តើការប្រាស្រ័យទាក់ទងពិតជាកើតឡើងដោយការនិយាយមែនឬ?

តើអ្នកគិតថាភាសាជាឧបករណ៍សម្រាប់ការប្រាស្រ័យទាក់ទងគ្នាឬ? ហើយអ្នកគិតថាការប្រាស្រ័យទាក់ទងនោះ គឺជាការនិយាយ? 

អ្វីដែលធ្វើឱ្យអ្នកមានការភ្ញាក់ផ្ញើលនោះគឺ ជាង៩០ភាគរយ នៃការប្រាស្រ័យទាក់ទងមិនបាន​និយាយនោះទេ។ ៩០ភាគរយ នៃការប្រាស្រ័យទាក់ទងរបស់មនុស្ស គឺជាភាសាកាយវិការ។ ភាសាកាយវិការួមមានទឹកមុខ កាយវិការ សម្លេង និងសញ្ញាផ្សេងៗទៀតដែលទាក់ទងនឹងសរីរាង្គឥន្រ្ទីយ៍។ សញ្ញាទាំងនោះបញ្ចូនពត៌មានពីអារម្មណ៍ បំណង និងការជម្រុញនៃចិត្ត។ យើងប្រើភាសាកាយវិការដោយអញ្ញាណ (ដោយមិនដឹងខ្លួន) ទៅលើសារ និងអត្តន័យរបស់សារនោះ។

ជាទូទៅការប្រាស្រ័យទាក់ទង ត្រូវបានគេបែងចែកជាពីរប្រភេទ គឺការប្រាស្រ័យទាក់ទងដោយវាចា និងការប្រាស្រ័យទាក់ទងឥតវាចា។ លោក Birdwhistell (១៩៧០) បានលើកឡើងថាភាសាកាយវិការនៅក្នុងការប្រាស្រ័យទាក់ទងមានរហូតដល់ទៅ ៦៥ភាគរយ សម្រាប់ការសិក្សាថ្មីមួយទៀតរបស់លោក Mehrabian (១៩៨១) បានបង្ហាញថាភាសាកាយវិការមានរហូតដល់ ៩៣ភាគរយ នៅក្នុងការប្រាស្រ័យទាក់ទង។ ការប្រាស្រ័យទាក់ទងឥតវាចា ឬភាសាកាយវិការ គឺជាគ្រប់សមាសធាតុទាំងអស់នៅក្នុងការប្រាស្រ័យទាក់ទងមួយ ដែលក្រៅពីការនិយាយ។ វាមិនត្រឹមទាំងរួមបញ្ចូលកាយវិការ និងចលនានោះទេ ប៉ុន្តែវារួមមានទាំងការលើកដាក់សម្លេង កម្រិតនៃសម្លេង ការស្លៀកពាក់ និងកត្តាបរិស្ថានជាច្រើនទៀតដូចជា គម្លាត និងពណ៌ជាដើម។ ការប្រាស្រ័យទាក់ទងឥតវាចា ក៏ដូចគ្នាទៅនឹងភាសាផ្សេងៗទៀតដែរ​ គឺវាត្រូវបានបង្រៀនតាមរយៈអន្តរកម្មជាមួយអ្នកដទៃ។

មុខងារនៃការប្រាស្រ័យទាក់ទង

មុខងារសំខាន់ៗនៃប្រាស្រ័យទាក់ទងឥតវាចាមានបី៖

  • ការបំពេញអត្តន័យនៅក្នុងប្រាស្រ័យទាក់ទងវាចា
  • ការផ្លាស់ប្តូរអន្តរកម្ម
  • ការបង្កើតអត្តន័យនៃកម្រិតទំនាក់ទំនង

ការបំពេញអត្តន័យនៅក្នុងប្រាស្រ័យទាក់ទងដោយវាចា

អាកប្បកិរិយាភាសាកាយវិការដែលបានបន្ថែមទៅសារមាន៥ប្រភេទ៖

  • ការប្រាស្រ័យទាក់ទងឥតវាចាអាចជាពាក្យ ច្រំដែល នៅពេលនិយាយថា “ស្តាំៗៗៗៗ”​ នៅពេលអ្នកចង្អុលទៅខាងស្តាំ
  • ការប្រាស្រ័យទាក់ទងឥតវាចាអាច និយាយផ្ទុយ មិនពិត នូវសារណាមួយ ឧទាហរណ៏​ អ្នកនិយាយថា “ខ្ញុំមិនអីទេ!” កំឡុងពេលកំពុងយំ
  • ការប្រាស្រ័យទាក់ទងឥតវាចាអាច បន្ថែមអត្តន័យ ឱ្យគ្រប់គ្រាន់ ទៅលើការនិយាយ
  • នៅពេលខ្លះយើងចង់ ជំនួស ដោយប្រើការប្រាស្រ័យទាក់ទងឥតវាចា ជាជាងការនិយាយដោយពាក្យសម្ដី ឧទាហរណ៍ ការជំនួសនូវឃ្លាថា “ខ្ញុំមិនដឹងទេ!” ទៅជាការញាក់ស្មាបន្តិច
  • ការប្រាស្រ័យទាក់ទងឥតវាចាអាចជាសារ សង្កត់សម្លេង ដែលចង់ប្រា​ប់យើងពីចំណុចសំខាន់។ ឃ្លាថា “ខ្ញុំស្រលាញ់អ្នក!” អាចមានអត្តន័យខុសពី “ខ្ញុំស្រលាញ់អ្នក!” ឬ “ខ្ញុំស្រលាញ់អ្នក!”

