ស្វែងយល់ពីការគ្រប់គ្រងបុគ្គលិក ទៅកាន់ការគ្រប់គ្រងធនធានមនុស្ស

ជាងមួយទសវត្សមុន នៅគ្រប់អង្គភាពទាំងឡាយ នៅក្នុងស្ថាប័នឯកជន ក៏ដូចជាស្ថាប័នរដ្ឋផងដែរ គេឃើញមានផ្នែកមួយដែលគេហៅថា “ផ្នែកគ្រប់គ្រងបុគ្គលិក” ។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អង្គភាពជាច្រើនបានប្តូរផ្នែកនេះទៅជា “ផ្នែកគ្រប់គ្រងធនធានមនុស្ស” វិញ។ ហេតុអ្វីបានជាគេប្តូរផ្នែកគ្រប់​គ្រងបុគ្គលិក ទៅជា ផ្នែកគ្រប់គ្រងធនធានមនុស្ស ទៅវិញ?

ជាការពិត បញ្ញត្តិ ឬទស្សនទានទាំងពីរនេះ ផ្តោតទៅលើធនធានមនុស្សដូចគ្នា ហើយពាក្យទាំងពីរនេះ ពេលខ្លះក៏ត្រូវបានប្រើប្រាស់ផ្លាស់ប្តូរជំនួសគ្នាទៀតផង។ ទោះបីជាយ៉ាងណា ពាក្រទាំងពិរនេះ ក៏មានភាពខុសប្លែកពីគ្នាផងដែរ។ ការផ្លាស់ប្តូរនេះ ដោយសារតែការមើលឃើញថា ការគ្រប់គ្រងបុគ្គលិក ជាមុខងារអភិរក្ស និងមានកម្រិតណាស់ក្នុងការប្រើប្រាស់ធនធានមនុស្ស ដោយវាគឺជាការទទួលខុសត្រួវរបស់អ្នកគ្រប់គ្រងបុគ្គលិក។ ពេលនេះ វាគឺជាការងារមួយដាច់ដោយឡែកតែឯង។ ការគ្រប់គ្រងបុគ្គលិក ផ្តោតលើកិច្ចការរដ្ឋបាលនៃការគ្រប់គ្រងធនធានមនុស្សនៅក្នុងអង្គភាព ដូចជាការជ្រើសរើស ការហ្វឹកហ្វឺន ការវាយតម្លៃការងារ និងការផ្តល់ប្រាក់កម្រៃដល់និយោជិក។ ការងារនេះផ្តោតលើការសម្រេចកិច្ចការ (Task-Centered) ច្រើនជាង។ ផ្ទុយទៅវិញ ការគ្រប់គ្រងធនធានមនុស្សមានវិសាលភាពធំជាង។ វាមិនមែនផ្តោតលើការងារប្រពៃណីដូចដែលផ្នែកគ្រប់គ្រងបុគ្គលិកអនុវត្តកន្លងមកហើយនោះទេ វាបន្ថែមការយកចិត្តទុកដាក់លើការផ្តល់សារៈសំខាន់ដល់ធនធាននេះ ការអភិវឌ្ឈន៏ធនធានមនុស្ស ការកសាងនូវវប្បធម៏ និងបរិយាកាសការងារប្រកបដោយភាពប្រពៃមួយ ផ្តល់តម្លៃលើការច្នៃប្រឌិត ការងារជាក្រុម ការផ្តល់សិទ្ឋិអំណាច និងការចូលរួមរបស់និយោជិកនៅក្នុងការសម្រេចគោលបំណង ជោគវាសនារបស់អង្គភាព។ ការគ្រប់គ្រងធនធានមនុស្ស ជាកិច្ចការផ្តោតលើមនុស្ស (People-Centered) ដូចនេះសុខមាលភាពបុគ្គលិកត្រូវបានយកចិត្តទុកដាក់ច្រើនជាងមនុស្ស គឺស្របទៅនឹងពាក្យស្លោកខាងលើថា “ជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់អង្គភាព” ។ ក្នុងបរិបទនៃការគ្រប់គ្រងធនធានមនុស្សនាពេលបច្ចយប្បន្ន គឺជាកង្វល់របស់អ្នកគ្រប់គ្រងគ្រប់លំដាប់ថ្នាក់ក្នុងអង្គភាព។

ចុះអ្វីទៅគឺជាការគ្រប់គ្រងធនធានមនុស្ស?

ទ្រឹស្តីនៃការគ្រប់គ្រងបានចែងថា រាល់អង្គភាព ឬសហគ្រាសត្រូវការការគ្រប់គ្រងដើម្បីសម្រេចគោលដៅសំខាន់ៗរបស់ខ្លួន ជាមួយនឹងការប្រើប្រាស់ប្រាស់ធនធានទាំងឡាយឲ្យមានប្រសិទ្ឋភាពខ្ពស់បំផុត។ រីឯទ្រឹស្តីសេដ្ឋកិច្ចវិញក៍អះអាងដែរថា ធនធានទាំងតែងតម្លៃកាលានុវត្តភាព (Opportunity Cost) របស់ខ្លួន។ ដូចនេះអ្នកទទួលខុសត្រូវរបស់អង្គភាព ត្រូវចេះគ្រប់គ្រង និងប្រើប្រាស់ធនធានដែលមាន ឲ្យមានប្រសិទ្ឋភាព និងប្រសិទ្ឋផលមកវិញច្រើន តាមរយៈការធ្វើផែនការ ចាត់ចែង ការទទួលបាន ការចែកចាយ ការដឹកនាំ និងការត្រួតពិនិត្យលើការប្រើប្រាស់ធនធានទាំងនោះឲ្យជាប្រយោជន៍ដល់អង្គភាព។ ដូច្នេះហើយគេត្រូវការការគ្រប់គ្រងវាឲ្យបានល្អប្រសើរ។

