៦ចំណុច បែបលក្ខណៈ​វិទ្យាសាស្ដ្រ ដែលអាចជួយបង្កើនភាពក្លាហានឲ្យអ្នកបាន

យោង​តាម​ការ​អង្កេត​​​តាម​ល្ខណៈ​វិទ្យាសាស្ដ្របាន​ឲ្យដឹង​ថា បុគ្គល​ដែល​អាច​គ្រប់គ្រង​ គំនិត អារម្មណ៍ និង​អាកប្បកិរិយា​របស់​ខ្លួន​បាន គឺជាបុគ្គល​ក្លាហាន។ ដូច្នេះ អ្នក​ត្រូវ​តែ​ជា​មនុស្ស​ដែល​អាច​គ្រប់គ្រង​រាល់គំនិត អារម្មណ៍ និង​អាកប្បកិរិយារបស់អ្នក​បាន ដើម្បី​ក្លាយ​ជា​បុគ្គល​ក្លាហាន។ ភាព​ជោគជ័យ​នឹង​កើតមាន​ចំពោះ​អ្នក​ជាក់​ជា​មិន​ខាន បន្ទាប់ពីអ្នក​អាច​ធ្វើ​រឿង​​ទាំង​នេះបាន។

ខាង​ក្រោម​ជា​បច្ចេកទេស​វិទ្យាសាស្ដ្រ​ដែល​អាច​ជួយ​អ្នកឲ្យបង្កើនភាពក្លាហានបាន៖

១. ស្គាល់​ខ្លួន​ឯង​ឱ្យ​ច្បាស់

ការ​ស្គាល់​ខ្លួន​ឯង​ គឺសំខាន់​បំផុត វា​អាច​ធ្វើ​ឱ្យ​អ្នក​ស្គាល់​ពី​ចំណុចខ្លាំង និងចំណុច ខ្សោយរបស់ខ្លួន។ លើស​ពី​នេះ​ទៅទៀត ការ​ស្វែង​យល់​ពី​ខ្លួន​ឯង គឺអាច​ឱ្យ​អ្នក​ដឹង​ពី​ធាតុ​ពិត​នៃគំនិត និង​អារម្មណ៍របស់​អ្នក ដូច្នេះ​អ្នក​អាច​គ្រប់គ្រងរាល់​សកម្មភាព និងអាកប្បកិរិយាដែល​អ្នកសម្ដែងចេញ​ ព្រម​ទាំង​អាច​ដុស​ខាត់រាល់​ចំណុច​ដែលអ្នកខ្វះខាត​បាន។ ចូរ​អ្នកធ្វើ​ការ​កត់សម្គាល់ខ្លួន​ឯងជាប្រចាំ តាមរយៈ​ការធ្វើ​កំណត់​ហេតុ​ប្រចាំ​ថ្ងៃ ដើម្បីឲ្យអ្នក​អាច​ស្គាល់ខ្លួន​ឯង​បាន។

២. រស់នៅតាម​ជីវិតដែល​ខ្លួន​ចង់បាន

អ្នក​គួរ​តែ​ជឿជាក់​លើខ្លួន​ឯង​ ហើយ​ត្រូវ​ចេះ​ស្គាល់​ថា​អ្វី​ដែល​ល្អ​បំផុត​សម្រាប់ខ្លួន​អ្នក។ ជាទូទៅ​ អ្នក​អាច​ស្ដាប់​ការ​ឱ្យ​យោបល់ ឬដំបូន្មាន​ពី​អ្នកដ៏ទៃ​បាន តែ​ត្រូវ​ចេះ​ពិចារណា​ថ្លឹងថ្លែងពី​គំនិត​ទាំងនោះ ​ហើយ​ធ្វើ​ការ​សម្រេចចិត្ត​មួយដែល​អ្នកពេញចិត្តនិង​ចង់បាន មិនមែនការសម្រេចចិត្ត​ដែលបម្រើ​ ឬផ្គាប់ផ្គន់ឱ្យបុគ្គលណាម្នាក់ឡើយ។

៣. មានចិត្តប្ដេជ្ញាធ្វើជាមនុស្សរឹងមាំ

មនុស្សរឹងមាំ​ភាគច្រើន​តែងតែ​ព្យាយាម​ធ្វើអ្វីៗ​ដែល​ជម្រុញ​ខ្លួន​គេឱ្យក្លាយ​ជាមនុស្ស​រឹង​មាំ និងកាន់​តែ​រឹងមាំ​​ខ្លាំងឡើងៗ។ ពួកគេតែងតែព្យាយាម​ស្រាវជ្រាវ​រក​វិធីសាស្ដ្រផ្សេងៗ​ដែល​អាចជួយ​បង្កើន​ភាពរឹងមាំ​ដល់ពួក​គេបាន ដូចជា សម្លៀកបំពាក់​ ឬសម្ភារ:ដែលមាន​អក្សរជម្រុញលើកទឹកចិត្ត ពង្រឹងស្មារតី… ជាដើម។