ការផ្លាស់ប្តូរអន្តរកម្ម

ការប្រាស្រ័យទាក់ទងដោយឥតវាចា​​ ក៏អាចមានការផ្លាស់ប្តូរអន្តរកម្មដែរ។ យើងប្រើកាយវិការ ខ្សែភ្នែក និងការលើកដាក់សម្លេង ដើម្បីបញ្ចូនសញ្ញា ទៅអ្នកដទៃដែលយើងមានបំណងចង់និយាយ (Drummond, K & Hopper, R, 1993)។

មានភាពខុសគ្នាខ្លះៗដែលទាក់ទងទៅនឹងភេទទៅលើការផ្លាស់ប្តូរអន្តរកម្ម។ ជាស្រេច ជារឿយៗស្រ្ដីតែងតែប្រើប្រាស់ការប្រាស្រ័យទាក់ទងឥតវាចានេះ ដើម្បីអញ្ជើញអ្នកដទៃនៅក្នុងសន្ទនាមួយ តាមរយៈការក្រឡេកមើលអ្នកណាម្នាក់ដោយមិននិយាយ តាមរយៈការញញឹមនៅពេលមានមនុស្សថ្មីណាម្នាក់មកអង្អុយនៅក្នុងក្រុម។ មនុស្សប្រុសជាទូទៅក៏ប្រើប្រាស់ការប្រាស្រ័យទាក់ទងឥតវាចាដើម្បីបន្តការសន្ទនា។ ប្រសិនបើបុរសម្នាក់និយាយ ហើយព្យាយាមគេចពីខ្សែភ្នែក ពួកគេអាចសន្មតថាបុរសម្នាក់នោះមិនចង់ចូលរួមនៅក្នុងការសន្ទនានេះទេ។

ការបង្កើតអត្តន័យនៃកម្រិតទំនាក់ទំនង

មុខងារចុងក្រោយដែលមានសារៈសំខាន់នៃការប្រាស្រ័យទាក់ទងឥតវាចាគឺដើម្បីបង្កើតអត្តន័យនៃកំរិតទំនាក់ទំនង ដែលកំនត់នូវទំនាក់ទំនងរបស់មនុស្សដែលកំពុងធ្វើការប្រាស្រ័យទាក់ទង។ ដោយសារតែអារម្មណ៍នៅក្នុងទំនាក់ទំនងជាទូទៅមិនបញ្ចេញតាមពាក្យសម្តីទេ (Burgoon, J. K & Hale, J.L, 1988; Burgoon, J. K. & Le Poire, B., 1999)។ ចំនុចដែលសំខាន់បំផុតនៅក្នុងអត្តន័យនៃកំរិតទំនាក់ទំនងមានបីគឺ ការឆ្លើយតបភ្លាមៗ ការចូលចិត្តនិងអំណាច។

  • ការឆ្លើយតបភ្លាមៗ ៖ វាបង្ហាញពីការយកចិត្តទុកដាក់ទៅកាន់មនុស្សដទៃ និងចំណាប់អារម្មណ៏ទៅលើអ្វីដែលពួកគេនិយាយ និងធ្វើ។ ​ការឆ្លើយតបដោយឥតវាចានេះ រួមបញ្ជូលទាំងខ្សែភ្នែក ការសង្កត់សម្លេង និងកាយវិការដែលបង្ហាញការចាប់អារម្មណ៏និងការចូលរួម។​ កង្វះខាត់នៃការឆ្លើយតបប្រហែលជាការផ្តល់សញ្ញាដូចជាការដកដង្ហើមធំ​ ឬងាកចេញ។

អ្នកស្រាវជ្រាវបានបង្ហាញជាទូទៅស្រ្តីមានការឆ្លើយតបការប្រាស្រ័យទាក់ទងច្រើនជាងបុរស​ ។ ប្រសិនបើនាក់ចងចាំមេរៀននិយាយអំពីការប្រាស្រ័យទាក់ទងយេនឌឺនាក់និងមានការាទាក់ទងក្នុងការឆ្លើយតបយ៉ាងល្អ ។

