អ្នកដឹកនាំដ៏អស្ចារ្យ គឺជាអ្នកស្តាប់ដ៏ពូកែ!

យើងបានដឹងរួចមកហើយថា អ្នកដឹកនាំ គឹជាបុគ្គលដ៏សំខាន់ក្នុងការចង្អុលបង្ហាញ ផ្លូវ ជាអ្នកអភិវឌ្ឍន៏ អ្នកផ្លាស់ប្តូរ ឬដឹកនាំអ្នកក្រោមបង្គាប់ ឬអ្នកដើរតាម (Follower) ឲ្យត្រងត្រាប់ និងអនុវត្តន៍តាម ឆ្ពោះទៅរកការសម្រេចគោលដៅរួមមួយ។ មិនថាតែអ្នកដឹកនាំ ឬបុគ្គលដែលត្រូវគេដឹកនាំនោះទេ ការស្តាប់ គឺជាសកម្មភាពដ៏សំខាន់ក្នុងការទំនាក់ទំនង និងចែកចាយព័ត៌មាន ជាពិសេសចំពោះការគ្រប់គ្រងចាត់ចែង និងការបង្កើតបរិយាកាសសមស្របមួយ ដើម្បីអោយអ្នកក្រោមបង្គាប់ ចូលរួមបំពេញការងារយ៉ាងសកម្ម។ យ៉ាងណាមិញ គេតែងសង្កេតឃើញថា អ្នកដឹកនាំដ៏អស្ចារ្យ គឺជាអ្នកស្តាប់ដ៏ពូកែ!

ដូច្នេះ តើមានអំណះអំណាងអ្វីខ្លះបញ្ជាក់ថាការស្តាប់ពិតជាមានសារៈសំខាន់ក្នុងការក្លាយខ្លួនជា អ្នកដឹកនាំដ៏ល្អ? តើត្រូវឈរលើមូលដ្ឋានណាខ្លះ ដែលអ្នកដឹកនាំត្រូវបំពេញតួនាទីជាអ្នកស្តាប់ដ៏អស្ចារ្យ? និងមានវិធីសាស្រ្តអ្វីខ្លះដើម្បីក្លាយខ្លួនជាអ្នកស្តាប់ដ៏មានប្រសិទិ្ធភាព?

មុននឹងបំភ្លឺឲ្យកាន់តែច្បាស់ អ្នកគួរស្គាល់និយមន័យ ការស្តាប់គឺជាអ្វី? មាននិយមន័យជាច្រើន ដែលនិយាយពីការស្តាប់ ប៉ុន្តែនិយមន័យរួមមួយបាននិយាយថា៖

ការស្តាប់ គឺជាដំណើរការនៃការយកចិត្តទុកដាក់ ឮអ្វីដែលចូលត្រចៀក ការយល់ (កំណត់ន័យដែលឮ) និងដំណើរការនៃការចងចាំ។

ក្នុងន័យនេះចង់បញ្ជាក់ថា ការស្តាប់ពុំមែនសំដៅទៅលើតែការឮពាក្យអ្នកនិយាយតែមួយនោះទេ ប៉ុន្តែវាត្រូវរាប់បញ្ចូលទាំងការយល់ពីសារ និងភាពចាំបាច់របស់សាររបស់អ្នកនិយាយ ហើយបន្ទាប់មកធ្វើការបង្ហាញពីការយល់នោះចំពោះអ្នកនិយាយថែមទៀត។ ជាទូទៅ បំនិន៤យ៉ាងដែលអ្នកត្រូវប្រើប្រាស់ ក្នុងការបង្កើនសមត្ថភាព ចំណេះដឹង ឬក្នុងការសិក្សារៀនសូត្រតម្រូវឲ្យមាន៖

  • ការសរសេរ ចំនួន ១៤%
  • ការនិយាយ ចំនួន ១៦%
  • ការអាន ចំនួន ១៧% 
  • ការស្តាប់ ចំនួន ៥៣ %

ដូចនេះយើងសង្កេតឃើញថា ការស្តាប់ពិតជាមានឥទ្ធិពល និងសក្តានុពលខ្លាំងក្លាជាងបំនិនផ្សេងៗទៀតពិតប្រាកដមែន។

