តើការ “គិត” គឺជាអ្វី? ហើយមនុស្សជោគជ័យមានទម្លាប់នៃការគិតស៊ីជម្រៅអ្វីខ្លះ?

យោង​តាម​វចនានុក្រម​សម្តេច​សង្ឃ ជួន ណាត “គិត” មាន​ថ្នាក់​ពាក្យ​ជា​កិរិយាស័ព្ទ​ហើយ​មាន​ន័យ​ថា នឹក រឭក នឹក​ដល់ ត្រិះរិះ ពិចារណា ផល​នៃ​ការ​គិត​គឺ “គំនិត” ។ ឧទាហរណ៍ “គិត​ហើយ​សឹម​ធ្វើ។ ពាក្យ​បី​ខាង​ដើម​គឺ “នឹក រឭក នឹកដល់” ទាមទារ​ឱ្យ​យើង​ប្រើប្រាស់​ខួរ​ក្បាល​ដើម្បី​ទាញ​យក​ព័ត៌មាន​ចាស់ៗ​ដែល​យើង​បាន​ទទួល​តាមរយៈ​បញ្ជា​ប្រសាទ​របស់​យើង​ម្នាក់ៗ។

ការត្រិះរិះពិចារណា​ស៊ីជម្រៅ​ អ្នក​ត្រូវ​តែ​ប្រាកដថា អ្នក​ត្រូវ​គិត​ឲ្យ​បាន​ច្បាស់​លាស់ម្តង​ទៀត​ថា​វា​នឹង​អាច​នាំ​អ្នក​ទៅ​រក​ការ​ពិចារណា​ដ៏ត្រឹម​ត្រូវ​មួយ។ មនុស្ស​ម្នាក់​ៗត្រូវ​យក​ចិត្តទុកដាក់​លើការ​ត្រិះ​រិះ​ពិ​ចារ​​​ណា​ស៊ី​ជម្រៅ​ជៀស​វាង​អ្នក​គិត​ខុស​ ឬពិចារ​ណា​ខុស​ទៅ​លើ​ចំណុច​ណាមួយ ហើយ​បន្ថែម​ពី​នេះ​ទៅ​ទៀត​ការ​ត្រិះ​រិះ​ពិចារ​ណា គឺជា​ផ្នែក​មួយ​ដែល​អាច​នាំ​ឲ្យ​​អ្នក​គិត​បាន​​សម​ហេតុ​ផល​ត្រឹម​ត្រូវ និង​មាន​ភាព​​ច្បាស់​លាស់​ថែម​ទៀត​ផង។

