ល្បែង​ប្រជាប្រិយ​ខ្មែរ ចំនួន១០ ដែលអ្នកគួរស្វែងយល់

ល្បែងប្រជាប្រិយ គឺជាសិល្ប:វប្បធម៌ អរិយធម៌ដ៏ចំណាស់មួយរបស់ខ្មែរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហើយ​បាន​រីក​ត្រចះត្រចង់​ និង​ជា​សក្ខីភាព​ដ៏​អស្ចារ្យ​ ដើម្បី​បង្ហាញ​ពិភព​លោក​ឱ្យ​ដឹង​ឮ ​និង​ស្ញប់​ស្ញែង​ពី​អារិយធម៌​ខ្មែរ។​ ល្បែង​ប្រជាប្រិយ​ បាន​កកើត​ឡើង​ពី​ជីវិត​ប្រចាំ​ថ្ងៃ​នៃ​ប្រជាកសិករ​តាម​សម័យ​កាល​នីមួយៗ ​ដោយ​គ្មាន​កាល​បរិច្ឆេទ ​ឬឈ្មោះ​អ្នក​បង្កើត​ អ្នក​ផ្ដួច​ផ្ដើម ​និង​ពី​ប្រវត្តិ​ច្បាស់​លាស់​នោះទេ​ គឺមាន​ប្រភព​ចេញ​ពី​កម្លាំង​ពល​កម្ម​ ការ​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាពលរដ្ឋ​ ប្រជាកសិករ​ និង​ជា​ការ​ចេះ​តៗ​គ្នា​តែប៉ុ​ណ្ណោះ។

ប្រជាជន​កម្ពុជា​និយម​លេង​ ល្បែង​ប្រជាប្រិយ​ខ្មែរ នៅពេល​មាន​ពិធី​បុណ្យទាន​ម្តងៗ ជាពិសេស​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ។ យ៉ាងណា​មិញ បច្ចុប្បន្ន ល្បែង​ប្រជាប្រិយ​ខ្មែរ​មួយ​ចំនួន​ស្ទើរតែ​មិន​សូវ​បាន​គេ​ស្គាល់ និង​​មិន​សូវ​បាន​ឃើញ​មាន​លេង​ផង។ 

តើមានល្បែងប្រជាប្រិយអ្វីខ្លះសម្រាប់លេងកម្សាន្តនៅរដូវចូលឆ្នាំខ្មែរទៅ? ខាងក្រោមនេះ គឺជាល្បែង​ប្រជាប្រិយ​ខ្មែរចំនួន១០ ដែលអ្នកគួរស្វែងយល់៖

១. ល្បែង​ស្តេចចង់​ ឬល្បែងអៀវ

ល្បែស្តេចចង់ ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ គ្រប់​ភូមិ​ស្រុក ទូ​ទាំង​កម្ពុជ​រដ្ឋ តែង​លេង នៅ​ពេល​ទំនេរក្នុង​វេលា​យប់​ខែភ្លឺ។ អ្នក​លេង​​មាន​ប្រុស​​មាន​​ស្រី​​ជា​​ច្រើន​​នាក់ មិន​កំណត់។ ពេល​លេង​គេចែក​គ្នា​ជា ២​ពួក ប្រុស ១ពួក ស្រី ១ពួក។ ក្នុង​បណ្តាអ្នកទាំង ២ពួកនោះ គេតាំងប្រុស ឬ​​ស្រី​​ម្នាក់​​ធ្វើ​ជា​​ស្តេច ឲ្យអង្គុយនៅទី មួយចំកណ្តាលទី លើកៅអី ឬ​លើ​វត្ថុ​អី្វ​មួយ មានត្បាល់ជាដើម។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

កាលអ្នកធ្វើជាស្តេចអង្គុយលើទីមួយដ៏សមគួរហើយ ខាងស្រីគេឲ្យស្រី ដើរ​ចូល​ទៅ​ខ្សឹប​នឹង​ស្តេច​​ថា ខ្លួន ស្រឡាញ់ឈ្មោះណាមួយ ឧបមាថា ឈ្មោះ ក ឬ ខ ខ្សឹប​ហើយ​គេ​ថយ​មក​អង្គុយ ឬ ក៏មក​ឈរនៅកន្លែងដើមវិញ។ ខាង​ប្រុស​គេ​ឲ្យ​ប្រុស​ម្នាក់​ដើរ​ចូលទៅរកស្តេចដែរ ប្រសិនជាមិ​ន​ចំ​ឈ្មោះ​ដែល​គេ​ខ្សឹប​ទុក​ជា​មុន​ទេ​ក៏​ហី​ទៅ តែបើ ប្រុស​ដែល​មក​នោះ​ចំលើ​ឈ្មោះ​ដែល​ស្រី​គេ​បាន​​ខ្សឹប​នោះ​មែន ស្តេចស្រែកថា “អៀវៗ” ហើយ​ឲ្យ​ស្រី​នោះ​ជិះ​ប្រុស នោះតម្រង់​ទៅរក​កន្លែង​គេ កំពុងជិះគេស្រែកថា “អៀវៗ” ហើយ​គេ​បញ្ជិះ​ទៅ​ចុះ​កន្លែង​ខាង​ស្រី។ រួចហើយខាង ប្រុស​គេ​ឲ្យ​ប្រុស​ខាងគេម្នាក់ ចូល​ទៅខ្សឹបម្តង បើប្រុសនោះចូលទៅខ្សឹបថា “ខ្ញុំ” ស្រឡាញ់នាងណាមួយ ឧបមាថា “ខ” ខ្សឹបហើយគេថយទៅវិញ បើស្រីម្នាក់នោះឈ្មោះ “ខ” ចូល​ទៅ​មែន ស្តេច​ស្រែក​ថា “អៀវៗ” ហើយឲ្យប្រុសនោះ ជិះស្រីនោះ ស្រែកថា “អៀវៗ”​ ដូចគ្នា។ បានសេចក្តីថា បើខាង​ណា​ចូលទៅខ្សឹបថា ខ្លួន​ស្រឡាញ់​ឈ្មោះ “ក” ហើយ បែរជា ឈ្មោះ “ខ” ចូលមករកស្តេចវិញ នោះ​​ស្តេចមិន​ឲ្យ​អ្នក​ខ្សឹបជិះ ឬអៀវគេទេ អ្នកខ្សឹបនោះត្រូវថយទៅវិញ ហើយគេឲ្យម្ខាង​ចូល​ទៅ​ខ្សឹប​ជា​ថ្មីទៀត ។ ចេះតែផ្លាស់គ្នា​តាមរបៀបនេះរហូត​ដល់ពេល​ឈប់។

អ្នកដែលធ្វើជាស្តេចត្រូវមើលការខុសត្រូវក្នុងរឿងនេះ ដោយសច្ចៈ និងយុត្តិធម៌។

ល្បែងនេះស្រេចលើអ្នកធ្វើស្តេច បើអ្នកធ្វើស្តេចប្រកបដោយអគតិ ច​ង់ឲ្យអ្នកណាជិះអ្នកណា ក្រៅ​ពីឈ្មោះ ដែលគេខ្សឹបក៏បាន គឺថា បើម្នាក់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចូលទៅខ្សឹបថាស្រឡាញ់ឈ្មោះ “ក” ហើយទោះ​បី​ឈ្មោះ “ខ” ចូលមក ស្តេច​ស្រែ​​​​​ក​ថា “អៀវៗ” ទៅក៏ចេះតែបាន ព្រោះអ្នកចូលទៅក្រោយ មិន​បាន​​ឮ​​អ្នក​​មុនខ្សឹបថា ស្រឡាញ់ឈ្មោះ ណាៗ ទេ។ តែបើមាន​របៀបលេង​លំអៀង​​បែប​នេះ អ្នក​លេង​ណា​ដែល​ចាប់​ថ្នាក់បាន តវ៉ាឡើង អាចសុំគេ​ឲ្យ​ប្តូរ អ្នកធ្វើស្តេចបាន ប្រសិន​បើ​អ្នក​ធ្វើ​ស្តេច​ប្រកប​ដោយ​សច្ចៈ និងយុត្តិធម៌ នោះការលេងនេះទៀងទាត់ណាស់។

