បញ្ហាប្រឈមចម្បងៗផ្នែកធនធានមនុស្សចំនួន ៧ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

អាជីវកម្មខ្នាតតូច និងមធ្យម កំពុងមានការរីកចម្រើន ក៏ប៉ុន្តែស្របពេលនឹងការរីកចម្រើននោះ ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មមួយចំនួន កំពុងមានការប្រឈមនឹងបញ្ហានានា ដែលក្នុងនោះបញ្ហាការគ្រប់គ្រងធនធានមនុស្សក៏ជាប្រធានបទមួយដ៏សំខាន់ ដែលអ្នកជំនាញនានាកំពុងលើកយកមកពិភាក្សាផងដែរ ដើម្បីជួយដល់​អាជីវកម្មខ្នាតតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជាយើង។

ដើម្បីធ្វើឱ្យអាជីវកម្មខ្នាតតូច និងមធ្យមរបស់អ្នកដំណើរការទៅដោយរលូន អ្នកត្រូវតែមានសមត្ថភាពក្នុងការស្វែងរកធនធានមនុស្សដែលជៀសមិនរួចដែលប្រាកដថានឹងកើតឡើងចំពោះអាជីវកម្មខ្នាតតូច ដែលទើបចាប់ផ្តើមដំបូងៗ។ 

  • អាជីវកម្មខ្នាតតូច និងមធ្យម អាចត្រូវបានរារាំងដោយបញ្ហាប្រឈមទាក់ទងនឹងធនធានមនុស្សច្រើនជាងអាជីវកម្មធំ ៗ ដោយសារតែធនធានមានកំណត់ រួមទាំងបុគ្គលិក និងប្រាក់ខែផងដែរ។
  • ការគ្រប់គ្រងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព រាប់បញ្ចូលទាំង​ចំណេះ​ដឹងអំពីបញ្ហាធនធានមនុស្សដែលប្រឈម ដោយអាជីវកម្មខ្នាតតូច និងមធ្យមត្រូវរកដំណោះស្រាយ និងមានយុទ្ធសាស្ត្រដើម្បីដោះស្រាយបញ្ហាដែលត្រូវប្រឈមមុខ គឺមានសារៈសំខាន់ណាស់សម្រាប់ការចាប់ផ្តើមអាជីវកម្ម និងអាជីវកម្មខ្នាតតូច និងមធ្យម នៅក្នុងបរិយាកាសធុរកិច្ចប្រកួតប្រជែងក្នុងវិស័យជំនួញ។
  • ឧបសគ្គផ្នែកធនធានមនុស្សដែលប្រឈមមុខជាទូទៅក្នុងអាជីវកម្មខ្នាតតូច និងមធ្យម រួមមានការអនុលោម និងបញ្ហាជួលបុគ្គលិក ការគ្រប់គ្រងប្រាក់ខែបុគ្គលិក ជាមួយអត្ថប្រយោជន៍ និងការជ្រើសរើសបុគ្គលិក និងការរក្សាបុគ្គលិកដែលមានស្នាដៃ ដើម្បីដំណើរការអាជីវកម្មដែលទើបតែចាប់ផ្ដើម។

ម្ចាស់អាជីវកម្មខ្នាតតូច និងមធ្យម និងអ្នកជំនាញផ្នែកធនធានមនុស្ស តែងចង់ដឹងថាតើផ្នែកធនធានមនុស្សមានបញ្ហាប្រឈមអ្វីខ្លះ ដែលពួកគេទំនងជាជួប និងវិធីដែលពួកគេអាចដោះស្រាយបាន។ ខាងក្រោមនេះ ជាដំណោះស្រាយមួយចំនួនសម្រាប់ដោះស្រាយបញ្ហាប្រឈមចម្បងៗផ្នែកធនធានមនុស្សក្នុងអាជីវកម្មខ្នាតតូច និងមធ្យមរបស់អ្នក៖

