ការបង្រៀន និងវិធីរើសមនុស្សធ្វើការងារ

នៅពេលអ្នកឈានមកធ្វើជាប្រធានក្រុមការងារ នោះ​អ្នក​មិន​អាច​ជៀស​ផុត​ពី​ការ​ធ្វើ​ការ​រួម​ជាមួយ​មនុស្ស​ជា​ច្រើនដែលមានសមត្ថភាពដោយឡែកពីគ្នាឡើយ។ ការបង្រៀនការងារ គឺជាឱកាសមួយដែលអ្នកអាចជួយជំរុញការអភិវឌ្ឍសមត្ថភាពរបស់មនុស្សរួមក្រុមអ្នក។ ដំណើរការរបស់វា ប្រៀបដូចជាដៃគូជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍ផ្ទាល់ខ្លួន។ ទាំងអស់នេះ គឺជាការរុញច្រានឲ្យអ្នកដែលយើងបណ្តុះបណ្តាល អាចពង្រីកសក្តានុពល និងសម្រេចគោលដៅរបស់គេផ្ទាល់បានកាន់តែឆាប់រហ័ស។

នៅក្នុងវិស័យគ្រប់គ្រង ការបង្រៀនការងារ គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ ៖

  • បុគ្គលិកថី្មដែលខ្វះបទពិសោធន៍ អាចត្រូវការការណែនាំចង្អុលបង្ហាញពីអ្នកបង្គាប់បញ្ជា​ដោយ​ផ្ទាល់​ដើម្បី​ដំណើរ​ការ​ការងារ​​ឲ្យសម្រេចបានជោគជ័យ។
  • បុគ្គលិកធ្វើខុសនយោបាយ ឬគោលការណ៍របស់ក្រុមហ៊ុន។
  • លទ្ធផលនៃការប្រតិបត្តិការងាររបស់បុគ្គលិកមិនល្អប្រសើរ ក្រោយ​ពី​បាន​ឆ្លង​កាត់​ការ​អប់រំ​ជា​ច្រើនលើក ច្រើន​សារ​មក​ហើយ។

ការបង្រៀនការងារគឺ៖

  • បង្រៀនមូលដ្ឋានគ្រឹះនៃចំណេះដឹង និងអភិវឌ្ឍចំណេះដឹង
  • ចង្អុលបង្ហាញផ្លូវដល់បុគ្គលិក ដើម្បីឲ្យសម្រេចគោលដៅការងារ
  • ផ្លាស់ប្តូរគំនិត និងបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីឲ្យសម្រេចបានលទ្ធផលតាមការកំណត់ទុក។

ប៉ុន្តែការបង្រៀនការងារពុំមែនសំដៅដល់…

  • ឆ្លៀតឱកាសកែប្រែការប្រព្រឹត្ត ឬអំពើរបស់អ្នកដទៃ
  • បង្គាប់ឲ្យអ្នកដទៃត្រូវប្រតិបត្តិអ្វី ដើម្បីសម្រេចគោលដៅ
  • ការធ្វើជាអ្នកចេះដឹងគ្រប់ៗរឿង។

រឿងខ្លី៖ ក្សត្រ អាយកុង ទ្រង់មានបន្ទូលសួរ ខុងជឺ អំពីវិធីប្រើ​មនុស្ស។

ខុងជឺ ក្រាបទូលថា “សុំឲ្យតែងតាំងដំឡើងបុណ្យស័ក្តិឲ្យសមរម្យទៅតាមសមត្ថភាព ប្រយ័ត្នមនុស្ស ‍អន់ចរិត មាត់ពូកែ ចូលចិត្តអួតអាង ពូកែនិយាយបំប៉ោង និយាយប៉ប៉ាច់ប៉ប៉ោច លោភលន់មិនចេះស្កប់ស្កល់… ពួកមនុស្សទាំងនេះនិយាយបានពីរោះស្តាប់ណាស់ ប៉ុន្តែចរិតពិតរបស់គេ គឺជាមនុស្សធុនអន់ អាត្មានិយម ចូលចិត្តបង្កឲ្យមានការបែកបាក់ចលាចលនោះឯង។ មនុស្សនិយាយច្រើនចូលចិត្តអួតអាង គឺជាមនុស្សកម្រិតទាប មានគំនិតកេងប្រវ័ញ្ច បន្លែបន្លំឥតរើសមុខ។”

ខុងជឺបានពោលទៀតថា “ដងធ្នូត្រូវមើលក្រយៅសាច់ឈើ (ថាត្រង់ ឬវៀច) ជាមុន ចាំមើលពីភាពរឹងមាំតាមក្រោយ។ អាជានេយ្យត្រូវមើល អំពីការផ្សាំងជាមុនថា តើវាសាំងដល់កម្រិតណា រួចចាំមើលពីភាពសង្ហា និងកម្លាំងរបស់វា។ រីឯនាម៉ឺនមន្រ្តីត្រូវមើលពីគុណធម៌ និងការប្រព្រឹត្តជាមុន រួចចាំពិនិត្យអំពីសមត្ថភាពតាមក្រោយ។​ មនុស្សគ្មានគុណធម៌ មានតែសមត្ថភាព ច្រើនតែជាមនុស្សដែលគ្រោះថ្នាក់បំផុត មិនខុសពីឆ្កែព្រៃ ឬជាឆ្កែចចកនោះទេ… ចូរកុំជ្រើសរើសមកប្រើជាដាច់ខាត!”

លោកអ្នកអាចស្វែងយល់បន្ថែមអំពីបុគ្គលិកលក្ខណៈទាំង៥របស់បុគ្គលិកដូចខាង៖

បុគ្គលិកលក្ខណៈទាំង៥របស់បុគ្គលិក និងកត្តាដែលអ្នកគ្រប់គ្រងគួរប្រតិបត្តិ

 

Leave a Reply