រឿងខ្លី៖ “ម្ជុលមួយដើម” បានធ្វើឲ្យនារីម្នាក់ជាប់ក្នុងការសម្ភាសន៏ការងារ

មានក្រុមហ៊ុនមួយបានប្រកាសជ្រើសរើសបុគ្គលិកសម្រាប់បម្រើការនៅស្ថាប័នរបស់ខ្លួន ដោយដាក់លក្ខខណ្ឌសំខាន់ផ្ដោតលើ អាយុ កម្រិតសិក្សា និងបទពិសោធន៍ ជាដើម។

ក្រោយមកមនុស្សជាច្រើនក៏បានទៅដាក់ពាក្យសុំចូលធ្វើការដោយមានគ្រប់ភេទ កម្រិតសិក្សា និងអាយុ។ ពេលថ្ងៃទទួលពាក្យផុតកំណត់ ក្រុមហ៊ុនក៏បានអញ្ជើញអ្នកដែលបានដាក់ពាក្យមកជួប និងធ្វើការសម្ភាសន៏ដោយផ្ទាល់ពីនាយកក្រុមហ៊ុន។

ថ្ងៃណាត់សម្ភាសន៏បានមកដល់ មនុស្សជាច្រើនបានអង្គុយរងចាំមុខបន្ទប់សម្ភាសការងារ ដោយលោកប្រធានចាប់ផ្ដើមសម្ភាសន៏ម្នាក់ម្ដងៗ រហូតដល់បេក្ខនារីចុងក្រោយ ដែលចំណាយពេលអង្គុយរងចាំយ៉ាងយូរ។

ពេលនាងចូលទៅដល់ លោកប្រធានក៏បានហៅនាងឲ្យអង្គុយចុះ រួចសាកសួរសំណួរដែលគាត់ចង់ដឹងពីសមត្ថភាព ប្រវត្តិនៃការសិក្សា និងបទពិសោធន៍របស់នាង។ ពេលសាកសួរបាន ២ ទៅ ៣សំណួរ រួចលោកប្រធានក៏បានទាញប្រវត្តិរូបសង្ខេបរបស់នាង មកពិនិត្យបន្ថែម រួចនិយាយយ៉ាងម៉ឺងមម៉ាត់ទៅកាន់នាងថា “តាមគុណសម្បត្តិរបស់អ្នកនាង ខ្ញុំគិតថាវាមិនសាកសមនឹងធ្វើការនៅទីនេះនោះទេ ឲ្យខ្ញុំសូមទោសផង។”

ពេលឭសម្ដីទាំងនេះចេញពីមាត់របស់លោកប្រធាន នាងក៏បានប្រែទៅមុខទៅជាអស់សង្ឃឹម និងតបទៅកាន់លោកប្រធានវិញថា “លោក! នាងខ្ញុំបានតាំងចិត្តខ្ពស់ខ្លាំងណាស់ក្នុងការងារមួយនេះ បើទោះបីជាបទពិសោធន៍ខ្ញុំមានតិចតួច និងកម្រិតសិក្សាក៏នៅស្ទើរក៏ពិតមែន ប៉ុន្តែខ្ញុំសន្យាថានឹងប្រឹងប្រែងធ្វើការ និងអភិវឌ្ឍន៍សមត្ថភាពខ្លួនឯង ដើម្បីឲ្យក្រុមហ៊ុនលោករីកចម្រើន សូមលោកប្រធានមេត្តាផ្ដល់ឱកាសឲ្យនាងខ្ញុំម្ដងចុះ។”

លោកប្រធាននូវតែបដិសេធ និងពោលពាក្យថា៖ “ឲ្យខ្ញុំសូមទោសផង!”

ដោយនៅតែទទួលបានការបដិសេធ នាងក៏បានឱនមុខចុះដោយភាពអស់សង្ឃឹម ប៉ុន្តែនៅពេលឱនមុខចុះនោះនាងក៏បានសម្លឹងឃើញម្ជុលមួយដើមដែលធ្លាក់នៅលើឥដ្ឋ ហើយនាងក៏ឱនរើសវាយកមកជូតជាមួយនឹងដៃអាវ រួចដាក់ទៅលើតុវិញយ៉ាងប្រយ័ត្នប្រយែងបំផុត រួចក៏ដើរចេញទៅ។

ភ្លាមៗនោះលោកប្រធានក៏បាននិយាយទៅកាន់នាងថា “ឈប់សិនអ្នកនាង! ខ្ញុំដូចជាធ្វេសប្រហែសពេកហើយ ខ្ញុំប៊ិះតែនឹងបាត់បង់បុគ្គលិកល្អដូចជាអ្នកនាងដោយសារតែខ្ញុំរវល់តែគិតពីរឿងកម្រិតសិក្សា និងបទពិសោធន៍ខ្លាំងពេក។ សូមអ្នកនាងយល់ព្រមធ្វើការនៅក្រុមហ៊ុនខ្ញុំទៅ ក្រុមហ៊ុនខ្ញុំពិតជាត្រូវការបុគ្គលិកដែលយល់ពីសារៈសំខាន់សូម្បីតែរឿងតូចតាចដូចជាអ្នកនាងណាស់។”


អត្ថបទទាក់ទង

តើអ្នកនឹងធ្វើដូចម្ដេចដើម្បីលក់ក្រាសសិតសក់ឱ្យព្រះសង្ឃ?

 

 

Leave a Reply