យុទ្ធសាស្ត្រសំខាន់ៗចំនួន ៥ ក្នុងការគ្រប់គ្រងមនុស្សប្រកបដោយប្រសិទ្ធភាពបំផុត

ការគ្រប់គ្រងធនធានមនុស្ស គឺជាដំណើរការនៃការជ្រើសរើស (Recruitment) ការជ្រើសយកបុគ្គលិក (Selection) ការរក្សាទុក (Maintenance) ការអភិវឌ្ឍ (Development) ការប្រើប្រាស់ (Utilization) និងការសម្របសម្រួល (Accommodation) នៃធនធានមនុស្សរបស់អង្គភាពមួយ។ អ្នកគ្រប់គ្រងធនធានមនុស្ស គឺជាបុគ្គលដែលមានតួនាទី ជាអ្នកផ្ដល់យោបល់ ឬជាបុគ្គលិកដែលធ្វើការជាមួយអ្នកគ្រប់គ្រងដទៃទៀត ដើម្បីជួយពួកគេឲ្យអាចដោះស្រាយបញ្ហាដែលទាក់ទងនឹងធនធានមនុស្ស។ ការគ្រប់គ្រងធនធានមនុស្ស មានមុខងារផ្សេងៗដែលសំខាន់បំផុត គឺការទទួលយកការអភិវឌ្ឍមនុស្ស ធ្វើយ៉ាងណាដើម្បីសម្រេចគោលដៅរបស់អង្គភាពមួយ។

ការរៀបចំផែនការធនធានមនុស្ស ការប្រកាសជ្រើសរើស និងការជ្រើសរើសយក ការបណ្ដុះបណ្ដាល និងអភិវឌ្ឍន៏ធនធានមនុស្ស ការវាយតម្លៃការអនុវត្តការងាររបស់បុគ្គលិក ការទូទាត់ប្រាក់ខែ ឬសំណង និងអត្ថប្រយោជន៏បុគ្គលិក ទំនាក់ទំនងការងារ និងបុគ្គលិក សុវត្ថិភាព និងសុខភាពការងារ ការស្រាវជ្រាវធនធានមនុស្ស។

នាពេលបច្ចុប្បន្ននេះ ការគ្រប់គ្រងធនធានមនុស្ស គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងដំណើរការអាជីវកម្មឱ្យមានភាពរីកចម្រើនទៅមុន។ ប៉ុន្តែក៏មានក្រុមហ៊ុនជាច្រើនកំពុងតែមានបញ្ហាប្រឈមយ៉ាងខ្លាំងជាមួយនឹងការគ្រប់គ្រងបុគ្គលិកផងដែរ ព្រោះការគ្រប់គ្រងធនធានមនុស្សមិនមែនជារឿងដ៏ងាយស្រួលនោះទេ។ 

មនុស្សម្នាក់មានគំនិត តម្រូវការ និងចូលចិត្តធ្វើសកម្មភាពផ្សេងៗគ្នា ដែលពេលណាដែលយើងទាញឱ្យមនុស្សជាច្រើនធ្វើការជាមួយគ្នា រមែងតែងតែមានភាពទាស់ទែងគ្នា ឬមិនសូវចុះសម្រុងនឹងគ្នានៅពេលខ្លះជាក់ជាមិនខាន។ 

ខាងក្រោមនេះ ជាយុទ្ធសាស្ត្រ ៥ យ៉ាង ក្នុងការគ្រប់គ្រងមនុស្សឱ្យមានប្រសិទ្ធភាពបំផុត៖

១. ជ្រើសរើសមនុស្សឱ្យត្រូវ

ប្រសិនបើអ្នកអាចរើសមនុស្សដែលត្រូវចូលមកក្នុងក្រុមហ៊ុនរបស់អ្នកបានហើយ នោះក្នុងនាមជាអ្នកគ្រប់គ្រងដឹកនាំ ក៏មិនសូវឈឺក្បាលខ្លាំងពេកនោះដែរ។ ដូច្នេះអ្នកត្រូវតែដឹងពីវិធីក្នុងការរើសមនុស្សប្រភេទណាមួយឱ្យត្រូវជាមួយនឹងអាជីវកម្មរបស់យើង។