១. ផលិតភាពរបស់និយោជិក

ផលិតភាពរបស់និយោជិក មានសារៈសំខាន់ណាស់សម្រាប់ភាពជោគជ័យនៃអាជីវកម្មនីមួយៗ ប៉ុន្តែការចូលរួម និងការលើកទឹកចិត្តរបស់បុគ្គលិកមានកម្រិតទាប ការបណ្តុះបណ្តាលមិនគ្រប់គ្រាន់ ឬគ្មានការបណ្ដុះបណ្ដាលតែម្ដង ឬបុគ្គលិកតិចតួចពេក វាអាចរារាំងដល់អាជីវកម្ម។

ដំណោះស្រាយក្នុងការថែរក្សាធនធានមនុស្ស គឺចាប់ផ្តើមការពិភាក្សាជាមួយបុគ្គលិកដើម្បីកំណត់បញ្ហាផលិតភាពឲ្យបានជាក់លាក់។ ទុកឱ្យនិយោជិកទទួលខុសត្រូវចំពោះការអនុវត្តការងាររបស់ពួកគេ កំណត់គោលដៅ និងគោលបំណងជាក់លាក់ណាមួយ និងធ្វើការត្រួតពិនិត្យការអនុវត្តការងារជាផ្លូវការដើម្បីកត់ត្រាភាពរីកចម្រើនរបស់អាជីវកម្ម។

ចូរបង្កើនការលើកទឹកចិត្ត និងការចូលរួមដោយវិនិយោគក្នុងការបណ្តុះបណ្តាលនៅកន្លែងណាដែលអាចធ្វើទៅបាន និងទទួលស្គាល់ជាប្រចាំនូវវិភាគទាន និងសមិទ្ធិផលរបស់និយោជិកដែលបានសាងឲ្យអាជីវកម្មរបស់អ្នក។ “អ្នកនឹងមានការភ្ញាក់ផ្អើលចំពោះវិសាលភាព ដែលជាពាក្យល្អក្នុងការសរសើរ និងទទួលបានការជឿទុកចិត្តមានឥទ្ធិពលលើនិយោជិករបស់អ្នក ក្នុងការផ្តល់ឱ្យជាអតិបរមារបស់ពួកគេ។”

២. ភាពធន់នឹងការទទួលយកធ្វើឲ្យប្រសើរឡើងផ្នែកបច្ចេកវិទ្យា

បច្ចេកវិទ្យាបន្តវិវឌ្ឍន៍ទៅមុខ អាជីវកម្មដែលមិនមានភាពផ្លាស់ប្ដូរ និងគ្មានការប្រើប្រាស់នៅប្រព័ន្ធបច្ចេកវិទ្យា គឺមិនអាចឈរជើងបានក្នុងវិស័យមុខជំនួញបានទេ ដូច្នេះនយោជិកដែលធ្វើការក្នុងអាជីវកម្មគ្មានអភិវឌ្ឍន៍ខាងបច្ចេកវិទ្យា កម្រិតនៃសម្ថភាពធនធានមនុស្សក្នុងអាជីវកម្មរបស់អ្នកក៏មានកម្រិតទៅតាមអាជីវកម្មរបស់អ្នកដែរ។

ដំណោះស្រាយសម្រាប់បញ្ហានេះ គឺពន្យល់ដល់និយោជិករបស់អ្នកអំពីមូលហេតុ និងរបៀបប្រើបច្ចេកវិទ្យា ដោយសង្កត់ធ្ងន់ថាតើវានឹងផ្តល់អត្ថប្រយោជន៍ដល់អាជីវកម្ម ថែមទាំងធ្វើឱ្យការងាររបស់ពួកគេកាន់តែងាយស្រួលផងដែរ។ ចូរបង្កើតគោលដៅ និងពេលវេលាកំណត់ច្បាស់លាស់ សម្រាប់គំនិតផ្តួចផ្តើមអនុវត្តបច្ចេកវិទ្យានីមួយៗ ទាញយកអត្ថប្រយោជន៍ពីការបណ្តុះបណ្តាលណាមួយដែលមានពីអ្នកលក់ តាមរបៀប បច្ចេកវិទ្យាដើម្បីបង្កើនកម្រិតភាពងាយស្រួលរបស់និយោជិកជាមួយនឹងកម្មវិធីថ្មី។

