តើត្រូវសិក្សាយ៉ាង​ណា​ទើប​ទទួល​បាន​ចំណេះ​ដឹងជាអតិបរមា?

យោងតាមសៀវភៅ​នយោបាយ​អប់រំខួ​រក្បាល ​ដែល​និពន្ធ​ដោយ ម៉ៅ​ សុវណ្ណា បោះពុម្ព​លើ​ទី​១​ឆ្នាំ ១៩៧១ បានលើកឡើងអំពីច្រក​​ផ្លូវសំខាន់​​ដែល​អាច​ផ្តល់​ចំណេះ​ដឹង​​ដល់​អ្នក​សិក្សា​រៀន​សូត្រ​​រួម​មាន៖

១. ការ​អាន

២. ការ​សរសេរ

៣.​ ការ​សន្ទនា

៤. ការ​សង្កេត

ការអាន

អ្នកគួរ​ជ្រើស​រើស​យក​សៀវភៅ​ណា​ដែល​ផ្តល់​ចំណេះ​ដឹងដល់អ្នក ហើយគួរ​ជៀស​វាង​សៀវភៅ​ ដែល​អាច​ប្រែ​ក្លាយ​ជា​ថ្នាំ​ពុល ឬ​សៀវភៅ​ណា​ដែល​អាន​ហើយ​ស្រង់​យក​ប្រយោជន៍​គ្មាន​ ព្រមខាត​ពេល​ឥតប្រយោជន៍។ ដើម្បីនឹង​បាន​ប្រយោជន៍​អតិបរមា​ពី​សៀវភៅ​ គេគួរ​ប្រតិបត្តិ​តាម​គោលការណ៍​ដូច​ខាងក្រោម៖

  • ខិត​ខំ​អានសៀវភៅ​មួយ​ក្បាល​ឲ្យយល់​សេចក្តីជាក់​ច្បាស់ ចាំ​ខ​សំខាន់​ៗ ប្រសើរ​ជាង​អាន​សៀវភៅដប់​ក្បាល​តែចាប់​យក​គោល​សំខាន់​មិន​បាន។
  • ទោះបី​អាន​សៀវភៅ​ក្តី ស្តាប់​សុន្ទរកថា​ក្តី ចូរ​កុំ​ស្តាប់​ ឬអាន​ត្រឹម​តែ​សេចក្តី​ដែល​បាន​ឮ ឬឃើញ។ ចូរ​ពិចារណា​ឲ​ចូល​ដល់​ជម្រៅ​​អាថ៌​កំបាំង​ពី​ខាង​ក្រោយ​អត្ថបទ​របស់​អ្នក​ និពន្ធ។
  • ពេល​អាន​សៀវភៅត្រូវ​ខិត​ខំវិនិច្ឆ័យ​ថា​អ្នក​និពន្ធ​មាន​វិធី​និពន្ធ​យ៉ាង​ម៉េច? ចូល​ចិត្ត​និពន្ធ​រឿង​អ្វីច្រើន​ជាង​គេ? ហើយ​គួរ​ប្រៀប​ធៀប​ជាមួយ​ស្នាដៃ​របស់​អ្នក​និពន្ធ​ផ្សេង​ទៀត​ តើ​មួយ​ណា​ល្អ​ជាង?
  • ប្រការសំខាន់​បំផុត គឺរាល់​ពេល​អាន​ចប់​ ត្រូវ​ខិត​ខំ​នឹក​ថា​យើង​ទទួល​បាន​សេចក្តីអ្វីខ្លះ ហើយ​យើង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពីការ​អាន​សៀវភៅ​នេះ។

ការសរសេរ

ចំណេះ​ដឹង​ដែល​ទទួល​បាន​មក​ហើយ ជួនកាល​នៅ​ស្រពិច​ស្រពិល ប៉ុន្តែ​លុះ​បាន​ចាប់​ប៊ិច​សរសេរ​ចេញ​មក​ហើយ​ ក៏​ស្រាប់​តែ​ច្បាស់​លាស់​ឡើងភ្លាម​មួយ​រំពេច។ ការ​សរសេរ​​មិន​ត្រឹម​តែ​ជួយ​កត់​ត្រា​កុំ​ឲ​ភ្លេច​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​នាំ​ផ្លូវ​ឲ​កើត​គំនិត​ថ្មី​ៗ​ទៀត​ផង។ សូម​ធ្វើ​តាម​ការ​ណែ​នាំ​ខាង​ក្រោម​ដើម្បី​ឲ​ខួរ​ក្បាល​កាន់​តែ​រួស​រវើក៖