២. បណ្ដុះបណ្ដាល និងអភិវឌ្ឍន៍

នៅពេលដែលយើងរើសនរណាម្នាក់ឱ្យចូលមកធ្វើការក្នុងក្រុមហ៊ុនយើង ដំបូងត្រូវធ្វើការណែនាំឱ្យគេស្គាល់ច្បាស់អំពីអាជីវកម្ម របៀបរបបធ្វើការងារ ច្បាប់ទម្លាប់ផ្សេងៗ វប្បធម៌ការងារនៅក្នុងក្រុមហ៊ុនជាដើម។ បន្ទាប់មកយើងត្រូវធ្វើការបណ្ដុះបណ្ដាលចំណេះដឹង ជំនាញដល់គេជាមុនសិន មុននឹងឱ្យគេចាប់ផ្ដើមបំពេញការងារ។ 

៣. តិចនិកប្រើមនុស្ស

យើងត្រូវចេះដាក់មនុស្សឱ្យត្រូវទៅតាមចំណេះដឹង ជំនាញ ទេពកោសល្យ ឬសក្ដានុពលរបស់មនុស្សម្នាក់ៗ។ នៅពេលដែលអ្នកអាចប្រើមនុស្សឱ្យត្រូវជាមួយនឹងសក្ដានុពលរបស់គេ យើងនឹងទទួលបាននូវលទ្ធផលដ៏អស្ចារ្យជាច្រើន។ ផ្ទុយទៅវិញ អ្នកនឹងខ្ជះខ្ជាយធនធានយ៉ាងច្រើន ប្រសិនបើអ្នកប្រើមនុស្សខុសសក្ដានុពល។ 

៤. ការថែរក្សា

ត្រឹមតែចេះប្រើមនុស្សតែមួយមុខ គឺមិនទាន់គ្រប់គ្រាន់នោះទេ ប៉ុន្តែអ្នកត្រូវចេះពីវិធីថែរក្សាពួកគេផងដែរ។ ដើម្បីអាចថែរក្សាពួកគេបាន ត្រូវតែមានប្រព័ន្ធគ្រប់គ្រងល្អ បរិយាកាសការងារល្អ តម្លាភាពក្នុងក្រុមហ៊ុន ផ្ដល់នូវអត្តប្រយោជន៍ស័ក្តិសមជាមួយនឹងចំណេះដឹង ជំនាញ និងសមត្ថភាពគេជាដើម។ ប៉ុន្តែសម្រាប់បុគ្គលិកដែលមានគំនិតសហគ្រិន គឺពិបាកនឹងថែរក្សាឱ្យគេនៅក្នុងក្រុមហ៊ុនបានយូរណាស់ ព្រោះគេមានមហិច្ឆតាធំ ត្រូវការលុយធំដែលយើងមិនអាចផ្ដល់ឱ្យ តែយើងក៏អាចប្រើវិធីសាស្ត្រមួយចំនួន ដូចជាចែកជាភាគហ៊ុន ឬក៏អាចអនុញ្ញាតឱ្យគេឈប់បាន ប៉ុន្តែអាចទាញគេមកធ្វើជាដៃគូសហការក្នុងអាជីកម្មវិញក៏ល្អ។ 

៥. របៀបបញ្ឈប់

ពេលខ្លះ បើទោះបីជាយើងព្យាយាមជ្រើសរើសបុគ្គលិកដែលមានសក្ដានុពលយ៉ាងហ្មត់ចត់យ៉ាងណាក៏ដោយ ប៉ុន្តែមិនប្រាកដថាយើងអាចរើសមនុស្សបានត្រូវ​ ១០០ភាគរយនោះទេ។ ដូច្នេះ អ្នកក៏ត្រូវដឹងពីវិធីក្នុងការបញ្ឈប់មនុស្សដែលខុសចេញពីអាជីវកម្មផងដែរ។ ប្រសិនបើអ្នកមិនចេះពីរបៀបដកមនុស្សខុសចេញពីអាជីវកម្មទេ វាអាចនឹងធ្វើឱ្យមានបញ្ហាដល់អាជីវកម្មផងដែរ។ 

ជារួមមកវិញ ក្នុងនាមជាមេដឹកនាំល្អ ដែលអាចដឹកនាំអាជីវកម្មឱ្យទទួលបានជោគជ័យ គឺទាមទារឱ្យពួកគេជាមនុស្សដែលពូកែមើលមនុស្ស និងពូកែបំពេញតម្រូវការផ្លូវចិត្តរបស់មនុស្សក្រោមបង្គាប់ទើបអាចទាញយកនូវសក្ដានុពលរបស់មនុស្សបានច្រើនបំផុត។


អត្ថបទទាក់ទង

បុគ្គលិក ៩ប្រភេទ ដែលធ្វើឲ្យការងាររបស់អង្គភាពមានបញ្ហា

Leave a Reply