ក្នុងនាមជាអ្នកដឹកនាំ អ្នកចាំបាច់គួរតែព្យាយាមធ្វើការស្តាប់ឲ្យមានប្រសិទ្ធិភាពពីអ្នកជុំវិញខ្លួន ជាពិសេសមនុស្សដែលត្រូវអ្នកធ្វើការដឹកនាំ ព្រោះថាព័ត៌មានគ្រប់ច្រកល្ហក នឹងទទួលបានពី និយោជិក (Employee/Worker) របស់អ្នក គឺជាគន្លឹះសំខាន់ក្នុងការអភិវឌ្ឍន៍នូវភាពជាអ្នកដឹកនាំរបស់អ្នក។ ពូកែស្ដាប់នៅពេលនេះមានន័យថា ក្រោយពីអ្នកស្ដាប់អ្នកដទៃនិយាយរួចហើយ អ្នកអាចយល់ច្បាស់ពីអត្ថន័យ ហើយស្វែងរកដំណោះស្រាយ ដើម្បីកែខៃបញ្ហាឲ្យប្រសើរឡើងវិញបាន។ អ្នកត្រូវព្យាយាមស្វែងយល់ឲ្យបានច្រើនពីមនុស្ស នៅជុំវិញខ្លួនអ្នក ហើយក៏ត្រូវធ្វើឲ្យអ្នកងាយយល់ពីអ្នកដទៃវិញដែរ។ លោក Stephen Covey បានបង្ហាញថា ទម្លាប់មួយនេះ ពិតជាសំខាន់ពាក់ព័ន្ធនឹងទំនាក់ទំនងនៃអន្តរបុគ្គល។ សម្រាប់ការស្ដាប់ដែលមានប្រសិទ្ធភាព គឺមិនមែនគ្រាន់តែជាការស្ដាប់នូវអ្វីដែលអ្នកផ្សេងនិយាយចេញដោយយោងតាមបទពិសោធន៍ខ្លួនឯងផ្ទាល់នោះទេ តែគប្បីដាក់ខ្លួនអ្នក គិតទៅដល់ទស្សនវិស័យនៃអ្នកទាំងនោះ ដោយដាក់អារម្មណ៍ស្ដាប់ និងស្វែងយល់ពីអត្ថន័យ។ នៅពេលអ្នកដទៃនិយាយ ត្រូវយកចិត្តទុកដាក់ស្ដាប់ ស្រូបយកព័ត៌មានថ្មីៗ ទោះជាវាមិនសូវសំខាន់សម្រាប់អ្នកនាពេលបច្ចុប្បន្នក៏ដោយ តែវានឹងមានប្រយោជន៍ចំពោះអ្នកនៅពេលអនាគត។ ពិសេសជាងនេះទៅទៀត អ្វីដែលគួរឲ្យយកចិត្តទុកដាក់ សម្រាប់អ្នកដឹកនាំក្នុងបរិបទនៃការស្តាប់ នោះគឺការបង្ហាញដល់អ្នកដើរតាម (Follower) ឲ្យមានជំនឿជាក់ថាអ្នកដឹកនាំរបស់ពួកគេពិតជាយកចិត្តទុកដាក់ (Care) និងផ្តល់តម្លៃទៅលើគំនិតប្រាជ្ញារបស់ពួកគេ។ ពាក្យ Care នេះមកពី៖

  • Concentrate ការផ្ចង់អារម្មណ៍
  • Acknowledge ការទទួលស្គាល់ដោយរស់រវើក
  • Respect ការផ្តល់ការគោរពលើ
  • Input អ្វីដែលអ្នកបានទទួល និង
  • Empathize ការផ្តល់ភាពមេត្តាដោយរួមបញ្ចូលការបង្ហាញសកម្មភាពមួយចំនួន

តាមរយ:ទ្រឹស្តីរបស់លោក អាប្រាហាម ម៉ាស្លូ (Abraham Maslow) តម្រូវការទី៤ របស់មនុស្ស គឺសេចក្ដីត្រូវការនៃការគោរព ដែលមានន័យថា មនុស្សចង់បាននូវការទទួលស្គាល់ ការផ្ដល់តម្លៃចំពោះអ្វីដែលខ្លួនបានធ្វើ។ អ្នកដឹកនាំត្រូវតែបង្ហាញការលើកទឹកចិត្ត នូវលទ្ធផលការងាររបស់បុគ្គលិក ព្រមទាំងទទួលស្គាល់គុណភាពការងារ ដោយការដំឡើងឋានៈ តួនាទី ឬផ្តល់ការយកចិត្តទុកដាក់ផ្សេងៗ។ រីឯតម្រូវការទី៥ គឺការពេញចិត្តខ្លួនឯង ដែលជាសេចក្តីត្រូវការ នៃការរាប់បញ្ចូលទាំងសេចក្ដីត្រូវការនានា ដើម្បីបំពេញចិត្តខ្លួនឯងឲ្យមានមោទនភាព និងពង្រីកនូវមហិច្ឆតារបស់ខ្លួន។ ក្នុងចំណុចទាំងពីរខាងលើនេះ អ្នកដឹកនាំត្រូវជួយបំពេញចិត្តបុគ្គលិកតាមរយៈ ការទទួលស្គាល់ស្នាដៃ ការផ្ដល់តម្លៃ និងផ្ដល់ឱកាសសម្រាប់ការរីកចម្រើន អាចជាការរៀនសូត្របន្ថែមជាដើម។ សរុបសេចក្តីមក ចង់បញ្ជាក់ថាការយកចិត្តទុកដាក់ទៅលើការស្តាប់របស់និយោជិក ឬអ្នកដឹកនាំគឺបានបង្ហាញពីការផ្តល់តំលៃទៅលើតំរូវការរបស់មនុស្សត្រង់ចំនុចទី៤ និងទីប្រាំ នៃទ្រឹស្តីរបស់លោក ម៉ាស្លូវ ។

