ការបង្កើត ការព្យួរ និងការរំលាយ នៃកិច្ចសន្យាការងារ

កិច្ចសន្យាការងារ គឺជាកិច្ចសន្យាដែលបង្កើតឡើងឱ្យមានការទាក់ទងផ្នែកការងារ រវាងកម្មករនិយោជិត និងនិយោជក។ កិច្ចសន្យានេះ ត្រូវនៅក្រោមវិធានអាជ្ញាគតិ ហើយអាចនឹងធ្វើទៅតាមទម្រង់ដែលភាគីទាំងសងខាងព្រមព្រៀងគ្នា។ កិច្ចសន្យានេះ អាចធ្វើជាលាយល័ក្ខណ៍អក្សរ ឬដោយមាត់ទទេ។ “កិច្ចសន្យានេះអាចសរសេរ និងអាចចុះហត្ថលេខាទៅតាមទម្លាប់ស្រុក” ហើយប្រសិនជាត្រូវចុះបញ្ជិការក៏ត្រូវធ្វើដោយឥតបង់ពន្ធអ្វីឡើយ។ កិច្ចសន្យាធ្វើដោយមាត់ទទេ ត្រូវទុកដូចជាមានការព្រមព្រៀងរវាងនិយោជក និងកម្មករនិយោជិត តាមល័ក្ខខ័ណ្ឌដែលមានចែងក្នុងបទបញ្ជាការងារ ទោះបីមិនមានបញ្ជាក់ច្បាស់លាស់ក៏ដោយ។ ជនម្នាក់ៗអាចធ្វើការយកឈ្នួលបានតាមតែពេលវេលា ទោះក្នុងថិរវេលាកំណត់ក្ដីចំពោះកិច្ចការណាមួយជាកំណត់ ទោះក្នុងថិរវេលាមិនកំណត់ក្ដី។

ក្នុងសង្គមមូលធន ដើម្បីរស់មនុស្សត្រូវមានប្រាក់ចំណូល។ ប្រាក់ចំណូលរបស់មនុស្សម្នាក់ៗ អាចកើតចេញពីប្រភពផ្សេងគ្នា ប៉ុន្ដែសុទ្ធតែធ្វើឡើងដោយការដោះដូរទំនិញ ឬ សេវាកម្មតែទាំងអស់។ ដើម្បីឱ្យចលនានៃការលះបង់សិទ្ធិទទួលបានផលប្រយោជន៍សមស្របប្រកបដោយភាពច្បាស់លាស់ មិនរងការរំលោភបំពាន និងមានទំនួលខុសត្រូវ ទាំងអ្នកធ្វើការឱ្យគេ (និយោជិត) និងអ្នកផ្ដល់ការងារឱ្យគេធ្វើ (និយោជក) ឈានដល់ការជ្រើសរើសវិធានដែលបង្កើតទំនាក់ទំនងស្របច្បាប់គោរពតាមអនុសញ្ញារួមដែលមានបញ្ញត្តិក្នុងច្បាប់ការងារ គឺការបង្កើតកិច្ចសន្យាការងារ។

