងកម្រិតបង្កើតថ្មី។ បីកម្រិតខាងដើម (ចាំ យល់ អនុវត្ត) គឺជាប្រភេទបំណិនគិតកម្រិតទាប និងបីកម្រិតខាងចុង (វិភាគ វាយតម្លៃ និងបង្កើតថ្មី) គឺជាប្រភេទបំណិនគិតកម្រិតខ្ពស់។ គោលការណ៍របស់គាត់ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងប្រព័ន្ធអប់រំក្នុងប្រទេសរីកចម្រើនសម្រាប់អ្នកអភិវឌ្ឍន៍កម្មវិធីសិក្សា និងគ្រូបង្រៀនប្រើប្រាស់សម្រាប់សរសេរ និងវាយតម្លៃលទ្ធផលសិក្សារំពឹងទុករបស់សិស្សនៅកម្រិតកម្មវិធីសិក្សាកម្រិតមុខវិជ្ជា ឬកម្រិតមេរៀន។ នៅពេលវត្ថុបំណងនៃមេរៀនយកចិត្តទុកដាក់លើអ្វីដែលគ្រូនឹងត្រូវបង្រៀនសិស្សដោយផ្អែកលើសៀវភៅ លទ្ធផលសិក្សារំពឹងទុករបស់សិស្សសង្កត់ធ្ងន់លើចំណេះដឹងដែលសិស្សនឹងទទួលបាន និងបំណិនដែលគេអាចយកទៅប្រើការនៅក្នុងជីវភាពរស់នៅ។
ចំណេះដឹង និងការគិតនៅក្នុងកម្រិតទាបដែលបានមកពីការបង្រៀន និងរៀនតាមសៀវភៅពុម្ពជាគោលមិនធ្វើឱ្យសិស្សមានសមត្ថភាពសម្រាប់គោលបំណងការងារ និងការរស់នៅក្នុងសម័យបច្ចេកវិទ្យានោះទេ។ ការស្រាវជ្រាវនានាបង្ហាញជាទូទៅថា និយោជិតខ្វះបំណិនត្រិះរិះពិចារណា បំណិននៃការសម្រេចចិត្ត បំណិនដោះស្រាយបញ្ហា និងការទទួលខុសត្រូវ។
ការប្រើប្រាស់គោលការណ៍ ប៊្លូម ដើម្បីរៀបចំកម្មវិធីសិក្សានៅគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជាឱ្យបានត្រឹមត្រូវអាចជួយសិស្សឱ្យពង្រឹងការគិតឱ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយ។ ដោយសារការរីកចម្រើនខាងផ្នែកវិទ្យាសាស្ត្រព័ត៌មានគ្រប់ប្រភេទ និងមានបច្ចុប្បន្នភាពត្រូវបានបង្ហោះរាល់វិនាទីតាមរយៈគេហទំព័រ និង បណ្តាញសង្គមដូចជា Google, YouTube, Facebook, Pinterest… ជាដើម ។ល។
លោក Albert Einstein បានលើកឡើងថា “បំណងនៃការអប់រំមិនមែនឱ្យសិស្សទន្ទេញមេរៀននោះទេ ប៉ុន្តែបង្វឹកខួរក្បាលពួកគេឱ្យចេះត្រិះរិះពិចារណា។ ចំណេះដឹងមានការប្រែប្រួលជារៀងរាល់ថ្ងៃ។ អ្វីដែលអ្នកចេះនៅពេលនេះអាចនឹងលែងមានប្រយោជន៍នៅ ១ខែ ឬ ១ឆ្នាំខាងមុខ។ ចំណែក លោក Alvin Toffer បានលើកឡើងថា “អនក្ខរជននៅសតវត្សរ៍ទី ២១ មិនមែនអ្នកមិនចេះអាន ឬសរសេរនោះទេ ប៉ុន្តែគឺជាអ្នកដែលមិនចេះរៀនចំណេះដឹងថ្មី សើរើចំណេះដឹងមានស្រាប់ហើយស្វែងរកចំណេះដឹងថ្មីបន្ថែមទៀត។”
