មនុស្សដែលមាន IQ​, EQ​ និង LQ ឬ ភាពវៃឆ្លាតផ្នែកបញ្ញា ភាពវៃឆ្លាតផ្នែកអារម្មណ៏ និង ភាពវៃឆ្លាតផ្នែកបេះដូងខ្ពស់ គឺជាមនុស្សជោគជ័យ

នៅក្នុងចំណោម ភាពវៃឆ្លាតផ្នែកបញ្ញា ភាពវៃឆ្លាតផ្នែកអារម្មណ៏ និង ភាពវៃឆ្លាតផ្នែកបេះដូង​ (Intelligence Quotient ឬ IQ​ , Emotional Quotient ឬ EQ​ , និង Love Quotient​ ឬ LQ )​ ត្រូវ​បុគ្គល​ទទួល​បាន​នូវ​ភាព​ជោគជ័យ​ជាច្រើន​យល់ថា​ EQ​ ឬ ភាព​ឆ្លាតវៃ​ខាង​ផ្នែក​ផ្លូវ​អារម្មណ៍​ គឺ​មាន​សារៈសំខាន់​ជាង​ ​IQ​ និង​ LQ​ ទៅទៀត​ ព្រោះ​ភាគច្រើន​មនុស្ស​ដែល​អាច​ទទួល​បាន​នូវ​ភាព​ជោគ​ជ័យ​ធំៗ​លើ​ពិភពលោក​ គឺជា​មនុស្ស​ដែល​មាន​ ​EQ​ ខ្ពស់​ដែល​ជាហេតុ​ធ្វើ​ឱ្យ​ពួកគេ​ស្គាល់​ពី​ខ្លួនឯង​ច្បាស់​ និង​ស្គាល់​ពី​អារម្មណ៍​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន​បាន​ច្រើន​បំផុត។

លោក​ ជេក ម៉ា (Jack​ Ma)​ បានធ្លាប់បានធ្វើការ​ចែករំលែកអំពី​ 3Qs​ (IQ​, EQ​, LQ​) ដែល​សំដៅ​ដល់​ភាព​ឆ្លាតវៃ​ដែល​ជួយ​ទៅដល់​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នា​ក់ៗ​។ លោក​បាន​លើកឡើង​ថា​ មនុស្ស​ដែល​មាន​ IQ​, EQ​, និង LQ​ គឺជា​មនុស្ស​មាន​ភាពឆ្លាតវាង​វៃ ​និង​ធ្វើ​អ្វី​ៗតែងតែ​ទទួលជោគជ័យ​។ 

១. តើ IQ​ (Intelligence​ Quotient​) គឺជាអ្វី?

IQ​ (Intelligence​ Quotient​) ៖ គឺជា​ពិន្ទុសរុប​បាន​មក​ពី​ការ​ធ្វើតេស្ត​ស្តង់ដារ​ជាច្រើន​ដែល​ត្រូវ​រចនា​ឡើង ​ដើម្បី​វាយតម្លៃ​បញ្ញា​មនុស្ស​ដែល​ទទួល​បាន​ដោយ​ការបែងចែក​ពិន្ទុ​ទាក់ទង​នឹង​អាយុ​ និង​ផ្លូវ​អារម្មណ៍​របស់​មនុស្សម្នាក់​ដែល​ទទួល​បាន​តាមរយៈ​ការ​ធ្វើតេស្ត​ផ្ដោត​ទៅលើ​សមត្ថភាព​នៃ​ការ​ចងចាំ​ ការ​យកចិត្ត​ទុកដាក់​ និង​ល្បឿន​នៃ​ការសម្រេច​ចិត្ត​។ ជាទូទៅ​ មនុស្ស​ដែល​មាន​ IQ​ ខ្ពស់​ភាគច្រើន​ជា​មនុស្ស​ដែល​ពូកែ​ខាង​វិទ្យាសាស្ត្រ ​ឬគណិតសាស្ត្រ​ជាដើម​ ហើយ​អាជីព​ដែល​ពួកគេ​ធ្វើ​ភាគច្រើន​ គឺ​ទាក់ទង​នឹង​បច្ចេកទេស​ ឬការងារ​ទាក់ទង​នឹង​ទិន្នន័យ​តួលេខ​ជាដើម​។

២. តើ EQ​ (Emotional​ Intelligence​) គឺជាអ្វី?