ល្បែងនេះជាល្បែងកំសាន្តក៏មែន តែជាល្បែងហាត់ចិត្តមនុស្ស​ឲ្យ​ប្រកប​ដោយសច្ចៈ និង​យុត្តិធម៌ មិនឲ្យ ប្រកបដោយអគតិ (សេចក្តីលំអៀង) ៤យ៉ាងគឺ៖

– ឆន្ទាគតិ              លំអៀងព្រោះស្រឡាញ់

– ទោសាគតិ           លំអៀងព្រោះខឹង

– ភយាគតិ             លំអៀងព្រោះខ្ខាច

– មោហាគតិ           លំអៀងព្រោះភន្ត័ច្រឡំ

ម្យ៉ាងទៀត ជាការបង្ហាត់ឲ្យមនុស្សចេះ ជ្រើសរើសតាំង​គ្នាឲ្យធ្វើការជា​តំណាង ភ្នែក​ស្រមុះ​ខ្លួងផង គឹត្រូវ ចេះជ្រើសរើសរកអ្នកណា ដែលគេយល់​ថាជាមនុស្សត្រឹមត្រូវបរិសុទ្ធ ធ្វើការបានល្អ តាមគន្លងធម៌ពិតៗ។

២. ល្បែងលាក់កន្សែង

ល្បែងលាក់កន្សែង ជាល្បែងមួយ យ៉ាងរបស់ក្មេងខ្មែរក្នុងបុរាណកាល តែងលេង​សម្រាប់​ជាទី​កំសាន្តសប្បាយ នៅពេលយប់ខែភ្លឺក្នុងរដូវចូលឆ្នាំ ឬនៅពេលជាចន្លោះការហត់នឿយម្តងៗ ។

មុនដំបូង ពួកក្មេងៗគេបបួលគ្នាបានចំនួនពី ៦-៧ នាក់ឡើងទៅឲ្យអង្គុយ​ច្រហោងដំកង់​ជាវង់​មូល ដាក់ដៃ ទាំងពីរទៅមុខលើក្បាលជង្គង់ ក្នុងទីណាមួយដែលជាទីវាល​ស្រឡះ​រាបស្មើ​ល្អ ។ ហើយគេយកកន្សែង​ ឬក្រមាតូច មួយមករុំមូរឆ្មូលតឹងណែនល្អ ទុកជាយបន្តិចសម្រាប់​កាន់​​យួរបាន សន្មត់ហៅថា កន្សែង មានម្នាក់ក្រោកចេញ ទៅក្រៅវង់កាន់ កន្សែងនោះ ដើរព័ទ្ធ​ជុំវិញ​​យ៉ាងលឿន ពីខាងក្រោយខ្នងអ្នកអង្គុយបញ្ឆោត អ្នកអង្គុយមិនឲ្យដឹង ខ្លួនថា គេលាក់​កន្សែង​ក្រោយខ្នងអ្នកណា។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពខាងក្រោមនេះ ៖

ល្បែងនេះមានតំណមយ៉ាង តឹងរ៉ឹងមិនឲ្យអ្នកលេងងាកក្រោយ ឬលួកដៃទៅខាងក្រោយខ្នង បើ​អ្នកណា មួយហ៊ានងាក ឬលូកស្ទាបខាងក្រោងខ្នង អ្នកលាក់គេមាន​អំណាចទណ្ឌកម្ម​អ្នក​នោះ មិនឲ្យឡើងលាក់កន្សែង ឬគេឲ្យអ្នក​នោះអង្គុយធ្មេចភ្នែកក៏បាន​ ស្រេចតែគេដាក់​ទៅ​យ៉ាង​ណា​តាមចិត្តគេស្ម័គ្រ ។ អ្នកលាក់ លុះរត់ក្រឡឹង អ្នកអង្គុយ ២ ៣ ជុំហើយ មើលតែអ្នកណា​អង្គុយ​បែប​​ភ្លេចខ្លួន គេក៏ដាក់កន្សែងក្រោយខ្នងអ្នកនោះភ្លាម រួច​គេរត់ យ៉ាងរហ័សព័ទ្ធវង់អ្នកអង្គុយដើ​ម្បី​​​ឲ្យ​ឆាប់មកដល់កន្លែងកន្សែងដែលគេដាក់នោះ ។​ បើអ្នកដែលគេត្រួវលាក់ កន្សែង​ពី​ក្រោយ​​ខ្នង​នោះ​​មិនដឹងខ្លួន លុះអ្នកលាក់រត់ក្រឡឹងមកម្តងទៀតចាប់យកកន្សែងនោះបានមុន គេទុក​អ្នក លាក់​នោះជាអ្នកឈ្នះ ត្រូវមានអំណាចរើសយក​កន្សែងនោះ​ទៅគក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេយកកន្សែង លាក់តទៅទៀត។ តែបើអ្នកអង្គុយដឹងខ្លួនថា គេលាក់កន្សែង​ចំ​ក្រោយ​ខ្នង​ខ្លួន  ហើយចាប់យកកន្សែងបានមុន អ្នកលាក់រត់មកដល់ គេទុកអ្នកអង្គុយនោះជាអ្នកឈ្នះ ត្រូវ​មាន​អំណាច​ក្រោកឡើងចាប់កន្សែងដេញគក់អ្នកលាក់ នោះវិញ តែបើអ្នក​នោះ​គេរត់ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយបានទៅ អ្នកកាន់កន្សែងនោះ មិនត្រូវគក់គេទេ ត្រូវរត់ ក្រឡឹងអ្នកអង្គុយ​បាន​ដំកង់ ដើម្បីនឹងលាក់តទៅទៀត គឺថា អ្នកលាក់ពីមុនត្រូវទៅអង្គុយកន្លែងអ្នកចាប់កន្សែង បាន​ក្នុងវង់ដដែល ។

គេលេងតែរបៀបនេះរហូតដល់ពេលយឈប់។ ជួនកាលអ្នកខ្លះមិនដែល​បាន​ឡើង​លាក់​​កន្សែងនឹងគេ ម្តងសោះក៏មាន ព្រោះគេលាក់កន្សែងក្រោយខ្នងខ្លួនមិនដឹង រវល​តែគេ​គក់ខ្នងរាល់ពេល។

ល្បែងនេះ គេលេងដើម្បីហាត់ខ្លួនឲ្យមានស្មារតីរឹងប៉ឹង ហើយរហ័សរហួន ឲ្យ​មាន​ប្រាជ្ញា​វាង​វៃ ហាត់ទម្លាប់ ខ្លួនឲ្យចេះប្រុងស្មារតីជានិច្ច។

៣. ល្បែងចោលឈូង

ល្បែងឈូង ជាល្បែងមួយយ៉ាង របស់មនុស្សកម្លោះក្រមុំ ឬមនុស្ស​ចំណាស់ៗ ប្រុស ស្រី ទូ​ទាំង​កម្ពុជ​​រដ្ឋ គេ​តែង​លេង​នៅ​វេលាយប់ ខែភ្លឺ ក្នុង​រដូវ​ចូលឆ្នាំថ្មី (ខែចេត្រ-ពិសាខ) ។ គេចែកគ្នា ២​ពួក​ប្រុស ១​ពួក ស្រី ១​ពួក ។ ក្នុង ១ ពួកៗមានគ្នាចំនួនពី ១០នាក់ ឬ ២០នាក់ ឡើងទៅ ឈរ​ត្រៀម​​​​ជា​​២​ជួរ ទល់​មុខ​គ្នា ឃ្លាតពីគ្នាប្រមាណជា ៨ ឬ ១០ ម៉ែត្រ ។ គេយកក្រមា​ ឬ​កន្សែង​មក​ឆ្មូល​ឲ្យ​មូល​ ចង​រឹត​ឲ្យ​តឹង​ណែន​ល្អ ទុកឲ្យ​មាន​កន្ទុយ​បន្តិច​ហៅ​ថា “ឈូង” សម្រាប់កាន់បោះ ឬ​ចោល​ទៅ​មក​រក​គ្នា ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