១. ការបង្កើតកិច្ចសន្យាការងារ

ជាគោលការណ៍ និយោជកដែលត្រូវតែជានីតិជន ត្រូវចុះបញ្ជីពាណិជ្ជកម្ម មានអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតប្រកបអាជីវកម្ម និងបានបំពេញបែបបទនៃការជូនដំណឹងពីការបើកសហគ្រាសជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំណែក នីតិភាពនៃការធ្វើការងារ គឺច្បាប់ការងារកំណត់ចាប់ពី១៥ឆ្នាំឡើងទៅ។ កិច្ចសន្យាការងារ អាចធ្វើឡើងតាមទម្រង់ជាលាយលក្ខណ៍អក្សរ ឬដោយផ្ទាល់មាត់ក៏បាន ដោយគូភាគីទាំងពីរព្រមព្រៀងដោយឆន្ទៈ។ ជាទូទៅ គេមើលឃើញថា កិច្ចសន្យាការងារដែលធ្វើឡើងដោយផ្ទាល់មាត់ ច្រើនតែកើតមានក្នុងសហគ្រាសធន់តូចដែលមានលក្ខខណ្ឌការងារមិនរឹងមាំ។ កិច្ចសន្យាការងារដែលធ្វើឡើងដោយការព្រមព្រៀងគ្នា ដោយមានកំណត់ថិរវេលាពិតប្រាកដ មិនអាចមានរយៈពេលលើសពី ២ឆ្នាំ បានឡើយ។ កិច្ចសន្យានេះ អាចបន្តសារជាថ្មីម្តង ឬច្រើនដងបាន ដរាបណាការបន្តសារជាថ្មីនោះមានរយៈពេលអតិបរមាមិនលើសពី ២ឆ្នាំ ។ កិច្ចសន្យាការងារមានកំណត់ថិរវេលាពិតប្រាកដ ត្រូវធ្វើឡើងជាលាយល័ក្ខណ៍អក្សរ។ ករណីកិច្ចសន្យានោះមិនបានធ្វើជាលាយល័ក្ខណ៍អក្សរ ឬមានការបន្តដោយស្ងៀមស្ងាត់នៅពេលផុតកំណត់ កិច្ចសន្យានោះត្រូវចាត់ទុកជាកិច្ចសន្យាគ្មានកំណត់ថិរវេលាពិតប្រាកដ។ កិច្ចសន្យាការងារ អាចមានកាលបរិច្ឆេទកំណត់មិនប្រាកដ ប្រសិនបើកិច្ចសន្យានោះធ្វើឡើងដើម្បីជំនួសកម្មករនិយោជិតណាម្នាក់ដែលអវត្តមាន ជាបណ្តោះអាសន្ន ជាការងាររយៈពេលមួយរដូវ ឬកំណើនម្តងម្កាលនៃការងារ ឬសកម្មភាពខុសធម្មតារបស់សហគ្រាស។

ទម្រាំនឹងមានការចុះកិច្ចសន្យាពេញលេញ កម្មករនិយោជិតខ្លះ ឆ្លងកាត់ការចុះកិច្ចសន្យាសាកល្បង។ កិច្ចសន្យាការងារសាកល្បង មិនអាចមានថិរវេលាលើសពី ៣ខែ ទេ ចំពោះនិយោជិត ២ខែ ចំពោះកម្មករឯកទេស និង ១ខែ ចំពោះកម្មករធម្មតា។

២. ការព្យួរកិច្ចសន្យាការងារ

ផ្អែកតាមច្បាប់ការងារឆ្នាំ១៩៩៧ ការព្យួរកិច្ចសន្យាការងារ ត្រូវមានមូលហេតុច្បាស់លាស់ ដែលអាចរួមមានចំណុចណាមួយដូចជា កម្មករនិយោជិត ឬនិយោជកត្រូវបំពេញកាតព្វកិច្ចការពារមាតុភូមិ ឬក្នុងរយៈពេលជាកាតព្វកិច្ចត្រូវរៀនវិជ្ជាយោធា កម្មករនិយោជិតអាចអវត្តមានយ៉ាងយូរ៦ខែ ដោយគ្រោះថ្នាក់ការងារ ឬមានជម្ងឺក្នុងវិជ្ជាជីវៈ ស្ត្រីជាកម្មករនិយោជិតមានគភ៌ និងសម្រាលកូន ឬមានជម្ងឺបណ្តាលមកពីសម្រាលកូន ការបញ្ឈប់កម្មករនិយោជិតក្នុងពេលមួយរយៈដោយមានមូលហេតុសមស្រប អវត្តមាននៃកម្មករនិយោជិតក្នុងឳកាសឈប់សម្រាកដោយមានប្រាក់ឈ្នួលដោយគិតបន្ថែមទាំងថិរវេលាធ្វើដំណើរជាយថាហេតុផង ករណីកើតមានការឃាត់ខ្លួននៃកម្មករនិយោជិតដែលមិនបណ្តាលឲ្យជាប់ពិរុទ្ធ ករណីប្រធានសក្តិដែលបណ្តាលឲ្យភាគីណាមួយបំពេញកាតព្វកិច្ចមិនបានក្នុងរយៈពេលមិនលើសពី៣ខែ ឬពេលវេលាដែលសហគ្រាសជួបការលំបាកផ្នែកសេដ្ឋកិច្ច ឬសម្ភារធ្ងន់ធ្ងរ ឬការលំបាកជាពិសេសណាមួយ ដែលនាំឲ្យព្រួរសកម្មភាពសហគ្រាសមិនលើសពីបីខែ។ ការព្យួរសកម្មភាពនេះ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អធិការការងារ។

និយោជក នឹងអាចបញ្ចប់ការព្យួរកិច្ចសន្យាការងារបាន លុះត្រាណាតែបុព្វហេតុទាំងឡាយនៃការព្យួរកិច្ចសន្យានេះបានផុតរលត់ហើយ លុះត្រាណាតែនិយោជកបានឲ្យដំណឹងមុនតាមច្បាប់ទៀតផង។

