ការសម្រេចចិត្ត

នៅក្នុងជីវិតប្រចាំថ្ងៃ គ្រប់វិនាទី សុទ្ធសឹងតម្រូវឲ្យយើងធ្វើ “ការសម្រេចចិត្ត”។ ការសម្រេចចិត្តមានទាំងតូច ទាំងធំ ទាំងសាមញ្ញដូចជា ព្រឹកឡើងនាឡិការោទិ៍ភ្លាម យើងត្រូវធ្វើការសម្រេចចិត្តថាគួរងើបភ្លាម ឬចុចបិទនាឡិកាហើយគេងបន្តទៀត ឬងើបមកឃើញមេឃខ្មៅងងឺត យើងត្រូវសម្រេចចិត្តថាគួរទៅហាត់ប្រាណឬក៏អត់… ហើយមានការសម្រេចចិត្តបន្តបន្ទាប់ទៀតដូចជាគួររៀនបន្ត ឬបេាះបង់ការសិក្សាហើយរកការងារធ្វើ គួរធ្វើជំនួញ ឬគួរវិនិយោគ រហូតដល់ការសម្រេចចិត្តដែលប៉ះពាល់ដល់អាយុជីវិត ដូចជាពេលមានបញ្ហាសុខភាពធ្ងន់ធ្ងរអ្វីមួយ គួរទៅមន្ទីរពេទ្យណា គួរវះឬមិនគួរវះ ជាដើម ។ល។ ពេលខ្លះ យើងរវល់នឹងការងារ ឬសប្បាយនឹងមិត្តភក្តិ ភ្លេចឪពុកម្តាយនៅផ្ទះ រហូតដល់គាត់ធ្លាក់ខ្លួនឈឺ ហើយលាចាកលោក ទើបយើងមានវិប្បដិសារី។ ទាំងនេះសុទ្ធតែកើតចេញពីការសម្រេចរបស់យើងម្នាក់ៗ។

យ៉ាងណាមិញ ក្នុងឆាកជីវិតនេះមិនអាចចៀសផុតពីការសម្រេចចិត្តឡើយ ដែលការសម្រេចចិត្តនីមួយៗបានផ្តល់ជាលទ្ធផលវិជ្ជមាន ឬអវិជ្ជមាន ហើយជានិច្ចជាកាលនៅពេលដែលយើងធ្វើការសម្រេចចិត្តខុស យើងនឹងមានវិប្បដិសារី សោកស្តាយចំពោះការសម្រេចចិត្តនោះ។

ដោយសារតែការសម្រេចចិត្តប្រកបដោយប្រសិទ្ឋភាពមិនមែនជារឿងងាយស្រួល ដូច្នេះហើយទើបយើងគួរសិក្សាទៅលើពាក្យសំខាន់ៗមួយចំនួន ទាក់ទងនឹងការសម្រេចដែលយើងតែងតែឮដូចជា “ការកាត់ក្តី” “ការវិនិច្ឆ័យ” “ការសម្រេចចិត្ត” “កាសម្រេចចិត្តបែបដាច់អហង្ការ” “ការត្រួតពិនិត្យវិនិច្ឆ័យ” “ការពិចារណា” “ការគិតត្រិះរិះ” “ការចង្អុលបង្ហាញ” “ការសម្រេចចិត្តផ្តេសផ្តាស” “ការសម្រេចចិត្តតាមអំពើចិត្ត” ជាដើម។ល។

ស្តាប់ៗទៅ ពាក្យទាំងនេះមានអត្ថន័យមិនសូវខុសគ្នាប៉ុន្មាននោះទេ ប៉ុន្តែពេលយើងសាកល្បងវែកញែកអត្ថន័យពាក្យទាំងនេះជាមុនសិន ដើម្បីការពារកុំឲ្យមានការយល់ច្រលំ។

ពាក្យថា “វិនិច្ឆ័យ” គឺពាក្យកណ្តាលដែលបង្រួមអត្ថន័យនៃពាក្យទាំងអស់ខាងលើ។ យ៉ាងណាមិញ មានរឿងរ៉ាវ និងហេតុការណ៍ជាច្រើន ដែលអាចអធិប្បាយកាត់ន័យបានជាច្រើនផ្សេងៗគ្នា ហើយព្រឹត្តិកម្មដែលយើងចាំបាច់ត្រូវប្រើវិចារណញ្ញាណក្នុងការគិតត្រិះរិះ ពិចារណា និងសម្រេចចិត្តថានឹងជឿឬអត់? គួរទទួលឬអត់? ហើយនិងធ្វើអ្វី? យ៉ាងដូចម្តេច? នោះគេហៅថា “ការវិនិច្ឆ័យ”។