ឈូងមាន ២បែប៖

១. ឈូងច្រៀងរាំ

២. ឈូងលោះខ្ញុំ

១. ឈូងច្រៀងរាំ មុនដំបូង ពូកខាងប្រុសបោះ​ឈូងទៅ​ឲ្យពួក​ខាង​ស្រី ពូកខាង​ស្រី​ប្រុង​ចាប់​កុំ​ឲ្យ​ធ្លាក់​ដល់​ដី បើធ្លាក់ដល់ដី គេចាត់ជាស្អុយ ហើយ​គេ​ផ្តើម​បោះទៅឲ្យខាងប្រុសវិញ ពួកខាង​ប្រុស​​ប្រុង​​ចាប់​​កុំ​​ឲ្យ​​ធ្លាក់​​ដល់​​ដី ។ កាលចាប់បានហើយ  ចោលសំដៅទៅពូកខាងស្រី គឺសំដៅ​នាង​​ណា​​​ដែល​ខ្លួន​ស្ម័គ្រ​ បើចោលខុសគេចាត់ទុក ស្អុយ រួចគេ​ផ្តើមបោះ​ជាថ្មី​ទៀត បើ​ចោល​ត្រូវ​ស្រី​ណា​ហើយ ស្រី​នោះ​​ច្រៀង​​រាំយក​ឈូង​ទៅ​ជូន​ខាង​ប្រុស ហៅថា ច្រៀងរាំជូនឈូង។ របៀប​ច្រៀង​រាំ​នោះ ម្នាក់​កាន់​ឈូង​នាំ​មុខ ម្នាក់ដៃទទេរាំតាមក្រោយ ហើយច្រៀងជាទំនុកថា ៖

ប្អូនចាប់ឈូងបាន ឈូងបែកជាបួន ព្រលឹងប្រុសស្ងួន ទទួលឈូងទៅ” ។

ពូកស្រីៗក្រៅពីនោះគ្រប់គ្នាទទួលថា ៖

ឱណាកែវ កែវពិអា ឱណាកែវអឺយ អឺអឺងអឺយ!

រួចហើយហុចឈូងនោះទៅខាងប្រុសៗ ទទួលយក ហើយក៏ផ្តើម បោះ​ឈូង​នោះ​ទៅ​ឲ្យ​ខាង​ពួក​ស្រីៗ​ចាប់វិញ។

បើពូកស្រីៗចាប់ឈូងបានក៏ចោលសំដៅទៅពូកខាងប្រុស បើ​ចោល​​ត្រូវប្រុសណា ប្រុស​នោះ​ត្រូវ​រាំ​នាំ ឈូងទៅជូនខាងពូកស្រីៗ ដោយ​ច្រៀងជាទំនុកថា៖   “បងចាប់ឈូងបាន បងបី​ត្រកង ព្រលឹងមាសបង ទទួល ឈូង ទៅ” ។ ពូកប្រុសៗ គ្រប់គ្នាទទូលបន្ទរថា៖ “ឱណាកែវ កែវ​ពិអា ឱណាកែវអឺយ អឺអឺងអឺយ !” ហើយហុច ឈូងនោះទៅខាងស្រីៗ ទទួលយក ទើបផ្តើមបោះតទៅទៀត ។

២. ឈូងលោះខ្ញុំ ដើមដំបូង ខាងប្រុសគេផ្តើមច្រៀង ១ទំនុកជាមុខ ។ ឯទំនុក​ច្រៀង​ឈូង​មាន​ច្រើន​បែប ប្លែក​ទៅ​តាម​ប្រាជ្ញា​របស់​អ្នក​នាំ​ច្រៀង​និង​តាមស្រុក ។ ទីនេះស្រង់យកតែទំនុកធម្មតា ដែលអ្នកលេងឈូងគ្រប់ ស្រុកគេតែងច្រៀងគ្រប់គ្នាថា៖ “​ បងបោះឈូងទៅ អូនអើយ កំពស់​ចុង​ដូង (ស្ទូន) ក្រមុំឈរច្រូង អូនអើយទទួលឈូងបង” ឬថា “បងបោះឈូងទៅ ឈូង​បែក​​ជាបួន ស្រីណាមានខ្លូន ទទួលឈូងបង” ។ល។  ច្រៀង​ហើយ​គេ​ស្រែក ប្រាប់ថា “ឈូង​អើយ​ឈូង!”ហើយអ្នកផ្តើមទំនុក​ក៏បោះ​ឈូង​ទៅ​លើ​ពួក​ស្រីៗ ឲ្យពួកស្រីៗចាប់  ។ ខាងស្រី​ចាប់​ឈូង បាន គេចោល​សំដៅ​ទៅ​រក​ប្រុស​ណាដែលគេត្រូវចិត្ត បើចោលទៅត្រូវប្រុសណា គេ​ទៅ​​ចាប់​​យក​ប្រុស​នោះមកទុក ខាងពូកគេ។ បើចោលមិនត្រូវទេ ខាង​ប្រុស​នោះ​ចាប់​ឈូង​នោះ ចោល​សំដៅមករកស្រីណាដែលគេស្ម័គ្រ បើខាង ប្រុស​ចោល​មកត្រូវខាងស្រីហើយ ប្រុស​ម្នាក់​ដែល​ត្រូវ​ចាប់​យក​ទៅ​ទុក​មុន​នោះ ត្រូវបាន​មក​រូចខ្លួន បើប្រុសចោល មិនត្រូវស្រីវិញទេ ប្រុស​ម្នាក់នោះ​ត្រូវនៅ​ខាង​ស្រីដដែល ។ បើខាងណាប៉ុនប្រសប់ចោលយកខាងម្ខាងទាល់តែអស់ កាល​​ណា​អស់​គ្នាហើយគេផ្តើម លេងសាជាថ្មី ដោយឲ្យ​ខាងស្រី​បោះ​ឈូង​ទៅ​ឲ្យ​ប្រុស គេស្រែក​ច្រៀង​ថា៖ “អូនបោឈូងទៅ បងអើយ កំពស់ចុងស្លា ប្រុសឈរប្រៀបត្រា បងអើយ​ទទួល​ឈូង​អូន” ។ល។ ច្រៀងហើយគេ ស្រែក​​ថា៖ “ឈូងអើយ ឈូងអើយ” ហើយគេបោះឈូងទៅ​លើពូក​ប្រុសៗ។

ឯខាង​ប្រុសបើគេចាប់បានឈូងខាងស្រីបានហើយ គេចោល​ឈូង​នោះ​សំដៅខាងស្រីៗ កាល​ត្រូវលើស្រី ណាម្នាក់ គេចាប់ស្រីនោះ​មក​ទុក​ខាង​គេ។ បើខាងណាអស់មនុស្ស គេចែ​គ្នាលេង​សា​រ​ជាថ្មី។

មនុស្សដែលគេចាប់បាននោះ ជូនកាលគេចងទុកឲ្យជិត លេងឲ្យរត់​ទៅកាន់​ទីផ្សេងៗ ជា​ការ​កំសាន្ត សប្បាយ ។

របៀបលេងបែបទី២ នេះ ជូនកាលអ្នកលេង គេច្រូតកាត់មិនបាច់​ច្រៀង ស្រាប់តែ​ចោល​តែម្តង​ក៏​មាន។

ល្បែងនេះ រាប់ចូលក្នុងពួកការហាត់ភ្នែកឲ្យវៃ ហាត់ដៃឲ្យត្រង់ផង ជាការកំសាន្តសប្បាយ ដោយ​មាន​ការ រាំច្រៀងលាយជាមួយផង។