៣. ការរំលាយកិច្ចសន្យាការងារ

ការរំលាយកិច្ចសន្យាការងារ មានពីរបែបផែន៖

បែបផែនទី១

បែបផែនទី១ នៃការរំលាយកិច្ចសន្យាការងារ សំដៅលើករណីកិច្ចសន្យាការងារមានកំណត់ថិរវេលា (FDC) ដែលរលត់តាមធម្មតានៅពេលដល់កាលកំណត់។ ពេលខ្លះ កិច្ចសន្យានោះ ក៏អាចរំលាយមុនកាលកំណត់បានដែរ គឺទៅតាមការព្រមព្រៀងរបស់គូភាគី ដោយធ្វើឡើងជាលាយល័ក្ខណ៍អក្សរ និងនៅចំពោះមុខអធិការការងារ ព្រមទាំងចុះហត្ថលេខាដោយភាគីទាំងសងខាងនៃកិច្ចសន្យា។ ការរំលាយកិច្ចសន្យាការងារ ក៏អាចត្រូវបានធ្វើឡើងផងដែរ ក្នុងករណីមានករណីធ្ងន់ធ្ងរ ឬប្រធានស័កិ្ត ការរំលាយកិច្ចសន្យាដោយឯកឯងតាមឆន្ទៈរបស់និយោជកមុនកាលកំណត់ តែត្រូវមានការផ្តល់ប្រាក់ជម្ងឺចិត្តដែលមានចំនួនយ៉ាងតិចស្មើនឹងប្រាក់ឈ្នួល រហូតដល់ផុតកិច្ចសន្យា ការរំលាយកិច្ចសន្យាដោយឯកឯងតាមឆន្ទៈរបស់និយោជិតមុនកាលកំណត់ ក៏បើកសិទ្ធិឲ្យនិយោជកទទួលបានជម្ងឺចិត្តស្មើនឹងការខូចខាតរបស់ខ្លួនដែលបានផ្តល់ឲ្យកម្មករនិយោជិត។ មុននឹងរំលាយកិច្ចសន្យា គឺចាំបាច់មានការជូនដំណឹង ប្រសិនបើកិច្ចសន្យាមានកំណត់ថិរវេលាលើសពី៦ខែ កម្មករនិយោជិត ត្រូវបានគេជូនដំណឹងជាមុនចំនួន ១០ថ្ងៃ អំពីការផុតរលត់នៃកិច្ចសន្យា ឬការមិនបន្តឡើងវិញនៃកិច្ចសន្យា។ រយៈពេលជូនដំណឹងនេះ ត្រូវកំណត់ ១៥ថ្ងៃ ប្រសិនបើកិច្ចសន្យាមានរយៈពេលលើសពី០១ឆ្នាំ។ បើគ្មានការជូនដំណឹងនេះទេ នោះនឹងត្រូវបន្តថិរវេលាស្មើគ្នា និងថិរវេលាដែលបានចុះកិច្ចសន្យាគ្រាដំបូង។

នៅពេលបញ្ចប់កិច្ចសន្យា និយោជក ត្រូវផ្តល់ឲ្យកម្មករនិយោជិតនូវប្រាក់បំណាច់បញ្ចប់កិច្ចសន្យានោះ ដែលសមាមាត្រ និងប្រាក់ឈ្នួលផង សមាមាត្រ និងថិរវេលានៃកិច្ចសន្យាផង ហើយដែលចំនួនប្រាក់បំណាច់នេះ មានកំណត់ក្នុងអនុសញ្ញារួម។ បើគ្មានកំណត់ក្នុងអនុសញ្ញារួមទេ ប្រាក់បំណាច់នេះយ៉ាងតិចត្រូវស្មើ ៥% នៃប្រាក់ឈ្នួលដែលកម្មករនិយោជិតបានបើកនៅក្នុងរយៈពេលនៃកិច្ចសន្យា។ ជួនកាល កិច្ចសន្យាមានថេរវេលាកំណត់ អាចត្រូវបានរំលាយមុនកាលកំណត់បាន និងដោយពុំមានការទូទាត់សំណងផងដែរ បើសិនជាកើតមានដោយសារប្រធានស័ក្ដ (គ្រោះធម្មជាតិមិនអាចព្យាការណ៍ដឹង និងមិនអាចជម្នះបាន) កំហុសធ្ងន់ធ្ងររបស់និយោជិក ឬ និយោជកដែលមានចែងក្នុងមាត្រា៨៣ និង ៨៤ នៃច្បាប់ការងារ។

