កុំធ្វើមេដែលចេះតែរិះគន់តែមិនចេះសរសើរថ្នាក់ក្រោម

អ្នកគ្រប់គ្រង វាយតម្លៃបុគ្គលិកទៅតាមលទ្ធផលការងារ។ ការវាយតម្លៃ តែងតែមានយោបល់ទៅជាមួយដែរ។ ការឲ្យមតិយោបល់ទៅលើបុគ្គលិក ត្រូវធ្វើដោយមានតុល្យភាព។ បើមានការរិះគន់ ក៏ត្រូវតែមានការសរសើរដែរ។ កុំធ្វើជាមេដែលមិនចេះសរសើរ។

ខាងក្រោមនេះ ជាមូលហេតុដែលការបញ្ចូលពាក្យសរសើរឲ្យស្មើនឹងការរិះគន់ ជារឿងល្អសម្រាប់អ្នកគ្រប់គ្រង៖

ទី១ គឺអ្នកក្លាយជាមនុស្សដែលលម្អៀងទៅលើកំហុស

បុគ្គលិកដែលធ្វើការក្រោមអ្នក នឹងមើលឃើញអ្នកជាមនុស្សដែលពូកែចាប់កំហុស និង​មិនខ្វល់ពីអ្វីដែលធ្វើបានល្អ។ វាមិនអាចទៅរួចទេ ដែលបុគ្គលិកម្នាក់ធ្វើខុសគ្រប់រឿងនោះ។ វាក៏មិនអាចទៅរួចដែរ ដែលអ្នកគ្រប់គ្រងមិនអាចរកចំណុចល្អ មួយ ឬពីរដើម្បីយកមកសរសើរ។

បុគ្គលិកនឹងសង្ស័យការវាយតម្លៃរបស់អ្នក។ ជួនកាល អ្នកអាចនឹងក្លាយជាប្រធានបទនិយាយដើមរបស់បុគ្គលិកទៀតផង។ ភាពលម្អៀង ជាសញ្ញាបង្ហាញថាអ្នកគ្រប់គ្រង មិនដឹងថាខ្លួនឯងកំពុងធ្វើអ្វី។

ទី២ គឺអ្នកបំផ្លាញជំនឿចិត្តរបស់បុគ្គលិកនោះ

ជំនឿចិត្ត កើតពីភាពជោគជ័យតូចៗ ដែលបុគ្គលិកធ្វើកន្លងមក។ បើសិនជាអ្នកមិនដែលលើកយកមកនិយាយសោះ បុគ្គលិកអាចនឹងអស់ជំនឿចិត្តលើការងារខ្លួន។ ពួកគេអាចនឹងបោះបង់ចោល ព្រោះគិតថា ខ្លួនមិនសមនឹងធ្វើការក្នុងស្ថាប័នរបស់អ្នក។

ជំនឿចិត្តលើសមត្ថភាព មិនមែនជារឿងលេងសើចនោះទេ។ បុគ្គលិក រំពឹងលើអ្នកដែលចេះវាយតម្លៃ និង​ឲ្យយោបល់ទៅពួកគេដើម្បីមានភាពរីកចម្រើន។ បើអ្នកមិនអាចជួយពួកគេបាន ក៏មិនគួរបំបាក់ទឹកចិត្តគេដែរ។

ទី៣ គឺអ្នកធ្វើឲ្យប៉ះពាល់ដល់ភាពច្នៃប្រឌិតរបស់ស្ថាប័ន

បុគ្គលិកមិនបញ្ចេញយោបល់ ស្ថាប័នមិនបានស្តាប់យោបល់ថ្មីៗ។ ភាពច្នៃប្រឌិត ជាកត្តាប្រកួតប្រជែងនៅក្នុងទីផ្សារសម័យថ្មី ហេតុនេះអ្នកត្រូវរៀបចំឲ្យបុគ្គលិកទាំងអស់ អាចបញ្ចេញយោបល់ និង​ហ៊ានបញ្ចេញយោបល់ទៅតាមសមត្ថភាពរៀងខ្លួន។

បើអ្នកចេះតែរិះគន់មួយមុខ គ្មានអ្នកណាចង់បញ្ចេញយោបល់ដើម្បីទទួលបានពាក្យមិនល្អមកវិញទេ។ ការសរសើរ ជាការបង្ហាញថាអ្នកទទួលស្គាល់អ្វីដែលបុគ្គលិកបានធ្វើ។ ទោះបីមើលទៅជារឿងធម្មតា ប៉ុន្តែវាជះឥទ្ធិពលទៅលើការងារខ្លាំងណស់។

សរសើរមុន ចាំរិះគន់តាមក្រោយ ហើយកុំព្យាយាមរិះគន់គ្រប់យ៉ាងក្នុងពេលតែមួយ។

ខ្ញុំរៀនចេះក្បួនសរសើរ និងរិះគន់ក្នុងពេលតែមួយពីអ្នកគ្រប់គ្រងម្នាក់។ គាត់ប្រាប់ថា បើចង់និយាយរឿងមិនល្អមួយ ត្រូវរករឿងល្អឲ្យបានបីសិន។ សរសើរមុន ចាំរិះគន់តាមក្រោយ ហើយកុំព្យាយាមរិះគន់គ្រប់យ៉ាងក្នុងពេលតែមួយ។ បុគ្គលិកមានដែនកំណត់ក្នុងចិត្ត ពេលស្តាប់រឿងអវិជ្ជមានរបស់ការងារខ្លួនឯង។

ពាក្យសរសើរ និង​ពាក្យរិះគន់ ត្រូវធ្វើឲ្យបានស្មើគ្នា ហើយត្រូវចាំថា បុគ្គលិករបស់អ្នក លះបង់ពេលវេលារបស់ពួកគេ ដើម្បីមកសម្រេចបំណងរបស់ស្ថាប័ន។ ការសរសើរខ្លះ ជារឿងសមរម្យទេ។

Leave a Reply