វិធីសាស្ត្របង្រៀន ឬកិច្ចការវាយតម្លៃដែលតម្រូវឱ្យសិស្សចាំមេរៀន រូបមន្ត គោលការណ៍ និងទ្រឹស្ដីមិនសមស្របសម្រាប់ការពង្រឹងចំណេះដឹងនៅសម័យបច្ចេកវិទ្យាទេ។ ប្រព័ន្ធអប់រំគួរតែផ្តល់ឱកាសឱ្យមនុស្សគិត ហើយចេះពន្យល់គំនិតរបស់ខ្លួនទៅអ្នកដទៃ។ ឱកាសសម្រាប់អភិវឌ្ឍបំណិនគិត ឱ្យតម្លៃលើនីតិវិធីស្មើនឹងលទ្ធផលដែរ ឱ្យតែការពន្យល់របស់មនុស្សសមហេតុ សមផល។
“ការគិត គឺជាលំហាត់ប្រាណសាច់ដុំខួរក្បាល។ ដូចរាងកាយដែរមនុស្សម្នាក់ៗត្រូវការហូបចុក ដេក និងហាត់ប្រាណគ្រប់គ្រាន់ ដើម្បីធានាឱ្យមានសុខភាពរាងកាយមាំមួនប៉ុន្ដែខួរក្បាលត្រូវការព័ត៌មានដែលត្រូវបញ្ចូលតាមរយៈបញ្ចប្រសាទជាពិសេស គឺតាមរយៈការអាន និងការស្តាប់។”
ការអភិវឌ្ឍបំណិនគិតទាមទារឱ្យមានការព្យាយាម និងអត់ធ្មត់តាមគ្រប់រូបភាពគ្រប់មុខវិជ្ជា និងគ្រប់កម្រិតនៃការអប់រំ។ គ្រាន់តែចង់ក្លាយជាអ្នកពូកែគិត ប៉ុន្តែខ្លួនមិនដែលបានគិតមិនអាចក្លាយជាអ្នកពូកែគិតបានទេ បើទោះបីជាអ្នកចាំទ្រឹស្តីច្រើន និងស្ទាត់ជំនាញយ៉ាងណាក៏ដោយ។
ហេតុដូច្នេះវាជាការសំខាន់ណាស់ដែលអ្នកអប់រំ និងជាពិសេសគ្រូបង្រៀនព្យាយាមផ្តល់ឱកាសឱ្យសិស្សពង្រឹងបំណិនក្រៅបច្ចេកទេស ឬក្រៅមុខវិជ្ជាតាមរយៈការប្រើប្រាស់វិធីសាស្ត្របង្រៀន ដែលគ្រូមានតួនាទីគ្រាន់តែសម្របសម្រួលការរៀនសូត្ររបស់សិស្ស ដាក់កិច្ចការវាយតម្លៃជាប្រចាំដែលសម្បូរទៅដោយពហុវិធីសាស្ត្រ ឬពហុចម្លើយ និងឈប់ចាត់ទុកខ្លួនឯងថាជាអ្នកមានចំណេះដឹងជ្រៅជ្រះ និងទូលំទូលាយជាងកុមារ បើទោះបីជាលោកគ្រូអ្នកគ្រូអាចមានចំណេះដឹងជ្រៅជ្រះជាងសិស្សក៏ដោយ។
ការគ្រាន់តែបញ្ជូនមនុស្សទៅរៀនមិនគ្រប់គ្រាន់នោះទេ ការបង្កើតទម្លាប់អានសៀវភៅគ្រប់ប្រភេទក្រៅមុខវិជ្ជានៅសាលា និងការធ្វើសកម្មភាពរួមគ្នាដូចជាការលើកយកបញ្ហាផ្ទាល់ខ្លួន បញ្ហាគ្រួសារ និងបញ្ហាសង្គមមកជជែកវែកញែកជាមួយគ្នា ជាឱកាសសម្រាប់ធ្វើឱ្យការគិតរបស់មនុស្សកាន់តែមានសង្គតិភាព ស៊ីជម្រៅ និងច្បាស់លាស់។
តើទម្លាប់នៃការគិតស៊ីជម្រៅអ្វីខ្លះ ដែលមនុស្សជោគជ័យគិត?