បែបផែនទី២

បែបផែនទី២ នៃការរំលាយកិច្ចសន្យា សំដៅលើប្រភេទកិច្ចសន្យាដែលមានថិរវេលាមិនកំណត់ (UDC)។ កិច្ចសន្យារបៀបនេះ អាចរំលាយតាមភាគីតែម្ខាងបាន។ ការរំលាយកិច្ចសន្យានេះ ត្រូវអនុវត្តទៅតាមរបៀបឲ្យដំណឹងមុនជាលាយល័ក្ខណ៍អក្សរ និងដោយមូលហេតុសមរម្យ។

បើកម្មករនិយោជិតបានធ្វើការជាប់ក្នុងសហគ្រាស៖

  • រយៈពេលតិចជាង ៦ខែ ការជូនដំណឹងត្រូវធ្វើឡើងមុន ៧ថ្ងៃ
  • រយៈពេលពី ៦ខែ-២ឆ្នាំ ត្រូវជូនដំណឹងមុន ១៥ថ្ងៃ
  • រយៈពេលលើសពី ២-៥ឆ្នាំ ត្រូវជូនដំណឹងមុន ១ខែ
  • រយៈពេលលើសពី ៥-១០ឆ្នាំ ត្រូវជូនដំណឹងមុន ២ខែ និង
  • រយៈពេលលើសពី ១០ឆ្នាំ ត្រូវជូនដំនឹងឱ្យនិយោជិតជាមុន ៣ខែ។

ករណីនិយោជកល្មើសការជូនដំណឹងខាងលើ ឬមិនបានគោរពតាមរយៈពេលនៃការឲ្យដំណឹងមុន តម្រូវឲ្យនិយោជកចេញប្រាក់ទូទាត់ដល់កម្មករនិយោជិត មានចំនួនស្មើគ្នានឹងប្រាក់ឈ្នួល ហើយនឹងអត្ថប្រយោជន៍គ្រប់ប្រភេទដែលកម្មករនិយោជិតត្រូវបានរយៈពេលឲ្យដំណឹងមុនដែលគេមិនបានគោរពត្រឹមត្រូវ។ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលឲ្យដំណឹងមុន កម្មករនិយោជិតនៃសហគ្រាស មានសិទ្ធិឈប់ធ្វើការ ពីរថ្ងៃក្នុងមួយសប្តាហ៍ ដោយបានប្រាក់ឈ្នួលពេញ ដើម្បីស្វែងរកការងារមួយថ្មីទៀត តែចំពោះការងារម៉ៅការ ឬតាមបរិមាណនៃផលិតផល តាមធម្មតាកម្មករនិយោជិតមិនអាចបោះបង់ការងារដែលជាភារៈរបស់ខ្លួន មុននឹងបានបំពេញចប់សព្វគ្រប់ទេ។

គួរជម្រាបថា អ្វីដែលរៀបរាប់ខាងលើ ជាការរំលាយកិច្ចសន្យាការងារបុគ្គលប៉ុណ្ណោះ។ ចំណែកការរំលាយកិច្ចសន្យារួម មាននីតិវិធីដោយឡែក ដោយសារតែគោលដៅនៃការរំលាយ គឺជាប្រយោជន៍ធំដល់សកម្មភាពគ្រឹះស្ថាន។ ដូចនេះ ដើម្បីរំលាយកិច្ចសន្យការងាររួមបាន មាត្រា៩៥ នៃច្បាប់ការងារបញ្ញត្តិថា និយោជកត្រូវជូនដំណឹងដល់តំណាងកម្មករនិយោជិត ហើយការបញ្ឈប់ដំបូងគេទៅលើកម្មករដែលមានសម្បទា និងវិជ្ជាជីវៈអន់ជាងគេ បន្ទាប់មកមើលលើអ្នកមានអតីតភាពការងារតិចជាងគេ ហើយនិយោជកមិនត្រូវភ្លេចនីតិវិធីនៃការជូនដំណឹងទៅកាន់អធិការការងារនោះទេ និងក្នុងករណីពិសេសមានភាពចម្រូងចម្រាស់កើតចេញពីការបញ្ឈប់នេះ រដ្ឋមន្រ្ដីការងារ អាចចេញសេចក្ដីសម្រេចព្យួរការងារ៣០ថ្ងៃ ដើម្បីរកដំណោះស្រាយរួម។


អត្ថបទទាក់ទង

វិសោធនកម្មច្បាប់ស្តីពីការងារ ២០២១

Leave a Reply

Your email address will not be published. Required fields are marked *