បន្ថែមលើនេះទៅទៀត អ្នកដឹកនាំដែលពូកែ គឺអ្នកពូកែស្តាប់ ព្រោះនៅពេលដែលអ្នកស្តាប់អ្នកនឹងទទួលបាននូវចំណុចបីសំខាន់ដូចជា៖

បង្កើនការជះឥទ្ធិពលទៅលើអ្នកដទៃ

បង្កើនសមត្ថភាពបញ្ចុះបញ្ចូល និងជំនាញក្នុងការចរចារ ហើយវាក៏ជាមធ្យោបាយក្នុងការបញ្ចៀសការមានវិវាទ និង ការយល់ច្រឡំដោយអចេតនាផ្សេងៗ។

ជាការពិតណាស់ មេដឹកនាំដែលល្អ រមែងយកការស្តាប់មកដោះស្រាយបញ្ហាក្នុងកំឡុងពេលនៃការគ្រប់គ្រងរបស់គាត់។ ជាឧទាហរណ៍ ក្នុងនាមជានាយករដ្ឋមន្រ្តី លោកតែងតែធ្វើការកោះប្រជុំក្រុមប្រឹក្សាដែលជាអ្នកជំនិតរបស់គាត់ក្នុងការផ្លាស់ប្តូរមតិយោបល់ និងចែករំលែកនូវបទពិសោធន៍ ដែលបណ្តាលឲ្យមានការប្រកួតប្រជែងក្នុងការបញ្ចេញមតិយោបល់ពីសំណាក់អ្នកក្រោមបង្គាប់។ មេដឹកនាំដែលពូកែស្តាប់ គឺជាមេដឹកនាំដែលមិននិយាយកាត់ពាក្យសម្តីនរណាម្នាក់ ហើយព្រមទទួលយកនូវគំនិតរិះគន់គ្រប់បែបយ៉ាងដោយមិនប្រកាន់ និងត្រងត្រាប់ស្តាប់អ្វីដែលជាគំនិតល្អៗ។

ខាងក្រោមនេះ គឺជាគន្លឹះមួយចំនួន ដើម្បើជួយឲ្យអ្នកក្លាយជាអ្នកស្តាប់ដ៏ពូកែម្នាក់ដូចជា៖

  • ស្តាប់ដោយយកចិត្តទុកដាក់
  • ស្តាប់ដោយបង្ហាញពីកាយវិការទទួលស្គាល់របស់អ្នក
  • ស្តាប់ដោយបង្ហាញមតិឆ្លើយតប (Feedback) (សួរសំនួរ….)
  • ស្តាប់ដោយមិននិយាយកាត់
  • ស្តាប់ហើយអាចសង្ខេបនូវខ្លឹមសារឡើងវិញ

លើសពីនេះទៅទៀត ក៏មានចំណុចសំខាន់ៗមួយចំនួន ដែលអាចជួយអ្នកឲ្យបង្កើនសមត្ថភាពក្នុងការស្តាប់៖

  • លុបបំបាត់ភាពរំខាន រឺអារម្មណ៍សៅហ្មងចេញ
  • ផ្តោតការយកចិត្តទុកដាក់
  • ផ្តោតលើអ្នកនិយាយ
  • ព្យាយាមបើកចិត្តឲ្យទូលាយ (ទទួលស្គាល់)
  • ផ្តោតលើ Non-Verbal Message របស់អ្នកនិយាយ
  • សួរឲ្យកាន់តែច្បាស់
  • កុំព្យាយាមបញ្ចេញប្រតិកម្មដែលអាចប៉ះពាល់ដល់អារម្មណ៍អ្នកនិយាយ
  • អង្គុយនៅទីតាំងល្អ (ឃើញ និងឮ)
  • ធ្វើការកត់ត្រា
  • កុំកាត់សំដីមុន

សរុបសេចក្តីមក​ អ្នកដឹកនាំដែលស្តាប់មានប្រសិទ្ធិភាព នាំឲ្យទទួលព័ត៌មានកាន់តែមានប្រសិទ្ធិភាព បង្កើនទំនាក់ទំនងកាន់តែល្អជាមួយកូនចៅ កាន់តែងាយដឹកនាំកូនចៅ និងជាចុងក្រោយក្លាយជាអ្នកដឹកនាំដ៏អស្ចារ្យ។


អត្ថបទទាក់ទង

តើអ្វីទៅជាការប្រាស្រ័យទាក់ទង?

 

Leave a Reply