ភាពឆ្លាតវៃ ទាំង៨ ដោយ ហ្គាដណ័រ ឬ Gardner’s Theory of Multiple Intelligences

លោក ហ្កាដណ័រ បានលើកឡើងថា មនុស្សយើងមានសារជាតិនៃភាពឆ្លាតវៃក្នុងការប្រឈមមុខនៅក្នុងលោកយើងនេះ ដើម្បីបំពេញតម្រូវការក្នុងផ្លូវផ្សេងៗយ៉ាងតិច ៨ យ៉ាង រួមទាំងភាពឆ្លាតខាងភាសា និងគណិតវិទ្យា ដែលប្រព័ន្ធសិក្សាពីសម័យមុនឲ្យតម្លៃខ្ពស់ជាងផ្នែកផ្សេងៗផងដែរ។ ភាពឆ្លាតវៃផ្សេង ឬពហុបញ្ញា (Multiple-Intelligences) ដែលលោក ហា្កដណ័រ បែងចែកទាំង ៨ យ៉ាងនោះមាន៖

១.​ ភាពឆ្លាតវៃខាងភាសា (Linguistics Intelligence)

ជាភាពឆ្លាតពូកែក្នុងការចេះប្រើភាសាដូចជា ការឆាប់យល់ពីអត្ថន័យផ្សេងៗ ការពូកែនិយាយ ពូកែសរសេរ ការចេះផ្តល់ព័ត៌មានឲ្យអ្នកទទួលបានយល់ច្បាស់លាស់ ការផ្តល់សញ្ញាខាងអារម្មណ៍ឲ្យអ្នកដទៃអាចយល់បានល្អ សមត្ថភាពក្នុងការរៀនភាសាបរទេស… ជាដើម ។ល។ អ្នកដែលឆ្លាតពូកែក្នុងផ្នែកនេះមានជាអាទិ៍ដូចជាអ្នកនិពន្ធ កវី អ្នកឃោសនា អ្នកច្បាប់ អ្នកនយោបាយ ជាដើម។ ប៉ុន្តែសមត្ថភាពក្នុងផ្នែកនេះមានសារៈសំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះថាចំណេះដឹងខាងភាសា គឺជាមូលដ្ឋានគ្រឹះសម្រាប់ឲ្យយើងទៅរៀនមុខវិជ្ជាដទៃផ្សេងៗទៀតបានល្អ។ បើយើងមិនពូកែខាងភាសាទេ យើងអាចនឹងមានការលំបាកក្នុងការពង្រីកសមត្ថភាពយល់ដឹងរបស់ខ្លួនទៅលើផ្នែកផ្សេងៗទៀតជាមិនខាន។ អ្នកមានសមត្ថភាពក្នុងផ្នែកនេះតែងសម្បូរមិត្តភក្តិ ពូកែទាក់ទងអ្នកដទៃ បើនឹងនិយាយស្តីអ្វីតែងមានគេចូលចិត្តស្តាប់។ គេក៏ជាអ្នកពូកែស្តាប់ និងពូកែសង្កេត ហើយឆាប់យល់ពីកាយវិការ ឬអាកប្បកិរិយាផ្សេងៗរបស់មនុស្សផងដែរ។

២. ភាពឆ្លាតវៃខាងតក្កៈ និងគណិតវិទ្យា (Logical-Mathematical Intelligence)

ជាសម្ថភាពក្នុងការពិនិត្យបញ្ហាផ្សេងៗប្រកបដោយហេតុផល ហើយមានផែនការច្បាស់លាស់ទៅតាមការគន់គូរបែបវិទ្យាសាស្ត្រ ពុំមែនចេះតែថាឲ្យរួចពីមាត់ឬថាព្រាវៗនោះទេ។ អ្នកឆ្លាតពូកែក្នុងផ្នែកនេះមានដូចជា អ្នកវិទ្យាសាស្ត្រ អ្នកគណិតសាស្រ្ត អ្នកស្រាវជ្រាវ អ្នកសរសេរកម្មវិធីកុំព្យូរទ័រ អ្នកហិរញ្ញវត្ថុ វិស្វករជាដើម។

៣. ភាពឆ្លាតវៃខាងតូរ្យតន្ត្រី (Musical Intelligence)

សមត្ថភាពក្នុងផ្នែកនេះគឺការយល់ដឹងនិងការចេះបង្កបង្កើតតន្រ្តី យល់ដឹងអំពី សំឡេង ចង្វាក់ភ្លេង និងទម្រង់រួមរបស់តន្រ្តី។ អ្នកពូកែក្នុងផ្នែកនេះមានដូចជាអ្នកតែងបទភ្លេង តន្ត្រីករ DJ អ្នករៀបចំកម្មវិធីតន្ត្រី អ្នកវិភាគរិះគន់ពីតន្ត្រី ។ល។

៤. ភាពឆ្លាតវៃខាងប៉ាន់ស្មានរយៈចម្ងាយ ទីតាំងក្នុងលំហ (Spatial Intelligence)

