តិចនិកចំនួន ៥ ក្នុងការជ្រើសរើសមនុស្សឲ្យត្រឹមត្រូវជាមួយនឹងការងារ

វាគឺជាដំណាក់កាលដំបូងនៃការប្រតិបត្តិគ្រប់គ្រងធនធាន­មនុស្សក្នុងអង្គភាពតូច មធ្យម និងធំ ក្នុងការស្វែរកធនធានមនុស្ស ដើម្បីបំពេញការងាររបស់អង្គភាព។ អ្នក​គ្រប់គ្រងទាំងឡាយ និងផ្នែកធនធានមនុស្ស តែងតែយកចិត្តទុកដាក់ធ្វើការផ្សព្វផ្សាយ និងវិភាគឲ្យបានល្អិតល្អន់ទៅលើការងារ តម្រូវការ ​តួនាទី និងលក្ខណៈសម្បត្តិរបស់បេក្ខភាពការងារ​ដើម្បីធ្វើយ៉ាងណាឲ្យការប្រកាសជ្រើសរើស​បុគ្គ­លិកមានប្រសិទ្ធភាព ហើយទទូលបានធនធានប្រកបដោយគុណភាព ដែលនាំឲ្យការប្រតិបត្តិមាន​ដំណើរ​ការបានល្អ មានទំនួលខុសត្រូវខ្ពស់ និងការជឿរជាក់ ព្រមទាំងទំនុកចិត្តរបស់បេក្ខជន​ការងារ ដែល​កត្តាទាំងនេះជាលក្ខណៈផ្ទាល់នៃការប្រកាសជ្រើសរើសឲ្យបានសមស្របទៅនឹងទីផ្សារពលកម្មពលបច្ចុប្បន្ន ដោយឆ្លើយតបទៅនឹងតម្រូវការរបស់អង្គភាព។

ដើម្បីជ្រើសមនុស្សដែលសាកសមជាមួយនឹងការងារអ្វីមួយ គឺវាពិតជាមិនងាយស្រួលនោះទេ។ ពួកយើងអាចមើលទៅលើការសំភាសន៍ ឬប្រវត្តិរូបរបស់ពួកគេ តែទោះជាយ៉ាងណាក៏ដោយ គឺយើងត្រូវធ្វើការជាមួយហ្នឹងបុគ្គលនោះផ្ទាល់ ដើម្បីដឹងថា យើងរើសមនុស្សត្រឹមត្រូវឬទេ? នេះគឺវិធីខ្លះៗក្នុងការជ្រើសរើសបេក្ខជនអោយបានត្រឹមត្រូវ៖

១. សួរពីភាពខ្លាំងនិងភាពខ្សោយរបស់ពួកគេ

អ្នកដែលសាកសមសំរាប់ការងារនេះ គឺគេប្រាកដជាបានដឹងច្បាស់ពីភាពខ្លាំង និងភាពខ្សោយរបស់ពួកគេមិនខាន ព្រោះពួកគេបានវាយតំលៃសមត្ថភាពរបស់ពួកគេរួចជាស្រេចហើយ។ វាពិតជាងាយស្រួលក្នុងការកត់សម្គាល់ពីភាពខ្លាំងរបស់មនុស្សម្នាក់ ប៉ុន្តែវានឹងមិនងាយស្រួលទេ ក្នុងការកត់សំគាល់ពីភាពខ្សោយរបស់ពួកគេ ដូច្នេះហើយ បើពួកគេបានដឹងពីភាពខ្សោយរបស់ខ្លួនគេច្បាស់ នេះជាសញ្ញាដែលល្អបំផុត។

២. សាកល្បងធ្វើការជាមួយជាមុនសិន

មិនមែនថាពួកគេចូលធ្វើការភ្លាម ហើយអ្នកប្រញាប់អោយពួកគេកាន់គម្រោងសំខាន់ៗភ្លាមៗនោះទេ ប៉ុន្តែអ្វីដែលអ្នកត្រូវធ្វើគឺពន្យល់ពួកគេពីគម្រោងនោះ ហើយសួរពីយោបល់របស់ពួកគេដែលមានទៅលើគម្រោងនោះ ថាត្រូវធ្វើវាដោយរបៀបណាខ្លះ? យោបល់នេះអាចនឹងអោយអ្នកដឹងថា តើបេក្ខជនដែលអ្នកជ្រើសរើសមក សាកសមនឹងការងារនេះ ហើយអាចធ្វើការចុះសម្រុងជាមួយហ្នឹងបុគ្គលិករបស់ក្រុមហ៊ុនអ្នកបានកំរិតណា?

