រឿងខ្លី៖ សេះចម្បាំងអូសន័ង្គល ផ្តល់អត្ថន័យអំពីការប្រើប្រាស់ធនធានមនុស្សឲ្យត្រូវតាមជំនាញ

គ្រាមួយយូរមកហើយ មានមហាក្សត្រមួយព្រះអង្គចិញ្ចឹមសេះចម្បាំងពូជល្អទុកជាច្រើន។ សេះមួយៗធំធាត់រឹងមាំហើយត្រូវបានបង្វឹកយ៉ាងល្អ។ ប្រទេសជិតខាងបានលើកទ័ពមករុករានច្រើនលើក ច្រើនសារ ក៏សុទ្ធតែត្រូវបានសេះជំនាញការសឹកសង្គ្រាមវាយលុកឲ្យបរាជ័យ ភិតភ័យ ខ្លបខ្លាច ហើយប្រទេសជិតខាងទាំងនោះក៏សុំចចារចុះចាញ់។

ពេលភ្លើងសង្គ្រាមស្ងប់ស្ងាត់ហើយ ព្រះមហាក្សត្រក៏ទ្រង់ព្រះតម្រិះថា “ពេលនេះស្រុកទេស ក៏មានតែសន្តិសុខហើយ យើងនឹងចិញ្ចឹមសេះចម្បាំងទាំងនេះទុកធ្វើអ្វីទៀត ខ្វះទាំងលុយកាក់ ខ្វះទាំងកម្លាំងមនុស្ស។” មហាក្រត្រអង្គនេះដើរគិតដេកគិតមួយរយៈក៏នឹកឃើញថា “គួរតែបញ្ជូនសេះចម្បាំងចុះទៅជួយប្រជារាស្ត្រ ជួយពួកគេអូសរទេះ ឬនង្គ័លភ្ជួស្រែ ជាការសំចៃថវិការរដ្ឋ ថែមទាំងជាការអាចជួយប្រជារាស្ត្របានមួយផ្លូវទៀត ហើយពេលមានភាពចំាបាច់ក៏អាចហៅប្រមូលចូលប្រចាំកងទ័ពបានគ្រប់ពេលវេលា។”

ពេលព្រះមហាក្សត្របានប្រកាសចេតនារម្មណ៍របស់ព្រះអង្គទៅកាន់ប្រជារាស្ត្រហើយ អ្នកនគរក៏នាំគ្នាមកដឹកសេះចេញពីវាំងយកទៅប្រើការអស់ កំឡុងពេលនោះសេះចម្បាំងទាំងនោះក៏នឿយហត់ក្នុងការអូសរទេះ អូសនង្គ័លយ៉ាងសស្រាកសស្រាំមិនបានឈប់សម្រាកឡើយ។

ជាច្រើនឆ្នាំកន្លងផុតទៅ ប្រទេសជិតខាងសន្សំកម្លាំងបានរឹងមាំខ្លាំងឡើងជាលំដាប់ ទើបប្រមូលទ័ពចូលមកវាយយកនគរនេះដូចកាលពីប៉ុន្មានឆ្នាំមុន។ ព្រះមហាក្សត្រប្រញាប់ហៅឲ្យប្រមូលសេះចម្បាំងពីប្រជារាស្រ្តមករៀបចំទ័ពដើម្បីចូលច្បាំង តែពេលត្រែជាសញ្ញាចម្បាំងលាន់ឮឡើងសេះចម្បាំងទាំងអស់នោះ មិនបានស្ទុះចូលកំទេចសឹកសត្រូវដូចពីពេលមុនឡើយ ត្រឡប់ឈ្ងោកមុខដើរវិលវង់ទៅមកនៅនឹងកន្លែងម្តងហើយម្តងទៀត គ្មានមួយណាសម្តែងភាពក្លាហានដូច
កាលពីអតីតសោះឡើយ ព្រោះពួកវាស៊ាំនឹងការអូសនង្គ័លរហូតភ្លេចវិធីចម្បាំងអស់ទៅហើយ។

គតិក្នុងរឿងនេះគឺ៖

លទ្ធផលក្នុងសង្រ្គាមគ្រានេះចេញមកដូចម្តេចនោះប្រហែលជាយើងអាចដឹងបានហើយ។ ក្សត្រល្ងង់អង្គនេះបានបំផ្លាញសេះចម្បាំងដ៏ជំនាញការសឹករបស់ខ្លួនដោយដៃរបស់ខ្លួនឯងរហូតរកចំណែកល្អគ្មាន។ សេះចម្បាំងប្រើសម្រាប់ធ្វើចម្បាំង ទៅប្រើវាឲ្យអូសរទេះអូសនង្គ័លអស់កាលជាយូរម៉េចនឹងត្រូវទៅ។

ទំនងដូចគ្នានេះដែរ ពេលយើងពិចារណាក្នុងមុំមួយផ្សេងទៀត ការដែលមិនព្រមឲ្យមនុស្សដែលមានជំនាញការក្នុងឯកទេសបច្ចេកទេសទៅពង្រីកកិច្ចការតាមជំនាញរបស់ខ្លួន តែត្រឡប់ឲ្យទៅធ្វើក្នុងការងារដែលខ្លួនមិនបានរៀនមកដែលខ្លួនមិនជំនាញ ចាត់ទុកជាទង្វើដ៏ឆោតខ្លៅមួយដែលបំផ្លាញធនធានមនុស្សយ៉ាងគួរឲ្យស្តាយ។

ការដែល (បុគ្គល ឬ អង្គភាព) នឹងហ្វឹកហាត់អប់រំព្រមទាំងប្រើប្រាស់ធនធាន (បុគ្គល ឬ មនុស្ស) ដូចម្តេចទើបសមគួរនោះរឿងដែលបានពោលមកខាងលើនេះបានស្នើបញ្ហាដែលគួរឲ្យគិតរិះរេក្រៃលែង។


អត្ថបទទាក់ទង

រឿងខ្លី៖ កសិករ និង សត្វគោ ផ្តល់អត្ថន័យពីភាពជោគជ័យរបស់អ្នកក៍មានការចូលរួមពីអ្នកដ៍ទៃដែរ

Leave a Reply

Your email address will not be published. Required fields are marked *