EQ​ (Emotional​ Intelligence​) ៖ គឺ​សំដៅ​ដល់​ភាព​ឆ្លាតវៃ​ខាង​ផ្លូវ​អារម្មណ៍​របស់​មនុស្ស​។ មនុស្ស​ដែល​មាន​ ​EQ​ ខ្ពស់​ គឺ​ជាមនុស្ស​ដែល​យល់​ច្បាស់​អំពី​អារម្មណ៍​របស់​ខ្លួនឯង​ និង​អារម្មណ៍​របស់​មនុស្ស​ដទៃនៅ​ជុំវិញ​ខ្លួនគេ​។ ភាគច្រើន​នៃ​មនុស្ស​ដែល​មាន​ ​EQ​ ខ្ពស់​ គឺជា​មេដឹកនាំ​ដ៏​ល្អ​ ដែល​ពួកគេ​អាច​ធ្វើការងារ​ចុះសម្រុង​ជាមួយនឹង​មនុស្ស​ដែល​អាច​ដឹងពី​តម្រូវការ​ និង​អារម្មណ៍​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ ដែល​អាច​ធ្វើ​ឱ្យ​មេដឹកនាំ​ម្នាក់​នោះ​អាច​ធ្វើការ​លើកទឹកចិត្ត​ដល់​បុគ្គលិក​របស់​ខ្លួន​យ៉ាង​មានប្រសិទ្ធភាព​បំផុត​។

EQ​ ផ្ដោត​ទៅលើ​ចំណុច៥យ៉ាង​គឺ៖

  • ​ស្គាល់​ពី​អារម្មណ៍​ខ្លួនឯង​
  • មាន​វិន័យ​ខ្ពស់ ​និង​គ្រប់គ្រង​ខ្លួនឯង​បាន​ល្អ​
  • ពូកែ​លើកទឹកចិត្ត​ខ្លួនឯង​ និង​មនុស្ស​នៅ​ជុំវិញ​ខ្លួន​
  • យល់ចិត្ត​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ និង​
  • ពូកែ​ជំនាញ​ទន់​ (ទំនាក់ទំនង​ ដឹកនាំ​ ដោះស្រាយ​ជម្លោះ​ សហការ​…)។

៣. តើ LQ ​ (Love​ Quotient​) គឺជាអ្វី?

LQ ​ (Love​ Quotient​) ៖ គឺ​សំដៅ​ដល់​ភាព​ឆ្លាតវៃ​ផ្នែក​បេះដូង​។ ​LQ​ គឺជា​សមត្ថភាព​របស់​មនុស្ស​ដែល​មានចិត្តល្អ​ និង​អាណិតអាសូរ​ចំពោះខ្លួន​ឯង ​និង​អ្នកដទៃ​។

មហាសេដ្ឋី​ Jack​ Ma​ ក៏បានបញ្ជាក់​ថា​ ប្រសិនបើ​អ្នក​ចង់​ធ្វើជា​មនុស្សម្នាក់​ដែល​ទទួល​បានការ​គោរព​ពី​អ្នកដទៃ​ គឺ​អ្នក​ត្រូវតែ​មាន​ ​LQ​។ ខួរក្បាល​របស់​មនុស្ស​អាច​នឹង​ត្រូវ​ជំនួស​ដោយ​ម៉ាស៊ីន​ ប៉ុន្តែ​ម៉ាស៊ីន​មិន​អាច​ជំនួស​បេះដូង​ឬក្ដី​ស្រឡាញ់​របស់​អ្នក​បានទេ​។ ត្រង់​ចំណុច​នេះ​លោក​ចង់​មានន័យ​បណ្ដុះ​ឱ្យ​មនុស្ស​មាន​សេចក្ដី​ស្រឡាញ់​ចំពោះខ្លួន​ឯង​និង​ចំពោះ​មនុស្ស​នៅ​ជុំវិញ​ខ្លួន​ឱ្យ​បាន​ច្រើន​។

អ្នកក៏អាចមើលបទបង្ហាញរបស់ ជេក ម៉ា អំពី IQ​, EQ​, និង LQ ជាភាសាអង់គ្លេសបានដូចខាងក្រោម៖

 

អត្ថបទទាក់ទង

សម្រង់សម្តី១០ របស់មហាសេដ្ឋី Jack Ma នេះនឹងជម្រុញអ្នកបន្តទៅមុខទៀតដើម្បីសម្រេចក្តីសុបិន

 

Leave a Reply