រឿងខ្លី៖ ដុតគប់ភ្លើងស្វែងរកអ្នកមានបញ្ញា

ឈីហួនកុង នៃរដ្ឋឈីបានប្រគល់តួនាទីឲ្យកួនចុងដំណើរការបដិរូបការគ្រប់គ្រង ដែលជាហេតុធ្វើឲ្យរដ្ឋឈីរឹងមាំក្លាយជារដ្ឋដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈិវ។ ដើម្បីសម្តែងឲ្យឃើញជាក់ក្នុងការសម្រេចចិត្តរបស់គេក្នុងការស្វែងរករួបរួមអ្នកមានសតិបញ្ញា ទើបឈីហួនកុងឲ្យដុតគប់ភ្លើងដ៏ធំមួយទុកនៅមុខវាំងដើម្បីត្រៀមចាំទទួលអ្នកមានសតិបញ្ញាពីគ្រប់ទិសទី ដែលនឹងចូលមកស្វាមីភក្តិចំពោះព្រះអង្គបានគ្រប់ពេលវេលា តែមិនដឹងថាព្រោះហេតុអ្វីគប់ភ្លើងបានដុតបំភ្លឺអស់កាលយូរដល់ទៅមួយឆ្នាំ ក៏គ្មានអ្នកមានសតិបញ្ញាណាម្នាក់ចូលមកសុំចូលជួបសោះ។

តមកមានថ្ងៃមួយនោះ នៅនាជាយក្រុងផ្នែកបូព៌ាទិសមានអ្នកស្រែជនបទម្នាក់មកសុំចូលជួប អាងថាខ្លួនមានសមត្ថភាពក្នុងការទន្ទេញមេសូត្រគុណ។ ឈីហួនកុង មានអារម្មណ៍អស់សំណើច ទើបបញ្ជូនមនុស្សឲ្យទៅប្រាប់គេថា ” ការទន្ទេញមេសូត្រគុណ គឺជារឿងធម្មតាសាមញ្ញនឹងមានតម្លៃអ្វីសមគួរដល់ការចូលជួបអ្នកគ្រប់គ្រងរដ្ឋនោះ?”

អ្នកជនបទទើបតបទៅវិញថា “យើងខ្ញុំបានស្តាប់មកថា នៅមុខវាំងបានដុតគប់ភ្លើងពេញមួយឆ្នាំហើយ ក៏មិនមាននរណាសុំចូលជួប ទាំងនេះពីព្រោះព្រះអង្គម្ចាស់ជាបុគ្គលដ៏អស្ចារ្យ អ្នកមានសតិបញ្ញាក្នុងទិសទីផ្សេងៗសុទ្ធតែគិតថាខ្លួនឯងមិនអាចធៀបជាមួយនឹងព្រះអង្គម្ចាស់បាន ព្រោះហេតុនេះទើបមិនហ៊ានមកសុំចូលជួប។ យើងខ្ញុំអាចទន្ទេញមេសូត្រគុណ ថ្វីបើវាគ្រាន់តែជាសមត្ថភាពតូចតាចក៏ដោយ តែបើព្រះអង្គម្ចាស់អាចទទួលស្វាគមន៍យើងខ្ញុំបានយ៉ាងល្អហើយនោះ តើទ្រង់នូវខ្លាចអ្វីទៀតទៅថាអ្នកមានសតិបញ្ញាពិតប្រាកដនឹងមិនមកសុំជួបទៀតនោះ? ភ្នំថៃសានដែលធំអស្ចារ្យ ក៏ព្រោះវាមិនបដិសេធក្នុងការទទួលយកដុំថ្មតូចៗទុកក្នុងរង្វង់ដៃ។

មហាសមុទ្រដ៏សែនជ្រៅ ក៏ព្រោះវាបានសន្សំទឹកពីទន្លេស្ទឹងដងអូតូចធំទាំងឡាយមកដាក់ក្នុងខ្លួនរបស់វា។ ក្នុងគម្ពីរ “ស៊ឺជិង” បានពោលទុកថា “មហាក្សត្រក្នុងអតីតកាលពេលមានរឿងអ្វី ក៏សុទ្ធតែសុំយោបល់ពីអ្នកស្រែដែលជាអ្នកដាំស្រូវកាប់អុស ដូច្នេះហើយទើបគេអាចរួបរួមមតិយោបល់បានយ៉ាងទូលំទូលាយ។”

ឈីហួនកុង បានស្តាប់ហើយក៏ងក់សិរសីយល់ស្របតាម ទើបចាត់ពិធីទទួលស្វាគមន៍អ្នកស្រែជនបទម្នាក់នោះយ៉ាងឳឡាឬកអធិកអធម។ តមករយៈវេលាមិនដល់មួយខែផង អ្នកមានសតិបញ្ញាទាំងបួនទិស ក៏នាំគ្នាមកសុំស្វាមីភក្តិចំពោះព្រះអង្គម្ចាស់ឈីហួនកុង។

គតិក្នុងរឿងនេះគឺ៖

ការដែលឈីហួនកុងក្លាយជាមនុស្សដ៏អស្ចារ្យដំបូងគេបង្អស់ក្នុងយុគឈុនឈិវ វាមានការទាក់ទងក្នុងរឿងវិធីប្រើមនុស្សរបស់គេជាច្រើន។ វិធីប្រើមនុស្សរបស់គេមានលក្ខណពិសេស ២ ប្រការ មួយគឺមិនអាឃាតព្យាបាទ ដូចជា កួនចុង ធ្លាប់ជួយ កុងជឺជិវ ដណ្តើមអំណាចដោយប្រើកៅទណ្ឌបាញ់ប្រហារ ឈីហួនកុង ពីមុនមក តែពេលឈីហួនកុង ប្រើគេឲ្យធ្វើការ ក៏ផ្តល់ទំនុកចិត្តពេញទំហឹងមិនមានការសន្ទិះសង្ស័យអ្វីឡើយ។ វិធីទីពីរ គឹមិនប្រកាន់ខ្ជាប់ស្លាប់ខ្លួនរឹងឆ្កឺត។

តាមនិទានក្នុងរឿងនេះអាចឃើញបានថា “ភ្នំថៃសានមិនស្អប់ខ្ពើមដុំថ្មតូចធំ ទើបក្លាយជាគិរីដ៏ធំបាន។ មហាសមុទ្រមិនបដិសេធទឹកពីទន្លេស្ទឹងដងអូតូចធំ ទើបជ្រាលជ្រៅធំធេងហួសគណនាបាន” ក្នុងបញ្ហាការប្រើមនុស្ស មេដឹកនាំគប្បីមានចិត្តដ៏ទូលំទូលាយដូច្នេះឯង។


អត្ថបទទាក់ទង

រឿងខ្លី៖ សេះចម្បាំងអូសន័ង្គល ផ្តល់អត្ថន័យអំពីការប្រើប្រាស់ធនធានមនុស្សឲ្យត្រូវតាមជំនាញ

 

Leave a Reply