៣. ការបណ្តុះបណ្តាលបុគ្គលិក

ការផ្តល់ការបណ្តុះបណ្តាលបុគ្គលិកឱ្យបានត្រឹមត្រូវ អាចជួយបង្កើនប្រសិទ្ធភាពនៃអាជីវកម្មរបស់អ្នក ហើយថែមធ្វើឲ្យបុគ្គលិកដែលអ្នកបណ្ដុះបណ្ដាលមានភាពស្មោះត្រង់ផងដែរ។ សម្រាប់ម្ចាស់អាជីវកម្មខ្នាតតូច ថវិកា និងពេលវេលា អាចជាឧបសគ្គក្នុងការបណ្ដុះបណ្ដាល។

ទោះជាយ៉ាងណាក៏ដោយអ្នកគ្រប់គ្រង និងអ្នកដឹកនាំជាន់ខ្ពស់ដទៃទៀត អាចធ្វើជាអ្នកណែនាំដល់និយោជិកទាំងអស់ក្នុងអាជីវកម្មក៏បាន។

៤. ការរក្សានិយោជិកដែលមានទេពកោសល្យ

ការរក្សានិយោជិកដែលមានទេពកោសល្យអាចជាការពិបាក ដូចជាការស្វែងរកនិយោជិកត្រឹមត្រូវសម្រាប់អាជីវកម្មដែរ។ ប្រសិនបើអ្នកចង់រក្សាបុគ្គលិកដែលមានទេពកោសល្យនៅកន្លែងរបស់អ្នក ម្ចាស់អាជីវកម្មគ្រប់គ្នា គួរតែផ្តល់ជូនប្រាក់ខែប្រកួតប្រជែង រួមជាមួយកញ្ចប់អត្ថប្រយោជន៍គួរឱ្យទាក់ទាញ រួមមានការបញ្ជាក់តួនាទី គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់អាជីវកម្ម និងការភ្ជាប់ទំនាក់ទំនង លើកទឹកចិត្តបុគ្គលិករបស់អ្នកឱ្យស្វែងរក និងរៀនជំនាញថ្មីៗ ដើម្បីបង្កើនលទ្ធភាពរក្សាពួកគេ។

៥. សំណងរបស់និយោជិក

អាជីវកម្មខ្នាតតូច និងមធ្យម ជាធម្មតា មានការខ្វះខាតក្នុងការចំណាយ ដែលធ្វើឱ្យពួកគេមានគុណវិបត្តិក្នុងការប្រកួតប្រជែងជាមួយអាជីវកម្មធំៗដើម្បីរក្សាបុគ្គលិក។ ការចំណាយនៃអត្ថប្រយោជន៍ ពន្ធ ការបណ្តុះបណ្តាល និងការចំណាយផ្សេងៗទៀត ទាំងអស់នេះអាចស្មើនឹងបីដងនៃប្រាក់ខែរបស់និយោជិក ដែលអាចធ្វើមានបញ្ហាកាន់តែធ្ងន់ធ្ងរសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម។

សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម គួរតែធ្វើផែនការសម្រាប់ទូទាត់ប្រាក់ខែរបស់បុគ្គលិកឲ្យបានសមរមតាមមុខដំណែងការងារ ដោយជំនួសមកវិញនៅអត្ថប្រយោជន៍បន្ថែមជំនួសវិញ ដែលអាចធ្វើឱ្យប្រសើរឡើងនូវតុល្យភាពការងាររបស់និយោជិក ដូចជាម៉ោងធ្វើការអាចបត់បែនបាន និងការឈប់សម្រាកបន្ថែមដល់ពួកគេ។

៦. ការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ 

ភាគច្រើនការងារក្នុងអាជីវកម្មខ្នាតតូច និងមធ្យម គឺមិនបានគោរពតាមគោលការណ៍នៃច្បាប់ស្តីពីការងារគ្រប់គ្រាន់នោះទេ ភាគច្រើន ពួកគេតែងតែប្រើបុគ្គលិកខុសអំពីច្បាប់ស្តីពីការងារក្នុងស្រុក រួមមានប្រាក់ឈ្នួល ការកាត់ពន្ធប្រាក់ខែ ថ្ងៃឈប់សម្រាកឈឺរបស់បុគ្គលិក និងសុវត្ថិភាពនៅកន្លែងធ្វើការ ទាំងអស់នេះអាចធ្វើអាជីវកម្មខ្វះធនធានមនុស្ស ដោយសារតែពួកគេត្រូវប្រើឲ្យធ្វើការខុសអំពីគោលការណ៍ច្បាប់ស្តីពីការងារ។

