កត្តាសំខាន់ៗចំនួន ១១ ដែលអាចធ្វើឱ្យបរិយាកាសនៅកន្លែងការងារ​រីករាយ​

តើអ្វីទៅដែលធ្វើឱ្យមនុស្សរីករាយនៅកន្លែងធ្វើការ? នេះជាសំណួរមួយដែល​និយោជកជាច្រើនព្យាយាមរកចម្លើយ​ ដើម្បីចង់ឱ្យក្រុមការងាររបស់គេធ្វើការបានល្អបំផុត។ ការសិក្សាថ្មីមួយរបស់​នាយកដ្ឋាន​ពាណិជ្ជ ច្នៃប្រតិដ្ឋ និងជំនាញ រកឃើញ​ថា​ ភាពរីករាយ និងសុខមាលភាពរបស់បុគ្គលិកក្នុងស្ថាប័នការងារមួយមានទំនាក់ទំនង​យ៉ាងខ្លាំងទៅនឹងផលិតភាព គុណភាព និងផលចំណេញរបស់ក្រុមហ៊ុន។ មានកត្តាសំខាន់ចំនួន១១ ដែលអាចធ្វើឱ្យបរិយាកាសនៅកន្លែងការងារ​រីករាយ ​និងជួយឱ្យបុគ្គលិកទាំងអស់សប្បាយចិត្តនឹងធ្វើការ​៖

១. ស្វ័យភាព​

ចំណុចនេះ មានន័យថា បុគ្គលិកទាំងអស់ អាចមានសិទ្ធិសម្រេចចិត្តខ្លះៗអំពីរបៀបធ្វើការរបស់គេ។ ទោះជាយ៉ាងណា មិនមែនមានន័យថាជាការ​បណ្តែតបណ្តោយឱ្យបុគ្គលិកទាំងអស់ធ្វើអ្វីតាមចិត្តនោះទេ។​

២. ភាពចម្រុះ

នេះជារសជាតិជីវិត ហើយនៅកន្លែងធ្វើការវិញ មានន័យថាពេលវេលាពីមួយថ្ងៃទៅមួយថ្ងៃ បុគ្គលិកមានភាពចម្រុះនៃទម្ងន់ការងារ និងភារកិច្ចដែលត្រូវធ្វើ គឺមិនមែនជាការងារដដែលៗដូចមនុស្សយន្តនោះទេ។

៣. សារៈសំខាន់

បុគ្គលិកត្រូវការ​មានអារម្មណ៍ថាការងារគេមានសារៈសំខាន់​ចំពោះក្រុមហ៊ុន និងសង្គមដែលគេរស់នៅ។ នេះជាចំណុចងាយយល់ ព្រោះថាក្រុមហ៊ុននឹងមិនមាន​ការងារឱ្យបុគ្គលិកធ្វើបើមិនមានអ្វីពាក់ព័ន្ធនឹងសង្គម។

៤. ភាពច្បាស់លាស់​

បុគ្គលិកដែលដឹងច្បាស់ថាថ្នាក់ដឹកនាំក្រុមហ៊ុនចង់ឱ្យគេធ្វើកិច្ចការអ្វីខ្លះ ​ធ្វើការបានល្អជាងបុគ្គលិកដែលមិនដឹង​តួនាទីខ្លួនឯង។ តើអ្នកអាច​វាយតម្លៃការងារបានដូចម្តេចបើមិនមានការរំពឹងទុកអំពីការងារនោះ។

៥. ការគាំទ្រ

ស្របពេលដែលបុគ្គលិកចង់បានភាពស្វ័យតក្នុងការងារ គេក៏ចង់បានការគាំទ្រពីថ្នាក់ដឹកនាំដែរ។ ក្នុងនាមជាប្រធានក្រុមហ៊ុន អ្នកត្រូវតែបង្កើតប្រព័ន្ធគាំទ្រឱ្យបានគ្រប់គ្រាន់ដល់បុគ្គលិកទាំងអស់ និងបង្កើតបរិស្ថានមួយដែលបុគ្គលិកទាំងអស់គាំទ្រគ្នាទៅវិញទៅមក។

