តើធ្វើយ៉ាងណាដើម្បីលើកទឹកចិត្តក្រុមការងាររបស់អ្នករាល់ថ្ងៃ?

អ្នកដឹកនាំ គឺសំដៅទៅលើអ្នកត្រួសត្រាយផ្លូវ និងជាអ្នកនាំមុខគេរាល់កិច្ចការទាំងឡាយ វាមិនមែនជាការងារស្រួលដូចជាពាក្យដែលយើងគ្រប់គ្នានិយាយឡើយ។​ ដើម្បីក្លាយជាមេដឹកនាំដែលពូកែ​ ឈ្លាសវៃ រឹងមាំ និងដ៏ខ្លាំងក្លាម្នាក់ គាត់ត្រូវតែចេះពីយុទ្ធសាស្រ្ត ចិត្ត​សាស្រ្ត ដើម្បីស្វែងយល់អំពីតម្រូវការ​ និងអារម្មណ៍របស់បុគ្គលិក ជាពិសេសនោះ គឺការបង្វឹកបុគ្គលិក ពីបុគ្គលិកដែលគ្មានសម្ថតភាពទៅជាបុគ្គលិកឆ្នើម​ ដែលអាចជួយជំនួសកិច្ចការរបស់ខ្លួនបានយ៉ាងល្អពេលដែលខ្លួនមិននៅ។​ អ្នកដឹកនាំត្រូវតែជាអ្នកប្រឹក្សា អ្នកកំណត់វិន័យ អ្នកលើកទឹកចិត្ត និងអ្នកផ្តល់កម្លាំងចិត្តម្នាក់ទៅដល់បុគ្គលិក ឬកូនក្រុមរបស់ខ្លួនផងដែរ។ ការកំណត់នូវការរំពឹងទុកមួយដែលខ្ពស់ វាមិនមែនត្រឹមតែលើកទឹកចិត្តដល់បុគ្គលិកតែប៉ុណ្ណោះទេ តែវាក៏ជាកាតាលីករមួយយ៉ាងសំខាន់ដែលអាចធ្វើឲ្យអាជីវកម្ម និងដំណើរការរបស់ក្រុមហ៊ុនវិវត្តន៍ទៅមុខយ៉ាងរលូន។

ខាងក្រោមនេះ គឺជា​វិធីសាស្រ្ត​មួយចំនួន ​ដើម្បី​លើកទឹក​ចិត្តក្រុម​ការងារ​រាល់ថ្ងៃ​ ក្នុងការ​ជម្នះ​ឧបសគ្គ​ ខិតខំធ្វើការងារឲ្យមានប្រសិទ្ទភាពខ្ពស់ ដើម្បីសម្រេចគោលដៅ និងភាពជោគជ័យ៖

១. លើកទឹកចិត្តអ្នកដទៃឱ្យធ្វើតាមរបៀបផ្ទាល់ខ្លួន

ការប្រមូលផ្តុំបុគ្គលម្នាក់ៗ​មករួមសាមគ្គីគ្នា​ជារឿង​សំខាន់មួយ ប៉ុន្តែអ្នក​ក៏ត្រូវ​ទទួលស្គាល់​លក្ខណៈ​ពិសេស​របស់សមាជិក​ក្រុមម្នាក់ៗ​ដែរ។ សមាជិកក្រុមការងារ​ដែលមាន​កម្លាំង​ចិត្តខ្ពស់​បំផុត​ជាមនុស្ស​ដែលទទួល​បានគម្រោង​សមស្រប​តាមបណ្តុំ​ជំនាញ​របស់គេ និងទទួល​បានការ​គាំទ្រ​ឱ្យរីក​ចម្រើន​​ក្នុងរបៀប​ផ្ទាល់ខ្លួន​របស់គេ។ ត្រូវមាន​ភាពស្មោះត្រង់​នៅក្នុងការ​ផ្តល់យោបល់ និងត្រូវចេះរិះគន់​ក្នុងរបៀប​ស្ថាបនា ព្រមទាំង​បង្ហាញ​​ផ្លូវដើម្បីធ្វើការឱ្យ​កាន់តែ​ប្រសើរ​ឡើង។ ការផ្តល់​ឱកាស​ឱ្យសមាជិក​ក្រុមការងារ​ម្នាក់​អនុវត្ត​គំនិត​និងរបៀប​ផ្ទាល់ខ្លួន​របស់គេ​ពេលខ្លះ​ក៏សំខាន់ដែរ។

២. ចែករំលែកកម្លាំងចិត្តរួម

គ្មានអ្វីដែលធ្វើឱ្យក្រុមការងារ​មានសាគ្គីភាព​ដូចការ​មាន​បេសកកម្មរួម ឬការមាន​ជំនឿរួមគ្នា​នោះទេ។ ក្រុមការងារ​របស់អ្នក​នឹងមាន​កម្លាំង​ចិត្តនៅពេលគេ​ទាំងអស់​គ្នាគិត​និងយល់​ស្រប​តាមគោលដៅ​រួមមួយ។ ការមាន​បេសក​កម្មរួម គោលដៅ​ច្បាស់​លាស់ដើម្បី​សម្រេច​ឱ្យបាន​សក្តានុពល គួបផ្សំ​ជាមួយ​នឹងគុណ​តម្លៃរួម​នឹងធ្វើ​ឱ្យក្រុម​ការងារ​មួយរួម​សាមគ្គី​គ្នាក្នុង​របៀប​មួយដែល​មានឥទ្ធិពល។ ក្រុមការងារ​មួយដែល​មានការ​រួបរួមគ្នា​និងមានចិត្ត​តែមួយ​អាចរក្សា​ទំនាក់ទំនង​ជាមួយគ្នា​យ៉ាងមាន​ប្រសិទ្ធ​ភាពខ្ពស់។

