បុគ្គលិក ៩ប្រភេទ ដែលធ្វើឲ្យការងាររបស់អង្គភាពមានបញ្ហា

បុគ្គលិកមួយចំនួន ចូលមកក្នុងការិយាល័យធ្វើការជាលក្ខណៈបំពុល និងរំខាន។ ពួកគេដូចជាជម្ងឺមហារីក ដែលកំពុងកាត់បន្ថយថាមពលអ្នកនៅជុំវិញខ្លួនគេ។ ពួកគេថែមទាំងអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ ការអនុវត្តន៍ និងផលិតភាពរបស់អ្នករួមការងារផងដែរ។ ហើយកាន់តែអាក្រក់ជាងនេះទៅទៀតនោះ ពួកគេក៏អាចធ្វើឲ្យរាំងស្ទះដល់អាជីវកម្មទាំងមូលថែមទៀតផង។ ខាងក្រោមនេះ គឺជាបុគ្គលិក ៩ប្រភេទ ដែលធ្វើឲ្យការងាររបស់អ្នក ក៏ដូចជាអង្គភាពមានបញ្ហា៖

១. ធ្វើការ​មិន​​ទាន់​​ពេល​កំណត់

បុគ្គលិក​ដែល​​អនុវត្ត​គម្រោង​នានា​​មិន​ទាន់​ពេល​កំណត់ បាន​បង្ហាញ​​ចំណុច​អវិជ្ជមាន​មួយ​ដល់​អ្នក​គ្រប់គ្រង​តែម្តង។ អ្នក​គ្រប់គ្រង​នឹង​​សម្គាល់​​ថា បុគ្គលិក​ប្រភេទ​នេះ​ច្បាស់​ជា​មាន​ចំណុច​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង​ពេលវេលា មិន​មាន​គម្រោង​ច្បាស់លាស់ ឬមិន​យកចិត្ត​ទុកដាក់​អនុវត្ត​លើ​គម្រោង​ការ​ងារ​ជា​ដើម។ បុគ្គលិក​ដែល​ស្ថិត​នៅ​ក្នុង​ស្ថានភាព​នេះ​ប្រឈមមុខ​ខ្ពស់​ក្នុង​ការ​បណ្តេញ​ចេញ​ពី​ការងារ។​​

២. មិន​យក​ចិត្ត​ទុកដាក់​ព័ត៌មាន​ផ្ទៃក្នុង​ការងារ

ទំនាក់ទំនង​ការងារ​​ទៅ​វិញ​ទៅ​មក​ពី​ក្រុម​ការងារ​មួយ​ទៅ​ក្រុម​ការងារ​មួយ ពី​ថ្នាក់​លើ រហូត​ដល់​ថ្នាក់​ក្រោម គឺ​មាន​សារសំខាន់​ណាស់។ ហេតុដូច្នេះ ការ​ផ្ញើ​សារ ឬអ៊ីមែលនូវ​ព័ត៌មាន​ការងារ​ទៅ​វិញ​ទៅ​មក ជា​អ្វី​ដែល​បុគ្គលិក​គ្រប់រូប​មិនមើល​រំលង​បាន ហើយ​​ត្រូវ​តែ​ដឹង​ថា សារ​ទាំងនោះ​និយាយ​ពី​អ្វី។ តែ​ជា​រឿង​គ្រោះថ្នាក់​​មួយ​ បើ​អ្នក​សង្កេតឃើញ​ថា មាន​បុគ្គលិក​មួយ​ចំនួន​មិន​​អើពើ​យកចិត្ត​ទុកដាក់​ឆែក​មើល​វា ហើយ​ក្នុង​ស្ថានភាព​នេះ ពួកគេ​ពិត​ជា​មិន​អាច​​ក្តោប​បាន​ព័ត៌មាន​ការងារ​បាន​គ្រប់ជ្រុងជ្រោយ​​នោះ​ឡើយ។ ទីបំផុត ​លទ្ធផល​ការងារ​មិន​ដូច​រំពឹង​ទុក​នោះ​ឡើយ នៅ​ពេល​ដែលបុគ្គលិក​ប្រភេទ​នេះ​មាន​វត្តមាន​ច្រើន​នៅ​ក្នុង​ក្រុមហ៊ុន។

៣. ខ្ជះខ្ជាយ​ពេលវេលា

មាន​មូលហេតុ​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​បុគ្គលិក​​ប្រភេទ​នេះ​ខ្ជះខ្ជាយ​ពេលវេលា​ដូច​ជា ទទួល​ទាន​អាហារ ​ពិសារ​កាហ្វេ ចេញ​ទៅ​សម្រាក​ដោយ​ចំណាយ​ពេល​យូរ ​ហួស​ម៉ោង​កំណត់ ឬជជែក​នេះ ជជែក​នោះ​​​គ្មាន​ប្រយោជន៍​នៅ​ពេលបំពេញ​ការងារ ​ទាំង​នេះ​សុទ្ធតែ​ធ្វើ​ឲ្យ​ពេលវេលា​រសាត់អណ្ដែត​ទាំង​មិន​ដឹង​ខ្លួន។ ​​​នេះ​ជា​គំរូ​អាក្រក់ ដល់​បុគ្គលិក​ផ្សេង​ទៀត​ប៉ះពាល់​ដល់​លទ្ធផល​ការងារ។