អ្នកពូកែផ្នែកនេះ គឺជាអ្នកពូកែប្រើរូបារម្មណ៍ ពូកែចងចាំ។ គេអាចមើលឃើញរូបអ្វីៗច្បាស់នៅក្នុងរូបារម្មណ៍របស់ខ្លួន។ អាចគូសវាសរូបភាពអ្វីបានយ៉ាងសមសួន អាចប៉ាន់ប្រមាណអំពីទីតាំងវត្ថុផ្សេងៗយ៉ាងជាក់លាក់ និងយល់ដឹងបានយ៉ាងល្អថា អ្វីគួរដាក់ត្រង់ណា អ្វីគួរនៅត្រង់ណា? អ្នកពូកែខាងផ្នែកនេះមានដូចជា ជាងគំនូរ ចម្លាក់ ស្ថាបត្យករ អ្នកឌីសាញ (Designer) អ្នកនាំផ្លូវ (ដើរព្រៃ) វិស្វករ អ្នកវ៉ៃប៊ូល អ្នកបាញ់សត្វ។ល។ អ្នកដែលពូកែក្នុងផ្នែកនេះ បើដើរទៅតាមទីព្រៃភ្នំ ឬតាមទីក្រុងធំៗ គេតែងពូកែចំណាំ ប្រៀបដូចមានផែនទីនៅក្នុងខួរក្បាលដូច្នោះដែរ។

៥.ភាពឆ្លាតវៃខាងកាយសម្បទា ការធ្វើចលនា (Bodily – Kinesthetic Intelligence)

ជាសមត្ថភាពនៃការគ្រប់គ្រងទៅលើការធ្វើចលនាខ្លួនប្រាណដូចជាអ្នករាំរបាំ សិល្បករ កីឡាករ សៀកជាដើម។

៦. ភាពឆ្លាតវៃក្នុងការស្គាល់ខ្លួនឯង (Intrapersonal Intelligence)

ជាសមត្ថភាពក្នុងការស្វែងយល់ពីចិត្ត និងអារម្មណ៍របស់ខ្លួនឯង។ មនុស្សក្រុមនេះតែងរកពេលវេលាស្ងប់ស្ងាត់ ដើម្បីគិតពីខ្លួនឯង មានសេចក្តីសុខក្នុងការគិតបណ្តើរសួរបណ្តើរពីអត្ថន័យនៃជីវិត ថាតើត្រូវធ្វើដូចម្តេចដើម្បីឲ្យជីវិតបានល្អប្រសើរ។ ភាពឆ្លាតពូកែក្នុងផ្នែកនេះជួយឲ្យយើងចេះគ្រប់គ្រងជីវិតខ្លួនបានល្អ និងចេះពង្រីកសមត្ថភាពក្នុងការងារឲ្យទទួលបាន ជោគជ័យក្នុងឆាកជីវិត។ អ្នកឆ្លាតពូកែផ្នែកនេះមានដូចជា អ្នកនិពន្ធ ទស្សនវិទូ អ្នកអប់រំចិត្ត ពេទ្យចិត្តសាស្រ្ត។

៧. ភាពឆ្លាតវៃក្នុងការស្វែងយល់ពីអ្នកដទៃ (Interpersonal Intelligence)

ជាសមត្ថភាពក្នុងការស្វែងយល់និងចូលចុះជាមួយមនុស្សគ្រប់ប្រភេទ។ អ្នកឆ្លាតពូកែក្នុងផ្នែកនេះតែងមានបុគ្គលិកលក្ខណៈសាមញ្ញ មិនប្រកាន់ខ្លួន តែមានជំហររឹងមាំ ច្បាស់លាស់គួរឲ្យអ្នកផងទុកចិត្ត រាប់អាន ពូកែនិយាយឲ្យ យល់ស្របតាម មានស្នេហ៍មុខ។ មនុស្សក្រុមនេះមានដូចជា​ អ្នកនយោបាយ អ្នកប្រៀនប្រដៅសាសនា គ្រូបង្រៀន អ្នកអប់រំ អ្នកលក់ដូរអ្នកឃោសនាជាដើម។

៨. ភាពឆ្លាតវៃក្នុងការស្គាល់ពីធម្មជាតិ (Naturalist Intelligence)

មនុស្សយើងរស់នៅក្នុងធម្មជាតិ។ ការស្គាល់ពីធម្មជាតិក៏ជាការចាំបាច់របស់យើងដែរ។ អ្នកខ្លះអាចស្គាល់ពីនិស្ស័យរបស់សត្វ រហូតដល់អាចបង្វឹកសត្វបានយ៉ាងងាយ អ្នកខ្លះទៀត (កាលមិនទាន់មានឧតុនិយម) គេយល់ដឹងថា អាកាសបែបនេះត្រូមានភ្លៀងធំ ខ្យល់បែបនេះមិនអាចមានភ្លៀង ទឹក ដី អាកាស ព្រៃឈើ ព្រះអាទិត្យ ព្រះចន្ទមានប្រយោជន៍អ្វីខ្លះដល់មនុស្សយើង? តើត្រូវធ្វើដូចម្តេចដើម្បីប្រើប្រាស់ធម្មជាតិឲ្យមានប្រយោជន៍ដល់មនុស្សលោក? ។ល។ អ្វីទាំងនេះជាភាពឆ្លាតវៃក្នុងការស្គាល់ពីធម្មជាតិរបស់មនុស្ស។ ភាពឆ្លាតពូកែក្នុងការស្គាល់ពីធម្មជាតិ កើតឡើងដោយសារការសិក្សាសង្កេត  ពិនិត្យទៅលើសភាវៈផ្សេងៗ ឬបរិយាកាសជុំវិញខ្លួនយើងនេះឯង។

 

One thought on “ភាពឆ្លាតវៃ ទាំង៨ ដោយ ហ្គាដណ័រ ឬ Gardner’s Theory of Multiple Intelligences

Leave a Reply