មើលយ៉ាងម៉េចទើបដឹងថាបុគ្គលិកណាដែលមិនគោរពថ្នាក់លើ

អ្វីដែលខ្ញុំចូលចិត្តធ្វើនៅកន្លែងធ្វើការ គឺអង្គុយមើលអ្នកដទៃនិយាយគ្នា។ ខ្ញុំចង់ដឹងថា ពួកគេនឹងបញ្ចេញឥរិយាបថយ៉ាងម៉េចខ្លះដាក់គ្នា។ ជាពិសេស ខ្ញុំចង់ដឹងថា តើអ្នកណាគោរពអ្នកណា ហើយអ្នកណាមិនគោរពអ្នកណា។

ការតាមដានសកម្មភាពគេបែបនេះ ធ្វើឲ្យខ្ញុំកត់សម្គាល់បានចំណុចមួយចំនួនដែលអាចបង្ហាញថាបុគ្គលិកណាម្នាក់មិនគោរពថ្នាក់លើ​។ ក្នុងអត្ថបទនេះ ខ្ញុំនឹងចែករំលែកចំណុចមួយចំនួនដែលអ្នកទាំងអស់គ្នាអាចយកទៅសាកល្បងសង្កេតបាន។

ទី១ គឺ ទឹកមុខ

ការពេបមាត់ ការគ្រវីក្បាល ឬការជ្រួញចិញ្ចើមនៅពេលថ្នាក់លើនិយាយ អាចជាសញ្ញាដែលបង្ហាញបុគ្គលិកនោះ មិនគោរពអ្វីដែលថ្នាក់លើនិយាយនោះទេ។ មូលហេតុនៃការមិនគោរព កុំទាន់រាប់បញ្ចូល គ្រាន់តែដឹងថា អ្វីដែលបញ្ចេញនៅលើទឹកមុខ កើតចេញមកពីទឹកចិត្ត។​

ទី២ គឺ ការសួរដេញដោល ដោយមិនទំនង

បុគ្គលិកប្រភេទនេះ តែងតែបង្កើតសំណួរជាច្រើន ដើម្បីដេញដោលថ្នាក់ ពេលត្រូវធ្វើអ្វីមួយ។ ពួកគេហាក់ដូចជាមិនទុកចិត្តថា ផែនការរបស់ថ្នាក់លើ អាចមានប្រសិទ្ធភាព ហេតុនេះទើបពួកគេសួរឲ្យទាល់ក្នុងចំណោមអ្នកដទៃ។

ការចេះសួរ ជារឿងល្អ តែការសួរដោយមិនទំនង ច្រើនតែជាសញ្ញានៃការមិនគោរព។

ទី៣​ គឺ ការមិនចូលរួម

ថ្នាក់លើ រៀបចំកម្មវិធីអ្វីមួយ ហើយហៅបុគ្គលិកទៅចូលរួមទាំងអស់គ្នា។ អ្នកដែលមិនគោរពថ្នាក់លើ នឹងរកលេសដើម្បីមិនទៅ ឬមិនទៅតែម្តងក៏មានដែរ។ ពួកគេមិនឲ្យតម្លៃទៅលើការរៀបចំរបស់ថ្នាក់លើទេ ហេតុនេះទើបគេមិនចង់ខាតពេលទៅចូលរួម ក្នុងនោះ។ បុគ្គលិកបែបនេះ ពេលខ្លះថែមទាំងញុះញង់ឲ្យបុគ្គលិកផ្សេងមិនទៅចូលរួមទៀតផង។

ទី៤ គឺ ការនិយាយដើម

គ្មានអ្វីបង្ហាញថាអ្នកមិនគោរពគេ ជាងការនិយាយដើមគេពីក្រោយខ្នងនោះទេ។ អ្នកអាចនិយាយលើពីការពិតក៏បាន ព្រោះម្ចាស់ខ្លួនមិនអាចលឺបាន។ អ្នកចង់និយាយអាក្រក់បែបណាក៏គ្មានអ្នកណាមកប្រកែកជាមួយអ្នកដែរ។

បុគ្គលិកដែលនិយាយដើមលើ មិនគោរពមេទេ។ ពួកគេតែងតែកត់ចំណាំអ្វីដែលថ្នាក់លើធ្វើខុស រួចហើយយកមករៀបចំជារឿងដែលហួសហេតុមួយដើម្បីបាននិយាយ។

ទី៥ គឺ ការសើចចំអក

ការចំអក មិនខុសពីការរុញទូកបណ្តោយទឹកនោះទេ។ អ្នកដែលពូកែចំអកឲ្យគេ តែងតែគិតថា ខ្លួនអាចធ្វើបានល្អជាងនេះ ។ ការគិតបែបនេះ ធ្វើឲ្យបាត់ការគោរពពីក្នុងចិត្ត។ អ្នកមិនអាចគោរពគេបាន ដោយមានចិត្តមើលស្រាល់លាយឡំគ្នានោះទេ។ ការគោរព និងការមើលស្រាល នៅម្ខាងម្នាក់ក្នុងការវាយតម្លៃលើថ្នាក់លើ។

ពេលឃើញថ្នាក់លើ ធ្វើអ្វីខុស ក្នុងនាមជាបុគ្គលិក​ គួរតែចេះយល់កាលៈទេសៈ និយាយអ្វីល្អខ្លះ ឬជួយដោះស្រាយកំហុសនោះឲ្យទាន់ពេល ។​ ការសើចចំអក ជាការមិនគោរពអ្វីដែលថ្នាក់លើធ្វើកន្លងមក។

សកម្មភាពទាំង៥​នេះ អាចជួយឲ្យអ្នកមើលដឹងថា តើបុគ្គលិកណាមានការគោរពចំពោះថ្នាក់លើ ហើយបុគ្គលិកណាខ្លះ ដែលធ្វើជាមើលមិនឃើញថ្នាក់លើខ្លួនឯង។ បុគ្គលិកប្រភេទនេះ គួរតែធ្វើការព្រមាន និងណែនាំឲ្យបានស្រួលបួល ដើម្បីកុំឲ្យបានដៃខ្លាំងពេក។

Leave a Reply