ការ​ត្រិះ​រិះ​ពិចារ​ណា​ស៊ី​ជម្រៅ បាន​ក្លាយ​ជាពាក្យ​ដ៏មាន​ប្រជា​ប្រិយភាព​នៅ​ក្នុង​មជ្ឈដ្នាន​អប់រំ ហើយ​​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​បង្រៀន​ជំនាញ​ពិចារណា​ខុសៗគ្នាពី​ការ​បង្រៀន ​តែ​ព័ត៌​​មាន និង​ខ្លឹម​សារ​របស់​មេ​រៀន។ ជាការ​ពិត​ណាស់ អ្នក​អាច​បង្រៀន​ទាំង​ពីរ​បែប។ កាល​ពី​អតីតកាល​គ្រូ​បង្រៀន​ច្រើន​តែ​ផ្តោត​សំខាន់​ទៅ​លើ​ខ្លឹមសាររបស់​មេរៀន ដូចជា ប្រវត្តិ​វិទ្យា និងភូមិ​វិទ្យាជាដើម។ ទោះ​បី​ជាគ្រូ​បង្រៀន​ភាគ​ច្រើនបាន​អះអាង​ថា ពួកគេ​បាន​បង្រៀន​សិស្ស​ឲ្យ​​ចេះ​ពិចារណា​ក៏​ដោយ ក៏​គ្រូ​បង្រៀន​​ភាគ​ច្រើន​អាច​និយាយធ្វើ​បែប​បង្កប់ន័យក្នុង​ពេល​បង្រៀន​ ទៅ​តាម​ខ្លឹម​សារ​ដែល​ជា​មុខ​វិជ្ជា​ពិ​សេស​​របស់​ខ្លួន​តែ​ប៉ុណ្ណោះ។ យោង​ទៅ​តាម​​សិស្ស​ភាគ​ច្រើន​ពិត​ជា​មិន​អាច​ចាប់​យក​ជំនាញ​ពិចារ​ណា​​បែប​​នេះ​បាន​ទេ ដោយ​សារ​លទ្ធផល​គ្រូ​បង្រៀន​ជា​ច្រើន​បាន​ងាក​ទៅ​ចាប់​អារម្មណ៍​លើ​ការ​បង្រៀន​ទាំង​នេះ​ដោយ​ផ្ទាល់​តែម្តង។ នេះ​ជា​គោល​បំ​ណង​នៃ​សៀវភៅ​ក្នុង​ការ​បង្រៀន​ជំនាញត្រិះរិះ​ពិចារ​ណា​ស៊ី​ជម្រៅ​ (ជូនកាល​ហៅ​ថា​ ជំនាញត្រិះរិះ​ពិចារណាស៊ី​ជម្រៅប្រកប​ដោយ​គំនិត​ច្នៃប្រឌិត) និង​ជំនាញ​ទាំង​អស់​​នេះ នឹង​ត្រូវ​បាន​គេ​លើក​យក​មក​បង្រៀន​តាម​របៀប​មួយ ដែល​មានគោល​ដៅជាក់​លាក់​ក្នុងការ​​ជួយ​សម្រួល​​ដល់​ការ​ផ្ទេរ​ទៅ​កាន់​មុខ​វិជ្ជា និង​បរិបទ​ផ្សេងៗ​ទៀត​។ ឧទាហរណ៍ ប្រសិន​បើ​អ្នក​រៀន​អំ​ពីរបៀប​រៀប​ចំទឡ្ហីករណ៍​ អាច​ជឿជាក់​បានក្នុង​ប្រភព​ព័ត៌មាន​មួយ ឬក៏ធ្វើ​ការ​សម្រេច​ចិត្ត​ទៅ​តាម​រយៈវិធីសាស្ត្រ​ផ្ទាល់​ដែល​ស្ថិត​នៅ​ក្នុង​បរិបទ​មួយ​ចំនួន។

វា​ជា​សកម្មភាព​ខួរក្បាល​ដើម្បី​ទាញ​យក​រូបមន្ត ទ្រឹស្តី ឬ គោលការណ៍។ “គិត” ក្នុង​កម្រិត​នេះ​ជា​ការ​គិត​កម្រិត​ទាប (Lower Order Thinking Skills) នេះ​បើ​តាម​គោលការណ៍​របស់​សាស្ត្រាចារ្យ​​ ប៊្លូម (Bloom Taxonomy)។ ចំណែកឯ​ពាក្យ​ពីរ​បន្ទាប់ (ត្រិះរិះ ពិចារណា) តម្រូវ​ឱ្យ​យើង​ប្រើប្រាស់​ខួរ​ក្បាល​ឱ្យ​ហួស​ពី​ការ​ចងចាំ​ដើម្បី​វិភាគ និង​សំយោគ​ក្នុង​វត្ថុ​បំណង​បង្កើត​នូវ​ចំណេះដឹង​ថ្មី​ដែល​ខួរក្បាល​មិន​ធ្លាប់​មាន​ពី​មុន​មក។