៤. ​មាន​គំនិត​អវិជ្ជមាន​​​ជ្រុល​

បុគ្គលិក​ប្រភេទ​នេះ ​តែង​បង្ហាញ​ភាព​ទុទ្ទិដ្ឋិនិយម​ច្រើន​លើ​បញ្ហា​ដែល​ប្រឈមមុខ និងអ្វីៗ​ដែល​មិន​ទាន់​កើត​ឡើង​។ នេះ​នឹង​បង្ក​ផល​ប៉ះពាល់​ដល់​បរិយាកាស​ការងារ​ទាំង​មូល​ ហើយ​គំនិត​អវិជ្ជមាន​នេះ​នឹង​ធ្វើ​ឲ្យ​គម្រោង​​ការងារ​បរាជ័យ​ទៀត​​ផង។ បុគ្គលិក​ប្រភេទ​នេះ​តែង​ដាក់​ការ​ភ័យ​ព្រួយ​​​​ និងការ​ត្អូញត្អែរ​នៅ​ពី​មុខ​ជានិច្ច។

៥. សុក្រឹត​និយម​ពេក​​

បុគ្គលិក​ប្រភេទ​នេះ​ គឺ​​តែង​ដាក់​គម្រោង​របស់​ខ្លួន​ក្នុង​ស្ថានភាព​ភ័យខ្លាច​ជានិច្ច​ទៅ​លើ​​​ក្រុម​ការងារ ហើយ​ចាប់​ផ្តើមដក​ខ្លួន​ឈរ​នៅ​ម្ខាង​​ដើម្បី​​ចាប់​កំហុស និងចាំ​​រិះគន់​ ទោះបី​ជា​កំហុស​នោះ​តូច​ក៏ដោយ។ ម៉្យាងវិញ​ទៀត​ បុគ្គលិកប្រភេទ​នេះ​តែង​យល់​ថា មាន​តែ​ខ្លួន​ប៉ុណ្ណោះ​ដែល​ជា​បុគ្គលិក​ស្នូល​ អាច​បំពេញ​ការងារ​បាន​យ៉ាង​ល្អ​ជាង​អ្នកឯទៀត និង​បង្ហាញ​ភាព​មានតែ​ឯង​ចេញ​មក​តែម្តង។​

៦. និយាយ​ដើម​គេ

បុគ្គលិក​​មាត់​ចាប​មាត់​ព្រាប ឬអ្វី​ដែល​គេ​ស្គាល់​ថា មនុស្ស​ដែល​ចូលចិត្ត​និយាយ​ដើម​គេ​នោះ គឺ​ជា​ប្រភេទ​បុគ្គលិក​ដ៏​គ្រោះថ្នាក់​មួយ​ទៀត​នៅ​ក្នុង​ក្រុមហ៊ុន។ បុគ្គលិក​ប្រភេទ​នេះ​ជា​ទូទៅ មិន​សូវ​សម្រេច​បាន​សមិទ្ធផល​ធំដុំ​ឡើយ តែពូកែ​និយាយ​ដើម​គេ ហើយ​តែង​មាន​គំនិត​អវិជ្ជមាន​ជានិច្ច​ជា​មួយ​បុគ្គលិក​ដទៃទៀត​ ​ច្រណែន​ឈ្នានីស និង ពូកែអាក់អន់​ចិត្ត​​ទៀត​ផង។ បើ​អ្នក​ជា​អ្នក​គ្រប់គ្រង ត្រូវ​ពន្យល់​​ឲ្យ​បាន​ច្បាស់​នូវ​អ្វី​ដែល​ជា​កំហុស​ឆ្គង​របស់​ពួកគេ។

៧. និយាយ​ឮៗ 

បុគ្គលិក​ប្រភេទ​នេះ ជា​ទូទៅ​ជា​ប្រភេទ​មនុស្ស​​​មាត់ឥតគ្រប​​ បើ​​ដឹង​​ប៉ុណ្ណា និយាយ​ប៉ុណ្ណឹង​ទោះបី​ជា​សម្លេង​នោះ​​ឮ​ប៉ុណ្ណា​ក៏ដោយ​មិន​ខ្លាច​ប៉ះពាល់​ដល់​​អារម្មណ៍​បុគ្គលិក​ដទៃ​ទៀត។ ទោះបី​ជា​បុគ្គលិក​មួយ​ចំនួន​មិន​និយាយ​ចេញ​មក​ ក៏​​ពួកគេ​បង្ហាញ​អារម្មណ៍​មិន​ពេញចិត្ត​ដោយ​ស្ងាត់ៗ ហើយ​ជា​លទ្ធផល​ការងារ​មិន​សូវ​ជា​ដើរ​លូន​ទៅ​មុខ​នោះ​ឡើយ ហើយ​វា​បែរជា​ធ្វើ​ឲ្យ​អាប់អួរ​នៅ​កន្លែង​ការងារ​ទៅ​វិញ។​