ការវិនិច្ឆ័យពេលខ្លះត្រូវការសម្រេចចិត្តទៅសិន ព្រោះស្ថានការណ៍បង្ខំ បើទោះជាគ្មានបច្ច័យ ឬគ្មានហេតុជាទីអាស្រ័យតគ្នាពិតប្រាកដជាច្រើន ហើយគ្មានពត៌មាន ឬទិន្នន័យដែលពិតប្រាកដគ្រប់គ្រាន់ក៏ដោយ។ ការណ៍ជាទូទៅគេហៅថា “ការសម្រេចចិត្តបែបដាច់អហង្ការ” ការសម្រេចចិត្តក្នុងលក្ខខណ្ឌនេះ គឺជាសមត្ថភាពដ៏ចាំបាច់របស់អ្នកដឹកនាំនៅក្នុងវិស័យធុរកិច្ច និងកិច្ចការយោធាមិនអាចខ្វះបានឡើយ។

ផ្ទុយទៅវិញ អ្នកខ្លះអាចសម្រេចចិត្តត្រូវ ប្រសិនបើគេទទួលយកគំនិត សិក្សាវិភាគឲ្យស៊ីជម្រៅ និងហ្មត់ចត់ឲ្យបានច្រើន ជាជាងការសម្រេចចិត្តបែបរឹងត្អឹង ឬមានគំនិតអវិជ្ជមាន ដែលទង្វើដូច្នេះគេហៅថា “ការសម្រេចចិត្តតាមតែអំពើចិត្ត”“ការសម្រេចចិត្តតែម្នាក់ឯង”

សម្រេចចិត្តតាមតែអំពើចិត្ត ឬការសម្រេចចិត្តតែម្នាក់ឯងនេះ ពេលវិវឌ្ឍន៍ដល់ថ្នាក់កំពូលហើយ នោះនឹងក្លាយជាការសម្រេចចិត្តបែបភ្លាំងភ្លាត់ខុសផ្លូវ។ ការណ៍ដូច្នេះគេហៅថា “ការសម្រេចចិត្តឲ្យតែផុតៗទៅ”។

ម្នាលសាសនា និងអ្នកនយោបាយមួយចំនួន តែងតែសន្និដ្ឋាន ឬវិនិច្ឆ័យហេតុការណ៍អ្វីមួយ ទាំងដែលនៅមិនទាន់ដឹងច្បាស់លាស់តាមតែអំពើចិត្តខ្លួនឯង។ ឧទាហរណ៍ដូចជា “ចក្រពត្តិនិយមជិតវិនាសហើយ!” “ឆ្នាំក្រោយនឹងកើតមានបដិវត្តន៍!” “ពិភពលោកនឹងរលាយនៅឆ្នាំ ២០០០ ហើយអ្នកដែលមិនជឿលើព្រះជាម្ចាស់នឹងត្រូវដាក់ទោសឲ្យវិនាសសូន្យ!” ជាដើម ។ល។ ការសន្និដ្ឋានទាំងអស់នេះ ស្តាប់ៗទៅស្រដៀងនឹងការបញ្ចេញមតិ ឬការវិនិច្ឆ័យផ្តេសផ្តាស់ តែក៏ពុំមែនត្រូវចំដែរ។ នៅទីនេះសូមហៅថា ការបញ្ចេញមតិ ការវិនិច្ឆ័យបែបផ្ទាល់ខ្លួន ឬបែបទំនាយ ឬក៏ជាទូទៅគេហៅថា “ការព្យាករ”

គន្លឹះនៃការសម្រេចចិត្តមានលក្ខណៈច្រើនសំបូរបែប តែការសម្រេចចិត្តដ៏ល្អដែលយើងគួរប្រកាន់ខ្ជាប់នោះ គឺគួរឈរលើមូលដ្ឋាននៃការប្រើសតិសម្បជញ្ញៈ និងមនសិការនៃការត្រិះរិះពិចារណាដោយហ្មត់ចត់ និងត្រឹមត្រូវតាមដែលអាចធ្វើទៅបាន ពោលគឺជាបញ្ហាដែលយើងគួរយល់ដឹងឲ្យច្បាស់លាស់ជាមុនសិន។