  • ហ្វឹកហាត់​សរសេរ​ជារៀង​រាល់​ថ្ងៃ នោះ​លោក​អ្នក​នឹង​ឃើញ​ថា​គំនិត​រត់​មក​លោក​អ្នក​ច្រើន​ជាង​ពេល​ដែល​លោក​អ្នក​គិត​ឬនិយាយ ជា​អនេក។
  • ប្រសិន​បើ​មាន​គំនិត​អ្វី​ថ្មី​លេច​ឡើង​ ត្រូវ​សរសេរ​ទុក​ភ្លាម។
  • ត្រូវ​ហាត់​កត់​ត្រា​កិច្ច​ការ​ដែល​លោក​អ្នក​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ស្អែក។ ស្អែក​ឡើង​ត្រូវ​ពិនិត្យ​មើល​ កិច្ចការ​ទាំង​នោះ តើ​បាន​ធ្វើអ្វី​ខ្លះ​ មិន​បាន​ធ្វើ​អ្វីខ្លះ។ ប្រសិន​បើ​លោក​អ្នក​ធ្វើ​បាន​ដូច្នេះ រាល់​ថ្ងៃ​ ត្រឹម​តែ​មួយ​ខែ​ប៉ុណ្ណោះ លោក​អ្នក​នឹង​ឃើញថា​ខ្លួន​ឯង​ប្រែប្រួល។

ការ​សន្ទនា

ការ​សន្ទនា​គឺ​ជា​ផ្លូវ​ដ៏​ប្រសើរ​មួយ​ដែល​ជួយ​ឲ​យើង​ទទួល​បាន​ចំណេះ​ និង​គំនិត​ជាច្រើន​ ទោះ​ជា​ការ​សន្ទនា​​នោះ​ជាមួយ​មនុស្ស​ប្រភេទ​ណា​ក៏​ដោយ។

  • ពេល​សន្ទនា​ជាមួយ​នរណា​ម្នាក់​ យើងគួរ​ដឹក​នាំ​ការ​សន្ទនា​ចូល​ដល់​រឿង​ដែល​ដៃគូ​សន្ទនា​ស្ទាត់​ជំនាញ​ បំផុត។ នេះ​ជា​ផ្លូវ​នាំ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មី​ៗ។
  • គួរ​ព្យាយាម​ស្តាប់​ឲ​បាន​ច្រើន និង​និយាយ​តិច​តួច​បាន​ហើយ​ ព្រោះ​អ្នក​និយាយ​ច្រើន​ ច្រើន​តែ​គេ​ធុញ​ទ្រាន់។

ការ​សង្កេត

ចំណេះ​ដែល​មាន​ប្រយោជន៍​ក្រៃ​លែង​ដល់​យើង​ បាន​មក​ពី​ការ​សង្កេត។ ការសង្កេត​ធ្វើ​ឲ​យើង​ទទួល​បាន​ចំណេះ​ថ្មីៗ​ និង​ស្រូប​ទាញ​យក​ចំណេះ​ដឹង​បាន​ពី​គ្រប់​ទី​កន្លែង។

  • ត្រូវ​ខិត​ខំ​ហាត់​សង្កេត មើល​វត្ថុ​ផ្សេង​ៗ​ដោយ​ល្អិត​ល្អន់ កុំ​មើ​ល​ត្រឹម​តែ​សំបក​ក្រៅ។
  • ព្យាយាម​សង្កេត ដោយ​ធ្វើ​ហាក់​ដូច​ជា​នឹង​ត្រូវ​នរណា​សួរ​យើង​អំពី​វត្ថុ​នោះ ហើយយើង​ប្រុង​ប្រៀប​នឹង​ឆ្លើយ​ប្រាប់​ពេញ​លេញ​គ្រប់​ជ្រុង​ជ្រោយ។

កាល​បើ​បាន​ប្រតិបត្តិ​តាម​ គោល​ទាំង២​ខាង​លើ​ជា​ប្រចាំ​ហើយ យើង​នឹង​ទទួល​បាន​ប្រយោជន៍​ជាទីបំផុត ព្រោះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ មាន​របស់​ច្រើន​ណាស់​ដែល​ឆ្លង​កាត់​ភ្នែក​ត្រចៀក​យើង។ របស់​ទាំង​នោះ​អាច​នឹង​មាន​ប្រយោជន៍​ដល់​យើង កាល​បើ​មិន​ចេះ​សង្កេត​​ ក៏​ទុក​ដូចជាការ​បណ្តោយ​ឲ​ “​កំណប់​ទ្រព្យ​ដើរ​រំលង​ទៅ​ជា​រៀង​រាល់​ថ្ងៃ”​។

One thought on “តើត្រូវសិក្សាយ៉ាង​ណា​ទើប​ទទួល​បាន​ចំណេះ​ដឹងជាអតិបរមា?

Leave a Reply