សាកល្បងសិក្សាស្វែងយល់អំពីទស្សនវិជ្ជា

ទស្សនវិជ្ជា​ ជាកាសិក្សាពីបញ្ហាគ្រឹះទូទៅ ដូចជាបញ្ហាទាំងនោះបានភ្ជាប់ជាមួយនឹងជីវភាពរស់នៅ​ ចំណេះដឹង រង្វាយតម្លៃ ហេតុផល ចិត្ត ហើយនិងភាសា។ វាត្រូវបានគេកត់សំគាល់ចាប់ពីមធ្យោបាយផ្សេងៗនៃការថ្លាថ្លែង ដូចជាបញ្ហាតាមការចូលទៅដល់ប្រព័ន្ធទូទៅម៉ត់ចត់របស់វា និងការពឹងផ្អែករបស់វាលើទឡ្ហីករណ៍សនិទាន។ ពាក្យទស្សនវិជ្ជា ជាភាសាអង់គ្លេសគឺ “philosophy” ដែលពាក្យនេះបានមកពីភាសាក្រិច គឺ “φιλοσοφία (philosophia)” ដែលមានន័យថា “ស្នេហាគតិបណ្ឌិត” (love of wisdom) ។

ទស្សនវិជ្ជា គឺជាមុខវិជ្ជាមួយមានវ័យចំណាស់ដែលមានអាយុកាលប្រហែលជា ៦០០ ឆ្នាំមុនគ្រិស្តសករាជ។ ទស្សនវិជ្ជា ចាប់កំណើតតាំងពីពេលដែលមនុស្សចេះត្រិះរិះពិចារណារកហេតុផលចំពោះអ្វីដែលនៅក្នុងខ្លួនមនុស្ស និងចេះត្រិះរិះពិចារណាលើវត្ថុ និងបាតុភូតនៅក្នុងពិភពលោកយើងនេះ។ ចំពោះនិយមន័យទៅលើទស្សនវិជ្ជា ត្រូវបាន  ផ្តល់និយមន័យទៅតាមគំនិតទស្សនៈរបស់អ្នកប្រាជ្ញផ្សេងៗគ្នា។

 • តាមទស្សនៈរបស់ Pythagore: ទស្សនវិជ្ជា គឺស្នេហាគតិបណ្ឌិត។
 • តាមទស្សនៈរបស់ Socrates: ទស្សនវិជ្ជា គឺចង់បានគតិបណ្ឌិត ព្រោះមនុស្សខ្វះគតិបណ្ឌិត។
 • តាមទស្សនៈរបស់ Platon: ទស្សនវិជ្ជា គឺជាការខិតខំដើម្បីរំដោះបញ្ញា ដើម្បីឲ្យចេញពីគុក ភាពអវិជ្ជា និងជាការធ្វើដំណើរឆ្ពោះទៅរកសច្ចភាព។
 • តាមទស្សនៈរបស់ Aristote: ទស្សនវិជ្ជា គឺជាការគិតដែលមានគោលបំណងខ្ពស់បំផុត ហើយទាក់ទងទៅនឹងសច្ចភាពនៃបទពិសោធន៍ទាំងអស់របស់មនុស្ស។

សេចក្តីពន្យល់នៃទស្សនវិជ្ជា

សូក្រាត (Socrates: 469-399 B.C) ក្រិច

សេចក្តីថ្លៃថ្នូរបំផុតរបស់មនុស្ស គឺការហាត់ពិចារណាដើម្បីស្វែងរកការពិត។ ជីវិតដែលមិនបានប្រើការគិត មិនមែនជាការរស់នៅដែលមានតម្លៃឡើយ។ លោកយល់ថា ការហាត់ពីចារណាក្នុងន័យទូលាយ គឺការពីចារណាតាមបែបទស្សនវិជ្ជា។

កាន្ត (Kant: 1724-1804) អាល្លឺម៉ង់

គ្មានទស្សនវិជ្ជាណាមួយដែលមានលក្ខណៈពិតដាច់ខាតនោះឡើយ។ គេគ្រាន់តែអាចរៀនធ្វើទស្សនវិជ្ជាប៉ុណ្ណោះ។ បើតាមសម្ដីនេះ សូម្បីតែទស្សនវិជ្ជារបស់លោក ក៏លោកមិនអាចនិយាយថាជារូបមន្តដែរ។ បើរៀនតាមទស្សនវិជ្ជាព្រះពុទ្ធ យើងគ្រាន់តែយល់ពីទស្សនវិជ្ជាមួយ ឬគ្រាន់តែយល់ជ្រុងមួយនៃពិភពទស្សនវិជ្ជាប៉ុណ្ណោះ។