៦. ភាពស្និទ្ធស្នាល​

ជាការចាំបាច់ណាស់ដែល​បុគ្គលិកមិនត្រូវស្ថិតនៅក្នុងភាពឯកោ។ គេគួរតែមានទំនាក់ទំនងយ៉ាងវិជ្ជមានជាមួយនឹងថ្នាក់ដឹកនាំ សហការី និងអតិថិជន។

៧. ឱកាស​

បុគ្គលិកត្រូវការ​ឱកាសដើម្បីអភិវឌ្ឍខ្លួននិងជំនាញ។ ទម្ងន់និងភាពចម្រុះនៃការងារជាមធ្យោបាយមួយនៃការរៀនសូត្រ ប៉ុន្តែវគ្គបណ្តុះបណ្តាល ឬសិក្ខាសាលាកាន់តែធ្វើឱ្យបុគ្គលិកពេញចិត្តយល់ដឹងបន្ថែមទៀត។

៨. សុវត្ថិភាពផ្ទាល់ខ្លួន​

ចំណុចនេះមិនមានអ្វីគួរឱ្យសង្ស័យទេ ព្រោះបើមនុស្សម្នាក់យល់ថាគេគ្មានសុវត្ថិភាព គេនឹងមិនអាចធ្វើការបានល្អឡើយ។ អារម្មណ៍គំរាមកំហែង ឬភ័យខ្លាចនឹងបំផ្លាញការងារទាំងអស់ដែលគេធ្វើ។​ ប្រធានក្រុមហ៊ុនត្រូវតែគិតគូឱ្យបានដិតដល់។

៩. អនាគត​

មនុស្សស្ទើរតែគ្រប់គ្នាដឹងថាក្រុមហ៊ុនជាច្រើនត្រូវតែបត់បែន​ដើម្បីបន្តជីវិតពីមួយថ្ងៃទៅមួយថ្ងៃ ដូច្នេះគេមិនអាចធានាសន្តិសុខការងារបានជានិរន្តរឡើយ។ ប៉ុន្តែប្រសិនបើបុគ្គលិកមានអារម្មណ៍ថាគេមានអនាគតក្នុងការងារ ឬជំនាញនេះ គេនឹងធ្វើការយ៉ាងពេញចិត្ត។

១០. យុត្តិធម៌​

បុគ្គលិកត្រូវត្រូវការមានអារម្មណ៍ថាមនុស្សគ្រប់គ្នាទទួលបានយុត្តិធម៌ទាំងក្នុងទម្ងន់ការងារ និងផលប្រយោជន៍។ ចំណុចនេះមានន័យថាការគោរគ្នាត្រូវតែមានជាចាំបាច់ ហើយការបំពាបំពានត្រូវតែលុបបំបាត់។

១១. ផលប្រយោជន៍​

ច្បាស់ណាស់ថាបុគ្គលិកត្រូវតែទទួលបានប្រាក់ខែទៅតាមកម្លាំងការងារដែលគេធ្វើ។ បុគ្គលិកត្រូវតែអាចមានជីវភាពសមរម្យតាមរយៈការងាររបស់គេ ហើយក្នុងកម្រិតនៃមុខតំណែងដូចគ្នា ផលប្រយោជន៍មិនត្រូវខុសគ្នាច្រើនពេកឡើយដែលជាហេតុនាំឱ្យកើតការច្រណែនគ្នា។

សម្រួលពី៖ Virgin Group


អត្ថបទទាក់ទង

មធ្យោបាយសាមញ្ញៗ ៧ យ៉ាង ដើម្បីកាត់បន្ថយស្ត្រេសនៅកន្លែងធ្វើការ

 

Leave a Reply

Your email address will not be published. Required fields are marked *