ការគោរពតាមគោលការណ៍ច្បាប់ស្តីពីការងារ មានការពិបាកកាន់តែខ្លាំងឡើងសម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម ជាពិសេសអាជីវកម្មខ្នាតតូច ដែលជាអាជីវកម្មមានបែបផែនជាលក្ខណៈគ្រួសារ។ ចូររក្សាការផ្លាស់ប្តូរទាំងនេះ និងធានាថាការអនុលោមតាមច្បាប់ អាចជាការងារពេញម៉ោងតាមស្ដង់ដារ។

សម្រាប់ដំណោះស្រាយនោះ គឺម្ចាស់អាជីវកម្មគួរពិនិត្យមើលមគ្គុទេសក៍ស្តីពីច្បាប់ការងាររបស់ក្រសួងការងារសម្រាប់ការវិវត្តចុងក្រោយនៃច្បាប់ស្តីពីការងារ។ ការផ្លាស់ប្ដូរបែបផែននៃអាជីវកម្មរបស់អ្នកឲ្យក្លាយជាស្ដង់ដារ ដែលអាចជះឥទ្ធិពលដល់អាជីវកម្មរបស់អ្នកឲ្យកាន់តែរីកចម្រើនទៅមុខតាមបែបផែនរបស់អាជីវកម្មខ្នាតធំ។ អ្នកគួរតែពិគ្រោះជាមួយមេធាវីជាមុន ជាមួយនឹងសំណួរជាក់លាក់របស់អ្នក ដើម្បីវាយតម្លៃកម្រិតអាជីវកម្មរបស់អ្នកចំពោះការអនុលោមតាមច្បាប់ស្តីពីការងារ ដែលអាចអនុវត្តបានតាមច្បាប់ក្នុងស្រុក។

៧. ភាពអត់ធន់នឹងការផ្លាស់ប្តូរអាជីវកម្ម

រចនាសម្ព័ន្ធគ្រប់គ្រងអាជីវកម្ម ដំណើរការ និងយុទ្ធសាស្ត្រខាងក្នុងរបស់អ្នក ត្រូវបានផ្លាស់ប្ដូរនៅពេលក្រុមហ៊ុនរបស់អ្នករីកចម្រើនធំទៅៗ ផលិតភាពថយចុះ ភាពរង្គោះរង្គើរ និងបញ្ហាផ្សេងទៀត អាចអមដំណើរក្នុងការវិវត្តនេះ វាគឺជារឿងជៀសមិនផុតទេ។

ម្ចាស់អាជីវកម្ម គួរធ្វើការប្រាស្រ័យទាក់ទងជាមួយនយោជិក ព្រោះវាមានសារៈសំខាន់ណាស់នៅក្នុងការពិភាក្សារបស់អ្នកជាមួយនិយោជិក ដោយផ្តោតលើហេតុផលនៅពីក្រោយការផ្លាស់ប្តូរ និងអ្វីដែលអ្នករំពឹងថាអាចមកពីពួកគេ។ ទោះបីជាការផ្លាស់ប្តូរបង្កបញ្ហាប្រឈមក៏ដោយ អ្នកមិនគួរមើលរំលងដំណោះស្រាយការផ្លាស់ប្តូរជាញឹកញាប់នៅក្នុងការប្រជុំក្រុម តាមអ៊ីមែល និងព្រឹត្តិប័ត្រព័ត៌មានក្រុមហ៊ុនជាដើម។

អត្ថបទជំនួយ៖ Julie Ritzer Ross (2020), Top 14 HR Challenges for Small Businesses, Business News Daily

 


អត្ថបទទាក់ទង

យុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ក្នុងការគ្រប់គ្រងមនុស្សប្រកបដោយប្រសិទ្ធភាពបំផុត

Leave a Reply