៣ចំណុចដែលអ្នកគ្រប់គ្រងត្រូវដឹងពីបុគ្គលិកក្រោមបង្គាប់

អ្នកគ្រប់គ្រង មានតួនាទីច្រើនណាស់ ជាពិសេសអ្នកគ្រប់គ្រងដែលមានកូនចៅច្រើន។ ពួកគាត់ អាចនឹងត្រូវដោះស្រាយបញ្ហារបស់ថ្នាក់ក្រោម ម្តងម្នាក់ មិនចេះចប់។ អ្នកគ្រប់គ្រង មិនអាចគ្រប់គ្រងអ្នកណាម្នាក់ដោយមិនដឹងអ្វីសោះពីគេនោះទេ។

ខាងក្រោមនេះ ខ្ញុំនឹងបង្ហាញ​ ៣ចំណុចដែលអ្នកគ្រប់គ្រងចាំបាច់ត្រូវតែដឹង។

មុននឹងចូលដល់ចំណុចទាំង៣នេះ ខ្ញុំសូមជូនជាគំនិតមួយសម្រាប់អ្នកគ្រប់គ្រងទាំងអស់។ បើសិនជាអ្នកហ៊ានសម្រេចចិត្ត អ្នកត្រូវតែហ៊ានទទួលខុសត្រូវ។ កុំសម្រេចចិត្ត ដោយមិនបានគិតពីលទ្ធផលដែលមកតាមក្រោយ និងមិនត្រូវរត់គេច ពេលលទ្ធផលមិនល្អដោយការប៉ាន់ស្មាននោះទេ។ អ្នកគ្រប់គ្រងល្អ រក្សាជំហរខ្លួនឯង ដើម្បីបំពេញទំនួលខុសត្រូវក្នុងការងារ។

បើសិនជាអ្នកហ៊ានសម្រេចចិត្ត អ្នកត្រូវតែហ៊ានទទួលខុសត្រូវ។

ការដែលខ្ញុំលើកឡើងពីគំនិតខាងលើនេះ ព្រោះថា បើសិនជាអ្នកគ្រប់គ្រងមិនដឹងពី៣ចំណុចដែលខ្ញុំនឹងលើកឡើងនេះទេ ពួកគេត្រូវតែប្រឈមមុខនឹងកំហុសជាច្រើន។ អ្នកគ្រប់គ្រងគ្មានប្រសិទ្ធភាព គ្រប់គ្រងដើម្បីតែសូមទោស។

ឥលូវចូលមកប្រធានបទរបស់យើងវិញ។

ចំណុចទី១ ៖ ទេពកោសល្យរបស់បុគ្គលិក

ទេពកោសល្យ សំដៅដល់អ្វីដែលបុគ្គលិកអាចធ្វើបានពីកំណើត ឬមិនបាច់ប្រឹងប្រែងពេក។​ បុគ្គលិកខ្លះពូកែនិយាយ ខ្លះទៀតពូកែសង្កេត ហើយអ្នកខ្លះ ពូកែខាងគិត។ អ្នកគ្រប់គ្រង ត្រូវតាមពិនិត្យមើលថា តើអ្វីដែលបុគ្គលិកអាចធ្វើបាន ដោយមិនចាំបាច់​រៀនថែម ឬមានគេចាំជួយ។​

ទេពកោសល្យ ធ្វើឲ្យការងារមានប្រសិទ្ធភាពជាងមុន។ ទេពកោសល្យ ក៏ធ្វើឲ្យបុគ្គលិកមានឱកាសបង្កើតលទ្ធផលដែលអ្នកផ្សេងទៀតមិនអាចធ្វើបានដែរ។

ចំណុចទី២ ៖ ជំនាញ

បុគ្គលិកជំនាញ​ ជាទីពឹងរបស់ស្ថាប័ន។ គ្មានបុគ្គលិកជំនាញ អ្វីដែលស្ថាប័នដាក់គោលដៅរួច ត្រូវចំណាយពេលលើសពីការគ្រោងទុក ដើម្បីធ្វើឲ្យចេញជាលទ្ធផល។ អ្នកគ្រប់គ្រងត្រូវដឹងថា តើបុគ្គលិកជំនាញក្នុងផ្នែកអ្វី ហើយចាត់បុគ្គលិកទៅធ្វើការងានោះ។

ការគ្រប់គ្រង ជាការចាត់តាំងមនុស្សឲ្យត្រូវនឹងជំនាញរបស់ពួកគេ។ អ្នកគ្រប់គ្រង ត្រូវសម្លឹងមើលបុគ្គលិកដោយស្មើភាពគ្នា និង​ថ្លឹងថ្លែងជំនាញរបស់ពួកគេ ជាមួយនឹងការងារ។ កុំយកញញួរតូចទៅវាយរលំជញ្ជាំង។ ទោះបីជាអាចរលំបាន ក៏វាត្រូវការពេលវេលាយូរដែរ។

ចំណុចទី ៣ ៖ ចំណុចខ្លាំង

បុគ្គលិកម្នាក់ អាចចំណុចខ្លាំងផង និង​ចំណុចខ្សោយផង។ នៅពេលចាត់តាំងការងារ ត្រូវតែប្រាកដថា បុគ្កលិកនោះអាចប្រើចំណុចខ្លាំងរបស់គាត់បាន។ កុំរំពឹងថា ការធ្វើការងារដែលផ្ទុយពីអ្វីដែលចំណុចខ្លាំង អាចជួយឲ្យបុគ្គលិករីកចម្រើនឲ្យសោះ។

គេអភិវឌ្ឍចំណុចខ្លាំងរបស់បុគ្គលិក ឲ្យខ្លាំងលើសដើម តែគេមិនចំណាយពេលទៅអភិវឌ្ឍចំណុចខ្សោយរបស់បុគ្គលិកទេ ព្រោះវាខាតពេល ហើយមិនប្រាកដថាបានផល។

អ្នកគ្រប់គ្រងគួរតែមានតារាងឈ្មោះបុគ្គលិកក្រោមបង្គាប់ទាំងអស់ក្នុងដៃ ហើយកត់ចំណាំចំណុចទាំង៣នេះ របស់បុគ្គលិកនីមួយៗ។ ពេលណា ត្រូវការប្រើមនុស្ស គួរតែបើកមើលបន្តិចថា បុគ្គលិកនោះ មានអ្វីដែលចង់បានដែរទេ។

Leave a Reply