ចំណុចធំៗចំនួន ២ ដែលអន្ទងចិត្តបុគ្គលិកគំរូឲ្យនៅក្រុមហ៊ុនមួយបានដោយមិនប្រើលុយ

នៅក្នុងទីផ្សារធនធានមនុស្សនៅកម្ពុជា មិនទាន់មានការប្រកួតប្រជែងខ្លាំងដូចប្រទេសអភិវឌ្ឍរួចហើយនោះទេ រីឯធនធានមនុស្សរបស់ប្រទេសយើងក៏មានកម្រិតដែរ ហេតុនេះការគ្រប់គ្រងបុគ្គលិកមានសក្ដានុពលដែលមាននៅក្នុងក្រុមហ៊ុនស្រាប់ គឺជាប្រការដែលត្រូវយកចិត្តទុកដាក់។

ជាការពិត សម្រាប់គ្រប់ក្រុមហ៊ុនមិនថា តូច ឬធំ បុគ្គលិកល្អជាងទ្រព្យសម្បត្តិដ៏មានតម្លៃបំផុត ហើយការបាត់បង់បុគ្គលិកប្រភេទនេះជាការខាតបង់ដ៏ធំធេង។ ក្រុមហ៊ុនខ្លះផ្ដល់ប្រាក់ខែច្រើនដើម្បីទាក់ចិត្តបុគ្គលិកល្អ តែបុគ្គលិកទាំងនោះនៅតែដើរចេញរកកន្លែងថ្មី។ ហេតុអ្វីក៏ប្រាក់មិនអាចឃាត់បុគ្គលិកល្អឲ្យនៅបាន?

លោក Laszlo Bock បច្ចុប្បន្នជាសហស្ថាបនិក និងនាយកប្រតិបត្តិរបស់ Humu និងជាអតីតអនុប្រធានជាន់ខ្ពស់ផ្នែកប្រតិបត្តិការបុគ្គលិកនៃក្រុមហ៊ុន Google បានឲ្យដឹងនូវចំណុចធំៗចំនួន ២ ដែលអន្ទងចិត្តបុគ្គលិកគំរូឲ្យនៅក្រុមហ៊ុនមួយបាន ដោយលុយ​មិនមែន​ជា​អាទិភាព។

១. គុណភាពនៃមនុស្សដែលពួកគេធ្វើការជាមួយ

គុណភាពនៃក្រុមការងារដែលអ្នកធ្វើការជាមួយនឹងជំរុញចិត្តអ្នកឲ្យខិតខំ និងចង់​ធ្វើ​ការ​ជាក្រុមខ្លាំង។ “ហេតុនេះហើយទើបការជួលបុគ្គលិកមានសារៈសំខាន់។” លោក Bock បញ្ជាក់។ ក្រុមហ៊ុន Google បានដាក់ស្តង់ដារយ៉ាងខ្ពស់ក្នុងការជ្រើសរើសបុគ្គលិក។ មិនថាអ្នកដាក់ពាក្យមកធ្វើការងារតូច ឬមុខតំណែងធំឡើយ បេក្ខជន​ទាំង​អស់​តែង​តែ​ត្រូវបានសង្កេត និងវាយតម្លៃយ៉ាងយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផ្ទាល់ សហការីពាក់ព័ន្ធ គណៈកម្មការជ្រើសរើស និងចុងក្រោយ គឺនាយកប្រតិបត្តិលោក Larry Page តែម្ដង​ដើម្បី​ធានាពីគុណភាពការងារ។

២. អារម្មណ៍ប្រាកដថា ការងារដែលពួកគេធ្វើជាការងារមានតម្លៃ

“មនុស្សធ្វើការ គឺចង់បាន​​តម្លៃការងារ​​ច្រើនជាងប្រាក់ឈ្នួលដែលពួកគេទទួលបាន។ ពួកគេចង់​ធ្វើការងារដ៏មានអត្ថន័យណាមួយ។ ដូច្នេះការឲ្យបុគ្គលិក​ដឹងពីគោលបំណង​នៃការបំពេញការងាររបស់ពួកគេ ផ្ដល់អត្ថប្រយោជន៍យ៉ាងចម្បង។” ប្រធានផ្នែក​ធនធាន​មនុស្សដដែលបន្ថែម។

ការសិក្សារបស់លោកសាស្ត្រាចារ្យ Adam Grant រកឃើញថា មនុស្សដែល​ពាក់ព័ន្ធ​នឹង​ការងារមានអត្ថន័យ មានលទ្ធផលការងារប្រសើរជាងមនុស្សធម្មតា ៥ ដង។ អ្វីដែលធ្វើឲ្យបុគ្គលិកមានអារម្មណ៍កក់ក្ដៅនឹងធ្វើការនៅក្រុមហ៊ុន Google រួមមានដូចជា ផ្ដល់អាហារ​មួយ​ពេល ការម៉ាស្សា និងការបោកសំលៀកបំពាក់​ក្នុង​ក្រុមហ៊ុន​ដោយឥត​គិត​ថ្លៃ។ ចំណុចទាំងនេះ មិនមែនដើម្បីចងជើងបុគ្គលិកទេ តែគឺដើម្បីលើកទឹកចិត្ត​បុគ្គលិកឲ្យ​មាន​អារម្មណ៍ល្អ និងខិតខំធ្វើការទៅវិញ។

សរុបមក មិនថានៅកម្ពុជាឬនៅបរទេសនោះទេ បុគ្គលិក គឺជាស្នូលនៃការអភិវឌ្ឍរបស់ក្រុមហ៊ុន។ កាលណាក្រុមហ៊ុនសម្បូរធនធានមនុស្ស និងបុគ្គលិកឆ្នើម នោះប្រាកដជាមានការរីកចម្រើនខ្លាំង និងទទួលបានទិន្នផលជាបន្ដបន្ទាប់ ហើយ ២ ចំណុចខាងលើអាចនឹងជួយអ្នកអន្ទងចិត្តបុគ្គលិកគំរូឲ្យនៅក្រុមហ៊ុនមួយបានដោយមិនប្រើលុយ។


អត្ថបទទាក់ទង

បញ្ហាប្រឈមចម្បងៗផ្នែកធនធានមនុស្សចំនួន ៧ សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យម

Leave a Reply