៤. ល្បែងទាញព្រ័ត្រ

ល្បែងទាញព្រ័ត្រ ជាល្បែងលេងកំសាន្ដសប្បាយរបស់យុវជនខ្មែទាំងបុរស ទាំងស្រ្ដី កំលោះ ក្រមុំ។ ល្បែងនេះគេលេងដោយប្រើកំលាំងកាយជាមូហេតុ ហើយគេលេងតែ ក្នុងរដូវចូលឆ្នាំខ្មែរ គឺខែចេត្រ ពិសាខប៉ុណ្ណោះ។ គេច្រើននិយមលេងក្នុងវត្ដអារាម ក្នុងពិ ធីបុណ្យចូលឆ្នាំខ្មែរ ព្រោះវត្ដមានទីវាលធំទូលាយ ងាយដល់ការលេងល្បែងនេះ តែអាច លេងនៅតាមភូមិក៏បាន បើប្រសិនជាភូមិនោះមានមនុស្សនៅផ្ដុំគ្នាច្រើន ហើយមានទីវា លល្មមលេងកើត។ ល្បែងនេះគេច្រើនលេងនៅពេលថ្ងៃ តែប្រសិនជាមានចង្កៀងយ៉ាងភ្លឺ រឺពន្លឺព្រះ ចន្ទភ្លឺថ្លាល្អ គេអាចលេងនៅពេលយប់ក៏បាន។

សមាសភាពនៃអ្នកលេង ល្បែងនេះ គេចែកមនុស្សអ្នកលេងជា២ក្រុម ម្ខាងៗយ៉ាងតិចត្រឹ ម៥នាក់ រឺ១០នាក់ឡើងទៅតាមដែលគេរកគ្នាបានប៉ុន្មាន ក៏លេងប៉ុណ្ណោះ តែតាមទំលាប់អ្នកស្រុក បើមានមនុស្សស្រីចូលលេងផង គេ អោយស្រីៗនៅម្ខាង ប្រុសៗនៅម្ខាង ហើយគេយល់ថា ភេទស្រីតែងមានកំលាំងខ្សោយជាងបុរស គេតែងដាក់ខាងស្រីអោយមានចំនួនច្រើនលើសប្រុស យ៉ាងតិចត្រឹម២នាក់ជាដរាប គឺបើខាងប្រុស៨នាក់ គេដាក់ខាងស្រី ១០នាក់។ គ្រឿងប្រដាប់សំរាប់លេង គេយកខ្សែព្រ័ត្រធ្វើពីស្បែកគោស្បែកក្របីធ្វើព្រ័ត្រ រឺគេយក ពួរធ្វើពីជក់ដូងជាព្រ័ ត្រសំរាប់ទាញ ប្រវែងយ៉ាងខ្លីពី ២០ហត្ថឡើងទៅ ទំហំប៉ុនកដៃក្មេង ហើយនឹងយកសំភោររឺគងម៉ង់ រឺរគាំង១ សំរាប់ទះ ឬសំរាប់វាយនៅពេលដែលទាញដំបូង។

របៀបលេង មុនដំបូងគេរើសរកប្រុសម្នាក់ ស្រីម្នាក់ មានមាឌធំមាំ កំលាំងច្រើន អោយជាអ្នកឈរកាន់ចុងព្រ័ត្រគឺប្រុសកាន់ចុងម្ខាង ស្រីកាន់ចុងម្ខាង ហើយអោយប្រុសម្នាក់ ស្រីម្នាក់ទៀតមានមាឌធំមានកំលាំង ឈរកណ្ដាល ព្រ័ត្រ ត្រង់កន្លែងដែលពួកទាំងពីរឈរ សំរាប់នាំពួកខ្លួនអោយខំទាញតែរៀងខ្លួន អែមនុស្សដែលមានមាឌតូចៗស្គមៗ កំលាំងខ្សោយៗ គេអោយឈរកណ្ដាលគេ។ លុះរៀបចំរួចហើយ គេអោយមនុស្សប្រុសម្នាក់កាន់សំភោរ រឺ គងម៉ង់រឺក៏រគាំងឈរត្រង់កណ្ដាលទីជិតអ្នកទាំងពីរដែលកាន់ខ្សែឈរប្រទល់មុខគ្នានោះ ផ្ដើមស្រែកឡើងព្រមគ្នាថា យក្សអរ(១) !.! លឺយ៉ាងខ្លាំងៗ ធ្វើសំលេងវែងៗ រលាក់រលែកយ៉ាងគ្រលួច។ អែអ្នកប្រុងទាញព្រ័ត្រទាំងប៉ុន្មានជួយស្រែកទទួលឡើងព្រមគ្នាថា ហ៊ោវ៉ឺយៗ ៣ដង ទើបនាំគ្នាទាញប្រុងយកជ័យជនះតែរៀងខ្លួន។ ក្នុងពេលពួកអ្នកទាញព្រ័ត្រ កំពុងតែខំប្រឹងទាញ អ្នកកាន់សំភោរ រឺគងម៉ង់ រឺរគាំង គេចេះតែបញ្ជើតសំភោរ រឺគងម៉ង់ រឺក៏រគាំងរឿងៗ លឺសូរតាក់ទីងៗ រឺម៉ូងៗ ម៉ឹងៗ ជាដរាប ទាល់តែឃើញចាញ់ឃើញឈ្នះម្ខាងៗ ទើបឈប់បញ្ឆើត។
ពេលលេងម្ដងៗ អស់ថិរវេលាពី ៥-៦ នាទី ដល់ ១០នាទីឡើងទៅទើបឃើញឈ្នះឃើញចាញ់ម្ខាងៗ។ កាលដឹងថា ខាងណាឈ្នះខាងណាចាញ់ហើយ គេចាប់ផ្ដើមលេងសារជាថ្មី ម្ខាងទៀត ដ៏រាបដល់ហត់តែរៀងៗខ្លួនទើបឈប់។ ល្បែងនេះចាត់ទុកជាការហាត់កំលាំង ហាត់ប្រាណអោយរាងកាយមានកំលាំងមានសុខ ភាពល្អ។

៥. ល្បែងចាប់កូនខ្លែង

ល្បែងចាង់កូនខ្លែង ជាល្បែងរបស់កុមារាកុមារីជំទង់ៗ តែងលេង​ក្នុងវេលា​យប់​ខែភ្លឺ នៅ​រដូវ​ចូល​ឆ្នាំ ឬ នៅ ពេលទំនេរ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ​៖

ចាប់កូនខ្លែងប្រឡែងកូនអក     ពពេចញ៉ែកញ៉ក   កូនអញតែមួយ។

 ជីកអន្លុងដាំត្រកួន                 ទន្សាយរត់ពួន       ត្រកួនឡើងលាស់។

ទៀនមួយគូរ                      តាំងយូបាំងព្រះ      លើដៃសំពះ

                 ដូនៗសុំភ្លើង។

ចំណែកម្នាក់ដែលធ្វើខ្លែងឈរធ្វើព្រងើយ កាលបានឮ​មាន់​និង​កូន​មាន់​ស្រែក​ដូច្នោះ ក៏ដើរ​ចូល​ទៅ​រក​ភ្នក់ ភ្លើង ហើយនិយាយសុំភ្លើងថា​៖        “ដូនៗសុំភ្លើង!”

មាន់ឆ្លើយថាៈ        រលត់ 

ខ្លែងសុំថាៈ           សុំមួយអង្កត់

ម(១)                រលាយ

ខ-                    សុំទឹកបាយ

ម-                    ឆ្កែលិទ្ធ

ខ-                    សុំកាំបិត

ម-                    មិនទាន់ច្រុង

ខ-                    សុំល្ហុង

ម-                    មិនទាន់ដាំ

ខ-                    សុំថ្នាំ

ម-                    មិនទាន់ហាល

ខ-                    សុំផាល

ម-                    មិនទាន់សិត

ហើយខ្លែងក៏អង្គុយនៅបៀតភ្នក់ភ្លើងនោះ។

ចំណែកមេមាន់ក៏នាំកូនរបស់ខ្លួនដើរប្រទក្សិណព័ទ្ធជុំវិញខ្លែង និង​ភ្នក់ភ្លើង(២) ហើយ​ស្រែក​ច្រៀង​ទាំង​មេ ទាំងកូនថា៖

