ជំហានទាំង ៤ ដើម្បីបង្កើតវប្បធម៌ឈ្នះៗនៅក្នុងស្ថាប័ន

វប្បធម៌ បានកំណត់នូវមូលដ្ឋានគ្រឹះនៃភាពជោគជ័យ ប៉ុន្តែតើអ្វីជាវប្បធម៌ឈ្នះៗ? ពាក្យថា វប្បធម៌ គឺសំដៅទៅលើជំនឿ គំនិត គុណតម្លៃ ច្បាប់វិន័យ និងក្រមសីលធម៌នៅក្នុងអង្គភាព ឬស្ថាប័នណាមួយ ហើយវប្បធម៌នេះដែរ បានប​ង្ហាញពីរបៀបដែលមនុស្សគិត​ អារម្មណ៍ដែលមនុស្សមាន និងសកម្មភាពដែលមនុស្សធ្វើជាក់ស្ដែង។

ក្រុមហ៊ុនមួយដែលមានការកំណត់នូវវប្បធម៌មួយជាក់លាក់ ច្បាស់លាស់ និងម៉ឺងមាត់ នោះសមិទ្ធផលដែលពួកគេនឹងទទួលបានក៏ល្អប្រសើរទៅតាមគោលការណ៍ទាំងអស់នេះដែរ។ ប្រសិនជាអង្គភាពមានវិន័យតឹងរឹង គោរពពេលវេលាជាមួយនឹងបុគ្គលិក នោះអាកប្បកិរិយានៃការមកបំពេញការងារក៏ទៀងទាត់ដែរ ហើយបើសិនជាវប្បធម៌ក្នុងក្រុមហ៊ុនបានកំណត់ពីសីលធម៌ គុណធម៌ គុណតម្លៃ និងមាន​គោលដៅជាក់លាក់ នោះប្រសិទ្ធភាពការងាររបស់បុគ្គលិករបស់អ្នកក៏កើនឡើងដែរ។

វប្បធម៌ដែលឈ្នះ គឺជាវប្បធម៌ដែលបានកំណត់នូវឥរិយាបទត្រឹមត្រូវ វិជ្ជមាន និងមានការរំពឹងទុកខ្ពស់ ដើម្បីទទួលបាននូវភាពជោគជ័យ។ ដូចនេះ ទើបការកំណត់វប្បធម៌នៅក្នុងក្រុមហ៊ុន ពិតជាមានសារៈសំខាន់ ព្រោះវាជួយបង្កើននូវភាពខ្លាំង និងការលូតលាស់របស់ក្រុមហ៊ុន។ ខាងក្រោមនេះ គឺជាជំហានទាំង ៤ ដែលខ្ញុំធ្លាប់ប្រើក្នុងនាមជាសហគ្រិន ដើម្បីដោះស្រាយនឹងបញ្ហាប្រឈមទូទៅទាំងនេះ៖

១. បង្កើតនូវចក្ខុវិស័យ ហើយចែករំលែកវា

អ្នកត្រូវតែបង្ហាញនូវចក្ខុវិស័យរបស់អ្នក ហើយចែករំលែកទៅកាន់កូនក្រុមរបស់អ្នក ដើម្បីឲ្យពួកគេយល់ច្បាស់ពីគោលដៅរបស់ក្រុមហ៊ុន។ អ្នកត្រូវប្រាកដថា ការបង្ហាញនូវចក្ខុវិស័យរបស់អ្នក ត្រូវបញ្ចូលទាំងក្ដីសង្ឃឹម ក្ដីស្រមៃ និងការលើកទឹកចិត្តទៅដល់ពួកគេជាដើម។ លោក Elon Musk បានបង្ហាញពីចក្ខុវិស័យដ៏រស់រវើកនៅឯ SpaceX : បង្កើតយានអាវកាសមួយដែលអាចនាំមនុស្សទូទៅទៅកាន់ភពព្រះអង្គារ។ ជាលទ្ធិផលអ្នករាល់គ្នាដែលធ្វើការនៅក្នុងក្រុមហ៊ុន SpaceX ដឹងថាបេសកកម្មនោះជាអ្វីហើយយល់ពីតួនាទីរបស់ពួកគេបានយ៉ាងច្បាស់លាស់ក្នុងការសម្រេចវា។ វាគឺជាប្រភេទចក្ខុវិស័យមួយដែលជួយធ្វើឲ្យក្រុមហ៊ុនទទួលបានជោគជ័យ។

