ជំនាញចរចា៖ វិធីសាស្រ្តអភិវឌ្ឈន៏ជំនាញចរចាប្រកបដោយប្រសិទ្ឋភាព

ច-ចា ( កិ. ) និយាយ​ប្រស្រ័យ, សំណេះសំណាល​រក​គ្នា : គេ​កំពុង​ចរចា​គ្នា; សត្វ​សារិកា​កែវ វា​កំពុង​ទំ​លើ​មែក​ឈើ វា​ចរចា​គ្នា​វា​ដូច​មនុស្ស​យើង​ដែរ​ហ្ន៎ ! យោងតាមវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត។

ការចរចា មិនមែនសំខាន់តែក្នុងមធ្យោបាយរកស៊ីឡើយ សូម្បីតែការរស់នៅប្រចាំថ្ងៃក៏វាជាការចាំបាច់ដែរ។ សេដ្ឋី និងជានាគអាស៊ី គឺលោក Jack Ma ធ្លាប់សម្រេចជោគជ័យដោយការចរចាជាមួយអ្នកមានលុយដោយប្រើបន្ទប់ទឹកជាកន្លែងចរចារហូតបានលុយមកធ្វើជាដើមទុន ដូចដែលយើងបានឃើញនូវភាពជោគជ័យដូចសព្វថ្ងៃនេះ។

ដើម្បីយល់ឲ្យបានច្បាស់ យើងគួរយល់ពាក្យ “ចរចា” មានន័យថា គឺជាដំណើរការដែលភាគីពាក់ព័ន្ធព្យាយាមស្វែងរកវិធីអ្វីមួយ ដើម្បីអាចឲ្យមានការទទួលយកបានទាំងសងខាង។ ការចរចាត្រូវបានធ្វើទ្បើងនៅពេលដែលគេត្រូវការដំណោះស្រាយអ្វីមួយ ដើម្បីឲ្យមានការវិវឍ្ឍទៅមុខក្នុងយុទ្ធសាស្ត្រល្អ។

យុទ្ធសាស្ត្រក្នុងការចរចាមាន៤គឺ៖

  • យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ ៖ ភាគីទាំង២ ឬភាគីពាក់ព័ន្ធទទួលបានដំណោះស្រាយដែលពេញចិត្តទាំងអស់គ្នា។
  • យុទ្ធសាស្ត្រ ឈ្នះ-ចាញ់ ៖ ភាគី១ពេញចិត្តចំពោះដំណោះស្រាយ ហើយភាគី១ទៀតមិនពេញចិត្ត។
  • យុទ្ធសាស្ត្រ ចាញ់-ឈ្នះ ៖ ភាគី១មិនពេញចិត្តចំពោះដំណោះស្រាយ ហើយភាគី១ទៀត ពេញចិត្ត។
  • យុទ្ធសាស្ត្រ ចាញ់-ចាញ់ ៖ មិនមានភាគីណាពេញចិត្តចំពោះដំណោះស្រាយ។

ខាងក្រោមនេះ​ជា​តិច​និក​ទាំង​៥​នៃ​ការ​អភិវឌ្ឍ​ជំនាញ និង​សិល្បៈ​លម្អិត​នៃ​ការ​ចរចា ដែល​អ្នក​អាច​យក​ទៅ​អនុវត្ត​ក្នុង​ជីវិត​ពិត​បាន៖

១. បង្កើត​ទំនាក់ទំនង​មុន​ការ​ចរចា
អ្នក​ចរចា​ដែល​ឈ្លាសវៃ តែង​កំណត់​ការ​ទំនាក់ទំនង​ឱ្យ​ដើរ​មុន​នឹង​ដំណើរការ​ចរចា​ជា​និច្ច​។ តិច​និក​នេះ​នឹង​ជួយ​កែ​តម្រង់​អ្នក និង​ភាគី​ម្ខាង​ទៀត​ឱ្យ​ទទួល​បាន​អារម្មណ៍​របស់​គ្នា​ទៅ​វិញ​ទៅ​មក ។ វា​មិនមែន​ជា​ការ​លះបង់​អារម្មណ៍​របស់​ភាគី​ម្ខាង​ទៀត​ឆ្ពោះទៅ​បញ្ចប់​ការ​ចរចា​ទាំង​លំបាក​នោះ​ទេ ។

ដូច្នេះ អ្នក​គួរតែ​អភិវឌ្ឍន៍​ជំនាញ​ចរចា ដោយ​ហ្វឹកហាត់​បើក​ចិត្ត​ឱ្យ​ទូលាយ មាន​មិត្តភាព និង​ស្មោះត្រង់​សម្រាប់​ជា​មូលដ្ឋាន​ចរចា ដែល​មិន​ត្រឹមតែ​ក្នុង​មុខ​ជំនួញ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​អាច​បង្កើត​អារម្មណ៍​ដ៏​ល្អ​ដល់​គ្នា​បាន​ផង​ដែរ ។ នេះ​ជា​កូនសោ​សំខាន់​នៃ​ការ​ចរចា​ដែល​ទទួល​បាន​ភាព​ជោគជ័យ ។