ជាការពិតការសម្រេចចិត្តជារឿងគួរឲ្យឈឺក្បាលខ្លាំងណាស់ ហេតុដូចច្នេះទើបមនុស្សទន់ជ្រាយ ឬគ្មានទំនុកចិត្តលើខ្លួនឯង មិនសូវជាហ៊ានសម្រេចចិត្តទេ ដោយតែងតែឲ្យអ្នកដទៃសម្រេចចិត្តជំនួស។ ចំណែកអ្នកខ្លះចូលចិត្តសម្រេចចិត្តដោយពឹងលើពាក្យចចាមអារ៉ាម ប្រជាមតិ ទំនៀមទម្លាប់ប្រពៃណី ឬតាមទម្លាប់ដើម្បីជាជំនួយ ជាដើម….។ល។ ដែលទាំងនេះ គឺជាទម្លាប់ដែលគេមិនទទួលស្គាល់ជាលាយលក្ខណ៍អក្សរ ឬបែបវិទ្យាសាស្រ្ត ព្រោះថាវាងាយស្រួល មិនសាំញ៉ាំច្រើន និងមិនបាច់ភ្នាល់ដោយចក្ខុវិស័យ ហើយបើថ្ងៃខាងមុខមានបញ្ហាអ្វីកើតឡើង នោះនឹងមានលេសដោះសារសម្រាប់បដិសេធក្នុងការទទួលខុសត្រូវ។

មកទល់ត្រឹមនេះ តើអ្វីទៅការ​សម្រេច​ចិត្ត​ដ៏ល្អ​តើវាទាម​ទារ​នូវ​លក្ខខណ្ឌ​អ្វីខ្លះ​ ដើម្បី​ទទួលបាន​នូវការ​សម្រេច​ចិត្តដ៏ល្អ​មួយ?  ខាងក្រោម​នេះ គឺជា​ចំណុច​គន្លឹះ​ដើម្បី​សិក្សា​ពិចារណា​ទាំង​អស់​គ្នា៖

១.  ការ​សម្រេច​ចិត្ត​ល្អដែលជះ​​ឥទ្ធិពល​ជាវិជ្ជមាន​ដល់​អ្នក​ដទៃ

ការ​សម្រេច​ចិត្ត​តែង​តែ​ជះឥទ្ធិពលដល់​ខ្លួន​អ្នក​ផ្ទាល់ ​និងអ្នក​ដែល​នៅ​ជុំវិញ​ខ្លួន​អ្នក​​ជាមិន​ខាន ប៉ុន្តែ​អ្វីដែល​សំខាន់ ​អ្នកត្រូវ​ច្បាស់ថា​ការ​សម្រេច​ចិត្ត​នោះប៉ះ​ពាល់​ជាវិជ្ជមាន​ដល់​អ្នក​ដទៃ​ និងនាំមក​នូវការ​រីក​ចម្រើន​ដល់​អ្នក​និង​ពួក​គេ។

២.  ការ​សម្រេច​ចិត្ត​ល្អដើម្បីប​ង្កើត​ឱកាស​៖ ការ​សម្រេច​ចិត្តដ៏​មាន​ប្រសិទ្ធភាព​ គឺជា​ការ​សម្រេច​ចិត្ដ​ដែល​ពង្រឹង​អ្នកដទៃ​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ពួកគេ​ឱ្យមាន​ភាព​ប្រសើរ​ឡើង។​

៣.  ការសម្រេច​ចិត្ត​ល្អតែង​តែរាប់​បញ្ចូល​អ្នក​ដទៃ​៖ ដូចជា​ការសម្រេច​ចិត្តនៅ​ក្នុង​ក្រុមហ៊ុន​ ឬស្ថាប័ន​ណាមួយ​ជាដើម ​គឺត្រូវតែ​យកមក​គិត​ពិចារណា​នូវ​អ្នក​ពាក់​ព័ន្ធ​ទាំង​ឡាយ​ ទើប​ការ​សម្រេច​ចិត្ត​នោះ​ឆ្លុះ​បញ្ចាំង​អំពី​ស្មារតី​ការងារ​រួម​របស់​អង្គភាព។