លោកសាស្ត្រាចារ្យ ប៊្លូម បាន​ហៅ​ការ​គិត​បែប​នេះ​ថា​ជា​ការ​គិត​កម្រិត​ខ្ពស់ (Higher Order Thinking Skills)។ លោក​បាន​ចែក​ការគិត​ជា ៦ កម្រិត​ដែល​បាន​រៀប​តាម​លំដាប់​លំដោយ​ជា​កម្រិត ចាំ យល់ អនុវត្ត វិភាគ វាយ​តម្លៃ និងកម្រិត​បង្កើត​ថ្មី។ បី​កម្រិត​ខាង​ដើម​ (ចាំ យល់ អនុវត្ត) គឺជា​ប្រភេទ​បំណិន​គិត​កម្រិត​ទាប និង​បី​កម្រិត​ខាង​ចុង (វិភាគ វាយ​តម្លៃ និង​បង្កើត​ថ្មី) គឺជា​ប្រភេទ​បំណិន​គិត​កម្រិត​ខ្ពស់។ គោលការណ៍​របស់​គាត់​ត្រូវ​បាន​ប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​នៅ​ក្នុង​ប្រព័ន្ធ​អប់រំ​ក្នុង​ប្រទេស​រីកចម្រើន​សម្រាប់​អ្នក​អភិវឌ្ឍន៍​កម្មវិធី​សិក្សា និង​គ្រូបង្រៀន​ប្រើប្រាស់​សម្រាប់​សរសេរ និង​វាយតម្លៃ​លទ្ធផល​សិក្សា​រំពឹង​ទុក​របស់​សិស្ស​នៅ​កម្រិត​កម្មវិធី​សិក្សា​កម្រិត​មុខ​វិជ្ជា ឬ​កម្រិត​មេរៀន។ នៅ​ពេល​វត្ថុ​បំណង​នៃ​មេរៀន​យក​ចិត្ត​ទុកដាក់​លើ​អ្វី​ដែល​គ្រូ​នឹង​ត្រូវ​បង្រៀន​សិស្ស​ដោយ​ផ្អែក​លើ​សៀវភៅ លទ្ធផល​សិក្សា​រំពឹង​ទុក​របស់​សិស្ស​សង្កត់​ធ្ងន់​លើ​ចំណេះដឹង​ដែល​សិស្ស​នឹង​ទទួល​បាន​ និង​បំណិន​ដែល​គេ​អាច​យក​ទៅ​ប្រើការ​នៅ​ក្នុង​ជីវភាព​រស់នៅ។

ចំណេះដឹង និង​ការ​គិត​នៅ​ក្នុង​កម្រិត​ទាប​ដែល​បាន​មកពី​ការ​បង្រៀន និង​រៀន​តាម​សៀវភៅ​ពុម្ព​ជា​គោល​មិន​ធ្វើ​ឱ្យ​សិស្ស​មាន​សមត្ថភាព​សម្រាប់​គោលបំណង​ការងារ និង​ការ​រស់នៅ​ក្នុង​សម័យ​បច្ចេកវិទ្យា​នោះ​ទេ។ ការ​ស្រាវជ្រាវ​នានា​បង្ហាញ​ជា​ទូទៅ​ថា​ និយោជិត​ខ្វះ​បំណិន​ត្រិះរិះ​ពិចារណា បំណិន​នៃ​ការ​សម្រេច​ចិត្ត បំណិន​ដោះស្រាយ​បញ្ហា និង​ការ​ទទួល​ខុសត្រូវ។

ការ​ប្រើប្រាស់​គោលការណ៍​ ប៊្លូម ដើម្បី​រៀបចំ​កម្មវិធី​សិក្សា​នៅ​គ្រប់​កម្រិត​ថ្នាក់​ និង​គ្រប់​មុខ​វិជ្ជា​ឱ្យ​បាន​ត្រឹមត្រូវ​អាច​ជួយ​សិស្ស​ឱ្យ​ពង្រឹង​ការ​គិត​ឱ្យ​កាន់​តែ​ស៊ីជម្រៅ និង​ទូលំ​ទូលាយ។ ដោយសារ​ការ​រីកចម្រើន​ខាង​ផ្នែក​វិទ្យាសាស្ត្រ​ព័ត៌មាន​គ្រប់​ប្រភេទ និង​មាន​បច្ចុប្បន្នភាព​ត្រូវ​បាន​បង្ហោះ​រាល់​វិនាទី​តាមរយៈ​គេហទំព័រ និង បណ្តាញ​សង្គម​ដូចជា Google, YouTube, Facebook, Pinterest… ជាដើម ។ល។