២. កុំ​មើលងាយ​សមត្ថភាព​អ្នក​ដទៃ
វា​ជា​ធម្មជាតិ​មូលដ្ឋាន​របស់​មនុស្ស​ម្នាក់​ៗ​ដែល​អាច​ដឹង​ថា អ្នក​ណា​ស្មោះត្រង់ ឬ​កុហក ។ ប្រសិនបើ​គេ​មាន​អារម្មណ៍​ថា អ្នកមាន​អ្វី​គួរ​ឱ្យ​សង្ស័យ អ្នក​បត់បែន​សម្តី ឬ​កំពុង​តែ​លាក់​អាថ៌​កំបាំង ហេតុនេះ គេ​នឹង​មិន​ស្មោះត្រង់​ជាមួយ​អ្នក​ដូច​គ្នា ។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ណា​ដែល​អ្នក​សម្តែង​ចេញ​ទៅ​ត្រង់​ៗ ហើយ​អាច​ធ្វើ​ឱ្យ​ភាគី​ម្ខាង​ទៀត​មាន​អារម្មណ៍​គោរព និង​ទុកចិត្ត​នោះ គឺ​ការ​ចរចា​របស់​អ្នក​នឹង​មាន​តម្លៃ​ច្រើន ព្រមទាំង​ងាយស្រួល​ឡើង​ដែរ ។

៣. ​យុទ្ធសាស្ត្រ ឈ្នះ-ឈ្នះ (Win-Win)
win-win គឺជា​ផ្លូវ​ចេញ​ដ៏​ល្អ​បំផុត​របស់​ការ​ចរចា​គ្រប់​រឿង​ទាំងអស់ ។ ការ​ចរចា​ដើម្បី​យក​ប្រយោជន៍​តែ​ភាគី​ម្ខាង​នោះ វា​ជា​អ្វី​ដែល​គួរ​ឱ្យ​ធុញទ្រាន់ និង​ពិបាក​បញ្ចប់​ដោយ​ជោគជ័យ​បាន​ណាស់ ។ ដូច្នេះ ចូរ​សាកល្បង​យល់​ពី​គោលបំណង​របស់​ភាគី​ម្ខាង​ទៀត ព្រោះ​វា​ចាំបាច់​ក្នុង​ការ​ចរចា​ដ៏​ល្អ ។

៤. ​រក្សា​បរិយាកាស​នៃ​ការ​ចរចា
គ្រប់​គ្នា​តែង​មាន​ភាព​ជា​មនុស្ស​ធំ និង​ភាព​ជា​កុមារ​នៅ​ផ្នែក​ខាងក្នុង ដែល​សុទ្ធសឹងតែ​ជា​ប្រយោជន៍​ក្នុង​ការ​ចរចា​តាម​ឱកាស ។ ជួនកាល ការ​ចរចា​រឿង​តូចតាច​ដូច​ជា តម្លៃ​សម្លៀក​បំពាក់ មនុស្ស​ភាគច្រើន​ប្រើប្រាស់​វិធី​បែប​ក្មេង ជជែក​គ្នា​ងាយ​ជាមួយ​អ្នកលក់ ដែល​មើលទៅ​គ្មាន​អ្វី​ខុស​ប្លែក ។ ប៉ុន្តែ​បើ​ការ​ចរចា​ទៅ​លើ​រឿង​ផ្សេង​វិញ ចំណុច​ស្មើគ្នា​នៃ​ការ​យល់​ឃើញ និង​ពាក្យ​សម្តី គឺជា​រឿង​សំខាន់​ដើម្បី​បង្កើត​ភាព​ជឿជាក់ និង​រក្សា​បរិយាកាស​ជជែក​ឱ្យ​រលូន​រហូត​ដល់​ចុងបញ្ចប់ ។

៥. ស្ងាត់ស្ងៀម
ជា​វិធី​ចាំបាច់ សូម​ចាំ​ទុកជា​និច្ច​ថា គ្រប់យ៉ាង​សុទ្ធតែ​មាន​ចង្វាក់​របស់​វា ដែល​ពុំគួរ​យឺតយ៉ាវ ឬ​ប្រញាប់ប្រញាល់​ពេក​ដែរ ។ ជា​ញឹកញាប់ គេ​សង្កេត​ឃើញ​ថា «​ការ​មិន​និយាយ​អ្វី​» បែរជា​ល្អ​បំផុត និង​កុំ​ភ្លេច​ថា «​ការ​នៅ​ស្ងាត់ស្ងៀម​» ក៏​អាច​ប្រើ​ជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ចរចា​បាន​ដែរ មិន​ថា​ជា​មនុស្ស​នៅ​ជិត​ខ្លួន ឬ​អ្នក​ដទៃ​ឡើយ។

ក៏ប៉ុន្តែ មុននឹងចាប់ផ្តើមធ្វើការចរចាជាមួយអ្នកណាម្នាក់ ចាំបាច់ត្រូវតែមានការរៀបចំទាំង៥ជំហានជាមុនសិនដូចជា៖