ចាប់កូនខ្លែងប្រឡែងកូនមាន់ (បន្ទរ) អាឡយៗ

បើមេទៅទាន់ យកមាត់ទៅលាក់ (បន្ទរ) អាឡយៗ

លាក់ទុកឯណា លាក់ក្បាល់ដំណេក (បន្ទរ) អាឡយៗ

រលឹកពីដេក វាយមាន់តូងតាង។

មាន់ច្រៀងចប់ក៏ឈប់ឈរតម្រៀបគ្នា។

ខ្លែងក៏ស្រែកសុំភ្លើងម្តងទៀតថា៖ដូនៗ សុំភ្លើង” ។

មាន់ឆ្លើយថា៖ក្អែកពាំទៅទម្លាក់ក្នុងទឹកទន្លេបាត់ទៅហើយ

រួចក៏ដើរព័ទ្ធជុំវិញខ្លែងនិងភ្នក់ភ្លើង ហើយច្រៀងតទៅទៀតថា៖

ប្អូនវេញខ្សែសូត្រ បង្ហូតខ្សែគោម (បន្ទរ) អាឡយៗ

ខ្លែងអើយកុំលោម មិនបានមាន់ទេ (បន្ទរ) អាឡយៗ

ហើយឈរស្ងៀម។

ខ្លែងក៏និយាយទទូចសុំកូនថា៖

ខ- ដូនៗ ឲ្យសុំកូនមុខ

ម- ឪពុកមិនឲ្យ

ខ- សុំកូនក្រោយ

ម- កំបាក់កំបែកយកចុះ

ខ្លែង កាលបានឮមេមាន់ថា ឲ្យកូនណាកំបាក់កំបែកដូច្នេះ ក៏តាំង​ដេញចាប់​បេះ​យក​កូន​ណា​ដែល​ក្រោយ គេ ឯមេមាន់​ខំប្រឹងការ​ពារកូន​របស់​ខ្លួន​កុំឲ្យបេះយកបាន ឯកូនមាន់ ក៏​ខំ​ប្រឹង​តោង​ចង្កេះ​គ្នា យ៉ាងជាប់ រត់ពេនចុះ ពេនឡើង ខ្លាចខ្លែងចាប់បេះយកខ្លួនម្នាក់ៗ បាន។ ជូន​ក៏​ខ្លែង​បេះ​​​យក​​បានម្តង ១ម្តង​២ ទាល់តែអស់ ជូនក៏បេះបាន តែ១ ។ តែគេ​មាន​លក្ខខ័ណ្ឌ​មួយថា បើកូន​ណា​របូត​ចេញពីមេព្រោះប្រឹងគេចខ្លាំង ហើយកូន​នោះ​គេ​ក្រាបទៅនឹងដី នោះ​មេ​ខ្លែង​មិន​ត្រូវ​ចាប់​​គេ​ទេ។ កាល​អស់​កម្លាំង​ហត់​រៀង​ខ្លួនហើយ ក៏ឈប់សម្រាកបន្តិច ហើយផ្លាស់ប្តូរគ្នាលេង ត​ទៅ​​ទៀត គេលេងតែរបៀបនេះរហូតដល់ពេលឈប់។

ប៉ុន្តែល្បែងបែបនេះដូនគ្នានេះ នៅស្រុកខ្លះ គេហៅតម្រូវន័យតាម របៀប​លេងថា “ល្បែងខ្លែង​ចាប់​កូនមាន់” ក៏មាន។

ល្បែងនេះ ជាការបង្ហាត់មនុស្សឲ្យចេះប្រុងស្នៀត ប្រុងស្មារតី ឲ្យរហ័សរហួន ចេះការ​ពារ​ខ្លួន​និង​គ្រួសារ ផង។

៦. ល្បែង​ឱបត្រឡាច ឬបេះឳឡឹក

ល្បែងខ្មែរ មានច្រើនបែប ល្បែងខ្លះគេលេងតែក្នុងពេលថ្ងៃ ល្បែងខ្លះគេលេង​តែក្នុង​ពេល​យប់​ខែ​ភ្លឺ ល្បែងខ្លះគេលេងតែក្នុងពេល បុណ្យមានបុណ្យចូលឆ្នាំជាដើម ល្បែង​ខ្លះគេលេង​មិនកំណត់​ពេល ។

ល្បែងដែលលេងតែក្នុងពេលយប់ខែភ្លឺ ហើយមិនចាំបាច់មាន បុណ្យទានអ្វីនោះ មាន ល្បែង​ឱប​ត្រឡាច ឬ បេះឪឡឹក ជាដើម។ ល្បែងនេះ​ ជាល្បែងកំសាន្តសប្បាយ របស់​ពួក​កុមារា​កុមារី​នៅ​គ្រប់​និគមជនបទនៃប្រទេស​កម្ពុជា។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

របៀបលេង មុនដំបូង ពូកកុមារប្រុសស្រី ស្រុះស្រួលចិត្តបបួលគ្នាឲ្យមានចំនួនច្រើន រួចហើយ​គេ​​ចាត់ ម្នាក់ឲ្យធ្វើម្ចាស់ត្រឡាច ឬ ឪឡឹកម្នាក់ទៀតឲ្យធ្វើជាអ្នកទិញ សល់ប៉ុន្មាន​គេឲ្យ​ធ្វើ​ត្រឡាច ឬ ឪឡឹកទាំងអស់ ហើយអ្នកលេងទាំងនោះ គេសំដៅទៅរកគល់ឈើ ឬដង្គត់អ្វីមួយ ឲ្យតែមានទំហំល្មមឱបបាន ដោយហោចទៅ សសរផ្ទះក៏បានដែរ ឲ្យតែជាទីវាលស្រឡះល្អ ។ កាល​បានកន្លែងស្រួលបួលហើយ ក្មេងម្នាក់ជាទី១ ក្នុងកណ្តាក្មេង ដែលគេឲ្យធ្វើត្រឡាច ឬ ឪឡឹក​នោះ អង្គុយឱបដើមឈើ ឬសសរនោះទាំងជើងទាំងដៃ ក្មេងម្នាក់ទៀតទី២ អង្គុយ ឱប​ចង្កេះ​យកជើងទាំងពីរដាក់លើភ្លៅក្មេងទី១ ក្មេងទី៣ យកដៃនឹងជើងឱបក្មេងទី២ ដូចក្មេងទី២ ឱប​ក្មេងទី១ ដែរ ឯក្មេងដទៃទៀតក៏បន្តគ្នារហួត ទាល់តែអស់ពួកក្មេងដែលត្រូវធ្វើជាត្រឡាច ឬ ឪឡឹក ។ ឯក្មេងម្នាក់ដែលគេឲ្យ ធ្វើជាម្ចាស់ត្រឡាច ឬឪឡឹកឈរធ្វើព្រងើយ ដើររេរាៗ ក្បែរ​ក្មេង​ជាត្រឡាច ឬ ឪឡឹកទាំងនោះ ហើយក្មេងម្នាក់ ទៀត ដែល​គេឲ្យ​ធ្វើជាអ្នកទិញមក​សួរតថ្លៃអ្នក​លក់​​ដូច​ជា​គេទិញធម្មតា ។ តថ្លៃគ្នាត្រូវរ៉ូវហើយ ក៏ឲ្យអ្នកទិញបេះ តាមចិត្ត ។ អ្នកទិញក៏​ដើរយក​ដៃគោះខ្នង​ក្មេងដែលអង្គុយឱបចង្កេះគ្នានោះ ។ គោះបណ្តើរសួរបណ្តើរថា ខ្ចី ឬ ទុំ?។ អ្នកបន្តៗ ពីដើម​ទៅ ចេះតែឆ្លើយថាខ្ចីៗ លុះដល់អ្នកចុងក្រោយផ្លែបំផុតទើបឆ្លើយថា ទុំ រួចអ្នកទិញ​បេះ​យក​អ្នក ដែលនៅចុងគេបំផុតនោះទៅ ដោយខំប្រឹងទាញមែនទែន ព្រោះអ្នកអង្គុយ​ឱបគ្នាគេខំ​រឹប​​ឱបចំ​កោងខ្នងតែរៀង ខ្លួនតាំងពីអ្នកខាងចុងរហូតដល់អ្នកខាងគល់ រេចុះឡើង ដោយអ្នកបេះ​ប្រឹង​ទាញខ្លាំងពេក ។ អ្នកបេះក៏បេះប្រលេះ បានមួយម្តងដរាបដល់អស់មនុស្ស ជួនកាលក៏បេះ​បាន ២.៣.៤.៥ នាក់ តាមដែលអ្នកខាងដើមឱបជាប់ ឬមិនជាប់ បេះបានប៉ុន្មានយកមកដាក់១ដុំ បើអ្នកទិញបេះមិនបាន ដោយកម្លាំងខ្សោយជាងគេនោះ ក៏រើលេងសាជាថ្មីម្តត ទៀត ។ ឯ​អ្នក​លក់​​អ្នកទិញត្រឡាចទៅធ្វើជាអ្នកឱប ហើយអ្នកឱបមុនក៏ប្តួរទៅធ្វើជាអ្នកលក់ អ្នកទិញវិញ​។ គេធ្វើ ដោយរបៀបនេះរហូតដល់ពេលឈប់លេង ៕