៨. ងប់ងុល​នឹង​ការងារ​​គ្មាន​ពេល​សម្រាក

មើល​ទៅ​ការ​ញៀន​នឹង​ការងារ​ បាន​ធ្វើ​ឲ្យ​បុគ្គលិក​ប្រភេទ​នេះ​លែង​គិតគូរ​អ្វី​ទាំងអស់​ ហើយ​សូម្បី​តែ​បុគ្គលិក​រួម​ការងារ​នៅ​ជុំវិញ​ខ្លួន​ក៏​មិន​ខ្វល់​ដែរ គិត​តែ​ពី​ធ្វើ​ការ​ហាក់ដូច​ជា​មាន​មហិច្ឆតា​ខ្ពស់​ណាស់។ ការ​យកចិត្ត​ទុកដាក់​នឹង​ការងារ​របស់​បុគ្គលិក គឺ​ជា​ដំណឹង​ល្អ​មួយ​សម្រាប់​ក្រុមហ៊ុន ឬអ្នក​គ្រប់គ្រង តែ​បើ​បុគ្គលិក​​ប្រភេទ​នេះ​​​ធ្វើ​ការងារ​ជ្រុល​ពេក​គ្មាន​ម៉ោង​សម្រាក​ហើយ​នោះ វា​មិនមែន​ជា​រឿង​ល្អ​សម្រាប់​ក្រុមហ៊ុន​នោះ​ឡើយ ត្បិតអី​លទ្ធផល​ការងារ​ជោគជ័យ ​គឺ​អាស្រ័យ​លើ​ការងារ​ជា​ក្រុម និងការ​ចែក​រំលែក​ទៅវិញ​ទៅ​មក​ជា​ដើម។​​​​​

៩. ប្រើប្រាស់​​អ៊ីនធឺណិត​​​ឥតប្រយោជន៍​​​

បុគ្គលិក​មួយ​ចំនួន​អង្គុយ​លើ​តុ​ការងារ តែ​ក្រឡេក​មើល​កុំព្យូទ័រ​វិញ​នោះ​គ្មាន​អ្វី​ក្រៅ​ពី​ការ​ឆែក​នេះ​ឆែក​នោះ​មិនច្បាស់​ត្រង់ណា បន្តិច​លេង Facebook បន្តិច​ស្រាវជ្រាវ​នេះ​ស្រាវជ្រាវ​នោះ​ គ្មាន​គោលដៅ​ថា ត្រូវ​ឆែក​អ្វី។ លទ្ធផល​ជាក់ស្តែង​អ្វី​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នេះ ​ភាគ​ច្រើន​មិន​ពាក់ព័ន្ធ​នឹង​ការងារ​ នេះ​ហើយ​ជា​សញ្ញាណ​មិន​ល្អ​មួយ​របស់​បុគ្គលិក​ប្រភេទ​នេះ ហើយ​ទី​បំផុត​ការងារ​ធ្វើ​មិន​ទាន់​ជា​ហេតុ​ធ្វើ​ឲ្យ​បន្សល់​ទុក​នៅ​ថ្ងៃ​ក្រោយ​ទៀត។

សរុបជារួមមក តើ​បុគ្គលិក​ប្រភេទ​ណា​ដែល​លោក​អ្នក​ចង់​បាន​បំផុត​? ក្រៅ​ពី​សមត្ថភាព​ពិតប្រាកដ លោក​អ្នក​​ប្រហែល​ជា​មិន​ត្រូវ​ការ​នោះ​ឡើយ តែ​ពេល​ខ្លះ​អ្នក​ភ្លេច​គិត​ថា បុគ្គលិក​ដែល​បាន​ចូល​​បម្រើ​ការងារ​​ពេញ​សិទ្ធ​ហើយ​ បែរ​ជា​មិនអាច​បំពេញ​ភារកិច្ច​​ដូច​អ្វី​ដែល​​លោក​អ្នក​រំពឹង​ទុក។ ​បុគ្គលិក​ ៩ប្រភេទ​ ដូចដែល​បាន​​រៀបរាប់​​ខាងលើ​នេះ​​ អាច​​រាំងស្ទះ​ដល់​លទ្ធផល​ការងារ​របស់​លោក​អ្នក ក៏ដូចជាលទ្ឋផលរបស់អង្គភាព។ ដូច្នេះ នៅពេលដែលជួបបុគ្គលិកមានបញ្ហា ក្នុងនាមជាថ្នាក់លើ អ្នកអាចបង្កើតផែនការមួយ ដើម្បីស្តារពួកគេឡើងវិញ។


អត្ថបទទាក់ទង

មូលហេតុ ៧ យ៉ាង ដែលធ្វើឲ្យយើងបរាជ័យ

One thought on “បុគ្គលិក ៩ប្រភេទ ដែលធ្វើឲ្យការងាររបស់អង្គភាពមានបញ្ហា

  1. Hashaha!!! ប្រហែលមិនអាចរកបុគ្គលិកបំរើការងារបានទៀតទេ​ ។ រួមទាំងខ្ញុំដែរហើយដែល​ស្ថិតនៅក្នុងចំនុចខាងលើនេះ​

Leave a Reply