លោក Albert Einstein បាន​លើក​ឡើង​ថា “បំណង​នៃ​ការ​អប់រំ​មិនមែន​ឱ្យ​សិស្ស​ទន្ទេញ​មេរៀន​នោះ​ទេ​ ប៉ុន្តែ​បង្វឹក​ខួរ​ក្បាល​ពួកគេ​ឱ្យ​ចេះ​ត្រិះរិះ​ពិចារណា។ ចំណេះដឹង​មាន​ការ​ប្រែប្រួល​ជា​រៀងរាល់​ថ្ងៃ។ អ្វី​ដែល​អ្នក​ចេះ​នៅ​ពេល​នេះ​អាច​នឹង​លែង​មាន​ប្រយោជន៍​នៅ​ ១ខែ ឬ ១ឆ្នាំ​ខាង​មុខ។ ចំណែក លោក Alvin Toffer បាន​លើក​ឡើង​ថា “អនក្ខរជន​នៅ​សតវត្សរ៍​ទី ២១ មិនមែន​អ្នក​មិន​ចេះ​អាន ឬ​សរសេរ​នោះ​ទេ​ ប៉ុន្តែ​គឺជាអ្នក​ដែល​មិន​ចេះ​រៀន​ចំណេះ​ដឹង​ថ្មី សើរើ​ចំណេះដឹង​មាន​ស្រាប់​ហើយ​ស្វែងរក​ចំណេះដឹង​ថ្មី​បន្ថែម​ទៀត។”

វិធីសាស្ត្រ​បង្រៀន ឬ​កិច្ចការ​វាយតម្លៃ​ដែល​តម្រូវ​ឱ្យ​សិស្ស​ចាំ​មេរៀន រូបមន្ត គោលការណ៍ និង​ទ្រឹស្ដី​មិន​សមស្រប​សម្រាប់​ការ​ពង្រឹង​ចំណេះដឹង​នៅ​សម័យ​បច្ចេកវិទ្យា​ទេ។ ប្រព័ន្ធ​អប់រំ​គួរ​តែ​ផ្តល់​ឱកាស​ឱ្យ​មនុស្សគិត ​ហើយ​ចេះ​ពន្យល់​គំនិត​របស់​ខ្លួន​ទៅ​អ្នក​ដទៃ។ ឱកាស​សម្រាប់​អភិវឌ្ឍ​បំណិន​គិត​ ឱ្យ​តម្លៃ​លើ​នីតិវិធី​ស្មើ​នឹង​លទ្ធផល​ដែរ​ ឱ្យ​តែ​ការ​ពន្យល់​របស់​មនុស្សសមហេតុ សមផល។

“ការគិត ​គឺជា​លំហាត់​ប្រាណ​សាច់ដុំ​ខួរក្បាល។ ដូច​រាងកាយ​ដែរ​មនុស្ស​ម្នាក់ៗ​ត្រូវ​ការ​ហូបចុក ដេក និង​ហាត់​ប្រាណ​គ្រប់គ្រាន់​ ដើម្បី​ធានា​ឱ្យ​មាន​សុខភាព​រាងកាយ​មាំមួន​ប៉ុន្ដែ​ខួរ​ក្បាល​ត្រូវ​ការ​ព័ត៌មាន​ដែល​ត្រូវ​បញ្ចូល​តាមរយៈ​បញ្ច​ប្រសាទ​ជាពិសេស ​គឺ​តាមរយៈ​ការ​អាន និង​ការ​ស្តាប់។”

ការ​អភិវឌ្ឍ​បំណិន​គិត​ទាមទារ​ឱ្យ​មាន​ការ​ព្យាយាម​ និង​អត់ធ្មត់​តាម​គ្រប់​រូបភាព​គ្រប់​មុខ​វិជ្ជា និង​គ្រប់​កម្រិត​នៃ​ការ​អប់រំ។ គ្រាន់​តែ​ចង់​ក្លាយ​ជា​អ្នក​ពូកែ​គិត​ ប៉ុន្តែ​ខ្លួន​មិន​ដែល​បាន​គិត​មិន​អាច​ក្លាយ​ជា​អ្នក​ពូកែ​គិត​បាន​ទេ​ បើ​ទោះបី​ជា​អ្នក​ចាំ​ទ្រឹស្តី​ច្រើន​ និង​ស្ទាត់​ជំនាញ​យ៉ាង​ណា​ក៏ដោយ។