ហ្សាសស្ពែរ (Jaspers: 1883-1969) បារាំង

សារជាតិនៃទស្សនវិជ្ជា គឺការស្រាវជ្រាវរកចំណេះដឹង តែមិនមែនស្រាវជ្រាវរកអ្វីដែលទស្សនវិជ្ជានោះមានហើយទេ។ ប៉ុន្តែទស្សនវិជ្ជាក្បត់ខ្លួនឯង នៅពេលណាដែលវាក្លាយទៅជាគម្ពីរនិយម។ ការស្រាវជ្រាវទស្សនវិជ្ជា ជាការស្រាវជ្រាវដែលមានលក្ខណៈទន់ភ្លន់ ដែលផ្ទុយពីភាពរឹងត្អឹងនៃគម្ពីរដែលតែងធ្វើឲ្យមនុស្សមានជំនឿងប់ងល់ ឬជំនឿជ្រុល មិនអាចកែប្រែបាន។ ជំនឿជ្រុលធ្វើឲ្យមនុស្សជឿថា មានសច្ចភាពដោយខ្វះការពិចារណា។

ឆយ យីហ៊ាង (Chhay Yiheang: 1945-2009) ខ្មែរ

ទស្សនវិជ្ជា គឺជាមុខវិជ្ជាមួយសម្រាប់សិក្សាអំពីទស្សនៈរបស់មនុស្សដើម្បីជាពិសោធន៍សម្រាប់កសាងទស្សនៈរបស់បុគ្គលដែលកំពុងសិក្សាក្នុងការស្វែងរកក្រិត្យក្រមធម្មជាតិ ក្រឹត្យក្រមសង្គម និងក្រឹត្យក្រមគំនិត។

ប៉ានីក្កា (Raimon Panikkar 1918-2010) អេស៉្បាញ

លោកយល់ថា ទស្សនវិជ្ជា គឺជា “សេចក្តីស្នេហាគតិវិញ្ញូផង និងជាវិញ្ញូនៃសេក្តីស្នេហាផង” ។ បើគ្មានសេចក្តីស្នេហា គឺគ្មានពុទ្ធិ តែបើគ្មានពុទ្ធិ ក៏គ្មានសេចក្តីស្នេហាដែរ។ ពុទ្ធិដែលគ្មានសេចក្តីស្នេហា គឺជាការគិតលេខ ឬជាការមើលវត្ថុនានាដោយខ្វះការពិចារណា។ ឯស្នេហាដែលគ្មានពុទ្ធិ មិនមែនជាសេចក្តីស្នេហាពិត តែគ្រាន់តែជាមនោសញ្ចេតនាសាមញ្ញសើៗដែលគ្មានខ្លឹមសារប៉ុណ្ណោះ។ លោកបន្ថែមថា “ទស្សនវិជ្ជាជាមហាក្សត្រីយ៍នៃវិទ្យាសាស្រ្តនានា” ។

ទស្សនៈវិជ្ជា កើតឡើងដើម្បីផ្ដល់ជូននូវការសម្ដែងរបស់វាដល់ចលនាទូទៅនៃសង្គម។ ក្នុងន័យនេះ នៅក្នុងសង្គមនីមួយៗ សុទ្ធសឹងមានទស្សនវិជ្ជារបស់គេ ដូចជាទស្សនវិជ្ជាខ្មែរ ទស្សនវិជ្ជាក្រិច ទស្សនវិជ្ជាចិនជាដើម។ ក្នុងន័យទូលាយ ទស្សនវិជ្ជា ជាមុខវិជ្ជាមួយ ដែលធ្វើឲ្យបុគ្គលហាត់ពត់លត់ដំការគិតត្រិះរិះពិចារណា ប្រកបដោយការរិះគន់ របស់ខ្លួនចំពោះបញ្ហាទាំងឡាយដែលចោទទៅលើមនុស្ស ដែលទាក់ទងពីពិភពលោក និងខ្លួនឯង ដូចជារីករាយចំពោះន័យដែលផ្តល់ឲ្យអត្ថិរភាពរបស់ខ្លួន និងចំពោះកិរិយាមាយាទ ដែលខ្លួនត្រូវប្រកាន់យកជាដើម។

ដោយឡែកទស្សនវិទូ ជាមនុស្សដែលមានសីលញ្ញាណ ជាពលរដ្ឋដែលបំពេញការងារជូនជាតិមាតុភូមិ ជាបុគ្គលដែលប្រកាន់ស្វ័យរិះគន់ជាធំ ដែលចេះស្គាល់ និងចេះគោរពខ្លួនឯង ជាងស្គាល់ និងគោរពអ្នកដទៃ។