ក្នុងបណ្តាធនធានខាងលើដែលអង្គភាពប្រើប្រាស់ មានតែធនធានមនុស្សប៉ុណ្ណោះដែលជាធនធានមានជីវិត។ សភាពជាមនុស្សជាសភាវៈដែលចេះគិត និងពិចារណា មានអារម្មណ៍ មនោសញ្ចេតនា ដូចនេះពួកគេអាចនឹងបំពេញការងារមានប្រសិទ្ឋភាពខ្ពស់ កាលណាគេពេញចិត្តអង្គភាព ផ្ទុយទៅវិញ គេអាចនឹងចាកចេញពីអង្គភាពនៅពេលដែលគេមិនពេញចិត្ត។ ម៉្យាងទៀតដោយសារនេះជាធនាធានដែលមាន លក្ខណៈពិសេស វាទាមទារការគ្រប់គ្រងឲ្យបានល្អ ដើម្បីទទួលបានវិភាគទានពីធនធាននេះត្រលប់មកវិញ សម្រាប់ការរីកចម្រើនរបស់អង្គភាព។

មាននិយមន័យច្រើនណាស់អំពីការគ្រប់គ្រងធនធានមនុស្ស។ ការផ្តល់នូវនិយមន័យផ្សេងៗទាំងនោះ ដោយសារបទពិសោធន៍ និងការមើលមកការគ្រប់គ្រងធនធានមនុស្សក្នុងទស្សនៈផ្សេងៗពីគ្នា។

ការគ្រប់គ្រងធនធានមនុស្ស (HRM) សំដៅ​ដល់​ដំណើរការ​អនុវត្ត​ ការចាត់ចែង និង​គ្រប់គ្រង​បុគ្គលិក ឬមន្រ្តី ដើម្បី​សម្រេច​នូវ​លទ្ធផល​រំពឹង​ទុក​របស់បុគ្គលិក ឬ​មន្ត្រី និង​គោលដៅ​របស់​អង្គភាព​។ ការគ្រប់គ្រង​ធនធានមនុស្ស រួមមាន​ការបែងចែក​ការងារ និង​ការធ្វើផែនការ​ធនធាន​មនុស្ស ការគ្រប់គ្រង​គុណ​ផល ការជ្រើសរើស និង​ការតែងតាំង ការផ្លាស់ប្តូរ​ស្ថានភាព​ បុគ្គលិក ឬមន្ត្រី វត្តមាន និង​ការឈប់​សម្រាក ក្រ​មសីល​ធម៌ និង​វិន័យ ការលាឈប់​ពីការងារក្នុងអង្គភាព ឬ​ក្របខណ្ឌ​មុខងារសាធារណៈ និង​ការផ្តល់​ការលើកទឹកចិត្តដល់បុគ្គលិក ឬ​មន្ត្រី​។​

បើតាម អ៊ីវ៉ាន់ស៊ីវិក (Ivancevic) និង កូណូផាស្គេ (Konopaske) (២០១៣)៖ ការគ្រប់គ្រងធនធានមនុស្ស គឺជាមុខងារមួយនៅក្នុងអង្គភាពដែលជួយសម្រួលដល់ការប្រើប្រាស់មនុស្សយ៉ាងមានប្រសិទ្ឋភាពបំផុត ដើម្បីសម្រេចបានគោលបំណងអង្គភាព និងគោលបំណងផ្ទាល់ខ្លួនរបស់និយោជិកម្នាក់ៗ។

មាននិយមន័យផ្សេងៗជាច្រើន មិនបានបញ្ជាក់ពីការគិតគូរទៅលើផលប្រយោជន៍ និងតម្លៃរបស់កម្មករនិយោជិកនោះទេ។ ប៉ុន្តែការធ្វើព្រងើយកន្តើយ និងធ្វើមិនដឹងមិនលឺពីចំណុចនេះ ជាការខុសឆ្គងដែលអង្គភាព និងសហគ្រាសធនតូចនិងមធ្យម (ធំមួយចំនួន) នៅបរទេស និងនៅប្រទេសកម្ពុជាយើងមិនសូវចាប់អារម្មណ៍ប៉ុន្មាននោះទេ ហើយក៍មិនដែលទទួលបានការតបស្នងឲ្យអស់ពីចិត្តពីថ្លើមពីសំណាក់បុគ្គលិក កម្មករនិយោជិកចំពោះខ្លួនវិញដែរ។ ដូចនេះវាសំដៅទៅលើនយោបាយ បទពិសោធន៍ និងប្រព័ន្ឋដែលជះឥទ្ឋិពលទៅលើឥរិយាបថ អាកប្បកិរិយា និងលទ្ឋផលរបស់បុគ្គលិក កម្មករនិយោជិក។ វាក៍រាប់បញ្ចូលនូវសកម្មភាពទាំងឡាយរបស់អ្នកគ្រប់គ្រងក្នុងការទាក់ទាញ បណ្តុះបណ្តាលនិងអភិវឌ្ឈ និងរក្សាបុគ្គលិកដើម្បីធានាថា ពួកគេបំពេញការងារមានប្រសីទ្ឋភាពខ្ពស់ និងរួមចំណែកក្នុងការសម្រេចគោលដៅរបស់អង្គភាព។


អត្ថបទទាក់ទង

តើការបណ្តុះបណ្តាល និងអភិវឌ្ឈន៏គឺជាអ្វី?

 

Leave a Reply