ហេតុ​ដូច្នេះ​វា​ជា​ការ​សំខាន់​ណាស់​ដែល​អ្នក​អប់រំ និង​ជាពិសេស​គ្រូបង្រៀន​ព្យាយាម​ផ្តល់​ឱកាស​ឱ្យ​សិស្ស​ពង្រឹង​បំណិន​ក្រៅ​បច្ចេកទេស ឬ​ក្រៅ​មុខ​វិជ្ជា​តាមរយៈ​ការ​ប្រើប្រាស់​វិធីសាស្ត្រ​បង្រៀន​ ដែល​គ្រូ​មាន​តួនាទី​គ្រាន់​តែ​សម្រប​សម្រួល​ការ​រៀនសូត្រ​របស់​សិស្ស​ ដាក់​កិច្ចការ​វាយតម្លៃ​ជា​ប្រចាំ​ដែល​សម្បូរ​ទៅ​ដោយ​ពហុវិធីសាស្ត្រ ឬ​ពហុចម្លើយ និង​ឈប់​ចាត់​ទុក​ខ្លួនឯង​ថា​ជា​អ្នក​មាន​ចំណេះដឹង​ជ្រៅជ្រះ​ និង​ទូលំ​ទូលាយ​ជាង​កុមារ​ បើ​ទោះបី​ជា​លោកគ្រូ​អ្នកគ្រូ​អាច​មាន​ចំណេះដឹង​ជ្រៅជ្រះ​ជាង​សិស្ស​ក៏ដោយ។

ការ​គ្រាន់​តែ​បញ្ជូន​មនុស្សទៅរៀន​មិន​គ្រប់គ្រាន់​នោះ​ទេ ​ការ​បង្កើត​ទម្លាប់​អាន​សៀវភៅ​គ្រប់​ប្រភេទ​ក្រៅ​មុខ​វិជ្ជា​នៅ​សាលា និង​ការ​ធ្វើ​សកម្មភាព​រួម​គ្នា​ដូចជា​ការ​លើក​យក​បញ្ហា​ផ្ទាល់​ខ្លួន​ បញ្ហា​គ្រួសារ និង​បញ្ហា​សង្គម​មក​ជជែក​វែកញែក​ជាមួយ​គ្នា ​ជា​ឱកាស​សម្រាប់​ធ្វើ​ឱ្យ​ការ​គិត​របស់​មនុស្ស​កាន់​តែ​មាន​សង្គតិភាព ស៊ី​ជម្រៅ និង​ច្បាស់លាស់។

តើទម្លាប់នៃការគិតស៊ីជម្រៅអ្វីខ្លះ ដែលមនុស្សជោគជ័យគិត?

១. ពួកគេជាមនុស្សដែលធ្វើការវិភាគលើគ្រប់ជ្រុងជ្រោយ

គ្រប់មនុស្សជោគជ័យភាគច្រើន មានទម្លាប់មួយដែលពួកគេមានជាទូទៅ គឺការវិភាគលើគ្រប់ជ្រុងជ្រោយរបស់ពួកគេ។​ ការវិភាគរបស់ពួកគេ គឺតែងតែធ្វើឡើងលើគ្រប់ជ្រុងជ្រោយនៃស្ថានភាពទាំងអស់ ដូច្នេះហើយទើបការសម្រេចចិត្តរបស់ពួកគេនីមួយៗ គឺសុទ្ធតែឆ្លងកាត់​ ការវិភាគស៊ីជម្រៅ ល្អិតល្អន់ និងធ្វើការពិចារណាលើគ្រប់ស្ថានភាពទាំងអស់។