  • ការចូលចិត្ត ៖ យើងប្រើប្រាស់ប្រាស្រ័យទាក់ទងឥតវាចាដើម្បីបង្ហាញនូវភាពចូលចិត្ត ឬមិនចូលចិត្ត។ អាកប្បកិរិយាដែលបង្ហាញថាយើងចូលចិត្តដៃគូសន្ទនាមានដូចជា ឈរនៅក្បែរគ្នា ជាដើម។ ដោយសារតែមនុស្សមានភាពរាក់ទាក់ដើម្បីធ្វើល្អជាមួយអ្នកដទៃ និងបង្កើតទំនាក់ទំនង ដូច្នេះពួកគេមានទំនោរក្នុងការប្រើប្រាស់ការប្រាស្រ័យទាក់ទងឥតវាចាដើម្បីផ្តល់នូវសញ្ញាថា នាងចូលចិត្ត ទទួលយក និងភាពរាក់ទាក់ (Stewart, L. P., Stewart, A. D., Friedley, S. A., & Cooper, P. J., 1996)។ ឧទាហរណ៍ នៅពេលដែលមនុស្សអង្អុយ ឬឈរដើម្បីសន្ទនាគ្នា ពួកគេមានទំនោរក្នុងការអង្អុយ ឬឈរនៅជិតគ្នាជាងបុរស ហើយពួកគេក៏មានប្រើប្រាស់ខ្សែភ្នែកជាងមនុស្សប្រុសដែរ (Cegela, D., & Sillars, A., 1989; Henley, 1977)។

យើងក៏អាចប្រើប្រាស់ការប្រាស្រ័យទាក់ទងឥតវាចានេះ ដើម្បីបង្ហាញនូវភាពមិនពេញចិត្តទៅកាន់អ្នកដទៃដែរ។ អាកប្បកិរិយាដែលបង្ហាញថាអ្នកមិនចូលចិត្តអ្នកដទៃអ្នកកំពុងនិយាយអាចមាន ការបែរខ្នងចេញ ឬដើរចេញពីការសន្ទនានោះ។

  • អំណាច ឬការគ្រប់គ្រង ៖ វាជាចំណុចចុងក្រោយនៃអត្ថន័យនៃ​កម្រិត​ទំនាក់​ទំនង​នេះ​គឺ​ជា​អំណាច​ឬ​ការគ្រប់គ្រង។ អំណាចសំដៅ​ទៅ​លើ​កម្រិត​ដែល​យើង​ធ្វើ​នៅពេលដែលយើង​មាន ភាពស្មើគ្នា មានការ  ទ្រួតត្រា​ឬ ភាពខុសគ្នាពី​អ្នកដទៃ​។ បញ្ហាក្នុង​ការគ្រប់គ្រង​នៅ​ក្នុង​ការ​សន្ទនា​បាន​រួម​បញ្ចូលទាំង​ ការ​កំណត់​ប្រធាន​បទ​ ការ​ដឹកនាំ​ការ​សន្ទនា ការនិយាយកាត់​​ និង​ការជំទាស់។ ទោះ​បី​ជាសារមួយដែលមានគ្រប់គ្រងតាមរយៈភាសាកាយវិការក៏ដោយ ក៏​វា​មាន​សារៈ​សំខាន់​ជា​ពិសេសចំនួន៣៖ ការលើកដាក់សម្លេង ការប៉ះពាល់ ​និង​ការប្រើប្រាស់គម្លាត​។ នៅក្នុងប្រភេទទាំងបីនេះ ជាទូទៅបុរសមានពូកែជាងស្រ្តីនៅក្នុងភាសាកាយវិការដើម្បីធ្វើការគ្រប់គ្រង (Major, B., Schmidlin, A. M., & Williams, L., 1990)។ ឧទាហរណ៍​ បើ​ធៀប​ទៅ​នឹង​ស្ត្រី បុរស​ហាក់ដូចជាមានការប្រើប្រាស់សម្លេងខ្លាំង និងការបញ្ចេញសម្លេងធ្ងន់ៗ ដើម្បីបង្ហាញពីគំនិតរបស់ពួកគេ (Henley & Freeman, 1995; Spain, 1992)។ លើសពីនេះទៅទៀត ជាទូទៅបុរសមានទំនោរក្នុងការគាប់សង្កត់ និងប្រើប្រាស់គម្លាតផ្ទាល់ខ្លួនធំជាងមនុស្សស្រី មនុស្សប្រើប្រាស់គម្លាតកាន់តែធំនៅក្នុងការអង្គុយ និងការឈរជាដើម អ្វីដែលសំខាន់នោះគឺ មនុស្សប្រុសមិនមែនត្រឹមតែប្រើប្រាស់គម្លាតទៅតាមទំហំខ្លួនរបស់ពួកគេ​។ សូម្បី​តែ​នៅ​អាយុ​ក្មេង​ណាស់​ ក្មេងប្រុសត្រូវបានបង្រៀនដើម្បីទាមទារនូវគម្លាតច្រើនជាងមនុស្សស្រី (Mills, 1985)។

អត្ថបទទាក់ទង

វគ្គបណ្តុះបណ្តាល ស្តីពី ការប្រាស្រ័យទាក់ទងដើម្បីផលប៉ះពាល់ និងលទ្ឋផល

Leave a Reply