២. ដឹងពីមូលហេតុដែលនៅពីក្រោយអាជីវកម្មរបស់អ្នក

ប្រសិនបើចក្ខុវិស័យរបស់អ្នកគឺជាអ្វី នោះជំនឿរបស់អ្នកគឺជាមូលហេតុ។ ប្រព័ន្ធជំនឿរបស់អ្នកត្រូវតែជាផ្នែកមួយនៃការប្រាប់ពីចក្ខុវិស័យរបស់អ្នក។ កូនក្រុមរបស់អ្នកត្រូវតែយល់ដឹងពីមូលហេតុរបស់អ្នក ថាហេតុអ្វីបានជាវាមានសារៈសំខាន់ចំពោះអ្នក។ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Salesforce លោក Marc Benioff បានកំណត់ចក្ខុវិស័យរបស់គាត់ចំពោះក្រុមហ៊ុនហើយបាននិយាយអំពីគំរូបច្ចេកវិទ្យាថ្មី (Cloud) និងគំរូអាជីវកម្មថ្មី (Subscription service) ដែលហៅថា 1-1-1 ទៅកាន់កូនក្រុមដើម្បីឲ្យគេបានយល់ពីចក្ខុវិស័យរបស់ក្រុមហ៊ុនឲ្យបានកាន់តែច្បាស់លាស់ ហើយខិតខំបំពេញការងារឲ្យបានល្អ។

៣. ប្រាប់ពីការរំពឹងទុក

ដើម្បីធ្វើឲ្យដំណើរការការងារដែលអ្នកផ្ដល់ទៅឲ្យកូនក្រុមរបស់អ្នកប្រព្រឹត្តទៅបានយ៉ាងរលូន អ្នកត្រូវតែពន្យល់ពួកគេឲ្យយល់ពីអ្វីដែលអ្នកនឹងធ្វើ ហើយបង្ហាញពីភាពច្បាស់លាស់នូវអ្វីដែលអ្នករំពឹងទុកថានឹងទទួលបាន។ បន្ទាប់មក ចូលរួមជាមួយពួកគេក្នុងការកំណត់នូវអ្វីដែលពួកគេនឹងធ្វើ ហើយនឹងត្រូវធ្វើវាឡើងនៅពេលណា។​ ភាពច្បាស់លាស់នេះ គឺចាំបាច់សម្រាប់ភាពជោគជ័យរប​ស់ពួកគេ និងក្រុមហ៊ុនទាំងមូល។ ឧទាហរណ៍ដូចជាបុគ្គលិកគ្រប់រូបនៅ Amazon ត្រូវយល់ដឹងអំពីការរំពឹងទុករបស់ Jeff Bezos ទៅលើពួកគេ។ ជាក់ស្ដែងនៅឆ្នាំ ១៩៩៧ គាត់បានសរសេរជាលាយលក្ខណ៍អក្សរទៅម្ចាស់ភាគហ៊ុន Amazon ថា “នៅពេលដែលខ្ញុំសម្ភាសមនុស្ស ខ្ញុំប្រាប់ពួកគេថា អ្នកអាចធ្វើការបានយូរ មានការព្យាយាម ឬក៏ឆ្លាត ប៉ុន្តែអ្នកមិនអាចជ្រើសរើសពីរនៅក្នុងចំណោមបីបានទេ។” ខ្ញុំចង់និយាយថា ការរំពឹងរបស់ Jeff Bezos គឺច្បាស់លាស់ ហើយមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនត្រូវបានគេស្គាល់ចំពោះក្រមសីលធម៌ការងារ។

៤. ធ្វើឲ្យមនុស្សគ្រប់គ្នាមានទំនួលខុសត្រូវខ្ពស់

ជាមួយនឹងការកំណត់នូវការរំពឹងទុក គឺជាពេលដែលត្រូវណែនាំកូនក្រុមទាំងអស់ឲ្យមានទំនួលខុសត្រូវជាមួយនឹងការងារ។ អ្នកត្រូវជួយក្រុមរបស់អ្នក រៀនពីរបៀបរក្សាពិន្ទុសម្រាប់ខ្លួនឯង អភិវឌ្ឍសមត្ថភាពខ្លួនឯង និងលើកកម្ពស់ខ្លួនឯងឲ្យកាន់តែមានតម្លៃ និងមានការទទួលខុសត្រូវខ្ពស់។ ទាំងនេះ វាគឺជាវប្បធម៌ឈ្នះមួយ ដែលអ្នកអាចពង្រឹងនូវឥរិយាបទខ្លួនឯង និងជួយឲ្យដំណើរការអាជីវកម្មកាន់តែទៅមុខយ៉ាងរលូន។ អ្នកត្រូវដឹងថា មនុស្សដែលអ្នករាល់គ្នាឲ្យតម្លៃ និងផ្ដល់នូវការគោរពកោតសរសើរ គឺជាមនុស្សម្នាក់ដែលមានទំនួលខុសត្រូវខ្ពស់ មានភាពម៉ឹងម៉ាត់ និងហ្មត់ចត់ជាមួយនឹងការងារ។

សម្រួលពី៖ James Kerr, 4 Steps to Create a Winning Culture (and Company) from Scratch, Inc.


អត្ថបទទាក់ទង

អត្ថប្រយោជន៍ទាំង ៩ នៃការ​ចងក្រង​វប្បធម៌ក្រុមហ៊ុន

 

Leave a Reply