ល្បែងនេះ ជាកីឡារបស់ខ្មែរសម័យបុរាណ សម្រាប់ហាត់ដៃហាត់ជើង ឲ្យមាន​កម្លាំង​ពលំ​មាំមួន ឲ្យមាន សាច់ដុំល្អ មានសុខភាពស្រួលបួល។

៧. ល្បែង​គ្របមាន់

ល្បែងគ្របមាន់ ជាល្បែងកំសាន្តមួយយ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ គ្រប់ភូមិស្រុក ទូទៅ​ទាំង​ប្រទេស កម្ពុជា ដែលតែងតែលេងនៅពេលទំនេរ ក្នុងវេលាយប់ខែភ្លឺ ។ អ្នកលេង​មាន​ស្រី​មាន​ប្រុស មានគ្នាតាំងពី ៥នាក់ ឬ១០នាក់ ម្ខាងឡើងទៅ ។ របៀបលេង​គេជ្រើសយកក្មេង​ប្រុស​ម្នាក់ និងក្មេងស្រីម្នាក់ ក្នុងបណ្តាពួកអ្នកទាំងពីរនោះ មកគ្របសំពត់ ឬក្រមា ឲ្យជិត​ខ្លួនតាំង​ពី​ក្បាល ដល់ចុងជើង ដើម្បីកុំឲ្យស្គាល់ជា នរណា ហើយគេឲ្យក្មេងពីរអ្នក នោះ ក្រាបបែរមុខរកគ្នា គឺខាងប្រុសតំណាងមាន់ឈ្មោល ខាងស្រីតំណាងមាន់ញី ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

កាលក្រាបហើយគេឲ្យពូកខាងប្រុសម្នាក់ គោះខ្នងមាន់ខាងស្រីឲ្យរងាវ មាន់ខាងស្រីរងាវថា “កិកកិកែកឺត” ឡើង ដោយខំធ្វើសម្លេងឲ្យប្លែកពីធម្មតា ។ តែបើស្តាប់សូរមិនបានគេអាចគោះ ឲ្យរងាវបានបីដង ពួកខាងប្រុស ចាំស្តាប់សម្លេងមាន់ខាងស្រីនោះ ហើយគេទាយតាមឈ្មោះ មនុស្សស្រីដែលគេស្គាល់ ទាយហើយគេបើកគ្រប ឡើង បើត្រូវ គេយកមាន់មកទុកជារបស់គេ រួចហើយខាងស្រីគោះមាន់ខាងប្រុសឲ្យរងាវម្តង ។​មាន់ខាង ប្រុសរងាវ

ថា “កិកកិកែកឺត” ដូចគ្នា ។ ពួកខាងស្រីចាំស្តាប់សម្លេងមាន់ខាងប្រុសនោះហើយគេ ទាយតាម​ឈ្មោះមនុស្សប្រុស ដែលគេស្គាល់ បើខាងស្រីទាយត្រូវ ឮខាងប្រុស​គេយកមាន់​ខាងស្រី​ដែល​គេ​យក ទៅនោះម​កសងស្រីវិញ  តែបើខាង ប្រុសទាយខុស ខាងប្រុសគេយកមាន់ខាង​ស្រីនោះ​ទៅទៀត ។

ការទាយសម្លេងមាន់ ស្រេចលើខាងណាទាយត្រូវច្រើន គេបានមាន់ច្រើន ខាងណា​ទាយ​ខុសច្រើន ត្រូវបង់ ខាតមាន់ច្រើនដែរ ។​​ គេធ្វើរបៀបនេះទាល់តែម្ខាងៗ អស់មាន់ទាំងអស់ ឬ​អស់​​មាន់​ច្រើនជាង គេទុកជាចាញ់ ខាងណាបានមាន់ច្រើន គេទុកជាឈ្នះ ហើយគេរៀបចំ​ជា​ថ្មី​ឡើងវិញ ។ គេចេះតែធ្វើរបៀបនេះ ដរាបដល់ពេល ដែលគេសន្មត់គ្នាថាឈប់ ទើបលែងលេង​។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង សម្រាប់កុមារាកុមារីជំទង់ៗ លេងតាមសប្បាយ ដែល​ជាល្បែង ហាត់បញ្ញា ហាត់គំនិត ឲ្យប៉ិនប្រសប់ខាងស្តាប់ ខាងកាត់ប្រមាណ​តម្រូវតាម​សម្លេងរបស់មនុស្ស ៕

(១)-ស្រុកខ្លះ គេហៅថា ល្បែងលាក់មាន់។

៨. ល្បែងបិទពួន

ល្បែងបិទពួន ជាល្បែងមួយយ៉ាងដែលពួកកុមារាកុមារីជំទង់ៗ តែងលេង​កំសាន្ត​សប្បាយ​នៅ​ពេលរាត្រី ខែភ្លឺ ល្បេងនេះគេលេងគ្មានកំណត់ខែណា ឬរដូវណាទេ នៅខែណា  រដូវណាក៏បាន ឲ្យតែ​មានពេលលំហែ ហើយគ្មានកំណត់ចំនួនមនុស្សឡើយ ។ វិធានការនៃការលេងនេះ គឺពួក​ម្ខាង​អ្នកពួន ពួកម្ខាងទៀតអ្នកដើររក កាលរកឃើញគេដញចាបពួន ដើម្បីញៀច (មួលស្លឹកត្រចៀក) ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ៖

របៀបលេង មុខដំបូង គេបបួលកុមារាកុមារីដែលមានអាយុប្រមាណស្របាលៗគ្នា ឲ្យបានច្រើន​ប្រមាណ ៥ឬ ១០ នាក់ឡើងទៅ ស្រេចតែមានគ្នាតិចឬច្រើន ចែកជាពីរផ្នែកស្មើគ្នា ស្រីម្ខាង​ប្រុស​ម្ខាង ឬលាយចម្រុះគ្នា ទាំងស្រីទាំងប្រុស ឬក៏សុទ្ធតែប្រុស សុទ្ធតែស្រីក៏បាន ។ គេកំណត់​កន្លែង​​ណាមួយ ដែលមានភាពដ៏ស្រឡះ ឲ្យ ឈ្មោះថា “ទី” ហើយគេឲ្យពួកម្ខាងទៅពួន​នៅ​ទី​ដទៃ គឺត្រូវពួនរបៀបណាកុំឲ្យពួកម្ខាងទៀតរកឃើញបានដោយ ងាយ ពួកម្ខាងទៀត​ឈរ​ធ្មេច​ភ្នែក​ឬបិទភ្នែកនៅក្នុងទី​។​ ត្រណមរបស់ពួកនេះ នៅត្រង់ធ្មេចភ្នែក គឺគេសន្យាគ្នាថា អ្នកណា​លួច​មើលពួកគេអ្នកពួន ឲ្យដឹងថាគេពួនត្រង់នេះត្រង់នោះ នឹងត្រូវស្អុយភ្នែក ។ ចំនួន ២-៣ នាទី ទើបពួក អ្នកនៅក្នុងទីបើភ្នែកឡើងស្រែកថា “ បើកគ្របបាយ កំចាយរក អ្នកមិនមក អញរក​ឃើញ ” ហើយក៏ចាត់ម្នាក់ រើសរកអ្នកណាមានមាឌធំបន្តិច ក្នុងបណ្តាពួកអ្នកនៅចាំទីនោះ ឲ្យ​នៅ​ចាំ​ទីការពារ កុំឲ្យពួកអ្នកទៅពួនរត់មកចូលទី បាន សល់ប៉ុន្មានឲ្យដើររកគ្រប់ទី​កន្លែង​ដែល​​កំបាំងៗ ។ បើអ្នកណាមួយឃើញអ្នកពួកណាម្នាក់ក៏នាំគ្នាដេញចាប់ ញៀប បើដេញ​ចាប់​ញៀច​បាន ឈ្មោះថាស្អុយ បើមិនបាន អ្នកពួននោះរត់ចូលទីបាន ឈ្មោះថាបបានរួចខ្លួន មិនត្រូវ​ដេញ​ញៀចគេទេ ប៉ុន្តែពួកអ្នកនោះ បើចូលទី ហើយត្រូវស្រែកឲ្យខ្លាំងៗថា “ចូលទី” បើមិនស្រែក​ទេ​គេ​មាន អំណាចញៀចបានទៀត ។ លុះអ្នកដើររក រកឃើញពួកអ្នកពួនអស់ហើយ ឬបើមិនទាន់​ឃើញអស់គេខំដើររកឲ្យ ទាល់តែបានឃើញ ទោះបីញៀចបាន ឬក៏មិនបានក៏ដោយ មកជួបជុំ​ហើយ គេក៏និយាយប្រាប់អ្នកទាំងអស់គ្នា (ទាំងពីរផ្នែក) ថា ពួកគេញៀច​បានប៉ុណ្ណានាក់តាម​ដែល​គេញៀចបាន រូចហើយពួកអ្នកនៅចាំទីមុននោះទៅពួន វិញ ឯពួកអ្នកមុនត្រូវនៅចាំក្នុងទី ហើយដើររកគេ ផ្លាស់ប្តួរគ្នាតែរបៀបនេះរហូតដល់ពេលឈប់លេង ។

