បើសិនអ្នកមានឋានៈជាអ្នកគ្រប់គ្រង កុំធ្វើខ្លួនជាមិត្តភក្តិនៅកន្លែងការងារ

មានគោលការណ៍មួយចំនួនដែលអ្នកគ្រប់គ្រង មិនអាចភ្លេចបាននៅពេលធ្វើការ។ គោលការណ៍ខ្លះ ជួយឲ្យការគ្រប់គ្រងមានប្រសិទ្ធភាពជាងមុន ហើយគោលការណ៍ខ្លះទៀតជួយឲ្យការងាររបស់អ្នកគ្រប់គ្រង កាន់តែងាយស្រួលជាងមុន។

ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកគោលការណ៍ មិនធ្វើជាមិត្តភក្តិនៅកន្លែងការងារ មកជូនអ្នកអានលេង និង​គិតលេង។ ហេតុអ្វីបានជាអ្នកមិនគួរធ្វើជាមិត្តភក្តិជាមួយបុគ្គលិកដទៃទៀត?

អ្នកគ្រប់គ្រងដែលខ្វះបទពិសោធន៍ តែងគិតថា ការរាប់អានគ្នាជាមិត្តភក្តិនៅកន្លែងការងារ នឹងជួយឲ្យការគ្រប់គ្រងរបស់ពួកគេ មានភាពងាយស្រួលជាងមុន។ អ្នកដែលមានបទពិសោធន៍ដឹងច្បាស់ណាស់ថា នេះជាកំហុសទូទៅមួយ។

ទី១ គឺ អ្នកធ្វើឲ្យបុគ្គលិកផ្សេងទៀត មានចិត្តច្រណែន

សាកស្រមៃទៅមើល បើអ្នកជាបុគ្គលិកធម្មតាម្នាក់ក្នុងក្រុមហ៊ុន ហើយអ្នកឃើញអ្នកគ្រប់គ្រងស្និទ្ធស្នាលជាមួយតែបុគ្គលិកមួយចំនួន។ តើអ្នកមានអារម្មណ៍បែបណាចំពោះអ្នកគ្រប់គ្រងនោះ? តើអ្នកគិតយ៉ាងណាចំពោះបុគ្គលិកមួយចំនួននោះ?

ការចែកបក្សពួក និង​ការច្រណែនគ្នា ជារឿងពីរដែលអ្នកគ្រប់គ្រង មិនគួរធ្វើឲ្យកើតឡើង។ បុគ្គលិកទាំងអស់ គួរតែមានសិទ្ធិស្មើគ្នាក្នុងការប្រាស្រ័យទាក់ទងជាមួយថ្នាក់លើ។ មិនមែនបុគ្គលិកនេះនិយាយផ្សេង បុគ្គលិកមួយទៀតនិយាយផ្សេងនោះទេ។

ទី២​ គឺអ្នកពិបាកបញ្ជា

ការបញ្ជា ជារឿងជៀសមិនផុត ព្រោះពេលខ្លះ ការងារចាំបាច់ ឬត្រូវការលទ្ធផលទាន់ពេល ទាមទារឲ្យអ្នកគ្រប់គ្រងប្រើវិធីផ្សេង។ ការបញ្ជា ក៏ជាផ្នែកមួយនៃការគ្រប់គ្រងដែរ។ អ្នកគ្រប់គ្រងល្អ ត្រូវធ្វើគ្រប់យ៉ាងដើម្បីសម្រេចលទ្ធផល។ បើអ្នករាប់អានបុគ្គលិកជាមិត្តភក្តិ តើពួកគេនឹងខ្លាច និងគោរពអ្នកដែរទេ ពេលអ្នកដាក់ការងារទៅ?

ជៀសវាងបុគ្គលិកបានចិត្ត ហើយភ្លេចពីតួនាទីរបស់ខ្លួន អ្នកមិនគួររាប់អានឲ្យលើសពីឋានៈថ្នាក់លើ ថ្នាក់ក្រោមទេ។​ ការគោរពនៅតែមាន គ្រាន់តែវាងាយស្រួលធ្វើការជាមួយគ្នាជាង។

ទី៣ គឺរក្សាភាពជាអ្នកជំនាញរបស់អ្នក

អ្នកអាចជាមិត្តភក្តិគ្នានៅខាងក្រៅ តែពេលចូលមកដល់កន្លែងការងារ អ្នកត្រូវដើរតួជាថ្នាក់លើម្នាក់។ ការងារ គឺការងារ ទើបអ្នកមិនបង្កើតកំហុសដែលកើតចេញពីទំនាក់ទំនងខាងក្រៅ។​ អ្នកគួរតែនិយាយជាមួយមិត្តភក្តិឲ្យច្បាស់ពីរឿងនេះ ព្រោះទំនួលខុសត្រូវរបស់អ្នក ខុសពីពួកគេ។

អ្នកគ្រប់គ្រង មិនមែនគ្មានមិត្តភក្តិទេ ប៉ុន្តែមិនត្រូវឲ្យមិត្តភាពមករាំងស្ទះដំណើរការរបស់ស្ថាប័នឡើយ។ ម្ចាស់ស្ថាប័នទុកចិត្តអ្នក ទើបទម្លាក់ការគ្រប់គ្រងមកក្នុងដៃអ្នក ហេតុនេះអ្នកត្រូវប្រយ័ត្នរាល់សកម្មភាពដែលអាចប៉ះពាល់ដល់សិទ្ធិគ្រប់គ្រងរបស់ខ្លួន។

សូមកុំគិតថា ការដាក់ខ្លួនឲ្យទាបស្មើបុគ្គលិក ធ្វើឲ្យបុគ្គលិកគោរពអ្នកឲ្យសោះ។ បើអ្នកដាក់ខ្លួនយូរទៅ ពួកគេនឹងភ្លេចពីឋានៈរបស់អ្នកមិនខាន។

Leave a Reply