១. ពួកគេជាមនុស្សដែលធ្វើការវិភាគលើគ្រប់ជ្រុងជ្រោយ
គ្រប់មនុស្សជោគជ័យភាគច្រើន មានទម្លាប់មួយដែលពួកគេមានជាទូទៅ គឺការវិភាគលើគ្រប់ជ្រុងជ្រោយរបស់ពួកគេ។ ការវិភាគរបស់ពួកគេ គឺតែងតែធ្វើឡើងលើគ្រប់ជ្រុងជ្រោយនៃស្ថានភាពទាំងអស់ ដូច្នេះហើយទើបការសម្រេចចិត្តរបស់ពួកគេនីមួយៗ គឺសុទ្ធតែឆ្លងកាត់ ការវិភាគស៊ីជម្រៅ ល្អិតល្អន់ និងធ្វើការពិចារណាលើគ្រប់ស្ថានភាពទាំងអស់។
២. ពួកគេមានភាពចាស់ទុំលើការវិនិច្ឆ័យ
តើអ្វីជាភាពចាស់ទុំលើការវិនិច្ឆ័យ? ភាពចាស់ទុំលើការវិនិច្ឆ័យ គឺសំដៅលើការវិនិច្ឆ័យដែលវិភាគទៅលើរឿងគ្រប់យ៉ាង មុននឹងឈានដល់ការសន្និដ្ឋានទៅលើអ្វីមួយ។ មនុស្សពូកែ និងជោគជ័យជាច្រើនតែងតែមានភាពភាពចាស់ទុំលើការវិនិច្ឆ័យទៅលើការគិតរបស់ពួកគេ ហើយដោយសារតែការគិតហ្មត់ចត់លើគ្រប់ស្ថានភាពរបស់ពួកគេនេះហើយ ធ្វើឲ្យរាល់ការសម្រេចចិត្តរបស់ពួកគេនីមួយៗ គឺពោរពេញដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។
៣. ពួកគេជាមនុស្សដែលស្វែងរកការពិត
ដើម្បីធ្វើជាមនុស្សជោគជ័យ និងមានឥទ្ធិពលលើអ្នកដ៏ទៃ អ្នកត្រូវតែមានការគិតបែបស៊ីជម្រៅ ហើយការគិតបែបស៊ីជម្រៅ វាទាមទារឲ្យអ្នកជាមនុស្សដែលចេះស្វែងរកការពិតនៅពីក្រោយរឿងហេតុ ដោយមិនមែនគ្រាន់តែស្ដាប់រឿងមួយភ្លាម ហើយក៏ជឿរឿងនោះទាំងស្រុងនោះទេ។ ហើយបើក្រឡេកមកមើលមនុស្សជោគជ័យវិញ គ្រប់រឿងរ៉ាវទាំងអស់ដែលគេជឿជាក់ តែងតែឆ្លងកាត់ការពិចារណារកខុសត្រូវ និងការវិភាគស្វែងរកការពិតទាំងអស់។
៤. ពួកគេតែងតែធ្វើការសួរសំណួរច្រើន
មនុស្សដែលពូកែ ពួកគេមិនដែលខ្លាចនឹងការសួរសំណួរនោះទេ ពួកគេរមែងតែតែងងឿងឆ្ងល់គ្រប់រឿងដែលនៅជុំវិញខ្លួន ហើយតែងតែស្វែងរកគ្រប់វិធីដើម្បីរកបានចម្លើយនោះ និងការពិតដែលនៅពីក្រោយរឿងនោះ។ ដូច្នេះហើយការសួរសំណួរមិនមែនធ្វើឲ្យយើងជាមនុស្សអន់នោះទេ ផ្ទុយទៅវិញវាធ្វើឲ្យយើងជាមនុស្សដែលដឹងច្រើន និងជាមនុស្សដែលពោរពេញដោយប្រភពព័ត៏មានទៅវិញទេ។
៥. ពួកគេជាមនុស្សដែលបើកចិត្តទូលាយ
អាចនិយាយបានថាមនុស្សដែលជោគជ័យភាគច្រើនជាមនុស្សដែលបើកចិត្តទូលាយ និងចេះទទួលយកគំនិតថ្មីៗដែលអ្នកដ៏ទៃផ្តល់ឲ្យ ឬក៏បញ្ចេញយោលបល់។ ជាជាងធ្វើការតវ៉ាប្រឆាំងនឹងគំនិតអ្នកដ៏ទៃ ពួកគេតែងតែស្ដាប់ការបញ្ចេញយោលបល់របស់អ្នកដ៏ទៃ ដោយពួកគេជឿថារាល់គំនិតថ្មីៗដែលត្រូវបានផ្ដល់ឲ្យ វានឹងធ្វើឲ្យពួកគេរីកចម្រើនឡើង។
អត្ថបទទាក់ទង
Nice