ក្នុងការផ្លាស់ប្តួរគ្នានេះ គឺទៅពួនម្តងមួយផ្នែក រូចហើយបើពួកខាងម្ខាងញៀចគេបាន ៣-៤ នាក់ ដល់ពួក ម្ខាងទៀតញៀចគេវិញបានតែ ២-៣នាក់ ពួកនោះឈ្មោះថាចាញ់គេ ។

តាមរបៀបអ្នកស្រុកខ្លះ គេលេងប្លែកពីនេះបន្តិច គឺគេប្រមូលអ្នកស្ម័គ្រលេង​ទាំងប៉ុន្មាន​មកឈរដំកង់ ហើយ ម្នាក់ផ្តើមសូត្រថា “ត្រៃត្រក ត្រៃត្រេង” ឬថា “កាច់ស្លឹក​ឫស្សី សំដីល្ង ខែចែត្រពេញបូណ៌លោកឲ្យលោកលេងពួន លេងខែណា លេងខែដូងព្រះ កាច់សន្ទះ​មហា​ទង់ដែង អញ្ចែងអញ្ចាច់ អញ្ចែងចង្វាក់ អអ៊ឺតអន្ទង អំពងអំពួន ប្រពន្ធ ចៅហ្វាយ” ។ ក្នុងការសូត្រពាក្យទាំងនេះ គេចង្អុលបណ្តើរទៅចំខ្លួនមនុស្សម្នាក់ៗ គឺមួយមាត់ចង្អុលម្នាក់ៗ បើអស់ ចំទៅលើរូបអ្នកណា អ្នកនោះត្រូវរត់ទៅរកកន្លែងពួន រូចធ្វើដូចមុនទៀតរហូត​ដល់​សល់​តែម្នាក់ក្រោយគេ ទុកជា អ្នកនៅចាំទី ។ កាលណាអ្នកពួកស្រែកថា “រូច” អ្នកចាំទីដើរតាមរក​ញៀច បើញៀចបាននរណាមួយ ត្រូវប្តូរអ្នកនោះ មកចាំទីម្តង ឯអ្នកចាំទីមុនត្រឡប់ទៅពួនវិញ ។ តែញៀចម្តងបានតែមួយនាក់ទេ ទោះជាគេពួននៅជិតគ្នាក៏ដោយ ហើយបើខុសពីត្រណម​នេះ​គេ​ទុកជាស្អុយ គេរៀបចំលេងសាជាថ្មីម្តងទៀត ធ្វើតែយ៉ាងនេះបន្តៗទៅ ។ ប្រសិនជា យូរពេល​ហើយនរណា​មួយគេខ្ជិលពួន អាចរត់គេចពីភ្នែកអ្នកចាំទីមកអង្គុយត្រង់ទីក៏បាន ចាំគេញៀច​បាន​​នរណា ថ្មីទៀត សឹមទៅពួនម្តងទៀត ។ កាលណាអ្នកណា​ម្នាក់ចង់ឈប់លេងត្រូវស្រែក​ឲ្យ​រហ័សថា “ បើកបាយក្រហាយ ទឹក អ្នកណាមិនមកឈ ប់លេង ” បើគេស្រែកដូច្នេះរួច អ្នក​ចាំទីគ្មានសិទ្ធិញៀចគេទៀតទេ ។

ល្បែងនេះ ជាល្បែងអាចចាត់ចូលក្នុងពួកកីឡាហាត់ប្រាណបាន ត្រង់ការរត់ ការស្ទុះ ការលោត ការដេញ។

៩. ល្បែង​ប្រជល់មាន់

ល្បែងប្រជល់មាន់ ជាល្បែងមួយ យ៉ាងរបស់ពួកកុមារាកុមារីជំទង់ៗ ទូទៅក្នុងកម្ពុជរដ្ឋគេ​លេងកំសាន្ត ក្នុងវេលាយប់ ។ សមាសភាពនៃអ្នកលេងល្បែងនេះមានគ្នា ៤ នាក់ គឺប្រុស​ម្នាក់​ធ្វើ​មាន់​ឈ្មោល ស្រីម្នាក់ធ្វើមាន់ញី ប្រុសម្នាក់ស្រីម្នាក់ធ្វើជាអ្នកចាំឲ្យទឹកមាន់ ។ ពេល​លេង​ប្រុស​ម្នាក់​ស្រី​ម្នាក់ដែលធ្វើជាមាន់ចូលទៅឱនក្រាបទន្ទឹម គ្នា មួយបែរមុខទៅខាងជើង មួយ​បែរ​មុខ​ទៅ​ខាង​ត្បូង ។ ឯប្រុសម្នាក់ដែលធ្វើជាអ្នកចាំឲ្យទឹកចូលទៅឈរក្បែរមាន់ ឈ្មោលក្បែរមាន់ ឈ្មោល​មាន់​ញីរបស់ខ្លួនចាំឲ្យទឹកមាន់ខ្លួន។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

ពេលរៀបឲ្យមាន់ជល់គ្នា ម្ចាស់មាន់គេទះដៃស្រែកឡើង ថា “យើងបានគ្នាហើយ” ។ បន្ទាប់​ពីម្ចាស់មាន់ ស្រែក តួមាន់ក៏រៀបខ្លួនចូលទៅជល់ ដោយកាងដៃឡើងធ្វើបែបមាន់ទទះស្លាប ហើយ​ដើរឱនៗ ចូលទៅជិតគ្នា មានអាការដូចអួតជល់គ្នា តែមិនឲ្យប៉ះទង្គិចស្មា​ ឬប៉ះដៃគ្នាទេ គ្រាន់​តែលើដៃទាំងពីរ តាមចង្វាក់ពាក្យច្រៀងរបស់ ម្ចាស់មាន់ប៉ុណ្ណោះ ។ ពេលនោះ ម្ចាស់​មាន់គេច្រៀងឡើងថា “មាន់នាងនីវ៉ឺយៗ ជល់នឹងមាន់នាងនល់ លោកឲ្យ ប្រជល់ វ៉ឺយៗ មាន់យើងឈ្នះគេ”​ ។ កាលម្ចាស់មាន់ច្រៀងហើយ មាន់ទាំងពីរក៏លោតចូលទៅឈរកណ្តាល​វង់ ហើយលោតចេញមកវិញ ចេញមកហើយចូលទៅវិញទៀត ដោយ​ធ្វើអាការទទះ​ស្លាបដូច​មុន ម្ចាស់ មាន់ក៏ស្រែក ច្រៀងដូចមុខម្តងទៀត ។