៤.  ការ​សម្រេច​ចិត្តដ៏​ល្អអាច​អនុវត្ត​បាន​៖ ការសម្រេច​ចិត្ត​ខ្លះ​ជាការ​សម្រេច​ចិត្ត​ដ៏ល្អ ​ប៉ុន្តែ​វាមិន​អាច​អនុវត្ត​បា​នឡើយ។​ ដូច្នេះ​ក្នុង​នាម​ជា​អ្នក​ធ្វើការ​សម្រេចចិត្ត​អ្នកត្រូវ​តែប្រាកដ​និយម​ ហើយ​រាល់​ការសម្រេច​ចិត្ត​របស់​អ្នក​ អ្នកត្រូវតែ​សួរខ្លួន​ឯង​ថា​តើវា​អាច​អនុវត្ត​បាន​ឬក៍យ៉ាងណា។

៥.  ការ​សម្រេច​ចិត្ត​ល្អ គឺមាន​លក្ខណៈ​ជាប្រព័ន្ធ​៖ ការ​សម្រេច​ចិត្ត​មួយ​ដ៏ល្អត្រូវ​ការ​ពេល​វេលា​ ធនធាន​ជាក់​ស្ដែង ​និងការ​យល់​ដឹង​យ៉ាង​ច្បាស់​លាស់ ​ដើម្បី​ឈាន​​ទៅរក​គោល​ដៅ​មួយ​សម្រាប់​អត្ថប្រយោជន៍​រួម។​

៦.  ការសម្រេច​ចិត្តល្អ ​គឺមាន​គណនេយ្យ​ភាព​៖ ភាព​ច្បាស់​លាស់​នឹង​ក្លាយ​ទៅជា​គណ​នេយ្យ​ភាព​នៅក្នុង​ការសម្រេច​ចិត្ត​ព្រោះ​បើការ​សម្រេច​ចិត្ត​ពាក់​ព័ន្ធ​នឹង​ផលប្រយោជន៍​អ្នក​ដទៃ​ដែរ​នោះ ​អ្នកមិន​ត្រូវ​មាន​ការលាក់​បាំង​ឡើយ។​

៧.  ការសម្រេច​ចិត្ត​ល្អអាច​ដោះ​ស្រាយ​បញ្ហានៅ​ក្នុង​ស្ថាន​ភាព​ជាក់​ស្ដែង​៖ រាល់ការសម្រេច​ចិត្ត​មិន​មែន​សុទ្ធតែ​អាច​ដោះស្រាយ​បញ្ហា​បាន​ឡើយ ដូច្នេះ​ការ​សម្រេច​ចិត្តដ៍​ល្ អគឺ​ជាការ​សម្រេច​ចិត្តដែល​តែង​តែអាច​ផ្ដល់​ដំណោះ​ស្រាយ​ជាក់​ស្ដែង​ក្នុង​ស្ថានភាព​ដ៏លំបាក​ណា​មួយ។

សរុបមក ក្នុងសម័យដែលអ្វីគ្រប់យ៉ាងស្រពេចស្រពិលមិនសូវជាច្បាស់លាស់ អ្នកសិក្សា អ្នកធ្វើការ ធុរជន និងអ្នកនយោបាយតែងតែប្រឈមនឹងបញ្ហាស្មុគស្មាញ ហើយបើមិនអាចវិនិច្ឆ័យ និងសម្រេចចិត្តយ៉ាងត្រឹមត្រូវទាន់ពេលទេ នោះអាចនឹងមានផលអាក្រក់ដ៏គួរឲ្យសង្វេគបាន។ ដូច្នេះទើបកាតព្វកិច្ចយើងទាំងអស់គ្នា ជាពិសេស ធុរជន និងអ្នកនយោបាយពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្ងន់ទៅៗ និងប្រឈមនឹងគ្រោះថ្នាក់ជាខ្លាំង។ ដូច្នេះទើបយើងត្រូវខិតខំ ប្រឹងប្រែង សិក្សារៀនសូត្រ ចម្រើនបញ្ញា ស្មារតី  អត់ធ្មត់វិនិច្ឆ័យដោយមិនភ័យខ្លាច និងអភិវឌ្ឍខ្លួនឯងបន្តបន្ទាប់មិនថាវ័យតិចច្រើនប៉ុណ្ណា ដើម្បីអាចធ្វើការសម្រេចចិត្តប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ឋផល

Leave a Reply