តើ តុងទីន មានដើមកំណើតមកពីណា?
តុងទីន ជាពាក្យខ្ចីពីភាសាឡាតាំង Tontine។ តុងទីន ជាប្រភេទ “សមាគមប្រមូលថវិកា ឬសមាគមសន្សំប្រាក់ (Fund Raising) ដើម្បីតម្កល់ជាទុនធានារ៉ាប់រងជីវិត (Life Insurance)។ អ្នកដែលអាចចូលលេងតុងទីនបាន អាចដាក់ថវិកាតិចក្ដី ច្រើនក្ដី ចូលក្នុងសមាគមហើយបានការប្រាក់តិចច្រើន ទៅតាមទំហំប្រាក់ដែលបានដាក់។ ការប្រាក់នេះ គេហៅតាមភាសាបច្ចេកទេសថា “ភាគលាភ” (Dividend) ឬនិយាយឲ្យស្រួលស្ដាប់ថា “ផលចំណេញពីការចូលហ៊ុន” ។ តាមពិត តុងទីន ជាការបង្កើតសមាគមដើម្បីច្រាកលុយចូលគ្នា បង្កើតជាសមាគមប្រាក់។ នេះជាគោលការណ៍ដើមរបស់តុងទីន។
ប្រាក់សម្រាប់បោះទុន ឬប្រាក់ដើម (Principal) ដែលកូនហ៊ុនម្នាក់ៗ បានដាក់ទៅក្នុងសមាគមតុងទីន គឺកូនហ៊ុនមិនអាចដកយកវិញបានជាដាច់ខាត ប៉ុន្តែចាំតែស៊ីការប្រាក់ជាការស្រេច គឺស៊ីការប្រាក់រហូតទៅទល់នឹងថ្ងៃស្លាប់។ ប្រសិនបើកូនហ៊ុនណាម្នាក់ដោយប្រការណាមួយ អ្នកដទៃទៀតនៅក្នុងសមាគម រីកថ្លៃដើមកាន់តែច្រើន ដោយបានទទួលចំណែកដែលបន្សល់ទុកពីអ្នកស្លាប់។
ការនិយមប្រើពាក្យថា “តុងទីន” នេះ មានចរិតជាប្រវត្តិសាស្រ្តដោយសារកម្ពុជា ទទួលឥទ្ធិពលពីអាណាព្យាបាលបារាំង។ នៅប្រទេសបារាំងពាក្យថា តុងទីន គឺក្លាយមកពីឈ្មោះរបស់លោក ឡូរ៉ង់ស្សូ តុងទី (Lorenzo de TONTI) ជាធនាគារិក ជនជាតិអ៊ីតាលី សញ្ជាតិបារាំង។
ក្នុងអំឡុងសតវត្សទី១៧ បារាំងជួបបញ្ហាដុនដាបសេដ្ឋកិច្ចជាខ្លាំង ដោយសារសង្រ្គាម។ លោក តុងទី ដែលជាមន្រ្តីសេដ្ឋកិច្ចជាន់ខ្ពស់របស់ប្រទេសបារាំង នៅគ្រានោះ បានបង្កើតគំនិតថ្មីមួយ ដើម្បីប្រមូលលុយជួយរដ្ឋាភិបាល។
នៅពេលនោះ គេបង្កើតមូលនិធិរួមមួយ ដោយឲ្យប្រជាជនដែលចង់ចូលរួមលេង ត្រូវចូលហ៊ុនក្នុងមូលនិធិនេះ។ ការចូលលុយក្នុងមូលនិធិ ត្រូវធ្វើអស់មួយជីវិត។ ហើយនៅពេលដែលសមាជិកណាម្នាក់ស្លាប់ ថវិកាទាំងប៉ុន្មានរបស់បុគ្គលនោះ ត្រូវយកមកបែងចែកស្មើៗគ្នាដល់សមាជិកដែលនៅរស់។ គេធ្វើបែបនេះរហូតដល់សមាជិកចុងក្រោយ។ សួរថាថវិការបស់សមាជិកដែលស្លាប់ក្រោយគេ ត្រូវយកទៅឲ្យអ្នកណា? គឺត្រូវដាក់ចូលថវិការដ្ឋ។ នេះជាតុងទីនសាធារណៈ ដែលត្រូវបានអនុវត្តនៅបារាំង។ សម័យក្រោយៗមកទៀត ក៏មានការលេងតុងទីនឯកជនផងដែរ ដែលមានលំនាំដូចខាងលើនេះដែរ តែខុសគ្នាត្រង់មិនមានរដ្ឋចូលរួមទៀតឡើយ។
កាលពីសតវត្សទី១៩ គេលេងតុងទីននៅសហរដ្ឋអាមេរិក ជាលក្ខណៈច្រាកលុយគ្នាដើម្បីទិញសេវាធានារ៉ាប់រងជីវិត (Life Insurance)។
ដោយសារតែកម្ពុជាប្រើពាក្យ តុងទីន ដែលមានដើមកំណើតមកពីឈ្មោះមន្រ្តីបារាំងខាងលើ ទើបមានការសន្និដ្ឋានខ្លះថា តុងទីននៅក្នុងសង្គមខ្មែរ គឺហូរចូលពីបារាំងក្នុងសម័យអាណានិគម។ តែមែនទែនទៅ ការលេង តុងទីន របស់ខ្មែរ មានទម្រង់ជាការដេញថ្លៃ តាមលំនាំតុងទីនរបស់ជនជាតិចិន។ នៅប្រទេសចិន គេហៅតុងទីនថា ឈូ ហួយ (Cho Hui) ដែលចេញពីគំនិតរបស់ជនជាតិចិនម្នាក់ឈ្មោះ ផាង (Phang)។ តុងទីនរបស់ចិន បានសាយភាយពាសពេញអាស៊ីអាគ្នេយ៍ និងនៅទីណាដែលមានជនជាតិចិនរស់នៅ។