Le Roy បង្ហាញថា ជាសំខាន់ ទស្សនៈវិទូ ជាមនុស្សដែលមានប្រពលភាព ៣ យ៉ាង៖

 • ប្រពលភាពរិះគន់ ដែលឆ្ពោះទៅរកពន្លឺពេញលេញនៃមនសិការ
 • ប្រពលភាពទ្រឹស្ដី ដែលឆ្ពោះទៅរកពុទ្ធិជ្រៅជ្រះ ស្មោះត្រង់ ឥតគិតផលប្រយោជន៍នៃវត្ថុតថៈ
 • ប្រពលភាពគតិវិញ្ញូ ដែលឆ្ពោះទៅរកការស្គាល់ខុសត្រូវអំពីទិដ្ឋភាពនៃស្មារតី និងតម្លៃនៃឧត្តមគតិ។

ទស្សនៈវិទូ ជាដៃគូជាមួយវិញ្ញូ។ គតិបណ្ឌិត និងគតិវិញ្ញូ សុទ្ធសឹងជាគំនិតល្អប្រសើរ ប្រកបដោយសោភ័ណភាពដែលមានបញ្ញា គុណធម៌ និងសីលគុណធម៌នៅក្នុងនោះ។
មុខងារនៃទស្សនវិជ្ជា គឺវិភាគ សំយោគ និងការបង្កើតគំនិតថ្មី។ អត្ថប្រយោជន៍នៃការសិក្សាទស្សនវិជ្ជា គឺនាំឲ្យកើតនូវគំនិតពិចារណា និងសីលវិជ្ជា។

ទស្សនវិជ្ជា និងវិទ្យាសាស្ត្រ

ទស្សនវិជ្ជា និងវិទ្យាសាស្ត្រ មានលក្ខណៈប្រហាក់ប្រហែល និងខុសគ្នាដូចខាងក្រោម៖

 • វិទ្យាសាស្រ្ត គឺជាអង្គពុទ្ធិដែលបានផ្ទៀងផ្ទាត់ និងមានលក្ខណៈជាប្រព័ន្ធ។ វិទ្យាសាស្ត្រ ផ្តោតយកចិត្តទុកដាក់ជាសំខាន់ទៅលើរបកគំហើញនៃសច្ចភាព។
 • ទស្សនវិជ្ជា គឺជាវិទ្យាសាស្ត្រមួយ ពីព្រោះវិធីទស្សនវិជ្ជាមានលក្ខណៈជាប្រព័ន្ធ និងប្រកបដោយវិចារណញាណទៀតផង។

ភាពខុសគ្នារវាងវិស័យទាំងពីរនេះ គឺថាវិទ្យាសាស្ត្រនីមួយៗ មានកម្មវត្ថុសិក្សាតូចចង្អៀត ចំណែកទស្សនវិជ្ជាវិញ មានកម្មវត្ថុសិក្សាធំទូលាយ។ ទស្សនវិជ្ជា យកចិត្តទុកដាក់ទៅលើតម្លៃ និងបុគ្គលិកលក្ខណៈរបស់មនុស្ស ហើយបញ្ចូលនូវបញ្ហាផ្សេងៗទៀតជាច្រើន ដូចជាព្រលឹង យុត្តិធម៌ និងអាទិទេពជាដើម។

ទស្សនវិជ្ជា មានមុខងារសំខាន់បីយ៉ាងគឺ៖

 • ទស្សនវិជ្ជា ជាអ្នកពិនិត្យដោយប្រុងប្រយ័ត្ន ព្រមទាំងធ្វើការរិះគន់ មូលបដិញ្ញា (ការអះអាង) និងការសន្និដ្ឋាននៃវិទ្យាសាស្រ្តទាំងអស់។
 • ទស្សនវិជ្ជា ជាអ្នកធ្វើសំយោគនូវលទ្ធផលទាំងឡាយរបស់វិទ្យាសាស្ត្រ។
 • ទស្សនវិជ្ជា ជាអ្នកបង្រួបបង្រួម និងនាំវិទ្យាសាស្ត្រផ្សេងៗឲ្យមានឯកភាពគ្នា និងគាំទ្រគ្នាទៅវិញទៅមក។

វិធីទស្សនវិជ្ជា

វិធីទស្សនវិជ្ជា គឺជាវិធីមួយដែលត្រូវបានគេបង្កើតឡើង ដើម្បីធ្វើការឆ្លុះបញ្ចាំងបញ្ហាផ្សេងៗក្នុងគោលបំណងស្វែងរកសច្ចភាព។ វិធីទស្សនវិជ្ជា មាន៧ជំហានគឺ៖