៣. កុំផ្តោតតែទៅលើប្រវត្តិការងាររបស់គេ

ក្នុងនាមជាចៅហ្វាយនាយ ការដឹងពីបទពិសោធន៍របស់បេក្ខជន គឺពិតជាមានសារសំខាន់ខ្លាំងណាស់ ប៉ុន្តែអ្នកមិនគួរផ្តោតទៅលើអតីតកាលរបស់ពួកគេពេកនោះទេ។ មានភាពខុសគ្នារវាង ការដឹងពីសីលធម៌ការងាររបស់ពួកគេ និងការស្វែងយល់អោយកាន់តែស៊ីជម្រៅពីពួកគេ ថាតើចាំបាច់ ឬមិនចាំបាច់សំរាប់ការងារនោះ។

៤. កត់សំគាល់ពីសំនួរដែលពួកគេសួរ

បេក្ខជនដែលល្អ ភាគច្រើនគឺពួកគេចូលចិត្តសួរនូវសំនួរដែលមានប្រយោជន៍ ដែលអាចបញ្ជាក់បានថា ពួកគេជាអ្នកដែលបានស្រាវជ្រាវបានច្រើនពីក្រុមហ៊ុនហ្នឹង ឬបទពិសោធន៍ការងារដែលពួកគេធ្លាប់ឆ្លងកាត់ ដែលនេះជាសញ្ញាដ៏ល្អដែលអាចបង្ហាញអោយឃើញថា ពួកគេបានត្រៀមខ្លួន និងប្តេជ្ញាចិត្តរួចជាស្រេចសំរាប់ក្រុមហ៊ុនថ្មីនេះ។

៥. ជឿជាក់លើការជ្រើសរើសរបស់អ្នក

តើអ្នកអាចជឿជាក់លើកាជ្រើសរបស់អ្នកដែររឺទេ? ការដែលអ្នកជឿលើជម្រើសរបស់អ្នក គឺមានន័យថាអ្នកជឿលើសភាវគតិរបស់ខ្លួនឯង។ បើអ្នកមិនប្រាកដលើជម្រើសរបស់អ្នក អ្នកអាចសាកល្បងជឿលើអារម្មណ៍ម្តងបាន។ ការជឿលើអ្វីដែលខ្លួនឯងគិត គឺវាពិតជាមានសារសំខាន់ខ្លាំងណាស់សំរាប់ការធ្វើការសំរេចចិត្ត ព្រោះពេលខ្លះវាអាចល្អជាងអ្វីដែលបានឃើញជាក់ស្តែង។

ការជ្រើសរើសមនុស្សដែលត្រឹមត្រូវសំរាប់ការងារអ្វីមួយ គឺវាពិតជាសំខាន់ ហើយនិងចំណាយពេលច្រើនណាស់ ដូច្នេះអ្នកគួរតែមានការអត់ធ្មត់ខ្លះ។ ប្រសិនបើអ្នកចង់បានមនុស្សដែលសាកសមបំផុតចំពោះការងារដែលសំខាន់ គឺអ្នកកាន់តែត្រូវចំណាយពេលវេលាកាន់តែច្រើនបន្ថែមទៀតក្នុងការជ្រើសរើសបុគ្គលិកដែលសាកសមបំផុតសំរាប់ការងារនោះ។


អត្ថបទទាក់ទង

យុទ្ធសាស្ត្រសំខាន់ៗចំនួន ៤ ក្នុងការជ្រើសរើសបេក្ខជនសម្រាប់ស្ថាប័នរបស់លោកអ្នក

 

Leave a Reply

Your email address will not be published. Required fields are marked *