៤. រៀនចេះ​ទទួល​ស្គាល់ការពិត

មនុស្ស​ដែល​រឹង​មាំ​ គឺជាមនុស្សដែល​ហ៊ានទទួលស្គាល់ការ​ពិត​ និង​ហ៊ាន​បង្ហាញ​ប្រាប់អ្នក​ដ៏ទៃ​ពី​អ្វី​ដែល​ខ្លួន​ឯង​មាន ត្រូវការ និងអ្វី​ដែល​ខ្លួនឯង​ប្រាថ្នា និង​ចង់បាន។ ទោះ​បីជា​ការ​បង្ហាញ​ប្រាប់​ពី​ការ​ពិត​ទៅ​ដល់​អ្នក​ដ៏ទៃ​នោះអាច​នឹង​ធ្វើ​ឱ្យ​អ្នក​បាត់​បង់​មិត្ត​ភក្រ្តមួយចំនួន តែ​យ៉ាង​ហោច​ណាស់​អ្នក​នឹង​ទទួល​បាន​នូវ​មិត្ត​ភក្រ្ត ​និង​បុគ្គល​មួយចំនួន​ដែល​រាប់​អាន​អ្នកពិត និង​កោត​សរសើរ​ចំពោះ​ភាព​ស្មោះត្រង់​របស់​អ្នក។

៥. ស្វែង​យល់​ពី​អារម្មណ៍​ខ្លួន​ឯង

អារម្មណ៍​របស់​អ្នក​តែង​តែ​ស្ដែង​ចេញតាមរយៈ​​អាកប្បកិរិយា​របស់​អ្នក ហើយ​ពេល​ខ្លះ​អាកប្បកិរិយា​ទាំង​នោះ​ត្រូវ​បាន​បង្ហាញ​ចេញ​មក​ដោយ​អ្នកមិន​បាន​ដឹង​ខ្លួន​ឡើយ។ ហេតុ​នេះ អ្នក​គួរ​ស្វែង​យល់​ពី​អារម្មណ៍​របស់​អ្នក​នៅ​ពេល​ត្រូវ​បាន​ប៉ះ​ទង្គិចអារម្មណ៍​ដោយ​សារ​អ្វីមួយ​ ថា​តើ​អារម្មណ៍​របស់​អ្នក​ទទួល​រង​ឥទ្ធិពលខ្លាំង​ ឬ​ខ្សោយ​ប៉ុណ្ណា​ពី​ឥរិយាបថ​របស់​អ្នក​ដ៏​ទៃ​ ហើយ​ព្យាយាម​គ្រប់គ្រង​អារម្មណ៍​របស់អ្នកឱ្យ​បាន​ច្រើន​បំផុត។

៦. យល់ចិត្តខ្លួនឯង ស្រលាញ់ខ្លួនឯង និង​បារម្ភពី​ខ្លួនឯង

អ្នក​គួរ​ដឹង​ថា​ប្រសិន​បើ​អ្នក​ចង់​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ដ៏ទៃឱ្យ​បាន​ល្អ អ្នក​គួរ​ចាប់​ផ្ដើម​គិត​អំពី​ការ​យកចិត្ត​ទុកដាក់​ចំពោះ​ខ្លួន​ឯង​ជាមុនសិន​ ព្រោះ​ថា​ប្រសិន​បើ​អ្នក​អាច​យល់​ពី​ខ្លួន​ឯង​ ស្រលាញ់​ខ្លួន​ឯង​ នោះ​អ្នក​នឹង​ធ្វើ​រឿង​ទាំង​នេះ​ជាមួយ​អ្នក​ដ៏ទៃ​កាន់​តែ​ប្រសើរ​ជាង​នេះ​ទៀត។ ការ​បង្រៀន​ខ្លួនឯង​ឱ្យ​ធ្វើបែប​នេះ គឺមានន័យ​ថា​អ្នក​ជាមនុស្សដែល​រឹងមាំ​ម្នាក់ហើយ។

ចំណុចចាប់ផ្ដើម​ដ៏ល្អ​បំផុត ប្រសិនបើ​អ្នកចង់ក្លាយ​ជាមនុស្ស​ដែល​រឹងមាំ​​ម្នាក់ ​គឺ​ខ្លួន​របស់​អ្នកផ្ទាល់។

 

 

 

 

 

 

 

Leave a Reply