បុគ្គលិកលក្ខណៈទាំង៥របស់បុគ្គលិក និងកត្តាដែលអ្នកគ្រប់គ្រងគួរប្រតិបត្តិ

ធនធានមនុស្ស ជាពិសេស ធនធានមនុស្ស​ល្អ គឺ​ជាស​សៃ​ឈាម​នៃ​ស្ថាប័ន។ បើ​គ្មាន​ធនធានមនុស្ស​ល្អ​ទេ ក្រុមហ៊ុន ឬ​អង្គភាព ឬ​ស្ថាប័ន​នោះ មិនអាច​អភិវឌ្ឍ​ទៅមុខ​លឿន​បានឡើយ។

ផ្ទុយទៅវិញ ស្ថាប័ន​ទាំងនោះ ប្រឈម​នឹង​ការបិទទ្វារ​ដោយសារតែ​កង្វះ​ធនធានមនុស្ស​ធ្វើការ។យ៉ាងណាមិញ មនុស្សយើងម្នាក់ៗ​កើតមកមាន​បុគ្គ​លិក​លក្ខណៈផ្សេងៗគ្នា ហើយបុគ្គលិកក៏ដូច្នេះដែរ។ ខាងក្រោមនេះគឺជាបុគ្គលិកលក្ខណៈទាំង ៥ របស់បុគ្គលិកដែលអ្នកគួរស្វែងយល់៖

  • អ្នកប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងធ្វើការ ដើម្បីអង្គភាព
  • អ្នកជួយលើកទឹកចិត្ត និងជម្រុញការងារឲ្យមានប្រសិទ្ឋភាព
  • អ្នកខ្ជិល ធ្វើការតិចតួច តែអួតច្រើន
  • អ្នកធ្វើការងារស្រួលៗ ជាអ្នកជួយ ហើយក៏អាចក្លាយជាអ្នកបំផ្លាញ
  • អ្នកបំផ្លាញអង្គភាព ជាមនុស្សបំបែកបំបាក់ ចាក់រុក មួលបង្កាច់បុគ្គលិកល្អៗ

យើងឃើញថាធនធានមនុស្ស​ល្អ ពិតជា​មាន​សារៈសំខាន់​ណាស់ ដូច្នេះហើយ​អ្នកគ្រប់គ្រង​គួរ​មាន​យុទ្ធសាស្ត្រ​​ ក្នុងការ​រក្សា​ពួកគេ​អោយនៅ​បន្តធ្វើ​ការអោយ​ស្ថាប័ន​របស់ខ្លួនដោយអ្នក​គ្រប់​គ្រង់​ត្រូវ

១. ចេះ​អោយ​តម្លៃ​លើ​ធនធានមនុស្ស តាមរយៈ​ពាក្យសម្តី ឬ​កាយវិការ។

២. ចេះ​គោរព​ធនធានមនុស្ស តាម​ពាក្យសម្តី និង​កាយវិការ។

៣. បើក​សេរីភាព​អោយ​ពួកគេ តែ​ពួកគេ​ត្រូវគោរព​កាតព្វកិច្ច​ការងារ​បស់​ខ្លួន។

៤. ផ្តល់​ចំណេះដឹងថ្មីៗបន្ថែម​ដល់​ពួកគេ។ ជាគោលការណ៍ បុគ្គលិក ត្រូវការ​ចំណេះដឹង​បន្ថែម​ជា​រៀងរាល់ថ្ងៃ។ ប្រសិនបើ​អ្នកដឹកនាំ​គ្មាន​ចំណេះ​សម្រាប់​ផ្ទេរ និង​ផ្តល់​ទេនោះ បុគ្គលិក​ថ្នាក់ក្រោម​នឹង​ដើរចេញ​នៅ​ថ្ងៃ​ណាមួយ។

. ត្រូវ​មើល​តារាង​ប្រាក់ខែ និង​អត្ថប្រយោជន៍ផ្សេង។ ប្រាក់ខែ​ជា​រឿង​សំខាន់ ប៉ុន្តែ​ពេលខ្លះ វា​មិនមែនជា​ដើមហេតុ​ដែលនាំអោយ​បុគ្គលិក​ដើរចេញ​នោះទេ។ តាមពិត ពេលខ្លះ បុគ្គលិក​ដើរចេញ ដោយសារ កំហុស​នៃ​ការគ្រប់គ្រង​ទូទៅ​តែប៉ុណ្ណោះ។

អ្នកគ្រប់គ្រងក៏ត្រូវ​ចៀសវាងផងដែរនូវកត្តាមួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកដូចជា៖

១. ចៀសវាង​ការដឹកនាំ​តាមរបៀប​បញ្ជា ហើយ​ការបញ្ជា​ទៀតសោត​នោះ ធ្វើឡើង​តាម​អារម្មណ៍។

២. ចៀសវាង​ការស្តីបន្ទោស​បុគ្គលិក​គ្រប់ពេលវេលា ហើយ​ពួកគេ​ធ្វើ​អ្វី​ក៏​មិន​ត្រូវចិត្ត​ខ្លួន។ ហើយ​ពេលខ្លះ ការស្តីបន្ទោស​របស់ខ្លួន ធ្វើឡើង​ដោយ​មិនមាន​ទឡ្ហីករណ៍​ត្រឹមត្រូវ​ទាល់តែសោះ។

៣. ចៀសវាង​ការមើល​ងាយ​ធនធានមនុស្ស តាមរយៈ​ពាក្យសម្តី ឬ​កាយវិការ។

៤. ចៀសវាង​បង្កើត​ភាពអយុត្តិធម៌​រវាង​បុគ្គលិក និង​បុគ្គលិក។

៥. ចៀសវាង​ដឹកនាំ​តាមរបៀប«ត្រចៀកស» មានន័យថា ចាប់​ជឿ​គេ និង​ចាប់​ខឹង។

៦. ចៀសវាង​គំនិត​ធ្វើ​អាជីវកម្ម​លើ​បុគ្គលិក-កម្មករ។

Leave a Reply