បន្ទាប់ពីបានដឹងពីដំណើររឿងដែលនាំឲ្យគេប្រើពាក្យថា តុងទីន នេះ ឥឡូវយើងមកស្វែងយល់បន្តិចជុំវិញការលេងតុងទីននៅក្នុងសង្គមយើងសព្វថ្ងៃ។ តុងទីន គឺស្ថិតនៅក្នុងប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ។ ប្រព័ន្ធហិរញ្ញវត្ថុផ្លូវការ គេនិយាយដល់ធនាគារ មីក្រូហិរញ្ញវត្ថុ ធានារ៉ាប់រងជាដើម តែបើជាប្រព័ន្ធហិរញ្ញវត្ថុក្រៅផ្លូវការ គឺគេគិតទៅដល់ការលេងតុងទីន ការខ្ចីបុលឯកជនក្រៅផ្លូវការហ្នឹងឯង។
តុងទីន ដ្បិតថាមើលទៅហាក់សមញ្ញ ប៉ុន្តែនៅតែពេញនិយមនៅកម្ពុជាមកទល់សព្វថ្ងៃ។ គេលេងតុងទីន ច្រើនធ្វើឡើងក្នុងចំណោមមនុស្សស្គាល់គ្នា អ្នកលក់ដូរក្នុងផ្សារជាមួយគ្នា អ្នកភូមិផងជាមួយគ្នាជាដើម។
ការលេងតុងទីន គឺជារបៀបដែលយើងបង្វិលលុយពីគ្នាទៅវិញទៅមក។ វាដូចជាការខ្ចីបុលអ៊ីចឹង តែការខ្ចីនេះ គឺធ្វើឡើងក្នុងចំណោមមនុស្សច្រើនគ្នា។ ការលេង គេកំណត់តម្លៃប៉ុន្មានក្នុងមួយក្បាល ហើយសរុបប៉ុន្មានក្បាលក្នុងការលេងលើកហ្នឹង រយៈពេលប៉ុន្មានត្រូវដេញ លេងជាថ្ងៃ ជាអាទិត្យ ឬជាខែ។
វាក៏ជាការសន្សំផងដែរ ហើយជាការសន្សំដែលទទួលបានការប្រាក់ទៀតផង។ អ្នកដែលចង់បានលុយបង្វិលនោះប្រើ ត្រូវដេញថ្លៃ ដោយហ៊ានឲ្យការប្រាក់ ឬហៅថាការខ្ពស់ជាងគេ។ ជាធម្មតា អ្នកត្រូវការលុយបន្ទាន់ គេនឹងដេញមុនគេ។ អ្នកមិនទាន់ដេញ ឬហៅថានៅរស់ នឹងបានការប្រាក់ មានន័យថា បើមួយក្បាល១០ម៉ឺន មានគេដេញឲ្យការ ៥ម៉ឺន នោះយើងបង់តែ១៥ម៉ឺនរៀលប៉ុណ្ណោះ។ យើងអាចដេញវាយកមកប្រើពេលណាមួយ ឬទប់ដល់អស់មនុស្ស កើបយកតែម្ដង។
យ៉ាងណាមិញ ការលេងតុងទីន ក៏មានផលវិបាករបស់វាផងដែរ។ បញ្ហានៅត្រង់ មេតុងទីនរត់ចោល ឬកូនរត់ចោលច្រើនពេក នាំឲ្យមេអត់លទ្ធភាពសង។ មានជម្លោះ ក្ដីក្ដាំ មិនតិចទេ ពីរឿងតុងទីននេះ។ ដូចនេះ អ្នកលេងដ៏ប្រុងប្រយ័ត្ន គេពិនិត្យណាស់ទៅលើក្រេឌីតរបស់មេតុងទីន មើលចំណោមមនុស្សជាកូនតុងទីនដែលយើងលេងជាមួយ ការធ្វើលិខិតស្នាមធានាផ្សេងៗ និងមើលពីលទ្ធភាពអាចលេងបានរបស់យើងផងដែរ។
តុងទីន បើវិភាគមើលទៅជាទម្រង់កិច្ចសន្យារវាងអ្នកសន្យាប្រមូលលុយពីគេ (មេ) យកទៅឲ្យអ្នកដេញតុងទីនដែលឈ្នះ (កូន) ហើយមេដែលមិនបំពេញតាមកិច្ចសន្យា ព្យាយាមរត់ ឬបោកប្រាស់ កុហក ដើម្បីយករួចខ្លួននឹងត្រូវមានទោសតាមច្បាប់ព្រហ្មទណ្ឌ “បទល្មើសឆបោក” មាត្រា៣៧៧ និង ៣៧៨ និង “បទល្មើសរំលោភសេចក្តីទុកចិត្ត” មាត្រា ៣៩១ និង មាត្រា៣៩២ ។
សរុបមកវិញ ដោយសារមិនមានច្បាប់ចែងថាលេងតុងទីនខុស ឬស្របច្បាប់ យើងមិនអាចឆ្លើយឲ្យប្រាកដបាន តែបើបោកគេពេលលេងតុងទីន គឺខុសច្បាប់ ដូច្នេះសូមទាំងមេ និងកូនតុងទីន លេងដោយការទទួលខុសត្រូវ។
ឯកសារយោង៖