៣. ដឹកនាំដោយធ្វើជាគំរូគេ

ក្នុងនាមជាអ្នកដឹកនាំគេ រឿងសំខាន់​គឺត្រូវផ្តល់​គំរូលើក​ទឹកចិត្ត​ដល់គេ។ កុំគ្រាន់​តែប្រាប់​ក្រុមការងារ​របស់អ្នក​អំពីរបៀបឱ្យ តែត្រូវ​ឱ្យដើម្បី​បង្កើតគំរូ។ ប្រសិនបើ​អ្នកមាន​ឆន្ទៈ​ចំពោះ​បុព្វហេតុ​អ្វីមួយ អ្នកត្រូវ​បង្ហាញ​ក្រុមការងារ​របស់អ្នក និងផ្តល់​ឱកាស​ឱ្យគេបាន​ចូលរួម​ក្នុងបុព្វហេតុ​នោះ​ផង។ មេដឹកនាំ​ដែល​អនុវត្ត​ដូចពាក្យ​សម្តី​ជាមនុស្ស​ដែលមាន​ឥទ្ធិពល​ខ្លាំង​ក្នុងការ​ផ្តល់កម្លាំង​ចិត្ត​ដល់អ្នក​ដទៃ។ អ្នកនឹង​បាត់បង់​តម្លៃ​ប្រសិន​បើអ្នក​មិនអាចរក្សា​ពាក្យសម្តី​របស់​ខ្លួនឯង​បាន។ ជាងនេះ​ទៅទៀត អ្នកត្រូវ​ផ្តោត​ការយក​ចិត្តទុក​ដាក់លើ​ក្រុម​ការងារ​ណាដែល​បង្ហាញ​ស្មារតី​ចង់ចេះ​ចង់​ដឹង និងចង់​ធ្វើកិច្ច​ការឱ្យ​បានប្រសើរ​ជាងគេ ដោយ​ទទួល​ស្គាល់​និងផ្តល់​តម្លៃ​ចំពោះ​គំរូដែលគេ​បង្កើត​ឡើង។

៤. តាំងចិត្តផ្តល់ឱ្យលើស​ពីការចង់​បានមកវិញ

មេដឹកនាំល្អបំផុតក៏ច្រើនតែជា​អ្នកផ្តល់​ឱ្យច្រើន​បំផុតដែរ។ កែប្រែផ្នត់​គំនិត​នៃតម្លៃ ឈប់បារម្ភ​ច្រើនជ្រុល​ចំពោះអ្វី​អ្នកនឹង​ទទួល​បានមក​វិញ ហើយ​ត្រូវចាប់​ផ្តើម​គិតលើ​រឿងដែល​អ្នកអាច​ផ្តល់​ឱ្យបាន។ នៅពេល​ក្រុមការងារ​របស់​អ្នកដឹងថា​អ្នកបាន​ព្យាយាម​ធ្វើកិច្ចការ​និងគិត​គូរច្រើន​ដល់ពួក​គេ ពួកគេនឹង​ស្ម័គ្រចិត្ត​ធ្វើការ​យ៉ាងច្រើន​ឱ្យអ្នក​វិញ។ អ្នកត្រូវ​ធ្វើខ្លួន​ឱ្យគេអាច​ពឹងអាស្រ័យ​បានគ្រប់​ពេល ហើយបើ​មិនអាច​ជួយអ្វី​បាន​ភ្លាមៗទេ អ្នកត្រូវរក្សា​ទំនាក់​ទំនង​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់។ តាំងចិត្ត​ផ្តល់ជូន​ដោយឥត​លក្ខខណ្ឌ ពីព្រោះ​ប្រសិនបើ​អ្នកឱ្យ​របស់​ដោយ​ស្រណោះ​ដៃ វាមិនមែន​ជាការ​ឱ្យពិត​ប្រាកដទេ។

សរុបមក អ្នកប្រហែលអាចទទួលបានជោគជ័យ​ខ្លះដែរ​​ក្នុងការ​ព្យាយាម​ធ្វើកិច្ចការ​ទាំងអស់​តែម្នាក់​ឯង ប៉ុន្តែការ​ពង្រីក​ពាណិជ្ជកម្ម​របស់​អ្នកឱ្យ​កាន់តែ​ធំ មិន​មែន​ជាបន្ទុក​ដែលអ្នក​អាចរែក​ពុន​លីទូល​តែម្នាក់ឯង​បានទៀត​ទេ។ ហេតុដូច្នេះ​ហើយ បាន​ជាចាំបាច់​អ្នកត្រូវ​មានក្រុម​ការងារ​ជួយ​គាំទ្រ​ដល់បេសក​កម្ម​របស់​អ្នក។ នៅពេល​អ្នកមាន​ក្រុមការងារ​ត្រឹម​ត្រូវ​ហើយ ជំហាន​បន្ទាប់​មកទៀត​ គឺត្រូវលើក​ទឹកចិត្ត​ក្រុម​ការងារ​ឱ្យមើល​ឃើញ​តម្លៃ​នៃ​ការព្យាយាម​ធ្វើការ​ និង​លទ្ធផល​វិជ្ជមាន​នៅពេល​ខាងមុខ។ 

សម្រួលពី៖ www.entrepreneur.com


អត្ថបទទាក់ទង

Leave a Reply