មាន់ខាងណាមានអាការក្លៀវក្លាស្វាហាប់ក្លាហាន ខ្លាំងពូកែជាងគេ ក្នុងវេលាជល់ គេ​ទុកជាឈ្នះ ។ កាល បើមាន់ ១ គូមុនដឹងឈ្នះចាញ់ហើយ ម្ចាស់មាន់គេឲ្យមាន់ផឹកទឹក គឺឲ្យផឹក​ទឹកត្នោត ឬឲ្យស៊ីបបរជាដើម ជាកម្សាន្ត សប្បាយ ហើយគេរៀបចំប្រជល់ សាជាថ្មីតទៅទៀត ។ គេលេងតែរៀបនេះ រហូតដល់ពេលឈប់ ។

ល្បែងនេះ អាចរាប់ចូលក្នុងកីឡាសម្រាប់បង្ហាត់ក្មេងឲ្យមានទំលាប់ ប្រកាន់នូវសេចក្តី​ក្លាហានបាន។

១០. ល្បែង លោតអន្ទាក់

ល្បែងលោតអន្ទាក់ ជាល្បែងសម្រាប់កុមារាកុមារីនិងជំទង់ៗ លេងក្នុងវេលាយប់ នៅរដូវចូលឆ្នាំ ឬ​នៅ​ពេល ទំនេរខ្លះ តាមដែលគេស្ម័គ្រ ។ បានជាគេហៅថា “ល្បែងលោតអន្ទាក់” ព្រោះ​ល្បែង​នេះ​មាន​មនុស្ស​មួយពួកអង្គុយ ច្រហោងដំកង់ ចាប់ចុងដៃគ្នាជាអន្លាក់ដៃ ចាំស្ទាក់​អ្នក​លោត​កុំឲ្យ​លោត​ចូល​បាន មួយពួកទៀត ឈរជុំវិញចាំលោត រំលងឲ្យចូលទៅក្នុងអន្ទាក់ដៃនោះ ។ របៀប​លេង​ល្បែង​នេះ គេចែក ពួកអ្នកលេងជា​ ២ ចំនួនស្មើគ្នា គឺចាប់តាំងពី ៥ ឬ ៦ ម្នាក់​ម្ខាង​ឡើង​ទៅ។

សកម្មភាពរបស់អ្នកលេង ដូចរូបភាពនេះ ៖

ពួកទី១ អង្គុយច្រហោងដំកងគ្នាជាវង់ ឃ្លាតពីគ្នាល្មមលោត ឬកាងដៃទាំងពីរខាងដៃបាន ហើយ​ចាប់ ចុងដៃគ្នានិងគ្នា មើលទៅឃើញ ភាពដូចជាអន្ទាក់ ។

ពួកទី២ ឈរជុំវិញ ចាំលបឆ្មក់ លោតចូលក្នុងអន្ទាក់ដៃរបស់ពូកទី១។

ពេលលេង ពូកទាំង២ នេះ សុទ្ធតែប្រុងប្រយ័ត្នរៀងៗខ្លួន គឺមុននិងលោតចូល ពួកអ្នក​ឈរ​​គេ​ធ្វើរ៉ែរ៉ៗ ជុំវិញ ពួកអ្នកអង្គុយ ឲ្យពួកអ្នកអង្គុយភ្លេចខ្លួន ឬពួក​អ្នកលោត​គេចាត់​ឲ្យពួក​គេ​ខ្លះ​ទៅពួននៅទីឆ្ងាយ ហើយឲ្យរួច​រត់ពី ចម្ងាយមកលោតចូលតែម្តងក៏មាន។ ចំណែក​ពួកខាង​អ្នក​អង្គុយ ធ្វើអន្ទាក់ក៏ប្រុងប្រយ័ត្នដែរ ដើម្បីកុំឲ្យពួកអ្នក លោត លោតផ្លោះចូលមក ក្នុងវង្វង់បាន ។​ ឯពួកអ្នកអង្គុយគេលើដៃឡើង ដោយប្រញាប់ជាបន្ទាន់ ដើម្បីកុំឲ្យគេ លោតចូលបាន ឬដើម្បី​លើ​ដៃ​គះ​ឲ្យ​ប៉ះជើងអ្នកលោត ។ បើអ្នកអង្គុយគះប៉ះជើងអ្នកលោតបានហើយ គេទុកអ្នក លោត​ជា​​ចាញ់ អ្នកធ្វើអន្ទាក់ជាអ្នកឈ្នះ ហើយអ្នកឈ្នះក្រោងឈរឡើងចាំលោត ឲ្យអ្នកចាញ់​ទៅ​អង្គុយ​​ធ្វើ​អន្ទាក់ វិញ។ ឯអ្នកលោតនោះ បើមានអ្នក​ណាម្នាក់​លោតចូល​បានដោយ​ស្រួលគេឲ្យ​គ្នាគេទាំង​អស់ ចូលតាមលោតទៅ ក្នុងវង់អន្ទាក់នោះ ហើយពួកអ្នកលោតចូលបាននោះ គេនាំ​គ្នា​លោត​ចេញ​វិញ គឺអ្នកលោតចូលបាននោះ គេឈរ គ្រប់គ្នាគាបជើងលើអន្ទាក់​ដៃអង្គុយ​គ្រប់​គ្នា ទុកជើងម្ខាងនៅក្នុងជើងម្ខាងនៅខាងក្រៅអន្ទាក់ដៃនោះ ។ បើក្នុង បណ្តាពួកអ្នកលោតនោះ​ មាន​អ្នកណាម្នាក់ លោតចេញដោយស្រួលបាន មិនប៉ះដៃអ្នកអង្គុយ គេនាំគ្នាចេញ ទាំងអស់ ។ តែ​ការ​ចេញនិងចូលបាននោះត្រូវចេញ ឬចួលឲ្យចំច្រកដែលលោតរំលងបាននោះ បើខុសច្រក​នោះ គេទុកជាចាញ់។ ហើយការលោតចូល ឬលោតចេញនោះ ត្រូវតែលោតម្តងម្នាក់ បើជូនជា​ស្រប​​ពីរ​នាក់ស្មើគ្នា ក៏គេ ទុកជាចាញ់ដែរ ។ គេចេះតែផ្លាស់ប្តួរគ្នាលេង​តាមរបៀបនេះរៀង​ទៅ​ដរាប​​ដល់​ពេលយប់ ។

ល្បែងនេះ ជាល្បែងកំសាន្តមួយយ៉ាង ដែលចាត់ចូលក្នុងកីឡាហាត់ប្រាណ គឺហាត់​កាយ​ឲ្យ​មាន សុខភាពល្អ  មានកម្លាំងកាយរឹងប៉ឹងហាត់ភ្នែកឲ្យវៃ  ហាត់ស្មារតីឲ្យចេះប្រុងប្រយ័ត្ន  ចេះ​ប្រើ​គំនិតឲ្យវាងវៃ កុំឲ្យអ្នកដទៃបំភ័ន្តបាន។

សូមជម្រាបជូនផងដែរថា ល្បែងប្រជាប្រិយដែលប្រជាជនខ្មែរពេញនិយមលេងនៅរដូវចូលឆ្នាំខ្មែរនោះរួមមានលាក់កន្សែង ទាញព្រ័ត្រ ចោលឈូង បោះអង្គញ់ វាយក្អម ឡើងសសរខ្លាញ់ ចត្រង្គ (អុក) ស្វាដណ្ដើមស្លឹកឈើ ស្ដេចចង់ ចាប់កូនខ្លែង ឱបត្រឡាចឬបេះឪឡឹក គោះត្រឡោក លោតអន្ទាក់ គោះពព្លាក់ គ្របមាន់ បីដកមួយ លោតបាវ យាយដឹកតា និងល្បែងជាច្រើនទៀត។

ស្រងចេញពីសៀវភៅ ល្បែងប្រជាប្រិយខ្មែរ

Leave a Reply