  • ការរៀបចំ៖ រៀបចំឯកសារ ឬក៏ពាក្យសម្រាប់ធ្វើការចរចា ហើយអាចមានការសិក្សាស្រាវជ្រាវព័ត៌មានជាមុន ដើម្បីធ្វើជាឯកសារយោង។
  • ការពិភាក្សា៖ រៀបចំការជួបគ្នារវាងភាគីពាក់ព័ន្ធ ហើយធ្វើការសន្ទនាគ្នាតាមវិជ្ជាជីវៈ។
  • ការលើកទ្បើង៖ លើកសំណើរទ្បើងទៅឲ្យភាគីពាក់ព័ន្ធ ដើម្បីឲ្យការចរចាមានភាពរលូនល្អប្រសើរ។
  • ការចរចាបញ្ហា៖ ពិភាក្សាគ្នាចំពោះបញ្ហាដែលអាចដោះស្រាយបាន ថាតើអាចមានដំណោះស្រាយផ្សេងដែលធ្វើឲ្យភាគីទាំងអស់ពេញចិត្តឬក៏អត់។
  • ការពិនិត្យ៖ ពិនិត្យមើលការព្រមព្រៀង ហើយធ្វើការបញ្ជាក់ជាចុងក្រោយជាមួយដៃគូភាគី។

គួរបញ្ជាក់ឲ្យដឹងដែរថា ដើម្បីឲ្យការចរចាមានភាពរលូនល្អប្រសើរ គម្បីផ្តោតទៅលើកត្តា៣យ៉ាងគឺ៖

  • វាជាការព្រមព្រៀងល្អ
  • វាមានប្រសិទ្ធភាព
  • វាធ្វើឲ្យទំនាក់ទំនងមានភាពល្អប្រសើររវាងភាគី

ចំនុចមួយទៀតដែលអ្នកពូកែចរចាផ្តោតសំខាន់នោះគឺ ជម្រើសចរចា។ ជម្រើសចរចា គឺជាដំណើរការក្នុងការចរចាថា តើត្រូវដើរតាមផ្លូវមួយណា ដែលអាចទទួលបានផលប្រយោជន៍ទាំងអស់គ្នា។ ជម្រើសចរចាមាន៤ដូចជា៖

  • ការសម្របសម្រួល៖ ភាគីទាំងសងខាងស្វែងរកដំណោះស្រាយដែលល្អ ហើយធ្វើការបត់បែនសម្របខ្លួនតាមកាលៈទេសៈ ជាធម្មតាជម្រើសនេះទទួលបានលទ្ធផល ឈ្នះ-ឈ្នះ និង ឈ្នះ-ចាញ់/ចាញ់-ឈ្នះ។
  • ការសហការ៖ ភាគីទាំង២រួមដៃគ្នាក្នុងដើម្បីទទួលបានលទ្ធផល ឈ្នះ-ឈ្នះ។
  • ការប្រកួតប្រជែង៖ ភាគីមួយចង់ទាញយកផលប្រយោជន៍ពីលើភាគីមួយទៀត ដែលអាចទទួលបានលទ្ធផល ឈ្នះ-ចាញ់/ចាញ់-ឈ្នះ។
  • ការគេចវេស៖ នៅពេលដែលភាគីទាំងសងខាងមិនអាចបង្កើតដំណោះស្រាយដែលល្អសម្រាប់រៀងៗខ្លួនបាន ហើយលទ្ធផលគឺ ចាញ់-ចាញ់។

អ្នកដែលពូកែក្នុងការចរចាតែងតែមានលក្ខណៈផ្ទាល់ខ្លួនដូចជា៖

  • សមត្ថភាពក្នុងការរៀបគម្រោង
  • អាចគិតពិចារណាបានច្បាស់ល្អក្រោមសម្ពាធ
  • មានភាពបត់បែន
  • មានជំនាញទំនាក់ទំនងល្អ
  • មានចំណេះដឹងច្រើន
  • ចេះវិភាគចំណាប់អារម្មណ៍ដៃគូភាគី
  • មានការតស៊ូក្នុងការតាមដាន

ជាទូទៅ ចំពោះអ្នកដែលពូកែក្នុងជំនាញចរចា តែងតែរិះរកគ្រប់វិធីដើម្បីទទួលបានលទ្ធផលឈ្នះ-ឈ្នះ ដោយសារតែវាមានផលចំណេញសម្រាប់ភាគីទាំងអស់ ជាក់ស្តែងដូចជា បុគ្គលិកខាងធនធានមនុស្ស តែងតែធ្វើការចរចាជាមួយបេក្ខជនដែលបានសម្ភាសន៍ការងារជាប់ ហើយធ្វើយ៉ាងម៉េចឲ្យមានផលប្រយោជន៍ដែលទាំងសងខាងអាចទទួលយកបាន ដូចជាការចរចាប្រាក់ខែជាដើម។

 

2 thoughts on “ជំនាញចរចា៖ វិធីសាស្រ្តអភិវឌ្ឈន៏ជំនាញចរចាប្រកបដោយប្រសិទ្ឋភាព

Leave a Reply