២.​ ពួកគេមានភាពចាស់ទុំលើការវិនិច្ឆ័យ

តើអ្វីជាភាពចាស់ទុំលើការវិនិច្ឆ័យ?​ ភាពចាស់ទុំលើការវិនិច្ឆ័យ គឺសំដៅលើការវិនិច្ឆ័យដែលវិភាគទៅលើរឿងគ្រប់យ៉ាង មុននឹង​ឈានដល់ការសន្និដ្ឋានទៅលើអ្វីមួយ។ ​ មនុស្សពូកែ និងជោគជ័យជាច្រើនតែងតែមានភាពភាពចាស់ទុំលើការវិនិច្ឆ័យទៅលើការគិតរបស់ពួកគេ ហើយដោយសារតែការគិតហ្មត់ចត់លើគ្រប់ស្ថានភាពរបស់ពួកគេនេះហើយ ធ្វើឲ្យរាល់ការសម្រេចចិត្តរបស់ពួកគេនីមួយៗ គឺពោរពេញដោយភាពច្បាស់លាស់ និងត្រឹមត្រូវ។

៣. ពួកគេជាមនុស្សដែលស្វែងរកការពិត

ដើម្បីធ្វើ​ជាមនុស្សជោគជ័យ និងមានឥទ្ធិពលលើអ្នកដ៏ទៃ អ្នកត្រូវតែមានការគិតបែបស៊ីជម្រៅ ហើយការគិតបែបស៊ីជម្រៅ វាទាមទារឲ្យអ្នកជាមនុស្សដែលចេះស្វែងរកការពិតនៅពីក្រោយរឿងហេតុ ដោយមិនមែនគ្រាន់តែស្ដាប់រឿងមួយភ្លាម ហើយក៏ជឿរឿងនោះទាំងស្រុងនោះទេ។ ហើយបើក្រឡេកមកមើលមនុស្សជោគជ័យវិញ គ្រប់រឿងរ៉ាវទាំងអស់ដែលគេជឿជាក់ តែងតែឆ្លងកាត់ការពិចារណារកខុសត្រូវ និងការវិភាគស្វែងរកការពិតទាំងអស់។

៤. ពួកគេតែងតែធ្វើការសួរសំណួរច្រើន

មនុស្សដែលពូកែ ពួកគេមិនដែលខ្លាចនឹងការសួរសំណួរនោះទេ ពួកគេរមែងតែតែងងឿងឆ្ងល់គ្រប់រឿងដែលនៅជុំវិញខ្លួន ហើយតែងតែស្វែងរកគ្រប់វិធីដើម្បីរកបានចម្លើយនោះ​ និងការពិតដែលនៅពីក្រោយរឿងនោះ។ ដូច្នេះហើយការសួរសំណួរមិនមែនធ្វើឲ្យយើងជាមនុស្សអន់នោះទេ ផ្ទុយទៅវិញវាធ្វើឲ្យយើងជាមនុស្សដែលដឹងច្រើន និងជាមនុស្សដែលពោរពេញដោយប្រភពព័ត៏មានទៅវិញទេ។

៥. ពួកគេជាមនុស្សដែលបើកចិត្តទូលាយ

អាចនិយាយបានថា​មនុស្សដែលជោគជ័យភាគច្រើនជាមនុស្សដែលបើកចិត្តទូលាយ និងចេះទទួលយកគំនិតថ្មីៗដែលអ្នកដ៏ទៃផ្តល់ឲ្យ ឬក៏បញ្ចេញយោលបល់។ ជាជាងធ្វើការតវ៉ាប្រឆាំងនឹងគំនិតអ្នកដ៏ទៃ ពួកគេតែងតែស្ដាប់ការបញ្ចេញយោលបល់របស់អ្នកដ៏ទៃ ដោយពួកគេជឿថារាល់គំនិតថ្មីៗដែលត្រូវបានផ្ដល់ឲ្យ វានឹងធ្វើឲ្យពួកគេរីកចម្រើនឡើង។


អត្ថបទទាក់ទង

តើការប្រាស្រ័យទាក់ទងពិតជាកើតឡើងដោយការនិយាយមែនឬ?

 

Leave a Reply