វិធីកាត់បន្ថយវប្បធម៌និយាយដើមនៅតាមក្រុមហ៊ុន

តើអ្នកធ្លាប់ចូលរួមក្នុងការនិយាយដើមបុគ្គលិកណាម្នាក់នៅកន្លែងការងារដែរទេ? តើអ្នកមានអារម្មណ៍បែបណាដែរ បើសិនជាអ្នកដទៃជំនុំគ្នានិយាយដើមអ្នកវិញ? វប្បធម៌និយាយដើមគ្នា បានចាក់ឬសជ្រៅណាស់ក្នុងស្ថាប័នការងារ រហូតពេលខ្លះធ្វើឲ្យមានការបែងចែកបក្សពួកទៀតផង។

ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកពីវិធី៥យ៉ាងដែលអាចកាត់បន្ថយវប្បធម៌នេះបាន។ ខ្ញុំបញ្ជាក់ម្តងទៀត គឺកាត់បន្ថយ មិនមែនបញ្ឈប់ទេ។

វិធីទី១ គឺចាប់ផ្តើមពីថ្នាក់គ្រប់គ្រង

ថ្នាក់គ្រប់គ្រង ត្រូវធ្វើជាគម្រូក្នុងរឿងនេះ ដោយមិននិយាយអាក្រក់ពីអ្នកណាទាំងអស់នៅមុខបុគ្គលិក។ បើសិនជាថ្នាក់គ្រប់គ្រង គិតថា ការនិយាយដើមគេ ជារឿងធម្មតា នោះបុគ្គលិកផ្សេងទៀត នឹងគិតដូចគ្នាដែរ។ ក្រៅពីការគ្រប់គ្រង អ្នកគ្រប់គ្រង ត្រូវធ្វើអ្វីដែលឲ្យផលមកដល់វប្បធម៌របស់ស្ថាប័នវិញ។

វិធីទី២ គឺលើកពីបញ្ហានៅពេលប្រជុំ

រាល់ពេលប្រជុំ គួរតែលើកពីរឿងនិយាយដើមគេនេះឡើង ជារឿយៗ ដើម្បីឲ្យបុគ្គលិកទាំងអស់មើលឃើញថា ស្ថាប័នមិនគាំទ្រទង្វើបែបនោះទេ។

ការនិយាយម្តង អាចនឹងមិនទទួលបានជោគជ័យ ប៉ុន្តែការនិយាយដដែល នឹងអាចធ្វើឲ្យដក់ជាប់ក្នុងខួរក្បាលរបស់មនុស្សបានដោយមិនដឹងខ្លួន។ វិធីសាស្ត្រនេះ ត្រូវបានគេប្រើនៅក្នុងការធ្វើទីផ្សាររាប់មិនអស់ទៅហើយ។ គេផ្សាយពាណិជ្ជកម្មដដែលៗ រហូតទាល់តែគ្រប់គ្នាជឿលើអ្វីដែលគេផ្សាយនោះ ហើយធ្វើតាម។

វិធីទី៣ គឺបុគ្គលិកថ្មី

រាល់ពេលមានបុគ្គលិកថ្មីចូលមក ផ្នែកធនធានមនុស្ស ឬប្រធានក្រុមតាមផ្នែកនិមួយៗ ត្រូវហាមបុគ្គលិកពីការនិយាយដើមគ្នា។ ត្រូវធ្វើយ៉ាងណាឲ្យបុគ្គលិកដឹងថា ការនិយាយដើមគ្នា មិនមែនជារឿងល្អនៅកន្លែងធ្វើការ។

វិធីទី៤ គឺ ហៅបុគ្គលិកដែលនិយាយដើមគ្នាទៅណែនាំ

ការណែនាំ នឹងធ្វើឲ្យបុគ្គលិកដឹងថា ស្ថាប័នមិនមែននិយាយលេងពីរឿងនេះ។ បុគ្គលិកអាចនឹងគិតថា គ្មានអ្វីកើតឡើងទេ បើខ្លួននិយាយដើមគេ ហេតុនេះទើបពួកគេនៅតែបន្តធ្វើរឿងដដែលបែបនេះទេ។ ផ្នែកធនធានមនុស្ស ត្រូវពន្យល់ដោយម៉ឺងម៉ាត់ថា បុគ្គលិកថ្លៃថ្នូរ មិននិយាយដើមបុគ្គលិកដែលធ្វើការជាមួយគ្នាទេ។

វិធីទី៥ គឹ កុំយកការនិយាយដើមគេ មកធ្វើជាការលេងសើច

ការលេងសើច ជួយបង្កើតទំនាក់ទំនង ប៉ុន្តែការលេងសើចដោយយកអ្នកដទៃមកធ្វើជាប្រធានបទ ជាការមិនគោរពអ្នកដទៃ។ អ្នកមិនគួរលេងសើច ដោយគ្មានការគោរពនោះទេ។ ត្រូវដឹងថា ពួកគេមកធ្វើការក្នុងក្រុមហ៊ុនជាមួយអ្នកដែរ ហេតុនេះគួរតែបើកចិត្តឲ្យទូលាយ ហើយរកអ្វីល្អមកនិយាយវិញ។ បើរកមិនបាន គួរតែនៅស្ងៀម។

ការនិយាយដើមគេ ជាវប្បធម៌បំបែកបំបាក់របស់ស្ថាប័ន ហើយជាទូទៅ ត្រូវបានគេមើលរំលង។ បុគ្គលិកដែលមិនចេះគោរពគ្នា​ ច្រើនតែធ្វើការចាំមើលគ្នាខុស ហើយយកទៅនិយាយដើមទៀត។ បើសិនជាអ្នកមានទំនួលខុសត្រូវ លើស្ថាប័នណាមួយ អត្ថបទនេះ គួរតែអាចជួយកាត់បន្ថយវប្បធម៌នេះបានហើយ។

ខ្ញុំបានរៀបចំជា Infographic មួយដែលអ្នកទាំងអស់គ្នាអាចយកទៅ Share បន្តបាន។

Leave a Reply