ហេតុអ្វីបានជាបុគ្គលិកផ្នែកធនធានមនុស្សគួរតែនិយាយពាក្យល្អៗជាមួយបុគ្គលិក?

ស្ទីវចប ធ្លាប់បាននិយាយថា រឿងសំខាន់ មិនមែនទាល់តែរឿងនោះអាចផ្លាស់ប្តូរពិភពលោកនោះទេ។ រឿងសំខាន់ មានច្រើនណាស់ ដូចជា​ ការទទួលស្គាល់កំហុសខ្លួនឯង ការថែរក្សាមុខមាត់ប្រទេស ការចេះទប់មាត់ពេលក្អក ឬសូម្បីតែការនិយាយល្អជាមួយបុគ្គលិកខ្លួនឯង។

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងលើកពីមូលហេតុដែលអ្នកធ្វើការក្នុងផ្នែកធនធានមនុស្ស គួរតែនិយាយពាក្យល្អៗជាមួយបុគ្គលិកដទៃ។

អ្នកដែលធ្វើការក្នុងផ្នែកធនធានមនុស្ស ប្រហែលជាភ្លេចខ្លួនថា បុគ្គលិកដទៃមើលមកខ្លួនយ៉ាងម៉េចហើយ។ មិនថាឋានៈរបស់អ្នកតូចប៉ុណ្ណាទេ ឲ្យតែនៅក្នុងផ្នែកធនធានមនុស្ស សុទ្ធតែធ្វើឲ្យបុគ្គលិកផ្នែកផ្សេង មានការខ្លាចរអា។

ផ្នែកធនធានមនុស្ស មានសិទ្ធិច្រើនណាស់ រួមទាំងសិទ្ធិដេញចោលផងដែរ។ តើអ្នកណាដែលមិនខ្លាចគេដេញចោល?

មូលហេតុទី១ គឺ ធ្វើជាគម្រូសម្រាប់បុគ្គលិកទាំងអស់

បើបុគ្គលិកផ្នែកធនធានមនុស្ស មានសម្តីមិនល្អ ឬចូលចិត្តប្រើពាក្យឌឺដង បុគ្គលិកផ្សេងទៀត នឹងរៀនតាម ហើយធ្វើឲ្យស្ថាប័នទាំងមូលមានទម្លាប់និយាយស្តីមិនគួរឲ្យស្តាប់។ ការលេងសើច ដោយមានការគោរព ជាជម្រើសល្អមួយ។ ការប្រើពាក្យសរសើរ ក៏ជាជម្រើសល្អមួយទៀតដែរ។

មូលហេតុទី២ គឺ ដើរតួជាអ្នកអង្អែលខ្នង

បុគ្គលិកធម្មតា តែងតែបង្កើតកំហុសនៅពេលធ្វើការ ហើយពេលខ្លះក៏ត្រូវមាត់ពីប្រធានក្រុម ឬថ្នាក់លើ។ ផ្នែកធនធានមនុស្ស ត្រូវគិតថា បើសិនជាមនុស្សម្នាក់ កំពុងត្រូវគេស្តីបន្ទោសរួចហើយ តើពួកគេចង់បានអ្វី? ច្បាស់ណាស់ គឺអ្នកលួងលោម។

ការនិយាយល្អពីផ្នែកធនធានមនុស្ស នឹងជួយឲ្យបុគ្គលិកដែលត្រូវមាត់នោះ មានចិត្តធ្វើការឡើងវិញ ឬមើលឃើញផ្លូវល្អនៅក្នុងស្ថាប័ន។ បើសិនជាងាកទៅណា ក៏ត្រូវគេថាឲ្យ បុគ្គលិកពូកែទ្រាំយ៉ាងណា ក៏មិនអាចធ្វើការបានដែរ។​

មូលហេតុទី៣ គឺ ផ្តល់តម្លៃដល់បុគ្គលិក

ផ្នែកធនធានមនុស្ស ដឹងច្បាស់ពីដំណាក់កាលស្មុគ្រស្មាញក្នុងការរើសបុគ្គលិកថ្មី ហេតុនេះការរក្សាបុគ្គលិកចាស់ ក៏ត្រូវតែជាគោលដៅចំបងដែរ។ បុគ្គលិក មិនធ្វើការនៅកន្លែងណាដែលគេមិនឲ្យតម្លៃខ្លួននោះទេ។

ការយកចិត្តទុកដាក់ ជារឿងល្អ ប៉ុន្តែការនិយាយស្តី ជាអ្វីដែលបុគ្គលិកឆាប់មើលឃើញ។ បើសិនជាផ្នែកធនធានមនុស្សប្រើពាក្យអសុរោះ ឬមិនចង់និយាយជាមួយបុគ្គលិក ពួកគាត់ច្បាស់ជាត្រូវចំណាយពេលរកបុគ្គលិកថ្មីរហូតមិនខាន។

កុំភ្លេចថា ពេលបុគ្គលិកឈប់ធ្វើការ ពួកគេនឹងដើរនិយាយពីរឿងអាក្រក់របស់ស្ថាប័ន។ វាអាចនឹងធ្វើឲ្យអ្នកដទៃមិនហ៊ានមកធ្វើការតទៀត។

គ្រាន់តែនិយាយល្អជាមួយបុគ្គលិក មិនមែនជារឿងពិបាកណាស់ណាទេ។ ជាពិសេស សម្រាប់អ្នកដែលបានទទួលការបណ្តុះបណ្តាលច្បាស់លាស់ក្នុងផ្នែកធនធានមនុស្ស។ ភាសាដែលអ្នកប្រើ ឆ្លុះបញ្ចាំងពីខ្លួនអ្នក ហេតុនេះ បើមិនចាំបាច់ គួរតែជៀសវាងប្រើភាសាដែលបំផ្លាញកិត្តិយសខ្លួនឯង។

Leave a Reply