 • ការយល់ដឹងអំពីបញ្ហា ឬការកំណត់បញ្ហា
 • ការប្រមូលទិន្នន័យ
 • ការរៀបចំ និងវាយតម្លៃទិន្នន័យដែលប្រមូលបាន
 • ការស្នើឡើងជាសម្មតិកម្ម ឬដំណោះស្រាយ
 • ការអង្កេតពិនិត្យទៅលើសម្មតិកម្ម
 • ការរកឃើញនូវសច្ចភាព
 • ការអនុវត្តនូវគោលការណ៍ទាំងឡាយលើករណីជាក់ស្តែង។

ហេតុអ្វីត្រូវសិក្សាអំពីទស្សនវិជ្ជា?

ដូចរៀបរាប់ពីខាងដើម ទស្សនវិជ្ជា ជាមុខវិជ្ជាមួយលើកយកមតិ យោបល់ សំណើ អំណះអំណាង វិចារ គំនិត ទ្រឹស្តី… ណាមួយ មកធ្វើជាកម្មវត្ថុសិក្សា ឬគិតពិចារណា។ គេត្រូវចាំបាច់ត្រូវលើកយកទស្សនៈមកសិក្សា ពីព្រោះ៖

១. យើងមិនទាន់បានដឹងថា តើមតិ យោបល់ សំណើ អំណះអំណាង វិចារ គំនិត ទ្រឹស្តី… ណាមួយយើងបម្រុងយកមកអនុវត្ត វាត្រឹមត្រូវ ឬមិនត្រឹមត្រូវ មានប្រយោជន៍ ឬគ្មានប្រយោជន៍ អាចយកជាការបាន ឬមិនអាចយកជាការបាន អនុវត្តតាមទៅ នាំទៅរកវឌ្ឍនភាព ឬអនុវត្តទៅ នាំទៅរកហានិភ័យ ហេតុនេះ យើងត្រូវលើកយកវាមកធ្វើការឆ្លុះបញ្ចាំង សិក្សា ឬគិតពិចារណាឡើងវិញ។ ការលើកយកទស្សនៈណាមួយមកគិតពិចារណាឡើងវិញ គឺដើម្បីបញ្ជាក់ប្រាកដភាពឲ្យបានច្បាស់លាស់ មុននឹងលើកយកទៅអនុវត្តចៀសវាងការប្រថុយប្រថាន ឬការផ្សងព្រេង ដែលអាចបណ្តោយឲ្យជួបគ្រោះថ្នាក់ ខាតបង់ ឬបរាជ័យជាយថាហេតុ។ ការគិតបែបនេះ គឹហៅថាការគិតបែបរិះគន់។

២. ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់យើង យើងត្រូវការការធ្វើកំណែទម្រង់ការរស់នៅ ត្រូវការអភិវឌ្ឍ និងទំនើបភាព។ យើងមិនអាចអភិវឌ្ឍ និងធ្វើទំនើបភាពទៅតាមសភាវគតិ និងទម្លាប់បានទេ ហេតុនេះ គេត្រូវគិតពិចារណា រិះរក គំនិតថ្មី ទ្រឹស្តីថ្មី រូបមន្តថ្មី… ដើម្បីយកមកដឹកនាំការអនុវត្ត។ ការគិតពិចារណា ដើម្បីបង្កើតគំនិតថ្មី រូបមន្តថ្មី ទ្រឹស្តីថ្មី ត្រូវសំយោគមូលដ្ឋានពុទ្ធិគ្រប់ជំនាញ (ចំណេះដឹងទូទៅ និងជំនាញឯកទេស) និងបទពិសោធន៍ការងារក្នុងជីវិត គួបផ្សំនឹងប្រតិដ្ឋញាណ។ ការគិតបែបនេះ គេហៅថា ការគិតបែបប្រឌិតញាណ។

នាឱកាសក្រោយ យើងនឹងសាកល្បងសិក្សាបន្តទៀតនូវមូលដ្ឋានគ្រឹះនៃទស្សនវិជ្ជា ដោយយើងក៏នឹងសិក្សាផងដែរពីសៀវភៅរបស់បណ្ឌិត ខ្លូត ធីតា ដូចខាងក្រោម៖


អត្ថបទទាក់ទង

ស្វែងយល់អំពីទ្រឹស្តីសង្គមពុទ្ធិ (Social Cognitive Theory)

Leave a Reply

Your email address will not be published. Required fields are marked *